ប្រទេសថៃនឹងប្រគល់វត្ថុបុរាណចំនួន១៦ដុំមកឱ្យប្រទេសកម្ពុជាក្នុងអំឡុងទស្សនកិច្ចរបស់លោករដ្ឋមន្ត្រីក្រសួងការបរទេស ហោ ណាំហុង ទៅទីក្រុងបាងកក នៅចុងសប្តាហ៍ក្រោយ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជានៅថ្ងៃព្រហស្បតិ៍នេះបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចពីថ្ងៃទី១០ ដល់ទី១២ ខែកក្កដា ខាងមុខនេះ ប្រតិភូកម្ពុជាក៏នឹងចុះហត្ថលេខាលើវិសោធនកម្មនៃកិច្ចព្រមព្រៀងស្តីពីការឆ្លងកាត់ព្រំដែន និងសេចក្តីប្រកាសបើកច្រកព្រំដែនអានសេះ ក្នុងខេត្តព្រះវិហារ ជាមួយនឹងខេត្តអ៊ូប៊ុនរាជថានី របស់ថៃផងដែរ។
ក្រសួងការបរទេសឱ្យដឹងដែរថា កិច្ចព្រមព្រៀងឆ្លងកាត់ព្រំដែននេះនឹងអនុញ្ញាតឱ្យប្រជាពលរដ្ឋទាំងពីរប្រទេស ដែលរស់នៅតំបន់ព្រំដែន និងមានបណ្ណឆ្លងដែនអាចធ្វើដំណើរ និងស្នាក់នៅតំបន់ជាប់ព្រំដែនថៃនិងកម្ពុជាបានចំនួន៧ថ្ងៃ ហើយសម្រាប់អ្នកឆ្លងដែនដែលបានបំពេញតាមលក្ខខណ្ឌប្រទេសសាម៉ីអាចស្នាក់នៅបានរហូតដល់៣០ថ្ងៃ។
ខែកក្កដា ឆ្នាំនេះក៏ជាខួបលើកទី៦៥ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ហើយលោក ហោ ណាំហុង គ្រោងនឹងចូលជួបសម្តែងការគួរសមជាមួយនឹងលោកប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃផងដែរ៕