ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជំនួប​លោក​អូបាម៉ា​ និងលោក​រ៉មនី អាច​ជា​គំរូ​នយោបាយ​សម្រាប់​កម្ពុជា


លោក​ប្រធា​នាធិបតី​អាមេរិក​បារ៉ាក់​ អូបាម៉ា​ ជួបជាមួយលោកមីត្ត រ៉មនី​ នៅសេតវិមាន​។
លោក​ប្រធា​នាធិបតី​អាមេរិក​បារ៉ាក់​ អូបាម៉ា​ ជួបជាមួយលោកមីត្ត រ៉មនី​ នៅសេតវិមាន​។
ភ្នំពេញ៖ ការ​ជួប​គ្នារវាង​លោក​ប្រធា​នាធិបតី​អាមេរិក​បារ៉ាក់​ អូបាម៉ា​ និង​គួប្រជែង​ដ៏ខ្លាំងក្លា​របស់​ខ្លួន​លោកមីត្ត រ៉មនី​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​ទាក់ទាញ​ការ​កោត​សរសើរពី​អ្នក​នយោបាយ​គណបក្ស​ជំទាស់ ​មន្ដ្រី​សង្គម​ស៊ីវិល​និង​មន្រ្តី​បោះឆ្នោត។
ជំនួប​ក្រោយ​ពី​ការបោះឆ្នោត​រវាង​អ្នក​នយោបាយ​អាមេរិក​ទាំង​ពីរ​ក្នុង​សេតវិមាន​សម្រាប់​
អាហារ​ថ្ងៃ​ត្រង់​ជា​លក្ខណៈ​ឯកជន​នៅ​ថ្ងៃ​នេះ​កើត​ឡើង​បន្ទាប់​ពី​ការប្រជែង​គ្នា​យ៉ាង​ជូរចត់​មុន​ការ​បោះឆ្នោត​ថ្ងៃ​ទី​៦ខែ​វិច្ឆិកា។
លោក​ហង្ស ​ពុទ្ធា​ នាយ​កគណៈ​កម្មាធិការ​មិន​លម្អៀង​ អព្យាក្រិត​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ​កម្ពុជា​ហៅ​ថា​និចហ្វិច​មាន​ប្រសាសន៍​ថា កម្ពុជា​ស្ថិត​នៅ​ឆ្ងាយ​ពី​លទ្ធិ​ប្រជាធិបតេយ្យ​បែបនេះ​នៅ​ឡើយ។
«ប្រសិន​បើ​អ្នក​នយោបាយ​ខ្មែរ​គិតគូរ​ប្រយោជន៍​ជាតិ​ធំ​ជាង​ប្រយោជន៍​បក្សនោះ​ទិដ្ឋភាព​ដូច​ជំនួប​រវាង​លោក​បារ៉ាក់​ អូបាម៉ា​និង​លោក​រ៉មនី​នឹង​អាច​កើត​ឡើង​ក្នុង​ប្រទេស​កម្ពុជា»។
លោក​មាន​ប្រសាសន៍​ថា​អ្នក​នយោបាយ​ខ្មែរ «គួរ​រៀន​ពី​លទ្ធិ​ប្រជាធិបតេយ្យ​ឲ្យ​បាន​ច្រើន​ជាង​អ្វី​ដែល​ពួក​ខ្លួន​កំពុង​ធ្វើ​សព្វ​ថ្ងៃ​គឺ​មានន័យ​ថា​ប្រជែង​គ្នា​ក្នុង​នាម​ទស្សនៈ​ផ្សេង​គ្នា​ប៉ុន្តែ​ទិសដៅ​រួម​គឺ​អភិវឌ្ឍន៍​ប្រទេស​ជាតិ»។
លោក​បារ៉ាក់​ អូបាម៉ា​ បាន​ជាប់​ឆ្នោត​ជា​ប្រធានា​ធិបតី​អាមេរិក​សម្រាប់​អាណត្តិ​ទី២​កាល​ពី​ថ្ងៃ​ទី៦ ខែ​វិច្ឆិកា។ លោក​បាន​ថ្លែង​ក្នុង​ថ្ងៃ​ជ័យជម្នះ​របស់​ខ្លួន​ថា​លោក​នឹង​ជួប​ជាមួយ​លោក​រ៉មនី ​ហើយ​នឹង​ពិចារណា​អំពី​គំនិត​នានា​របស់​គណបក្ស​សាធា​រណរដ្ឋ​ដែល​ចាញ់​ឆ្នោត។
លោក​ហង្ស ​ពុទ្ធា​ សម្គាល់​ឃើញ​ថា​កម្ពុជា​កំពុង​ស្ថិត​ក្នុង​លទ្ធិ​ប្រជា​ធិបតេយ្យ​បែប​អន្តរកាល​ដែល​មិន​ទាន់​អាច​ទទួល​យក​គំរូនយោបាយ​ជឿន​លឿន​បែប​នេះ​បាន​នៅ​ឡើយ។ លោក​គិត​ថា ​អ្នក​នយោបាយ​កម្ពុជា​ត្រូវ​តែ​បូជា​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​និង​ត្រូវ​មាន​សីលធម៌​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក។
កម្ពុជា​នឹង​ធ្វើ​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣ សម្រាប់​ជ្រើស​តាំង​តំណាង​រាស្ដ្រ​និង​បង្កើត​រដ្ឋាភិបាល​ថ្មី។ ក៏ប៉ុន្តែ​សហគមន៍​អន្តរជាតិ​បាន​រិះគន់​និង​ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល​ឲ្យ​បើក​ទូលាយ​ទៅ​ដល់​គណបក្ស​ប្រជែង ​ជាពិសេស​អនុញ្ញាត​ឲ្យ​មេដឹកនាំ​គណបក្ស​ជំទាស់​លោក​សម រង្ស៊ី​ វិល​ត្រឡប់​ចូល​រួម​ការ​បោះឆ្នោត​វិញ​បាន។
លោក​សម រង្ស៊ី​ ដែល​បាន​ក្លាយ​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​អ្នក​បោះឆ្នោត​ដោយ​សំអាង​ថា​លោក​ត្រូវ​ផ្តន្ទាទោស​ដោយ​តុលាការ​ហើយ​លោក​មិន​អាច​ឈរ​ឈ្មោះ​និង​ចូល​រួម​ការបោះឆ្នោត​បាន​ទៀត​ទេ។
នៅ​ក្នុង​បរិបទ​នេះ​ដែរ លោក​ម៉ម ​សុណង់ដូ ​អ្នក​ប្រជាធិបតេយ្យ​ម្នាក់​នៅ​កម្ពុជា​និង​ជា​នាយក​វិទ្យុ​សំបុក្រ​ឃ្មុំ​ត្រូវ​បាន​កាត់ទោស​ដោយ​តុលាការ​ក្រុងភ្នំពេញ​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​២០​ឆ្នាំ​ក្រោម​ការចោទ​ប្រកាន់​ថា បាន​ប៉ុនប៉ង​ធ្វើ​អបគមន៍ ក៏ប៉ុន្តែ​សហរដ្ឋអាមេរិក​នឹង​សហគមន៍​អន្តរជាតិ​ចាត់​ទុក​ថា លោក​ម៉ម ​សុណង់ដូ ​ត្រូវ​ជាប់​ទោស​ដោយសារ​តែ​ការបញ្ចេញ​មតិ​របស់​ខ្លួន។
លោក​យឹម​ សុវណ្ណ អ្នកនាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទើប​នឹង​បង្កើត​ថ្មី​ដោយ​គណ​បក្ស​សម​ រង្ស៊ី​ និង​គណបក្ស​សិទ្ធ​មនុស្ស​របស់​លោក​កឹម​ សុខា មាន​ប្រសាសន៍​ថា នៅ​សហរដ្ឋអាមេរិក អ្នក​នយោបាយ​តម្កល់​ប្រយោជន៍​ជាតិ​ជា​ធំ​ហើយ​ពួក​គេ​ខុស​គ្នា​តែ​ទស្សនៈ​នយោបាយ​តែ​ប៉ុណ្ណោះ​ហើយ​«គេ​មាន​ឯកភាព​ជាតិ»។
លោក​បន្ថែម​ថា «ផ្ទុយ​ពី​ប្រទេស​កម្ពុជា​អ្នក​ដែល​មាន​មតិផ្ទុយ​ពី​រដ្ឋាភិបាល​គេ​ដាក់​ក្នុង​កន្រ្តក​មួយ​ដែល​គេ​ចាត់​ទុក​ជា​សត្រូវ​របស់​គេ​ហើយ​គេ​មិន​ចាត់​ទុក​ជា​ដៃគូ​ក្នុង​ការអភិវឌ្ឍ​សង្គម​ប្រជា​ធិបតេយ្យ​ទាំង​អស់​គ្នា​ទេ»។
មន្ត្រី​គណបក្ស​ជំទាស់​ដដែល​បាន​ស្រង់​ករណី​លោក​ម៉ម ​សុណង់ដូ​និង​លោក​សម ​រង្ស៊ី ​មក​ធ្វើ​ជា​សំអាង​ថា​«អ្នក​ដែល​ហ៊ាន​បញ្ចេញ​មតិ​និង​អ្នក​ដែល​មាន​ប្រជា​ប្រិយភាព​អាច​ប្រជែង​មេដឹក​នាំ​កាន់​អំណាច​បាន​គឺ​តែងតែ​ទទួល​រង​ការកៀប​សង្កត់​នយោបាយ​គ្រប់​បែប​យ៉ាង»។
ទោះ​ជា​យ៉ាង​នេះក្តី​លោក​ផៃ ​ស៊ីផាន​ រដ្ឋ​លេខា​ធិការ​និង​ជា​អ្នកនាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋ​មន្ដ្រី​មាន​ប្រសាសន៍​ថា លទ្ធិ​ប្រជាធិប​តេយ្យ​មាន​គំរូ​ខុសៗ​គ្នា​ទៅ​តាម​ប្រទេស​និមួយៗ។ ​មន្ដ្រី​អ្នក​នាំពាក្យ​ដដែល​បាន​ហៅ​គណបក្ស​ជំទាស់​ថា មិន​បាន​បំពេញ​តួនាទី​របស់​ខ្លួន​ក្នុង​បរិបទ​លទ្ធិប្រជាធិប​តេយ្យ​ទេ។ ហើយ​ក៏​មាន​លក្ខណៈ​ខុស​គ្នា​ពី​ការ​ប្រជែង​គ្នា​រវាង​លោក​បារ៉ាក់ អូបាម៉ា ​និង​លោក​រ៉មនី។
លោក​ថា​គណបក្ស «ប្រឆាំង​នៅ​មាន​លក្ខណៈ​ជា​គណបក្ស​ឧទ្ទាម​រាប់​តាំង​ពី​ភាសា​និង​ការគិត​និង​របៀប​ប្រកួត​ប្រជែង»។
ថ្វី​បើ​ដូច្នេះ​ក្តី​លោក​ទេព​ នីថា ​អគ្គលេខា​ធិការ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ចាត់​ទុក​ថា ជំនួប​ក្រៅ​ផ្លូវការរ​វាង​លោក​បារ៉ាក់​ អូបាម៉ា ​និង​គូ​បដិបក្ខ​របស់​លោក​គឺ​ជា​គំរូ​នយោ​បាយ​មួយ​សម្រាប់​កម្ពុជា ​ក៏​ប៉ុន្តែ​លោក​គិត​ថា «វា​អាស្រ័យ​នឹង​ប្រវត្តិ​នៃ​នយោបាយ​និង​អ្នក​នយោបាយ​និង​ប្រវត្តិ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៃ​ប្រទេស​និមួយៗ​ដែរ​ពីព្រោះ​ប្រសិនបើ​មិន​ការ​បោះឆ្នោត​មាន​ការ​ប្រេះស្រាំ​ខ្លាំង​ភាព​សម្រុះ​សម្រួល​ដូច្នេះ​ពិបាក​នឹង​ធ្វើ​ដែរ»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG