តំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា គឺលោក Pradeep Wagle បានជួបជាមួយរដ្ឋមន្ត្រីថ្មីនៃក្រសួងយុត្តិធម៌គឺលោក កើត រិទ្ធ នៅក្រសួងយុត្តិធម៌នៅថ្ងៃព្រហស្បតិ៍នេះ។ នេះបើយោងតាមគេទំព័ររបស់ក្រសួងយុត្តិធម៌។
មិនទាន់មានសេចក្តីពិស្តារអំពីខ្លឹមសារនៃជំនួបរវាងថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរនៅឡើយទេ ប៉ុន្តែក្រសួងយុត្តិធម៌បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការគ្នាទៅលើបញ្ហាមួយចំនួន ពាក់ព័ន្ធនឹងជំនួយផ្នែកច្បាប់ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យសំណុំរឿងព្រហ្មទណ្ឌតាមប្រព័ន្ធអេឡិចត្រូនិក។
អង្គការសហប្រជាជាតិកន្លងមកបានសម្តែងការព្រួយបារម្ភចំពោះស្ថានការណ៍រំលោភសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា។ កាលពីខែមេសា អ្នកជំនាញអ.ស.ប. ក៏បានព្រមានថា ច្បាប់ថ្មីរបស់កម្ពុជាស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ដែលត្រូវបានបង្កើតឡើងក្នុងពេលប្រទេសកម្ពុជាមានហានិភ័យនៃការរាតត្បាតនៃជំងឺកូវីដ១៩ជាសាកលនោះ មានចរិតរំលោភសិទ្ធិឯកជន រឹតត្បិតការបញ្ចេញមតិដោយសេរី និងដាក់ជាបទព្រហ្មទណ្ឌចំពោះការជួបប្រជុំដោយសន្តិវិធី៕