មេដឹកនាំសហជីព ក្នុងប្រទេសកម្ពុជា រំពឹងថា ដំណើរទស្សនកិច្ចរយៈពេល២ ថ្ងៃរបស់ លោក ចន ឃែរី (John Kerry) រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក នឹងធ្វើឲ្យបរិយាកាសនៃសិទ្ធិសេរីភាពកម្មករក្នុងការចងក្រងសហជីព មានភាពកាន់តែល្អប្រសើឡើង ខណៈដែលសេចក្តីព្រាងច្បាប់ស្តីពីសហជីពកំពុងស្ថិតនៅក្នុងដៃរបស់រដ្ឋសភានៅឡើយ។
លោក ចន ឃែរី បានមកដល់រាជធានីភ្នំពេញកាលពីថ្ងៃច័ន្ទ ហើយនៅថ្ងៃអង្គារនេះគឺជាថ្ងៃបញ្ចប់នៃដំណើរទស្សនកិច្ចរបស់លោក ហើយលោកបានលើកឡើងពីការរំលោភសិទ្ធិមនុស្ស និងសិទ្ធិនយោបាយ នៅក្នុងប្រទេសកម្ពុជា។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ថ្លែងប្រាប់ VOA ថា ដំណើរទស្សនកិច្ចរបស់លោក ចន ឃែរី នេះ នឹងមានសម្ពាធខ្លះដល់ រដ្ឋាភិបាល និងសភាជាតិ លើការកែសម្រួលសេចក្តីព្រាងច្បាប់សហជីព ដែលមិនទាន់ស្របទៅតាមស្តង់ដារអន្តរជាតិ និងច្បាប់ចូលជាធរមានក្នុងប្រទេសកម្ពុជា។
«ខ្ញុំគិតថា ក្រសួងការបរទេសមានឥទ្ធិពលខ្លាំង ហើយជាពិសេសគឺមកដល់ប្រទេសកម្ពុជាហ្នឹង ចំណែកអ្នកនយោបាយគឺបានស្នើ ដោះស្រាយបញ្ហានយោបាយ ហើយខាងសិទ្ធិមនុស្សហ្នឹង គេដោះស្រាយបញ្ហាជំនួយ ចំណែកសហជីពយើង ក៏យើងបានស្នើឲ្យ លោក ជួយពិនិត្យមើល សេចក្តីព្រាងច្បាប់ស្តីពីសហជីពហ្នឹង ធ្វើយ៉ាងណាពិភាក្សាជាមួយនឹងរដ្ឋាភិបាល ហើយនឹងសភាជាតិហ្នឹងឲ្យរៀបចំច្បាប់ហ្នឹងដូចថា ឲ្យមានលក្ខណៈប្រសើរ ស្របតាមស្តង់ដារអន្តរជាតិ និងច្បាប់ស្រុកខ្មែរយើងហ្នឹង»។
នៅក្នុងដំណើរទស្សនកិច្ចរបស់លោកក្នុងរយៈពេលពីរថ្ងៃនេះ លោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ចន ឃែរី បានជួប តំណាងអង្គការសង្គមស៊ីវិល និងមន្ត្រីនៃគណបក្សប្រឆាំង ដើម្បីពិភាក្សាពីបញ្ហាសិទ្ធិមនុស្ស សិទ្ធិដីធ្លី និងលំនៅដ្ឋាន ផងដែរក្រៅពីសិទ្ធិនយោបាយ។
លោកអាត់ ធន់ ឲ្យដឹងបន្ថែមទៀតថា សិទ្ធិកម្មករ ដែលជារឿយៗ ត្រូវក្រុមសហជីពឯករាជ្យមើលឃើញថា បានរងការបំពានពីភាគីនិយោជកនោះ ក៏នឹងត្រូវធ្វើឲ្យមានលក្ខណៈល្អប្រសើរជាងមុនផងដែរ តាមរយៈការធ្វើទស្សនកិច្ចផ្លូវការក្នុងប្រទេសកម្ពុជា ដោយលោករដ្ឋមន្ត្រីការបរទេសនៃប្រទេសកាន់លទ្ធិប្រជាធិបតេយ្យមួយនេះ។ លោកថា រដ្ឋាភិបាលកម្ពុជា អាចនឹងយកឱកាសនេះ ដើម្បីមើលឡើងវិញលើសិទ្ធិមនុស្ស ក៏ដូចជាសិទ្ធិរបស់កម្មករ។ លោកបញ្ជាក់ថា៖
«វាអាចផ្ទុយនឹងប្រទេសមួយចំនួន ដែលភាគច្រើនគឺគេអត់សូវគិតពីបញ្ហាសិទ្ធិមនុស្ស និងការងារនយោបាយលក្ខណៈប្រជាធិបតេយ្យហ្នឹង អញ្ចឹងខ្ញុំគិតថា វាជាឱកាសល្អសម្រាប់រដ្ឋាភិបាលកម្ពុជា»។
អ្នកតំណាងរាស្ត្រនៃគណបក្សមានអាសនៈក្នុងសភា បានព្រមព្រៀងគ្នាស្នើឲ្យមានការកែសម្រួលមាត្រាមួយចំនួននៅក្នុងជំពូកចំនួនពីរដែលនិយាយដល់វិសាលភាពនៃសេចក្តីព្រាងច្បាប់សហជីព ការចុះបញ្ជីរបស់សហជីព និងរបាយការណ៍ហិរញ្ញវត្ថុរបស់សហជីពជាដើម។ ក៏ប៉ុន្តែចំណុចនិយាយពីការកំណត់ចំនួនសម្រាប់ការសម្រេចធ្វើកូដកម្មរបស់កម្មករមិនទាន់ត្រូវបានព្រមព្រៀងគ្នារវាងក្រុមអ្នកតំណាងរាស្ត្រនៃគណបក្សទាំងពីរដែលកំពុងពិនិត្យ និងសិក្សាលើសេចក្តីព្រាងច្បាប់នេះទេ។ ចំណុចទាំងអស់នេះ ជាចំណុចដែលស្ថិតក្នុងការពិភាក្សាគ្នានៃអ្នកតំណាងរាស្ត្រគណបក្សទាំងនៅឡើយ។
នៅក្នុងការធ្វើសន្និសីទសារព័ត៌មានចុងក្រោយ លោក ចន ឃែរី បានមានប្រសាសន៍ថា បញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា គួរត្រូវបានពង្រឹង ពីព្រោះសហរដ្ឋអាមេរិកបានយកចិត្តទុកដាក់ជាខ្លាំងពីសិទ្ធិមនុស្ស។
«យើងយកចិត្តទុកដាក់ខ្លាំង អំពីសិទ្ធិមនុស្ស ដែលជាសេរីភាពជាសាកល ហើយអភិបាលកិច្ចល្អ។ ការជឿនលឿនលើវិស័យទាំងនេះ គឺជាកត្តាសំខាន់ សម្រាប់ទំនាក់ទំនងល្អរវាងប្រទេសយើងទំាងពីរ ហើយវាក៏ជាបំណងប្រាថ្នារបស់ប្រជាជនកម្ពុជាដែរ»។
ដំណើរមកដល់ក្នុងទីក្រុងភ្នំពេញរបស់លោក ចន ឃែរី គឺស្ថិតក្នុងដំណើរទស្សនកិច្ចការទូតមួយដ៏សំខាន់ក្នុងតំបន់អាស៊ី ដើម្បីពិភាក្សាពីការរៀបចំជាមុន សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅកន្លែងលំហែកាយ Sunnylands ក្នុងរដ្ឋកាលីហ្វ័រញ៉ា ដែលនៅទីនោះ លោកប្រធានាធិបតីអាមេរិកបារ៉ាក់ អូបាម៉ា នឹងធ្វើជាម្ចាស់ផ្ទះ ទទួលស្វាគមន៍មេដឹកនាំអាស៊ានទាំង១០ប្រទេស។ នៅថ្ងៃបញ្ចប់នៃដំណើរទស្សនកិច្ចរបស់លោកក្នុងប្រទេសកម្ពុជា លោករដ្ឋមន្ត្រីការបរទេស បានចូលជួបពិភាក្សាជាមួយ លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៕