សាលាក្តី​ខ្មែរក្រហម​ព្រមាន​តែងតាំង​មេធាវី​ថ្មី​ឱ្យ​ខៀវ សំផន

បើតាម​លោក​ចៅក្រម​និល ណុន ​មេធាវី​ដែល​ត្រូវ​តែងតាំង​ដោយ​សាលាក្តី​ខ្មែរក្រហម​នឹង​មិន​មាន​សិទ្ធិ​ធ្វើ​ពហិការ​សវនាការ​នោះ​ទេ។

ប្រធាន​អង្គជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលា​ក្តីខ្មែរក្រហម​លោក​ចៅ​ក្រម​ និល ណុន ​បាន​ព្រមានជន​ជាប់​ចោទ​ខៀវ សំផន ​មិន​ឲ្យ​ផ្តល់​យោបល់​ដល់​មេធាវី​របស់​ខ្លួន​ឲ្យ​បន្ត​ធ្វើ​ពហិការក្នុង​ការ​កាត់​ទោស​ក្នុង​សំណុំរឿង​០០២​វគ្គ​ទី​២។

ការ​ព្រមាន​ធ្វើ​ឡើង​ក្នុ​ងសវនាការ​ពេញ​អង្គ​សេចក្តី​នៅ​ថ្ងៃ​ច័ន្ទ​ទី​១៧​ខែវិច្ឆិកា​នេះ ​ប៉ុន្តែ​សវនាការ​ត្រូវ​ផ្អាកទៅ​វិញ​ដោយសារ​អវត្តមាន​ក្រុម​មេធាវី​របស់​អតីត​ប្រមុខ​រដ្ឋ​ខ្មែរ​ក្រហម​រូប​នេះ។

នៅ​ក្នុង​សេចក្តី​សម្រេច​នៅ​រសៀល​ថ្ងៃនេះ​ក្រោយ​ពី​ក្រុម​ចៅ​ក្រម​ដក​ថយ​ទៅ​ពិចារណា​បន្ទាប់​ពី​បើក​សវនាការ​បាន​ត្រឹម​តែ​រយៈ​ពេល​២០​នាទី​រួច​មក ​លោក​ចៅក្រម​និល ណុន ​ប្រកាស​ថា​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នឹង​តែងតាំង​មេធាវី​ថ្មី​ដោយមិន​ចាំ​បាច់​មាន​ការឯកភាព​ពី​ជនជាប់​ចោទ​ទេ​ប្រសិន​បើ​មេធាវី​របស់​ជនជាប់ចោទ​បន្ត​ធ្វើ​ពហិការ។

«អង្គ​ជំនុំ​ជម្រះ​សូម​ជម្រាប​ជន​ជាប់​ចោទ​ថា​ប្រសិន​បើ​នៅ​ពេល​នេះ​ឬនៅ​ពេល​ណា​មួយនា​ពេល​ខាង​មុខ​នេះ​ជនជាប់​ចោទ​ណែនាំ​ដល់​មេធាវី​របស់​ខ្លួន​មិន​ឲ្យ​ចូលរួម​កិច្ច​ដំណើរ​ការនីតិវិធី​លើ​អង្គ​សេចក្តី​ឬ​កិច្ច​ដំណើរ​ការ​នីតិវិធី​ផ្សេង​ទៀត​សម្រាប់​សំណុំ​រឿង​០០២/០២ ​អង្គ​ជំនុំ​ជម្រះ​អាច​តែង​តាំង​មេធាវី​ដោយ​អង្គ​ជំនុំ​ជម្រះដោយ​មិន​ចាំ​បាច់​មាន​ការ​យល់​ព្រម​ពី​ជនជាប់​ចោទ​ឡើយ»។

​ប្រធាន​ចៅ​ក្រម​ជំនុំ​ជម្រះ​បញ្ជាក់​ថា សេចក្តី​សម្រេច​នេះ​ដើម្បី​«ធានា​ដល់​ផល​ប្រយោជន៍​យុត្តិធម៌​និង​កិច្ច​ឆាប់​រហ័ស​នៃ​ដំណើរ​ការ​នីតិវិធី»​ក្នុង​ការ​ជំនុំ​ជម្រះ​ក្តី។

​យោង​តាម​សេចក្តី​សម្រេច​របស់​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ ការ​តែងតាំង​មេធាវី​ថ្មី​អាចមាន​លទ្ធភាព​ចំនួន​បី។​ ទី១​គឺ​ការ​តែងតាំង​មេធាវី​ឡើងវិញ​នូវ​មេធាវី​បច្ចុប្បន្ន​របស់​ជនជាប់​ចោទឲ្យ​ទៅ​ជា​មេធាវី​របស់​តុលាការ​ដែល​នឹង​នាំ​ឲ្យ​មេធាវី​សព្វថ្ងៃ​របស់​ជន​ជាប់​ចោទ​នឹង​ត្រូវ​គោរព​តាមការ​បង្គាប់​ដោយ​ផ្ទាល់​របស់​តុលាការ​ក្នុ​ងការ​ចេញ​មុខ​ការពារ​ផល​ប្រយោជន៍​ជន​ជាប់​ចោទ។ លទ្ធភាព​ទី​២​គឺ​តុលាការ​អាច​តែង​តាំង​មេធាវី​ថ្មី​តែម្តង​ដោយ​មិន​យក​មេធាវី​របស់​ជនជាប់​ចោទ​សព្វ​ថ្ងៃ។ រីឯ​លទ្ធភាព​ទី៣​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​អាច​នឹង​តែងតាំង​មេធាវី​ថ្មី​ផង ​និង​តែងតាំង​មេធាវី​បច្ចុប្បន្ន​ជា​មេធាវី​របស់​ជន​ជាប់​ចោទ​ផង។

បើតាម​លោក​ចៅក្រម​និល ណុន ​មេធាវី​ដែល​ត្រូវ​តែងតាំង​ដោយ​សាលាក្តី​ខ្មែរក្រហម​នឹង​មិន​មាន​សិទ្ធិ​ធ្វើ​ពហិការ​សវនាការ​នោះ​ទេ។

«មេធាវី​តែងតាំង​ដោយ​អង្គ​ជំនុំ​ជម្រះ​ត្រូវ​តែ​ចូល​រួម​ពេញ​លេញ​ក្នុង​កិច្ច​ដំណើរ​ការ​នីតិវិធី​ក្នុង​សំណុំ​រឿង​០០២/០២​ដោយ​ចូល​រួម​នៅ​ក្នុង​សវនាការ​ទាំង​ឡាយ​ដែល​បាន​កំណត់​ដោយ​អង្គ​ជំនុំ​ជម្រះ។ ​គ្មាន​មូលដ្ឋាន​ច្បាប់​ណា​មួយ​ដែល​មេធាវី​តែង​តាំង​ដោយ​អង្គ​ជំនុំ​ជម្រះ​ត្រូវ​ស្តាប់​តាមការ​ណែ​នាំ​របស់​ជន​ជាប់​ចោទមិន​ឲ្យ​ចូល​រួម​នៅ​ក្នុង​សវនាការ​នេះ​ឡើយ»។

​ឆ្លើយ​តប​ទៅ​វិញ​ជនជាប់ចោទ​អាយុ​៨៣​ឆ្នាំ​ ខៀវ សំផន ​ចាត់​ទុក​ថា​ការតែងតាំង​មេធាវី​ណា​មួយដោយ​មិន​មាន​ការ​យល់​ព្រម​ពីរូប​លោក​មិន​បាន​បម្រើ​ផល​ប្រយោជន៍​ការ​ពារសិទ្ធិ​រូប​លោក​នោះ​ទេ​មូល​ហេតុ​ដោយសារ​មេធាវី​ថ្មី​អាច​មិន​យល់​ពី​ប្រយោជន៍​នៃ​ការ​ការពារ​រូប​លោក។

«គាត់​អត់យល់​ពី​ទិស​ការពារ​របស់​ខ្ញុំ​ គាត់​ទៅ​និយាយ​ផ្ទុយ​ទិស​ការពារ​របស់​ខ្ញុំ។ ដូច្នេះ​វាទៅ​ជា​ការ​ប៉ះ​ពាល់​ដល់​សិទ្ធិ​ការពារ​ខ្ញុំ។ ​ដូច្នេះ​អត់​ឃើញ​ថា​មាន​យុត្តិ​ធម៌​ទេ។នេះ​សូម​ជម្រាប​ពី​មេធាវី​ដែល​អស់​លោក​ លោកស្រី​បម្រុង​នឹង​ចាត់តាំង​ដោយ​គ្មាន​ការ​យល់​ស្រប​ពី​ខ្ញុំ»។

​ដំណាល​គ្នា​នេះ​លោក​ចៅ​ក្រម​ហ្ស៊ង់ ម៉ាកឡាវ៉ែញ ​(Jean-Marc Lavergne) ​ បញ្ជាក់​ប្រាប់​ជនជាប់​ចោទ​ខៀវ សំផន ​ថា​ជនជាប់​ចោទ​មាន​សិទ្ធិ​ជ្រើ​សរើស​មេធាវី​ ប៉ុន្តែ​នេះ​មិន​មែន​ជា​សិទ្ធិ​ដាច់​ខាត​ទេ។​

អង្គ​ជំនុំ​ជម្រះ​អាច​តែងតាំង​មេធាវី​សព្វ​ថ្ងៃ​ជា​មេធាវី​របស់​តុលាការ​ឬ​តែងតាំង​មេធាវី​ថ្មី ​ទៅ​តាម​ការ​ចាំបាច់។

ជាមួយ​គ្នា​នេះលោក​ចៅ​ក្រម​និល ណុន ​បាន​បង្គាប់​ឲ្យ​ជនជាប់​ចោទ​ខៀវ សំផន ​ផ្តល់​ចម្លើយ​ជា​លាយ​លក្ខ​អក្សរ​ដើម្បី​បញ្ជាក់​ជំហរ​ថា​តើ​ជនជាប់​ចោទ​នឹង​បន្ត​ផ្តល់​យោបល់​ឲ្យ​មេធាវី​របស់​ខ្លួនបន្ត​ធ្វើ​ពហិការរ​ការ​កាត់​ក្តី​សំណុំ​រឿង​០០២​វគ្គ​ទី​២​បន្ត​ទៀត​ឬយ៉ាង​ណា​ហើយ​ការ​ផ្តល់​ចម្លើយ​នេះ​យ៉ាង​យូរ​បំផុត​ផុត​កំណត់​នៅ​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​អង្គារ​ស្អែក​នេះ។

​សូម​បញ្ជាក់​ថា​នេះ​ជា​ការ​ផ្អាក​សវនាការ​លើក​ទី​៣​ហើយ​បន្ទាប់​ពី​អង្គជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលា​ក្តី​ខ្មែរក្រហម​ចាប់​ផ្តើម​បើក​សវនាការ​សំណុំរឿង​០០២​វគ្គ​ទី​២​កាល​ពី​ថ្ងៃ​ទី​១៧​ខែ​តុលា។​មូល​ហេតុ​នៃ​ការ​លើក​ពេល​សវនាការ​ដោយសារ​ការ​ធ្វើ​ពហិការរ​របស់​ក្រុម​មេធាវី​ការពារ​ជនជាប់​ចោទ​នួន ជា ​និង​ខៀវ សំផន។

ប៉ុន្តែ​នៅ​ក្នុង​សវនាការ​នៅ​ថ្ងៃ​នេះ​មេធាវី​របស់​នួន ជា ​បាន​បញ្ចប់​ពហិការ​និង​វិល​ចូល​បន្ទប់​កាត់​ទោស​វិញ​ហើយ៕