សាលាក្តី​ខ្មែរក្រហម​ពិនិត្យ​ស្នាដៃ​ដោយ​មើល​រំលង​ឧបសគ្គ

សវនាការ​មួយ​នៅ​ក្នុង​សាលា​ក្តី​ខ្មែរ​ក្រហម​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០១៤។

ក្រុម​ចៅ​ក្រម​នៃ​សាលា​ក្តី​ខ្មែរ​ក្រហម​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះបាន​កោត​សរសើរពី​ផល​វិជ្ជមាន​ក្នុង​ដំណើរការ​កាត់ទោស​អតីត​មេដឹកនាំ​កំពូល​ខ្មែរក្រហម​ ស្របពេល​ដែលអង្គជំនុំ​ជម្រះ​សាលា​ដំបូង​នឹង​ចាប់​ផ្តើម​កាត់​ទោស​នួន ជា ​និង​ខៀវ សំផន ​ក្នុង​ជំហាន​ទី​២​នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ។

​ថ្លៃង​នៅ​ក្នុ​ង​ពិធី​បើក​កិច្ច​ប្រជុំពេញ​អង្គ​លើក​ទី​១១​នៅ​សាលា​ក្តី​ខ្មែរ​ក្រហម​ លោកចៅ​ក្រម ​គង់ ស៊្រីម​ ប្រធាន​អង្គជំនុំ​ជម្រះ​តុលាការ​កំពូល​និង​ជា​ប្រធាន​កិច្ច​ប្រជុំ​ពេញ​អង្គ​បាន​រៀប​រាប់​ឡើង​វិញ​អំពី​ដំណើរ​ការ​កាត់ទោស​ក្នុង​សំណុំរឿង​០០២​វគ្គទី​១​ដែល​មាន​ជន​ជាប់ចោទ​នួន ជា ​អតីត​ប្រធាន​សភា​ខ្មែរ​ក្រហម​និង​ខៀវ សំផន ​អតីត​ប្រមុខរដ្ឋ​របស់​ក្រុម​កុម្មុយនិស្ត​អាវ​ខ្មៅ​នេះ។

ជនជាប់​ចោទ​ទាំង​ពីរ​ត្រូវ​ផ្តន្ទាទោស​ឲ្យជាប់​គុក​អស់​មួយ​ជីវិត​កាល​ពី​ដើម​ខែសីហា​ដោយអង្គជំនុំ​ជម្រះ​សាលា​ដំបូងដោយសារ​តុលាការ​បាន​រកឃើញ​ថា​ ជនជាប់​ចោទ​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​បទ​ឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​ដែលបាន​បណ្តាល​ឲ្យប្រជាពលរដ្ឋ​កម្ពុជា​ស្លាប់​យ៉ាងតិច​១,៧​លាន​នាក់។

លោក​ចៅក្រម គង់ ស៊្រីម ​ចាត់ទុក​ថា​នេះ​គឺជា​ការវិវត្តន៍​ដ៏ល្អ។

«នៅ​ពេល​ថ្មីៗ​នេះ​មាន​ការ​វិវត្តន៍​គួរ​ឲ្យ​កត់​សម្គាល់ទាក់ទង​ទៅ​នឹង​សំណុំ​រឿង​នៅ​ចំពោះ​មុខ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​យើង​នេះ។ ​នៅ​ថ្ងៃ​ទី​៧​ខែ​សីហា​ អង្គជំនុំ​ជម្រះ​សាលា​ដំបូង​បាន​ប្រ​កាស​សាល​ក្រម​ក្នុ​ងសំណុំ​រឿង​០០២​/១​ក្នុង​នោះ​អង្គជំនុំ​ជម្រះ​បាន​រក​ឃើញ​ថា​ជនជាប់​ចោទ​នួន​ ជា​និង​ខៀវ សំផន ​បាន​ប្រព្រឹត្ត​នូវ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ​ហើយ​បាន​សម្រេច​ប្រកាស​ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត»។

​នួន ជា​ អាយុ​៨៨​ឆ្នាំ​និង​ខៀវ សំផន ​អាយុ​៨៣​ឆ្នាំ​គឺជា​មេដឹក​នាំ​កំពូល​តែពីរនាក់​គត់​ដែល​កំពុង​ស្ថិត​ក្រោម​ការ​កាត់​ទោស។ ​អៀង ធារិទ្ធ ​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​សង្គម​កិច្ចត្រូវ​តុលាការ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំដោយសារ​ជំងឺ​វង្វេងវង្វាន់។ ​រីឯ​ប្តី​របស់​គាត់​អៀង សារី ​អតីត​បងធំទី​៣​ឬ​អតីត​ឧបនាយក​រដ្ឋ​មន្ត្រី​និង​ជា​រដ្ឋមន្រ្តី​ការបរទេស​ខ្មែរក្រហមបាន​ស្លាប់​មុន​ការ​កាត់​ទោស​ចប់​សព្វគ្រប់។

វីដេអូ​ទាក់ទង៖ សាលាក្តី​ខ្មែរក្រហម​គួរ​ទទួល​បាន​ជំនួយ​រហូត​ចប់​ចុង​ចប់​ដើម

Your browser doesn’t support HTML5

សាលាក្តី​ខ្មែរក្រហម​គួរ​ទទួល​បាន​ជំនួយ​រហូត​ចប់​ចុង​ចប់​ដើម

លោកចៅ​ក្រម គង់ ស៊្រីម ​កត់​សម្គាល់​ថា​ប្រជាពលរដ្ឋ​កម្ពុជា​មាន​ចំណាប់​អារម្មណ៍​ខ្លាំង​លើ​ដំណើរ​ការ​កាត់​ក្តី​អតីត​មេដឹក​នាំ​ខ្មែរក្រហម​ហើយ​មាន​ប្រជាពលរដ្ឋ​ច្រើន​ជាង​១០៤.០០០​នាក់​បាន​ចូល​រួម​ទស្សនា​ការ​កាត់ទោស​សំណុំរឿង​០០២​វគ្គ​ទី​១​ដោយ​ផ្ទាល់។ ​សម្រាប់​រូប​លោក​នេះ​គឺជា​ចំនួន​តួលេខ​ដ៏ខ្ពស់​បំផុត​មិន​ដែល​ធ្លាប់​មាន។​

លោកចៅក្រម​ គង់ ស៊្រីម​ក៏​បាន​ជូន​ដំណឹង​បន្ថែម​អំពី​ការ​កាត់​ទោស​បន្ត​លើ​ជន​ជាប់ចោទ​នួន ជា ​និង​ខៀវ សំផន ​នៅ​ថ្ងៃ​សុក្រ។

«សវនាការ​លើ​អង្គ​សេចក្តី​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ស្អែក​នៅ​ក្នុង​បន្ទប់​សវនាការ​នេះ​ដោយ​មាន​ការ​ថ្លែង​បើក​សង្ខេប​ដោយ​សហ​ព្រះរាជ​អាជ្ញា​និង​មេធាវី​ការពារ​ក្តី»។

​ជាមួយ​គ្នា​នេះដែរ​លោកចៅ​ក្រម ចាង ហូ ជុង (Chang-Ho Chung)​អនុប្រធាន​កិច្ច​ប្រជុំ​ពេញ​អង្គ​បាន​លើក​ពី​ការវិវត្តន៍​ផ្នែក​សិទ្ធិមនុស្ស​និង​គតិយុត្តិ​ដែល​ជា​កេរដំណែល​របស់​សាលា​ក្តីខ្មែរក្រហម​ប្រចាំ​តំបន់​អាស៊ី​ទាំង​មូល។

«ក្នុង​នាម​សាលាក្តី​អន្តរជាតិ​តែមួយ​គត់​បង្កើត​ឡើង​ក្នុងទ្វីប​អាស៊ី ​អ.វ.ត.ក ​បាន​បង្ហាញ​នូវ​សក្តានុពល​ធំ​ធេង​របស់​ខ្លួនចំពោះ​ការ​រីក​ចម្រើន​ក្នុង​វិស័យ​គតិយុត្តិ​និង​សិទ្ធិមនុស្សនៅ​ក្នុង​ទ្វីប​អាស៊ី។ ​កេរ​ដំណែល​នៃ​អ.វ.ត.ក ​អាចនាំ​ឲ្យ​មាន​ការវិវត្តន៍​រីកចម្រើន​លើ​វិធាន​គតិយុត្តិ​និង​សិទ្ធិមនុស្ស​នៅ​ក្នុង​តំបន់​នេះ។ ​កេរ​ដំណែល​របស់​អ.វ.ត.ក ​នឹង​បន្ត​សាយភាយ​ជា​លក្ខណៈ​ប្រព័ន្ធ​នៅ​ពេញ​ទ្វីប​អាស៊ី​តាម​រយៈ​ការ​បង្កើត​តុលាការ​សិទ្ធិមនុស្ស​អាស៊ី»។​

សូម​បញ្ជាក់​ថា ​កិច្ច​ប្រជុំ​ពេញ​អង្គ​លើក​ទី​១១​នៅ​ថ្ងៃ​នេះ​របស់​ក្រុម​ចៅ​ក្រម​និង​ព្រះរាជអាជ្ញា​នៃ​សាលា​ក្តី​ខ្មែរក្រហម​បាន​ពិភាក្សា​លើ​សំណើ​ធ្វើ​វិសោធនកម្ម​លើវិធាន​ផ្ទៃ​ក្នុង​ចំនួន​បួន​ចំណុច ​ដែល​បើតាម​លោក​ចៅក្រម​គង់ ស្រ៊ីម ​វិសោធនកម្ម​នេះ​ដើម្បី​ជំរុញ​នីតិវិធី​កាត់​ក្តី​ឲ្យ​កាន់​តែ​លឿន​ទៅមុខ​ទៀត​ដោយ​ កាត់បន្ថយ​វិសាលភាព​នៃ​កិច្ច​ស៊ើប​សួរ ​និង​ជំនុំជម្រះ​រួមទាំងការ​ដាក់​បញ្ចូល​នូវ​បទបញ្ញតិ្ត​ទាក់ទង​នឹង​ការ​ចុះ​បញ្ជី​មេធាវី​អន្តរជាតិ​និង​ដើម​បណ្តឹង​រដ្ឋប្បវេណី​ក្នុង​បញ្ជី​គណៈមេធាវី​កម្ពុជា។

តែ​ទោះជា​យ៉ាង​ណា​ក្រុម​ចៅក្រម​ដឹក​នាំ​កិច្ច​ប្រជុំ​ពេញ​អង្គ​មិន​បាន​និយាយ​យោង​ដល់សំណុំ​រឿង​០០៣ ​និង​០០៤ ​ដ៏​ចម្រូង​ចម្រាស​នោះ​ទេ​ស្រប​ពេល​ដែល​ការកោះ​ហៅ​ជនជាប់​សង្ស័យ​ក្នុង​សំណុំ​រឿង​បន្ថែម​នេះ​ជួប​ឧបសគ្គ​នោះ។

មាន​ការ​រិះគន់​អំពី​ការ​ជ្រៀតជ្រែក​នយោបាយ​ពី​រដ្ឋាភិបាល​លើ​សំណុំរឿង​០០៣ ​និង​សំណុំ​រឿង​០០៤​នេះ ​ហើយ​ក៏​មាន​ការ​ចោទ​ប្រកាន់​ជា​ច្រើន​ទៀត​ទាក់​ទង​នឹង​ភាព​លម្អៀង​ផ្នែកនយោបាយ​ ជាពិសេស​សំដៅ​លើ​ភាគី​កម្ពុជា​នៅ​ក្នុង​សាលាក្ដី​ខ្មែរក្រហម៕