ក្រុមរដ្ឋមន្ត្រីបរិស្ថានអាស៊ាន បានបញ្ចប់កិច្ចប្រជុំរបស់ខ្លួននៅថ្ងៃពុធនេះក្នុងខេត្តសៀមរាបនៃប្រទេសកម្ពុជា ក្រោយពីបានពិភាក្សាគ្នាស្ដីពីបញ្ហានានាពាក់ព័ន្ធនឹងការការពារបរិស្ថាននៅក្នុងតំបន់។ រដ្ឋមន្ត្រីបរិស្ថានកម្ពុជា បានស្នើឲ្យសមាជិកអាស៊ានទាំងដប់ប្រទេសពង្រឹងការខិតខំបន្ថែមទៀត ដើម្បីលុបបំបាត់ការបំពុលបរិស្ថានតាមរយៈការសាយភាយនៃផ្សែងអ័ព្ទឆ្លងប្រទេស។
ថ្លែងក្នុងកិច្ចប្រជុំលើកទី១៥នៃរដ្ឋមន្ត្រីបរិស្ថានរបស់ប្រទេសទាំង១០ក្នុងខេត្តសៀមរាប ភាគខាងជើងប្រទេសកម្ពុជា លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា បានលើកឡើងថាប្រទេសសមាជិកអាស៊ានទាំងអស់ត្រូវធ្វើការរួមគ្នាដើម្បីទប់ស្កាត់កង្វល់នេះ។
«ទស្សន:នៃអាស៊ានគ្មានផ្សែងអ័ព្ទត្រឹមឆ្នាំ២០២០ ជិតដល់ពេលហើយ។ ខណ:ដែលជិតដល់ពេលវេលានេះ យើងត្រូវការបង្កើននូវកិច្ចប្រឹងប្រែងរបស់យើង និងធ្វើការជាមួយគ្នាឲ្យបានរីកចម្រើនក្នុងការការពារការបំពុលផ្សែងអ័ព្ទឆ្លងដែន»។
ក្រុមប្រទេសសមាជិកអាស៊ានដែលរួមមានកម្ពុជា វៀតណាម ឡាវ មីយ៉ាន់ម៉ា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហបុរី ថៃ ប្រ៊ុយណេ និងហ្វីលីពីន បានចុះកិច្ចព្រមព្រាងលើការលុបបំបាត់ផ្សែងអ័ព្ទបំពុលបរិយាកាសឆ្លងប្រទេស កាលពីឆ្នាំ២០០២ និងដាក់គោលដៅលុបបំបាត់ផ្សែងអ័ព្ទឆ្លងប្រទេសនេះ ឲ្យបាននៅត្រឹមឆ្នាំ២០២០ ខណៈដែលភ្លើងឆេះព្រៃនៅកោះស៊ូម៉ាត្រា នៃប្រទេសឥណ្ឌូណេស៊ី បានបង្កឲ្យមានផលប៉ះពាល់ដល់ប្រទេសម៉ាឡេស៊ី និងសិង្ហបុរី ដែលនៅក្បែរខាងនោះ។ ភ្លើងឆេះព្រៃនេះ បានបង្កឲ្យមានកង្វល់រួមរបស់ប្រទេសជាសមាជិកអំពីការបំពុលបរិស្ថាន និងបានក្លាយជាប្រធានបទពិភាក្សាយ៉ាងសំខាន់មួយរបស់ក្រុមរដ្ឋមន្ត្រីបរិស្ថានអាស៊ានក្នុងកិច្ចប្រជុំដែលបានបញ្ចប់នៅថ្ងៃពុធនេះ។
លោក Raffles Panjaitan ប្រធាននាយកដ្ឋានគ្រប់គ្រងភ្លើងឆេះព្រៃនៃប្រទេសឥណ្ឌូណេស៊ីបានថ្លែងថាភ្លើងឆេះព្រៃបានធ្លាក់ចុះពី២,៦លានហិកតា នៅឆ្នាំ២០១៥ មកត្រឹមប្រមាណ៤៤ម៉ឺនហិកតាវិញនៅឆ្នាំ២០១៦ និងឆ្នាំបន្តបន្ទាប់។
«វាមានន័យថាឥណ្ឌូណេស៊ីពិតជាបានប្ដេជ្ញាដោះស្រាយនិងបំបាត់ភ្លើងឆេះព្រៃនៅឥណ្ឌូណេស៊ី។ យើងបានពន្យល់ទៅពួកគេហើយពួកគេបានទទួល។ អ្វីដែលសំខាន់ គឺរបៀបនៃការសហការក្នុងតំបន់»។
លោកបញ្ជាក់បន្ថែមថារដ្ឋាភិបាលរបស់លោកបានធ្វើសកម្មភាពជាច្រើនក្នុងនោះមានការអនុវត្តច្បាប់ដោយតឹងរ៉ឹង និងជាបន្តបន្ទាប់ផងដែរ។
រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថានរបស់ថៃ លោក Varawut Silpa-archa បានថ្លែងថាប្រទេសថៃ បានកំពុងព្យាយាមដោះស្រាយបញ្ហាផ្សែងអ័ព្ទដែលកំពុងកើតឡើងនៅភាគខាងជើងប្រទេស។ លោកបន្ថែមថាក្រុមមន្ត្រីថៃ នឹងចុះទៅពិនិត្យតំបន់នោះនៅថ្ងៃព្រហស្បតិ៍ស្អែកនេះថាតើវាទាក់ទងនឹងបញ្ហាកសិកម្មឬក៏ការបំពុលផ្សេងៗ។
«យើងត្រូវយល់អំពីរបៀបនៃការរស់នៅរបស់ពួកគេនិងទំនៀមទម្លាប់របស់ពួកគេ។ ប្រទេសថៃ មានមធ្យោបាយរបស់ខ្លួន និងប្រតិបត្តិការជាក់លាក់របស់ខ្លួន។ ប៉ុន្តែបញ្ហាអ័ព្ទ មិនអាស្រ័យលើទំនៀមទម្លាប់ និងវប្បធម៌នោះទេ។ វាមានសារៈសំខាន់ណាស់ដែលប្រទេសនីមួយៗ ត្រូវអប់រំក៏ដូចជាប្រាប់ទៅកសិកររបស់ខ្លួន និងផ្នែកកសិកម្ម អំពីគ្រោះថ្នាក់ដែលកើតចេញពីការបំពុលផ្សែងអ័ព្ទ»។
ដោយឡែកប្រទេសកម្ពុជាក៏បានជួបប្រទះនឹងភ្លើងឆេះព្រៃ ប៉ុន្តែស្ថិតក្នុងការគ្រប់គ្រងបាន។ នេះបើយោងតាមលោក នេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថានកម្ពុជា។
លោក នេត្រ ភក្ត្រា បន្ថែមថាកម្ពុជាមានវិធានការក្នុងការអប់រំប្រជាពលរដ្ឋកុំឲ្យដុតកាកសំណល់ព្រៃឈើ ហើយប្រើវិធីសាស្ត្រក្នុងការកប់កាកសំណល់ទាំងនោះ៕