ប្រជាពលរដ្ឋមួយចំនួនដែលគាំទ្រលោក រ៉ុង ឈុន នៅរសៀលថ្ងៃសុក្រនេះ បានប្រមូលផ្តុំគ្នាដាក់ញត្តិទៅស្ថានទូតអាមេរិកបារាំង និងសហភាពអឺរ៉ុប ដើម្បីសុំអន្តរាគមន៍ទាមទារឲ្យដោះលែងមេដឹកនាំសហជីបរូបនេះ ដែលត្រូវបានចាប់ខ្លួន ទាក់ទងនឹងការរិះគន់បញ្ហាព្រំដែន។
អ្នកតវ៉ាមួយចំនួនពាក់អាវស ដែលមានរូបលោក រ៉ុង ឈុន និងមានសារថា «ប្រទេសជាតិជារបស់យើងទាំងអស់គ្នា»។ ពួកគេស្រែកថា «ដោះលែងលោក រ៉ុង ឈុន» និង«លោក រ៉ុង ឈុន គ្មានកំហុសទេ»។ ការតវ៉ារបស់ពួកគេរាប់សិបនាក់ក៏ត្រូវបានឃ្លាំមើលដោយកម្លាំងអាជ្ញាធរកងសន្តិសុខរាប់សិបនាក់យ៉ាងតឹងរ៉ឹងផងដែរ។
បន្ទាប់ពីដាក់ញត្តិសុំអន្តរាគមន៍នៅស្ថានទូតអាមេរិកហើយ ពួកគេក៏បន្តដំណើរទៅស្ថានទូតបារាំងផងដែរ។ ប៉ុន្តែមិនត្រូវបានអនុញ្ញាតឲ្យដើរនោះទេ។ អាជ្ញាធរចង់ឲ្យពួកគេធ្វើដំណើរតាមរ៉ឺម៉កកង់បី។
ក្រោយដាក់ញត្តិនៅស្ថានទូតទាំងពីរ លោក រ៉ុង វ៉ាន់ ក្មួយប្រុសលោក រ៉ុង ឈុន មានប្រសាសន៍ថា អ្នកគាំទ្រនឹងបន្តដាក់ញត្តិទៅស្ថានទូតផ្សេងទៀតនៅពេលក្រោយ។
លោក ហ៊ុន វណ្ណៈ អាយុ៣៨ឆ្នាំ ជាសមាជិកនៃយុវជនខ្មែរថាវរៈ ដែលបានចូលរួមការតវ៉ានេះដែរ លើកឡើងថា អាជ្ញាធរមិនឲ្យពួកគេដើរនោះទេ ដោយសារខ្លាចមានការដឹងឭដល់ប្រជាពលរដ្ឋនៅភ្នំពេញ។
លោកមានប្រសាសន៍ថា៖ «ពេលដែលយើងដើរតាមផ្លូវលើកបដាឬក៏ស្រែកអ៊ីចឹងទៅ ធ្វើឲ្យប្រជាពលរដ្ឋឆ្ងល់ចង់ដឹង ហើយអារឿងហ្នឹងនិយាយតៗគ្នាផ្សព្វផ្សាយ ធ្វើឲ្យតុលាការក៏ដូចជាខាងប្រព័ន្ធយុត្តិធម៌ ក៏ដូចជាចំណាត់របស់រដ្ឋាភិបាលហ្នឹងត្រូវបានគេរិះគន់។ ដល់អ៊ីចឹងបានគេមិនចង់ឲ្យយើងដើរ»។
កន្លងទៅអាជ្ញាធររាជធានីភ្នំពេញបានលើកឡើងថា រាល់ការតវ៉ាប្រមូលផ្តុំត្រូវសុំការអនុញ្ញាតពីសាលាក្រុង។ ចំណែកក្រសួងយុត្តិធម៌ក៏បានព្រមានចាត់វិធានការផ្លូវច្បាប់លើអ្នកតវ៉ាទាមទារឲ្យដោះលែងលោក រ៉ុង ឈុន និងប្រឆាំងនឹងចំណាត់ការរបស់តុលាការផងដែរ។
លោក រ៉ុង ឈុន ដែលជាអ្នកតាមដានបញ្ហាព្រំដែនជាច្រើនឆ្នាំមកហើយ ត្រូវបានចាប់ខ្លួននៅយប់ថ្ងៃសុក្រទី៣១ ខែកក្កដា នៅគេហដ្ឋានរបស់លោក ក្នុងទីក្រុងភ្នំពេញ ចំពោះការអធិប្បាយនានារបស់លោកពាក់ព័ន្ធនឹងការបោះបង្គោលព្រំដែនកម្ពុជាវៀតណាម នៅខេត្តត្បូងឃ្មុំ។
មេដឹកនាំសហជីពរូបនេះត្រូវបានចោទប្រកាន់ថាបានប្រព្រឹត្តបទល្មើសជាក់ស្តែង និងញុះញង់បង្កឲ្យមានភាពវឹកវរក្នុងសង្គម ដោយយោងតាមមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា។ បទចោទនេះត្រូវបានរិះគន់ថា ប្រើប្រាស់ជាញឹកញាប់ដើម្បីបំបិទសំឡេងអ្នករិះគន់ក្នុងប្រទេស៕