លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកកម្ពុជា នៅថ្ងៃព្រហស្បតិ៍នេះបានប្រតិកម្មនឹងការរិះគន់លើការទិញរថយន្តយោធាចិនប្រមាណជិត ៣០០គ្រឿង ខណៈអ្នកវិភាគលើកឡើងថា ការទិញនេះធ្វើឡើងមិនស្របតាមស្ថានការណ៍នៃការឆ្លងរាតត្បាតជំងឺកូវីដ១៩ និង«ជាចេតនារបស់រដ្ឋាភិបាលភ្នំពេញក្នុងការការពារអំណាចរបស់ខ្លួន»។
រថយន្តយោធាចិនចំនួន ២៩០គ្រឿង ត្រូវបានប្រគល់ឲ្យកងកម្លាំងប្រដាប់អាវុធកម្ពុជា ក្នុងពិធីផ្ទេរសម្ភារៈយោធានៅពហុកីឡាដ្ឋានជាតិអូឡាំពិក ក្នុងទីក្រុងភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកកម្ពុជា។
លោក ហ៊ុន ម៉ាណែត លើកឡើងថា ការទិញរថយន្តទាំងនេះចំណាយថវិកាសប្បុរសជន មិនមែនថវិកាជាតិនោះទេ។ ថវិកានេះគឺប្រមូលបានតាមការអំពាវនាវរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។លោកបន្តថា រថយន្តទាំងនេះត្រូវប្រគល់ទៅកងយោធពលខេមរភូមិន្ទ និងកងនគរបាលជាតិក្នុងការបំពេញភារកិច្ចបម្រើជាតិនិងប្រជាជន។
លោក ហ៊ុន ម៉ាណែត ក៏បានប្រតិកម្មថា កុំឲ្យមានការវិភាគមិនល្អចំពោះការទិញរថយន្តយោធានេះ។លោកបញ្ជាក់ថា នេះជាការបញ្ជាទិញរថយន្តតាំងពីមុនជំងឺកូវីដ១៩ រាតត្បាតទៅទៀត។
លោក មាស នី អ្នកវិភាគនយោបាយនៅប្រទេសកម្ពុជាយល់ថា កម្ពុជាមិនមានភាពចាំបាច់ខ្លាំងក្នុងការទិញសម្ភារៈយោធានៅពេលនេះទេ ដោយលោកយល់ថា ប្រជាពលរដ្ឋកំពុងជួបការលំបាកក្នុងវិបត្តិគ្មានការងារធ្វើ ដោយសារជំងឺឆ្លងកូវីដ១៩។
«ពេលនេះវាមិនមែនពេលដែលត្រូវការពង្រឹង ឬក៏ទិញអ្វីសម្រាប់កងយោធាទេ គឺជាពេលវេលាដែលសម្រាប់ត្រូវគិតអំពីថា តើត្រូវជួយដោះស្រាយវិបត្តិសេដ្ឋកិច្ច ដែលវាធ្លាក់ចុះដោយសារកូវីដនេះដោយរបៀបណា ហើយនិងត្រៀមលក្ខណៈមួយទៀតនូវបញ្ហារឿងដែលជាផលប៉ះពាល់ដោយសារការព្យួរ EBA ដែលវានឹងមកដល់ទៀត»។
លោក អ៊ា សុផល សាស្ត្រាចារ្យផ្នែកការទូតនិងកិច្ចការអន្តរជាតិ នៅមហាវិទ្យាល័យ Occidentalទីក្រុង Los Angeles នៅសហរដ្ឋអាមេរិកដាក់ការសង្ស័យអំពីតម្លាភាពនៃការទិញរថយន្តយោធានេះ ហើយលោកយល់ថា នេះមិនមែនជាការស្ម័គ្រចិត្តចូលរួមជួយពីសប្បុរសជននោះទេ ប៉ុន្តែវាជាការប្រាប់ឲ្យចូលរួមស្ម័គ្រចិត្តជួយតែប៉ុណ្ណោះ។
លោកបានសរសេររតាមសារអ៊ីម៉ែលបន្ថែមថា៖ «ហើយហេតុអី្វបានជាយើងត្រូវការរថយន្តយោធា ២៩០គ្រឿង នេះពីប្រទេសចិន នៅចំពេលមានការឆ្លងរោគរាតត្បាត?»
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក បារម្ភថា រថយន្តយោធាទាំងនេះអាចត្រូវប្រើក្នុងវិធានរបស់រដ្ឋាភិបាលបង្រ្កាបអ្នកតវ៉ា ដែលធ្លាប់បានកើតឡើងកាលពីពេលមុន។
«បើយើងពិនិត្យមើលក្នុងពេលកន្លងមក នៅក្នុងប្រទេសកម្ពុជាយើង យើងឃើញមានការប្រើប្រាស់នូវរថយន្តប្រភេទទាំងអស់ហ្នឹង ដឹកកងកម្លាំងមួយចំនួនដែលហៅថាកងអន្តរាគមន៍អីជាដើមហ្នឹង គឺធ្វើការទប់ស្កាត់នូវបាតុកម្ម ឬក៏បង្ក្រាបបាតុកម្មនាពេលកន្លងមក»។
លោក Paul Chambers ដែលជាអ្នកវិភាគនយោបាយ និងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Naresuan ក្នុងប្រទេសថៃ និយាយថា សម្រាប់រដ្ឋាភិបាលកម្ពុជា ការទិញរថយន្តយោធាចិនទាំងអស់នេះបង្ហាញអំពី «មធ្យោបាយនៃការប្រើប្រាស់សព្វាវុធដើម្បីរក្សាអំណាចរបស់ខ្លួន និងជាការរឹតចំណងទាក់ទងរបស់ខ្លួនជាមួយប្រទេសចិន ឲ្យបានខ្លាំងបន្ថែមទៀត»៕