កម្ពុជា​គ្រោង​ផ្ទៀងផ្ទាត់​ផែនទី​របស់​ខ្លួន​ជាមួយ​នឹង​​ផែនទី​ខ្ចី​ពី​បារាំង

រូបឯកសារ៖ លោក វ៉ា​ គីម​ហុង​ ប្រធាន​គណៈកម្មការ​ព្រំដែន​កម្ពុជា​ ពន្យល់​អំពី​ផែនទី​ដែល​ទទួល​បាន​ពី​អង្គការ​សហប្រជាជាតិ​ (អ.ស.ប) ត្រូវ​បាន​បញ្ចាំង​​នៅ​លើ​ផ្ទាំង​សំពត់​ស​ នៅ​វិមាន​សន្តិភាព​ កាល​ពី​ថ្ងៃ​ទី​២០​ ខែ​សីហា​ ឆ្នាំ​២០១៥។ (ប៉ាង​ ចំណាន/VOA)

ប្រទេស​កម្ពុជា​នឹង​ធ្វើ​ការ​ផ្ទៀងផ្ទាត់​ផែនទី​ជាមួយ​នឹង​ផែនទី​ចម្លង​ដែល​ខ្ចី​មក​ពី​ប្រទេស​បារាំង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាងមុខ​ដើម្បី​ជាផ្នែក​មួយ​ដោះស្រាយ​ការខ្វែង​គំនិត​គ្នា​រវាង​រដ្ឋាភិបាល​និង​គណបក្ស​ប្រឆាំង។ ​

ប្រទេស​កម្ពុជា​នឹង​ធ្វើ​ការ​ផ្ទៀងផ្ទាត់​ផែនទី​ជាមួយ​នឹង​ផែនទី​ចម្លង​ដែល​ខ្ចី​មក​ពី​ប្រទេស​បារាំង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាងមុខ​ដើម្បី​ជាផ្នែក​មួយ​ដោះស្រាយ​ការខ្វែង​គំនិត​គ្នា​រវាង​រដ្ឋាភិបាល​និង​គណបក្ស​ប្រឆាំង។ ​

ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​បាន​ឱ្យ​ដឹង​នៅថ្ងៃ​អង្គារ​នេះ​ថា​ នៅក្នុង​ពិធី​ប្រគល់​និង​ផ្ទៀងផ្ទាត់​ផែន​ទីជាផ្លូវ​ការ​នោះ​នឹង​មាន​ការ​ចូល​រួម​សង្កេត​ការណ៍​ពី​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា ​ចំនួន​៥រូប គណ​បក្ស​សង្គ្រោះ​ជាតិ​ចំនួន​៥រូប ​និង​គណបក្ស​ហ៊្វុនស៊ិន​ប៉ិច​ចំនួន៥រូប​ហើយ​ក៏មាន​តំណាង​មក​ពី​រដ្ឋសភា ព្រឹទ្ធសភា​និង​ស្ថាប័ន​មួយ​ចំនួន​ទៀត​ផងដែរ។​

នេះគឺជាការផ្ទៀងផ្ទាត់​ផែនទី​លើក​ទីពីរ ​បន្ទាប់​ពី​បាន​ធ្វើ​លើក​ទីមួយ​កាលពី​ថ្ងៃទី​២០ ​ខែសីហា​ ឆ្នាំ​២០១៥​កន្លង​ទៅ ​ដែល​មានការផ្ទៀងផ្ទាត់​ផែនទីផ្លូវ​ការរបស់​រដ្ឋាភិបាល​កម្ពុជា​ជាមួយនឹងផែន​ទី​របស់​អង្គការ​សហប្រ​ជាជាតិ ​ហើយជា​ល​ទ្ធផល​ឃើញ​ថា ​ខ្សែ​បន្ទាត់​ព្រំដែន​រវាង​ផែន​ទី​ផ្លូវការ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ផែនទី​របស់​អង្គការ​សហ​ប្រជាជាតិ​គឺ​ដូចគ្នា។

លោក​ហ្វ្រង់​ស្វ័រ ហូឡង់ ​ប្រធានាធិបតី​បារាំង​បាន​បញ្ជាក់​នៅក្នុង​សារ​មួយ​ផ្ញើ​មក​លោក​នាយក​រដ្ឋ​ម​ន្ត្រី ហ៊ុន សែន​ថា​ប្រទេស​បារាំង​រក្សា​ជំហរ​មិន​លម្អៀង​ក្នុង​ការ​ដោះស្រាយ​ព្រំដែន​រវាង​កម្ពុជា​និង​វៀតណាម។ នេះបើ​តាមលិខិត​របស់​លោក​ហ្វ្រង់ស្វ័រ​ ហូឡង់ដែលទីស្តីការ​គណៈរដ្ឋ​មន្ត្រី​កម្ពុជាបាន​បញ្ចេញ​ជា​សាធារណៈ។​

ប៉ុន្តែ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​បានប្រាប់​ទៅ​ប្រធានាធិបតី​បារាំង​ថា​ផែនទី​ដែល​ខ្ចីមក​នេះ​មិន​មែន​ដើម្បី​ដោះស្រាយ​ការខ្វែងគំនិត​គ្នា​ជាមួយ​នឹង​វៀតណាម​ទេ​ព្រោះ​គ្មាន​ការខ្វែង​គំនិត​គ្នា​ទេ​ប៉ុន្តែ​គឺ​ដើម្បី​បញ្ឈប់​ការញុះញង់​និង​កេងចំណេញ​នយោបាយ​ដែល​អាច​ឈាន​ទៅ​មហន្តរាយ​សម្រាប់​ប្រទេស​កម្ពុជា។ នេះ​បើ​យោង​តាម​ខ្លឹម​សារ​របស់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​ផ្ញើ​ជូន​ប្រធានាធិបតី​បារាំង​ហើយ​ត្រូវ​បាន​បណ្តាញ​ព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា​ផ្សព្វផ្សាយ។​

គណបក្ស​សង្គ្រោះជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​ធ្លាប់​បានចោទ​ប្រកាន់​ថា​ផែនទី​ដែល​រដ្ឋាភិបាល​កំពុង​ប្រើ​ប្រាស់​គឺ​ជា​ផែនទី​ក្លែងក្លាយ៕