រដ្ឋាភិបាលកម្ពុជារហូតមកទល់ពេលនេះ មានប្រតិកម្មខ្លះៗ ដល់ការរឹតត្បិតការធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក ដែលបាននិយាយថា ខ្លួននឹងដាក់ទណ្ឌកម្មលើមន្រ្តីជាន់ខ្ពស់នៅក្នុងការឆ្លើយតបដោយផ្ទាល់ដល់អ្វីដែលសហរដ្ឋអាមេរិកនិយាយថាជា សកម្មភាពប្រឆាំងប្រជាធិបតេយ្យ ដែលធ្វើឡើងដោយរដ្ឋាភិបាលក្រុងភ្នំពេញ។
មន្រ្តីរដ្ឋាភិបាលកម្ពុជាខ្លះ និងក្នុងករណីខ្លះសមាជិកក្រុមគ្រួសាររបស់ពួកគេ នឹងត្រូវហាមឃាត់មិនឲ្យធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដែលជាប្រតិកម្មដ៏ខ្លាំងបំផុតមួយដល់អ្វីដែលពួកអ្នករិះគន់និយាយថា ជាការធ្លាក់ចុះឆ្ពោះទៅកាន់របប ផ្តាច់ការនៅក្នុងប្រទេស ដែលមានលទ្ធិប្រជាធិបតេយ្យមានតែឈ្មោះ។
នៅខាងក្រៅសភាជាតិ លោកស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលសហរដ្ឋអាមេរិកមានសិទ្ធិធ្វើទៅតាមខ្លួនចង់ធ្វើ។លោកស ខេងបាននិយាយថា៖ «អូរឿងហ្នុង ជាសិទ្ធិរបស់សហរដ្ឋអាមេរិកទេ មិនដឹងធ្វើម៉េច ឲ្យខ្ញុំថាម៉េច»។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រាប់ឲ្យដឹងថា ការហាមប្រាមការធ្វើដំណើរជា «ការឆ្លើយតបដោយផ្ទាល់» ទៅនឹងសកម្មភាពប្រឆាំងលទ្ធិប្រជាធិប តេយ្យជាបន្តបន្ទាប់របស់រដ្ឋាភិបាល ដែលរួមមានការចាប់លោកកឹម សុខាមេដឹកនាំគណបក្សប្រឆាំងដាក់ពន្ធនាគារ រំលាយគណបក្សរបស់លោក ហើយនឹងហាមឃាត់សមាជិកជាង ១០០ នាក់របស់គណបក្សនោះមិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។
ក្រុមអ្នកសង្កេតការណ៍និយាយថា ការហាមប្រាមរបស់សហរដ្ឋអាមេរិកធ្វើទៅតាមការសន្យារបស់សេតវិមាន ដែលបានធ្វើឡើងជាបន្តបន្ទាប់ពីការចាត់វិធាន ការដ៏សំខាន់ប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកហ៊ុន សែន បន្ទាប់ពីតុលាការកំពូលកម្ពុជាបានរំលាយគណបក្សសង្គ្រោះជាតិរបស់លោកកឹម សុខាកាលពីថ្ងៃទី១៦ ខែវិច្ឆិកា។
ភ្លាមៗបន្ទាប់ពីការរំលាយគណបក្សប្រឆាំងមក សហរដ្ឋអាមេរិកបានបញ្ឈប់ការផ្តល់ថវិកាដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់កម្ពុជា។
លោកស្រី Heather Nauert អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា លោករដ្ឋមន្រ្តីការបរទេសអាមេរិក Rex Tillersonនឹងអនុវត្តការហាមប្រាមប្រឆាំងនឹងបុគ្គល ដែលជាប់ពាក់ព័ន្ធក្នុងការធ្វើឲ្យអន្តរាយដល់លទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា។
ស្ថានទូតសហរដ្ឋអាមេរិកក្នុងរាជធានីភ្នំពេញបានបដិសេធពុំផ្តល់សេចក្តីលម្អិតថាតើការហាមប្រាមនេះនឹងត្រូវអនុវត្តយ៉ាងដូចម្តេចទេ ហើយក្រុមមន្រ្តីស្ថានទូតអាមេរិកមិនបាននិយាយថាតើអ្នកការទូតសហរដ្ឋអាមេរិកបាននិយាយជាមួយតំណាងមន្រ្តីរដ្ឋាភិបាលនៅឡើយទេ។
មន្រ្តីរដ្ឋាភិបាលកម្ពុជាជាច្រើនមានសមាជិកគ្រួសាររបស់ខ្លួនរស់នៅក្នុងសហគមន៍ខ្មែរនៅក្នុងសហរដ្ឋអាមេរិក និងសាកលវិទ្យាល័យអាមេរិកាំងមានប្រជាប្រិយភាពក្នុងចំណោមកូនចៅរបស់ពួកវីរជន។
ចំណាត់នេះហាក់ដូចជា បង្កើនការតានតឹងរវាងកម្ពុជា និងសហរដ្ឋអាមេរិក ដែលលោកហ៊ុន សែនបានចោទប្រកាន់ពីការធ្វើឲ្យមានបដិវត្តន៍ពណ៌មុនការបោះឆ្នោតនៅឆ្នាំក្រោយ។
លោកផៃ ស៊ីផានអ្នកនាំពាក្យគណៈរដ្ឋមន្រ្តីបានសរសេរតាមគេហទំព័រ Facebook ថា សេចក្តីថ្លែងការណ៍របស់លោកស្រី Nauert ទំនងជាបង្កើនភស្តុតាងពីការឃុបឃិតរបស់សហរដ្ឋអាមេរិក ដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់លោកហ៊ុនសែន។
អ្នកនាំពាក្យ ផៃ ស៊ីផាន បានសរសេរថា «សេចក្តីថ្លែងការណ៍នេះបង្ហាញពីបំណងពិតប្រាកដបំផ្លាញទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការសហរដ្ឋអាមេរិកកម្ពុជា។ ហើយបង្ខំឲ្យកម្ពុជាជំទាស់ប្រឆាំងនឹងតុលាការ ប្រឆាំងនឹងសភា គឺជាការប្រឆាំងនឹងនីតិរដ្ឋប៉ុណ្ណោះ ផ្ទុយពីឆន្ទៈកម្ពុជាដែលប្រឹងប្រែងពង្រឹងជារៀងរាល់ថ្ងៃ»។
បណ្តាញព័ត៌មាន Fresh News ដែលគាំទ្ររដ្ឋាភិបាលដែលបានសរសេរវាយប្រហារយ៉ាងខ្លាំងជាប្រចាំប្រឆាំងនឹងសហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បានរាយការណ៍ពីព័ត៌មាននៃការរឹតត្បិត រួមមានសេចក្តីថ្លែងការណ៍ទាំងស្រុងរបស់ក្រសួងការបរទេសអាមេរិក ខណៈដែលទីភ្នាក់ងារព័ត៌មានរបស់រដ្ឋាភិបាលគឺ AKP បានធ្វើមិនដឹងឮពីការរឹតត្បិតនេះទាំងស្រុង។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាមិនបានលើកទូរស័ព្ទទេ ក៏ប៉ុន្តែ សេចក្តីរាយការណ៍បានប្រាប់ឲ្យដឹងថា លោកបានប្រាប់បណ្តាញព័ត៌មាន Fresh News ដែលគាំទ្ររដ្ឋាភិបាលថា ក្រសួងការបរទេសបានប្រុងប្រៀបធ្វើការឆ្លើយតប។
លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិដែលបញ្ចុះបញ្ចូលរដ្ឋាភិបាលអូស្រ្តាលីនៅសប្តាហ៍នេះឲ្យចាត់វិធានការប្រហាក់ប្រហែលគ្នានេះដែរបាននិយាយថា គណបក្សរបស់លោកស្រី«មានការពេញចិត្តយ៉ាងខ្លាំងដល់ការរឹតត្បិតនេះ»។
លោកស្រី មូរ សុខហួរ មានប្រសាសន៍ថា «សហរដ្ឋអាមេរិកកំពុងស្តាប់យើងហើយនិងធ្វើក្នុងទិសដៅដ៏ត្រឹមត្រូវ និងផ្តល់ឲ្យលោកហ៊ុន សែននូវពេលវេលាដើម្បីស្តាប់ និងអនុសាសន៍ដ៏សមហេតុ សមផល ដែលយើងនឹងទទួលបានដែលយើងមានពេលវេលា ដើម្បីប្រុងប្រៀបរៀបចំការបោះឆ្នោត។អ្វីដែលយើងបានគឺការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅឆ្នាំ២០១៨»។
លោកស្រីបានមានប្រសាសន៍ទៀតថា «យើងបានសុំឲ្យមានការដាក់ទណ្ឌកម្មលើបុគ្គល ដោយការហាមឃាត់ពួកមន្រ្តីជាន់ខ្ពស់ក្នុងប្រទេសកម្ពុជា។ នេះជាការព្រមាន ហើយឥឡូវនេះ វាបានក្លាយជាការពិត។ យើងមានការពេញចិត្តពីសកម្មភាពជាក់ស្តែង ដែលបានធ្វើឡើង ដោយសហរដ្ឋអាមេរិក និងដោយរដ្ឋាភិបាលនានាដូចជា រដ្ឋាភិបាលស៊ុយអែដ ដែលបានកាត់ផ្តាច់ជំនួយដល់រដ្ឋាភិបាលកម្ពុជា»។
កាលពីខែមុន ប្រទេសស៊ុយអែដ ដែលជាម្ចាស់ជំនួយដ៏សំខាន់មួយដល់កម្ពុជា បានប្រកាសថា ខ្លួនបានផ្អាកជំនួយថ្មីរវាងរដ្ឋាភិបាល និងរដ្ឋាភិបាលដល់ព្រះរាជាណាចក្រកម្ពុជា លើកលែងតែក្នុងវិស័យសិក្សាអប់រំ និងការស្រាវជ្រាវ។
លោកស្រី មូរ សុខហួរ បានមានប្រសាសន៍ទៀតថា សហភាពអឺរ៉ុប ក៏បានប្រុងប្រៀបដាក់ទណ្ឌកម្មជា ការឆ្លើយតបដែរ ទោះជាយ៉ាងនោះក៏ដោយ លោកស្រីបានបដិសេធពុំព្រមផ្តល់សេចក្តីលម្អិត។
ក្នុងកិច្ចសម្ភាសន៍ជាមួយ VOA កាលពីសប្តាហ៍មុន លោក William Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជាបានសង្កត់ពីការផ្តោតការយកចិត្តទុកដាក់របស់លោកលើការអភិវឌ្ឍសេដ្ឋកិច្ចក្នុងមូលដ្ឋានតាមរយៈ ផ្នែកនានាដូចជា បច្ចេកវិទ្យាខណៈដែលមានភាពកាន់តែយ៉ាប់យ៉ឺនឡើងក្នុងទំនាក់ទំនងនោះ។ លោកឯកអគ្គរដ្ឋទូត Heidt បានមានប្រសាសន៍ថា «និយាយដោយស្មោះត្រង់ចាប់តាំងពីខ្ញុំបានមកទីនេះ រដ្ឋាភិបាលកម្ពុជាបានចាត់វិធានការយ៉ាងច្រើនប្រឆាំងនឹងរដ្ឋាភិបាលសហរដ្ឋអាមេរិក»។
លោកឯកអគ្គរដ្ឋទូតអាមេរិកបាននិយាយទៀតថា លោកគិតថា មិនដែលមានចេតនាដោយស្មោះត្រង់ដោយរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យមានទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិកទេ។ លោកឯកអគ្គរដ្ឋទូតនិយាយថា «រដ្ឋាភិបាលកម្ពុជាបានបញ្ឈប់សមយុទ្ធខាងយោធា គេបានបណ្តេញអង្គការអាមេរិកចេញពីកម្ពុជា ពួកគេបានធ្វើការចោទប្រកាន់ទាំងអស់នោះប្រឆាំងនឹងយើងដែលទាក់ទិននឹងស្ថានភាពនយោបាយនៅកម្ពុជា»៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន