កម្ពុជាបញ្ជាក់គោលជំហររបស់ខ្លួនជាថ្មីពាក់ព័ន្ធនឹងជម្លោះសមុទ្រចិនខាងត្បូង ដោយកម្ពុជាស្នើឱ្យអាស៊ានកុំលើកយកបញ្ហាជម្លោះនេះដាក់បញ្ចូលទៅក្នុងកិច្ចប្រជុំកំពូលអាស៊ានដែលនឹងធ្វើឡើងនៅខែក្រោយ។
នៅខែកញ្ញាខាងមុខ កិច្ចប្រជុំកំពូលអាស៊ានលើកទី២៨ និងលើកទី២៩ ព្រមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធផ្សេងទៀតនឹងត្រូវធ្វើឡើងនៅក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។ កិច្ចប្រជុំកំពូលអាស៊ានគឺជាកិច្ចប្រជុំដែលមេដឹកនាំកំពូលៗរបស់អាស៊ានជួបប្រជុំគ្នាដើម្បីពិភាក្សា និងធ្វើការសម្រេចចិត្តលើកិច្ចការសំខាន់ៗ។
កាលពីថ្ងៃពុធ កាសែត The Cambodia Daily បានចុះផ្សាយដោយដកស្រង់សម្ដីរបស់លោក ជាម យៀប តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាថា រដ្ឋសភាកម្ពុជានឹងស្នើសុំឱ្យប្រធានមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) កុំដាក់បញ្ចូលជម្លោះសមុទ្រចិនខាងត្បូងទៅក្នុងសេចក្តីថ្លែងការណ៍មួយដែលនឹងត្រូវចេញនៅចុងបញ្ចប់នៃកិច្ចប្រជុំនេះ។ គម្រោងនៃការស្នើសុំនេះធ្វើឡើងបន្ទាប់ពីរដ្ឋសភាកម្ពុជាទទួលបានសេចក្ដីព្រាងនៃសេក្ដីថ្លែងការនេះពីអគ្គលេខាធិការដ្ឋាននៃ AIPA។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីមានប្រសាសន៍ថា ការដែលកម្ពុជាស្នើឱ្យដកបញ្ហាសមុទ្រចិនខាងត្បូងនេះចេញពីកិច្ចប្រជុំកំពូលអាស៊ានគឺដើម្បីប្រយោជន៍អាស៊ានទាំងមូល ដោយលោកថា ជម្លោះនេះគឺជាជម្លោះរវាងប្រទេសចិនជាមួយប្រទេសមួយចំនួនជាសមាជិកអាស៊ាន គឺមិនមែនជាជម្លោះជាមួយអាស៊ានទាំងមូលនោះទេ។
លោក ផៃ ស៊ីផាន មានប្រសាសន៍ថា៖
«ដូច្នេះកម្ពុជាបានឈរជាក់ស្ដែងក្នុងកិច្ចការពារចំណងមេត្រីភាពរវាងអាស៊ាននឹងអាស៊ាន ក៏ដូចជាអាស៊ានជាមួយនឹងប្រទេសចិន ដោយសារវិវាទនេះមិនមែនជាវិវាទទល់ជាមួយនឹងអាស៊ានទេ។ យើងទុកផលប្រយោជន៍អាស៊ានដាច់ដោយឡែក មិនឱ្យក្លាយទៅជាសត្រូវជាមួយនឹងប្រទេសផ្សេងជុំវិញអាស៊ាន ហើយយើងទុកឱ្យសមាជិកនៃអាស៊ានមួយចំនួនដែលមានបញ្ហាជាមួយចិនដោះស្រាយជាបញ្ហាផ្ទាល់ខ្លួនរបស់គេ។ ដូច្នេះយើងមិនចង់នាំភ្លើងក្រៅយកមកចូលក្នុងផ្ទះសម្បែងអាស៊ាននោះទេបាទ»។
លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត ថ្លែងប្រាប់ VOA ថា កម្ពុជានឹងរងការចោទប្រកាន់ជាថ្មីពីអន្តរជាតិថារងឥទ្ធិពលពីចិន។ លោកបន្តថា ទោះបីការរងការចោទប្រកាន់នេះមិនធ្វើឱ្យកម្ពុជាខាតបង់អ្វីធំដុំនៅក្នុងរយៈពេលខ្លីក៏ដោយ តែកម្ពុជាអាចនឹងខាតបង់ក្នុងរយៈពេលវែង។
លោកមានប្រសាសន៍ថា៖
«ប៉ុន្តែក្នុងរយៈពេលយូរ ខ្ញុំព្រួយបារម្ភ ព្រោះអីការចោទហ្នឹងបានន័យថា យើងបាត់បង់ការគាំទ្រពីប្រទេសដទៃក្រៅពីប្រទេសចិននៅក្នុងតំបន់អាស៊ាន ជាពិសេសនៅពេលដែលពាក់ព័ន្ធដូចជាប្រទេសវៀតណាម ជាអ្នកជិតខាងយើងផង ជាអ្នកមានឥទ្ធិពល អតីតកាលមានឥទ្ធិពលខ្លាំងលើយើងផង ហើយជាអ្នកជិតខាងធំទៀត អ៊ីចឹងយើងខ្ញុំព្រួយបារម្ភ ពីប្រទេសដទៃ ដូចជាប្រទេសឥណ្ឌូណេស៊ី សាំងហ្គាពួរ គឺសុទ្ធតែជាការព្រួយបារម្ភរបស់ខ្ញុំ ប៉ុន្តែការព្រួយបារម្ភធំទៀតគឺពាក់ព័ន្ធជាមួយប្រទេសជប៉ុន និងអាមេរិក ដែលខ្ញុំមើលទៅជាប្រទេសអំណាចធំមែនទែន។ ទោះបីមិនមានឥទ្ធិពលដោយផ្ទាល់មកលើកម្ពុជា ក៏មហាអំណាចទាំងឡាយនោះគឺអាចមានឥទ្ធិពលមកលើ...ផលប្រយោជន៍កម្ពុជាក្នុងពេលអនាគត»។
លោក អ៊ូ វីរៈ បន្តថា ក្នុងកាលៈទេសៈនេះ កម្ពុជាគួរប្រកាន់យកគោលជំហរអព្យាក្រឹត្យចំពោះបញ្ហាជម្លោះសមុទ្រចិនខាងត្បូងនេះ តាមរយៈការនៅស្ងៀម។
«តាមពិតខ្ញុំមើលទៅក្នុងរយៈពេលឥឡូវនេះ គឺគួរតែនៅស្ងៀម បានន័យថា គេធ្វើអីធ្វើទៅ លើកលែង តែការធ្វើអីធ្វើទៅហ្នឹងគឺទាញយកម្ពុជាឱ្យចូលក្នុងជម្លោះសមុទ្រចិនខាងត្បូងដែរ អាហ្នឹងយើងចាំបាច់ត្រូវតែរារាំង។ ប៉ុន្តែគ្រាន់តែគេចេញសេចក្ដីថ្លែងការណ៍ហ្នឹង មិនមានប្រសិទ្ធភាពអីខ្លាំង ឬមួយប៉ះពាល់មកលើកម្ពុជាខ្លាំងទេ ហើយមិនមែនបានន័យថា ទាញកម្ពុជាចូលក្នុងជម្លោះហ្នឹង អាហ្នឹងគឺខ្ញុំមើលទៅយើងគួរបណ្ដោយគេទៅ គេចង់ធ្វើអីធ្វើទៅ។ ចង់ដាក់ពាក្យមួយពីរក្នុងហ្នឹង ក្នុងសេចក្ដីថ្លែងការណ៍ក៏ធ្វើទៅ ព្រោះអីសេចក្ដីថ្លែងការណ៍មិនទាន់មានជំហរអីជាផ្លូវការ ឬក៏ទាមទារឱ្យសមាជិកនៃអាស៊ានរួមទាំងកម្ពុជាហ្នឹងលូកដៃទេ»។
យ៉ាងណាក៏ដោយ លោក ផៃ ស៊ីផាន អះអាងថា គោលជំហររបស់សភាកម្ពុជានៅពេលនេះគឺមិនមែនជាជំហររបស់កម្ពុជាតែឯងនោះតែ ដោយលោកបានរំឭកដល់សេចក្ដីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសអាស៊ានកាលពីខែកក្កដាកន្លងទៅ ដែលបានសម្រេចដកបញ្ហាជម្លោះសមុទ្រចិនខាងត្បូងនេះ ចេញពីសេក្ដីថ្លែងការណ៍របស់ខ្លួន។
«រដ្ឋមន្ត្រីការបរទេសអាស៊ានបានលើកឡើង ក៏បានដកហូតចោលអំពីបញ្ហារឿងសមុទ្រចិនខាងត្បូងពីព្រោះគេមិនចង់ឱ្យប៉ះពាល់ដល់អាស៊ានជារួម»។
ប្រទេសចិនបានផ្ដល់ជំនួយ និងកម្ចីមិនមានលក្ខខណ្ឌតឹងតែងក្នុងទឹកប្រាក់ប្រមាណ ១៥.០០០លានដុល្លារអាមេរិក ទៅឲ្យប្រទេសកម្ពុជាក្នុងរយៈពេល ២ ទសវត្សចុងក្រោយនេះ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនក៏បានផ្ដល់ជំនួយឲ្យមានលក្ខណៈស៊ីមេទ្រីគ្នាជាមួយនឹងជំនួយរបស់បណ្ដាប្រទេសលោកខាងលិច ក្នុងរង្វង់ទឹកប្រាក់ប្រហាក់ប្រហែលគ្នាផងដែរ។ ការនេះធ្វើឱ្យកម្ពុជារងការរិះគន់ថា បានរងឥទ្ធិពលពីចិនពាក់ព័ន្ធនឹងជំហរលើបញ្ហាជម្លោះសមុទ្រចិនខាងត្បូង៕