ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​សហជីព​បន្ត​ទាមទារ​ការ​សម្រួល​ច្បាប់​សហជីព


រូបឯកសារ៖ លោក​ អាត់ ធន់ ​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ហៅ​ស៊ីខៅ​ឌូ​​​នៅ​ក្នុង​បាតុកម្ម​មួយ​កាល​ពី​ថ្ងៃ​ទី​៨​ខែ​មីនា ឆ្នាំ​២០១៤​ក្នុង​រាជធានី​ភ្នំពេញ។ (ស៊ុយ ហ៊ាមខេមរា/វីអូអេ)
រូបឯកសារ៖ លោក​ អាត់ ធន់ ​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ហៅ​ស៊ីខៅ​ឌូ​​​នៅ​ក្នុង​បាតុកម្ម​មួយ​កាល​ពី​ថ្ងៃ​ទី​៨​ខែ​មីនា ឆ្នាំ​២០១៤​ក្នុង​រាជធានី​ភ្នំពេញ។ (ស៊ុយ ហ៊ាមខេមរា/វីអូអេ)

ការ​សើ្ន​របស់​ពួក​គេ​កើត​មានឡើង​​បន្ទាប់​ពី​អ្នក​តំណាង​រាស្ត្រ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជួប​ប្រជុំ​ពិភាក្សា​គ្នា​លើ​​សេចក្តី​ព្រាង​ច្បាប់​នេះ​ នៅ​រដ្ឋសភា​ជាតិ​កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​នេះ។

​ក្រោយ​ពេល​ដែល​អ្នក​តំណាងរាស្រ្ត​នៃ​គណបក្ស​គ្រប់​គ្រង​ប្រទេស​ និង​គណបក្ស​ប្រឆាំង​បាន​ពិនិត្យ​ និង​ស្នើ​ឲ្យកែ​សម្រួល​ជំពូក​ចំនួន​ពីរ​នៃសេចក្តី​ព្រៀង​ច្បាប់​សហជីព​ មេ​ដឹកនាំ​សហជីព​ឯករាជ្យ​ក្នុង​ប្រទេស​កម្ពុជា​ទាម​ទារ​ឲ្យ​មាន​ការ​កែ​សម្រួល​មាត្រា​ជា​ច្រើន​ទៀត​ ដែល​បង្កប់​ន័យ​គាប​សង្កត់​ការ​អនុវត្ត​សិទិ្ធ​របស់សហជីព។​

មេ​ដឹកនាំ​សហជីព​បម្រើប្រយោជន៍​កម្មករ​បាន​បន្ត​ទាមទារ​ឲ្យ​អ្នក​តំណាង​រាស្ត្រ​នៃ​គណបក្ស​ធំៗ​ទាំង​ពីរ​នៅ​ក្នុង​សភា​ជាតិ​ ​ធ្វើការ​កែ​សម្រួល​បន្ថែម​ទៀត​ចំពោះមាត្រា​ដែល​រឹតត្បិត​សិទ្ធិ​សេរីភាព​សហជីព​ ពីព្រោះ​ថា​ អ្នក​តំណាង​រាស្ត្រ​នៃ​គណបក្ស​ទាំងពីរ​នេះ​បាន​សម្រេច​ស្នើ​ឲ្យ​រដ្ឋាភិបាលកែ​សម្រួល​លើ​មាត្រា​មួយ​ចំនួន​ក្នុង​ជំពូក​ចំនួន​ពីរ​ប៉ុណ្ណោះ​នៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​សហជីពដ៏​ចម្រូង​ចម្រាស។​

ការ​សើ្ន​របស់​ពួក​គេ​កើត​មានឡើងបន្ទាប់​ពី​អ្នក​តំណាង​រាស្ត្រ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជួប​ប្រជុំ​ពិភាក្សា​គ្នា​លើសេចក្តី​ព្រាង​ច្បាប់​នេះ​ នៅ​រដ្ឋសភា​ជាតិ​កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​នេះ។

លោក​អាត់ ធន់​ ​ប្រធាន​សហភាព​ការងារ​កម្ពុជា​ ថ្លែង​ថា​ ក្រុម​សហជីព​ឯករាជ្យ​ដែលបម្រើប្រយោជន៍​កម្មករ​ ចង់​ឃើញ​ការ​កែ​សម្រួល​មាត្រា​រសើប​ជា​ច្រើន​ទៀត​នៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​សហជីព​នេះ។​

«ខ្ញុំ​គិត​ថា​ គណបក្ស​ទាំង​ពីរ​ហ្នឹង​មិន​ទាន់​បាន​ពិភាក្សា​គ្នា​ស៊ី​ជម្រៅ​ទៅលើ​ចំណុច​ដែល​សហជីព​ចង់​បាន​ទេ​ ហើយ​យើង​សង្ឃឹម​ថា​ គណបក្ស​ទាំង​ពីរ​នឹង​ពិភាក្សា​ស៊ី​ជម្រៅ​ថែម​ទៀត​ ដោយសារ​តែ​ស្តាប់​មើល​សម្តីរបស់​ឯក​ឧត្តមសុន ឆ័យ​ និង​ឯក​ឧត្តម​សុខ ឦសាន​ហ្នឹង​ថា​ នឹង​មាន​ការ​ជជែក​គ្នា​បន្ត​ទៀត។​ អញ្ចឹង​ខ្ញុំ​គិត​ថា​ យើង​នឹង​រង់​ចាំ​មើល​ថា ​តើ​ការ​វិវត្ត​ចុង​ក្រោយ​ វា​យ៉ាង​ណា? យើង​នឹង​ចូល​រួម​ក្នុង​ការ​ផ្តល់​យោបល់​ដើម្បី​កែ​តម្រូវ​ឲ្យ​មាន​ការ​រៀប​ចំ​ច្បាប់​ហ្នឹង​ឲ្យ​បាន​ល្អ»។​

អ្នកស្រី​យ៉ាង​ សោភ័ណ្ឌ ប្រធាន​សម្ព័ន្ធ​សហ​ជីព​កម្ពុជា ពុំ​ទាន់​បាន​ព័ត៌មាន​ច្បាស់​ស្តីពី​ការ​កែ​សម្រួល​នៃ​ជំពូកចំនួន​ពីរ​នេះ​ នៅ​ក្នុងសេចក្តី​ព្រៀង​ច្បាប់​សហជីពនេះ​ទេ​ តែ​អ្នក​ស្រី​ទទូច​ស្នើ​ឲ្យ​អ្នក​តំណាង​រាស្ត្រ​នៃ​គណបក្ស​នយោបាយ​ទាំងពីរ​កែ​សម្រួល​ឲ្យ​បាន​ទាំងស្រុង​នូវ​មាត្រា​ ដែល​ធ្វើ​ឲ្យ​សហជីព​មាន​ការ​ពិបាក​ក្នុងការ​ការពារ​សិទ្ធិ​កម្មករ។​

«តាម​ពិត​ ពាក់​ព័ន្ធ​ជាមួយ​នឹង​ចំណុច​ដែល​យើង​បាន​ស្នើ​ទៅ​រដ្ឋសភា​ កាល​ពី​យើង​កូដកម្ម​ ឬ​ក៏​បាន​ដាក់​ញ្ញតិ្ត​កន្លង​មក​ ទាំង​អស់​ហ្នឹង​មាន​៤២​មាត្រា​ ដែល​យើង​ស្នើ​សុំ​ឲ្យ​មាន​ការ​កែប្រែ។ ប៉ុន្តែ​នៅ​ក្នុង​៤២​មាត្រា​នោះ​មាន​ខ្លឹម​សារ​ ​ចំណុច​មួយ​ចំនួន​ហ្នឹង​គឺ​យើង​ស្នើ​សុំ​កែ​ដាច់​ខាត​តែ​ម្តង​ ព្រោះ​បើ​សិន​ណា​ចំណុច​ទាំង​អស់​ហ្នឹង​នៅ​តែ​ដាក់​បន្ត​ទៅ​ វា​អត់​មាន។​ នេះ​ចង់​និយាយ​ពី​ការ​ការ​ពារ​សិទ្ធិ​កម្មករ​ ការពារ​ប្រយោជន៍​របស់​ពួក​កម្មករ​យើង​ ឬ​ក៏​សហជីព​យើង​អញ្ចឹង​ណា៎»។​

អ្នក​ស្រី​ថ្លែង​បញ្ជាក់​ថា​ មាត្រា​ជាច្រើន​ដែល​ក្រុម​សហជីព​ឯករាជ្យ​មិន​ចង់​បាន​នោះ​ រួមមាន ការ​កំណត់​ពី​ការ​ផ្ញើ​របាយ​ការណ៍​ហិរញ្ញ​វត្ថុ​ទៅ​ក្រសួង​ការងារ​ដែល​ពុំ​បាន​ផ្តល់​ការ​គាំទ្រ​ហិរញ្ញវត្ថុ​ដល់​សហជីព​ និង​ការ​កំណត់​ចំនួន​កម្មករ​សម្រាប់​ការ​បង្កើត​សហជីព។ ចំណុច​ផ្សេង​ទៀត​នោះ​គឺ​ការ​កំណត់​ថា​ បើ​ប្រធាន​សហជីព​ក្នុង​សហជីព​មួយបាន​បង្ក​កំហុសណា​មួយ​ទាក់​ទិន​ប្រយោជន៍​ផ្ទាល់​ខ្លួន ​សហជីព​នោះ​នឹង​ត្រូវ​រំលាយ​ចោល​ជា​ស្វ័យ​ប្រវត្តិ​តែ​ម្តង។​ មាត្រា​ដទៃ​នៃ​សេចក្តីព្រាង​ច្បាប់​នេះ​ក៏មាន​ការ​ចែង​ពីការ​ដាក់​ទោស​ពិន័យ​លើ​សហជីព​ផង​ដែរ។​

នៅ​ក្នុង​ការ​ជួប​ប្រជុំ​គ្នា​កាល​ពីថ្ងៃ​ច័ន្ទ​នោះ​ អ្នក​តំណាង​រាស្ត្រ​នៃ​គណបក្ស​ទាំង​ពីរ​បានព្រម​ព្រៀង​គ្នា​ស្នើ​ឲ្យ​មាន​ការ​កែ​សម្រួល​មាត្រា​មួយ​ចំនួន​នៅក្នុង​ជំពូក​ចំនួន​ពីរដែល​និយាយ​ដល់​វិសាលភាព​នៃ​សេចក្តី​ព្រាងច្បាប់​ ​ការ​ចុះ​បញ្ជី​របស់​សហជីព ​និង​របាយ​ការណ៍​ហិរញ្ញវត្ថុរបស់​សហជីព​ជាដើម។​ ក៏​ប៉ុន្តែ​ចំណុចនិយាយ​ពី​ការ​កំណត់​ចំនួន​សម្រាប់​ការ​សម្រេច​ធ្វើ​កូដកម្ម​របស់​កម្មករ​មិន​ទាន់​ត្រូវ​បាន​ព្រម​ព្រៀង​គ្នា​រវាង​ក្រុម​អ្នក​តំណាង​រាស្ត្រ​នៃ​គណបក្ស​ទាំងពីរ​ដែល​កំពុង​ពិនិត្យ​ និង​សិក្សា​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ​ទេ។​ នេះ​បើ​យោង​ទៅ​តាម​ការ​បញ្ជាក់​ពីអ្នក​តំណាង​រាស្ត្រ​នៃ​គណបក្ស​ទាំង​ពីរ។​

លោកសុន ឆ័យ​ អ្នក​តំណាង​រាស្ត្រគណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ប្រាប់​ VOA​ ​ថា​ ​សិទ្ធិ​ធ្វើ​បាតុកម្ម​របស់​កម្មករគឺជា​ចំណុច​ចម្រូង​ចម្រាស​មួយ​នៅ​ក្នុងការ​ពិភាក្សា​សេចក្តី​ព្រាងច្បាប់​នេះ។​ ​

«យើង​ខ្ញុំ​តតាំង​ជួស​ឲ្យ​សហជីព​ដែរ​ ថា​វា​មិន​ដែល​ហៅ​សមាជិក​[មក​ប្រជុំ​សម្រេច​]​ ព្រោះ​សហជីព​ខ្លះ​ហ្នឹង​មាន​សមាជិក​រាប់​ពាន់​នាក់​នោះ​ អាច​ដល់​ម៉ឺន​ផង​ បើ​តាម​ដឹង។ គេហៅ​មក​ប្រជុំ​សម្រេច​ធ្វើកូដកម្ម​យ៉ាង​ម៉េច? រឿង​កូដកម្ម​ជា​សិទ្ធិ​របស់​សមាជិក​នីមួយៗ​ទេ។​ ហើយ​នៅ​ក្នុង​រោងចក្រ​ខ្លះ​វា...​វា​... ទោះបី​ជាមាន​ ឧទាហរណ៍​ថា​ សហជីព​ហ្នឹង​មានសមាជិក​នៅ​ក្នុង​រោង​ចក្រ​មួយ​ហ្នឹង​ ឧទាហរណ៍​ថា​ ២០០​នាក់​ ហើយ​ជួន​កាល​វា​មិន​មែន​ទាំង​២០០​នាក់​ហ្នឹង​មាន​បញ្ហា​ជាមួយ​រោង​ចក្រ​ទេ។​ ជួន​កាល​មាន​សមាជិក​១០​នាក់​នៅ​ក្នុង​ផ្នែក​ដឹក​ជញ្ជូន​ ឬក៏​លី​សែង​អី​គាត់​មិន​សុខ​ចិត្ត​ គាត់​ចរចា​ជា​មួយ​ថៅកែ ដោះស្រាយ​មិន​ចេញ​ សហជីព​ជួយ​ចរចា​មិន​ចេញ​ គាត់​ចង់​ធ្វើ​កូដកម្ម​អីៗ។​ អាហ្នឹង​សិទ្ធិ​របស់​គាត់​ មិនត្រូវ​ចែង​ទាល់​តែ​មាន​ចំនួន​ប៉ុន្មាន​ភាគ​រយ​នៃ​សមាជិក​អី​ហ្នឹង វាខុស​ វា​រំលោភ​ទៅ​លើ​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ សិទ្ធិ​តវ៉ា​ផង​ ហើយ​វា​រំលោភ​ទៅ​លើ​ច្បាប់​ ILO​ ទៅ​ទៀត​ អា​ហ្នឹង​ហើយ​បាន​ជជែក​យូរ​...យូរ​ជាង​គេ។ ហើយ​ដោះ​អត់​ចេញ​ទេ»។

លោក​ថ្លែង​បន្ត​ថា​ ចំណុច​នេះ​ និង​ចំណុច​រសើប​ជាច្រើន​ទៀតប្រមាណ​២១​មាត្រា​នឹង​ត្រូវ​លើក​យក​មក​ពិភាក្សា​ជាថ្មី​ម្តង​ទៀត​នៅ​ថ្ងៃ​ទី​១៣​ ខែ​មករា​ ខាង​មុខ​នេះ។​

រី​ឯ​លោក​សុខ​ ឦសាន​ អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ថ្លែង​ថា​ សេចក្តី​ព្រាង​ច្បាប់​នេះ​នឹង​ត្រូវ​ដាក់​ឲ្យ​ពិភាក្សា​ក្នុង​សិក្ខា​សាលា​ទូលំ​ទូលាយ​មួយ​ បន្ទាប់​ពី​ក្រុម​ការងារ​របស់​តំណាង​រាស្ត្រ​គណបក្ស​ទាំងពីរ​បាន​បញ្ចប់​ការ​ពិនិត្យ​សេចក្តី​ព្រាង​ច្បាប់​នេះ។​

«ពេល​ដែលក្រុម​ការងារ​គណៈ​កម្មការ​ចំពោះ​កិច្ច​ហ្នឹង​ជួប​ប្រជុំ​គ្នា​រួចរាល់​ហើយ​ បាន​គេ​ធ្វើ​សិក្ខា​សាលា​បើក​ទូលំទូលាយ​មួយ»។​

លោក​ពុំ​ទាន់​អាច​បញ្ជាក់​បាន​ទេ​អំពី​កាល​បរិចេ្ឆទ​នៃ​ការ​ធ្វើ​សិក្ខា​សាលា​នេះ​ ដោយសារ​ក្រុម​អ្នក​តំណាង​រាស្ត្រ​ត្រូវ​ការ​ពេល​វេលាច្រើន​បន្ថែម​ទៀត​ដើម្បី​ពិភាក្សា​លើការ​ស្នើ​ឲ្យ​មាន​ការ​កែ​សម្រួល​ចំណុច​ដែល​ក្រុម​សហជីព​មិន​យល់​ស្រប​ក្នុង​សេចក្តី​ព្រាង​ច្បាប់​នេះ។​

សេចក្តី​ព្រាង​ច្បាប់​ដែល​កំពុង​ត្រូវ​បាន​ពិនិត្យ​ និង​ពិចារណា​ដោយ​អ្នក​តំណាង​រាស្ត្រ​នៃ​គណបក្ស​ទាំងពីរ​នៅ​ក្នុង​សភា​នេះ​ មាន​បំណង​សម្រួល​ដល់​ទំនាក់​ទំនង​វិជ្ជាជីវៈ​នៅ​ក្នុង​ឧស្សាហ​កម្ម​កាត់ដេរ​ ដែល​រមែង​ជួប​ព្រឹត្តិ​ការណ៍​ធ្វើ​កូដ​កម្ម​ និង​បាតុកម្ម។​ អ្នក​តំណាង​រាស្ត្រ​នៃ​គណបក្ស​ប្រឆាំង​ចង់​ឲ្យ​សេចក្តីព្រាង​ច្បាប់​នេះ​គ្រប​ដណ្តប់​និយោជិក​បម្រើ​ការ​ងារ​ក្នុងវិស័យ​ផ្សេង​ទៀត​ផង​ដែរ​ ដូច​ជានិយោជិក​ដែល​ធ្វើ​ការ​តាម​ភោជនីយដ្ឋាន​ ឬ​អ្នក​បម្រើ​ការ​តាម​ផ្ទះ​ក្នុង​ស្រុក។​

សេចក្តី​ព្រាង​ច្បាប់​នេះ​ក៏​មិន​បាន​ធ្វើ​ឲ្យ​និយោជក​មាន​ការ​រីករាយ​ចិត្ត​ផង​ដែរ​ ពីព្រោះ​តំណាង​និយោជកយល់​ថា​ ការ​កំណត់​ចំនួន​មនុស្ស​ត្រឹម​តែ​១០​នាក់ ​ដើម្បី​បង្កើត​សហជីព ​ដូច​ដែល​បាន​សរសេរ​នៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​នេះ​ នឹង​បង្ក​ឲ្យ​មាន​សហជីព​ច្រើន​លើស​លប់​ក្នុង​គ្រឹះស្ថាន​សហគ្រាស​មួយ។​

VOA ​ព្យាយាម​សុំការ​អធិប្បាយ​ពីលោក​ហេង សួ​ អ្នក​នាំពាក្យ​នៃ​ក្រសួង​ការងារ​ តែ​នៅ​មិន​ទាន់​អាច​ទាក់​ទង​បានទេ​ នៅ​ថ្ងៃ​ពុធ​នេះ។​

នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​សហជីព​ចំនួន​៣.២១៤​ដែល​បាន​ចុះ​បញ្ជី​បច្ចុប្បន្ន​នេះ​ ក៏​ប៉ុន្តែ​មាន​តែ​សហជីព​ជាង​១​ពាន់​ប៉ុណ្ណោះ ​ដែល​មាន​សកម្ម​ភាព​ជួយ​កម្មករ។​ សហជីព​ឯករាជ្យ​មួយ​ចំនួន​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​កម្មករ​ ជាពិសេស​គឺ​កម្មករ​ដែល​កំពុង​ធ្វើ​ការ​ក្នុង​ឧស្សាហ​កម្ម​កាត់​ដេរ។​

ប្រជា​ពលរដ្ឋ​ខ្មែរ​ជាស្រ្តី​ប្រមាណ​ជា​៧០០.០០០​នាក់​កំពុង​ធ្វើ​ការ​នៅ​ក្នុង​វិស័យ​នេះ។​ កម្ពុជា​នាំ​ចេញ​ផលិត​ផល​សម្លៀក​បំពាក់​របស់​ខ្លួន​មួយ​ភាគ​ធំ​ទៅ​កាន់​សហ​រដ្ឋ​អាមេរិក​ និង​សហភាព​អឺរ៉ុប៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG