អាមេរិក​បង្ហាញ​ពី​ការរីកចម្រើន​នៃ​ទំនាក់​ទំនង​ជាមួយ​នឹង​កម្ពុជា

ខ្ទង់​ព័ត៌មាន​ប្រចាំ​សប្តាហ៍​របស់​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ លោក​វីលាម ថដ

មិត្តភាព​នៃ​ប្រទេស​ទាំងពីរ​«បន្ត​ទទួលបាន​ផ្លែផ្កា» ​ដោយមាន​ការខិតខំ​ប្រឹង​ប្រែង​របស់​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល ​សង្គម​ស៊ីវិល​និង​អ្នកជំនួញ​ប្រទេស​ទាំងពីរ។
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​បាន​សរសើរ​ដល់​ការរីកចម្រើន​នៃ​ទំនាក់​ទំនង​ជាមួយ​កម្ពុ​ជា​និង​ជាមួយ​សមាគម​ប្រជាជាតិ​អាស៊ី​អា​គ្នេយ៍​(អាស៊ាន)​តាមរយៈ​ដំណើរ​ទស្សនកិច្ច​នៃ​មេដឹកនាំ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មកកាន់​កម្ពុជា។

លោក​វីលាម ថដ (William E, Todd) បាន​សរសេរ​នៅក្នុង​ខ្ទង់​ព័ត៌មាន​ប្រចាំ​សប្តាហ៍​របស់​ស្ថានទូត​កាលពី​ថ្ងៃអាទិត្យ​ដើម្បី​បូកសរុប​ព្រឹត្តិការណ៍​សំខាន់ៗ​រវាង​អាមេរិក​និង​កម្ពុជា។

លោក​ចាត់ទុក​ថា​មិត្តភាព​នៃ​ប្រទេស​ទាំងពីរ​«បន្ត​ទទួលបាន​ផ្លែផ្កា» ​ដោយមាន​ការខិតខំ​ប្រឹង​ប្រែង​របស់​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល ​សង្គម​ស៊ីវិល​និង​អ្នកជំនួញ​ប្រទេស​ទាំងពីរ។

លោក​ឯកអគ្គរដ្ឋទូត​អាមេរិក​បាន​រៀបរាប់​ត្រួសៗ​ពី​ដំណើរ​ទស្សនកិច្ច​ចំនួន​២​លើក​របស់​លោកស្រី ហ៊ីលឡារី ក្លីនតុន (Hillary Clinton) ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ក្នុង​វេទិកា​តំបន់​អាស៊ាន​និង​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា ​ការចូលរួម​របស់​លោក​ឡេអូន ប៉ាណេតា (Leon Panetta) រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​អាស៊ាន​ និង​ទស្សនកិច្ច​កាលពី​ខែសីហា​របស់​លោក Ron Kirk ​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​ក្នុង​កិច្ចប្រជុំ​កំពូល​ធុរកិច្ច​សហរដ្ឋ​អាមេរិក ​អាស៊ាន​ដែល​ប្រព្រឹត្តទៅ​នៅ​ប្រទេស​កម្ពុជា។

លោក​វីលាម ថដ ​លើកឡើង​ថា​ទស្សនកិច្ច​ទាំង​នេះ​«សុទ្ធតែ​បញ្ជាក់​ឱ្យ​ឃើញ​ពី​ការប្តេជ្ញាចិត្ត​របស់​សហ​រដ្ឋ​អាមេរិក​ចំពោះ​ជោគជ័យ​របស់​កម្ពុជា​និង​អាស៊ាន»។
អ្នកការទូត​អាមេរិក​ដដែល​បាន​បញ្ជាក់​ថា​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី ​Obama ​នៅ​ប្រទេស​កម្ពុជា​គឺជា​ព្រឹត្តិការណ៍​សំខាន់​មួយ​នៅ​ឆ្នាំ ២០១២ ​ហើយ​ការចូលរួម​របស់​លោក​ក្នុង​កិច្ចប្រជុំ​កំពូល អាស៊ី​បូព៌ា​បាន​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ការទាក់ទង​របស់​«អាមេរិក​នៅ​ទ្វីបអាស៊ី»។

លោក​ផៃ ស៊ី​ផាន ​រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ទីស្តីការ​គណរដ្ឋមន្ដ្រី​មានប្រសាសន៍​ថា​ការលើកឡើង​របស់​ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​បាន​ឆ្លុះបញ្ចាំង​ការវិវត្តន៍​ក្នុង​ទិដ្ឋភាព​ជាក់ស្តែង។

លោក​ផៃ ស៊ី​ផាន ​បាន​រំលឹក​ពី​កិច្ចសហ​ប្រតិបត្តិការ​ផ្នែក​សន្តិសុខ ​ធុរកិច្ច ​ជំនួយ​ផ្នែក​យុត្តិធម៌​ ជាពិសេស​ជំនួយ​ដល់​ដំណើរការ​សាលាក្តី​ខ្មែរក្រហម​និង​កិច្ចសហការ​របស់​អាមេរិក​ក្នុង​ការជួយ​ការពារ​សម្បត្តិ​វប្បធម៌​របស់​កម្ពុជា​ជាដើម។

«មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ​កម្ពុជា​ក៏​ជា​ដៃគូ​សន្តិសុខ​ជាមួយ​សហរដ្ឋ​អាមេរិក​ក្នុង​តំបន់​អាស៊ាន​ដែរ​ដើម្បី​ឲ្យ​មាន​តុល្យភាព​រវាង​ចិន​ក៏ដូចជា​សហរដ្ឋ​អាមេរិក​ដែល​កម្ពុជា​ត្រូវការ​មិត្ត​ទាំងពីរ​ដើម្បី​វត្តមាន​ក្នុង​អាស៊ាន»។

យ៉ាងណា​ក៏​ដោយ​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​លោក វីលាម ថដ ​សង្កត់​ធ្ងន់​ថា«ជោគជ័យ​ទៅ​អនាគត​របស់​ប្រទេស​កម្ពុជា​អាស្រ័យ​លើ​ការធ្វើឱ្យ​ប្រសើរឡើង​នៃ​នីតិរដ្ឋ​និង​ការការពារ​សិទ្ធិមនុស្ស»។
នៅ​ក្នុង​ន័យនេះ​លោក​បញ្ជាក់​ថា​សហរដ្ឋ​អាមេរិក​បាន​ពិនិត្យ​និង​សម្រេច​ក្នុងការ​ផ្តល់​ថវិកា​ចំនួន​ប្រាំ​លាន​ដុល្លារ​អាមេរិក​ដល់​សាលាក្តី​ខ្មែរក្រហម​ដែល​ស្ថិតក្នុង​ក្របខណ្ឌ​នៃ​ការប្តេជ្ញា​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការជួយ​ប្រទេស​កម្ពុជា​ឱ្យ​មាន ​សន្តិភាព ​និង​ការផ្សះផ្សា​គ្នា​ឡើងវិញ ​បន្ទាប់ពី​របប​ខ្មែរ​ក្រហម​ហើយ​ជំនួយ​នេះ​នឹងធ្វើ​ឲ្យ​ថវិកា​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​កើន​ដល់១៧លាន​ដុល្លារ​សម្រាប់​គាំទ្រ​ដល់​ដំណើរការ​កាត់ទោស​ពួក​អតីត​មេដឹកនាំ​ខ្មែរក្រហម៕