នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក នៅថ្ងៃព្រហស្បតិ៍នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងពីការត្រៀមខ្លួនរបស់កម្ពុជាសម្រាប់បដិវត្តន៍ឧស្សាហកម្មលើកទី៤ (Fourth Industrial Revolution) ឬបដិវត្តបច្ចេកវិទ្យាឌីជីថល ដែលជានិន្នាការសាកលផ្តោតសំខាន់លើការរីកចម្រើនផ្នែកបច្ចេកវិទ្យា។
នៅថ្ងៃព្រហស្បត្តិ៍នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងពីការត្រៀមខ្លួនរបស់កម្ពុជាសម្រាប់បដិវត្តន៍ឧស្សាហកម្មលើកទី៤ ដែលផ្តោតសំខាន់លើការរីកចម្រើនផ្នែកបច្ចេកវិទ្យា។
ថ្លែងក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកដែលធ្វើឡើងក្នុងរាជធានីភ្នំពេញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថាបើទោះជាកម្ពុជាមិនទាន់មានសេដ្ឋកិច្ចរីកចម្រើនខ្លាំងដូចប្រទេសមួយចំនួនក្នុងសមាគមន៍អាស៊ានក្តី កម្ពុជាអាចមានលទ្ធភាពក្នុងការអភិវឌ្ឍធនធានមនុស្សផ្នែកបច្ចេកវិទ្យា ឲ្យស្មើនឹងពលរដ្ឋក្នុងតំបន់អាស៊ានផ្សេងទៀត។
លោក ហ៊ុន សែន ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយយ៉ាងដូច្នេះ៖
«ប៉ុន្តែអ្វីដែលជាក្តីសង្ឃឹមរបស់ខ្ញុំ នោះគឺការកាត់បន្ថយគម្លាតខាងខួរក្បាល។ ប្រទេសអាស៊ានចេះអី យើងក៏ត្រូវខិតខំប្រឹងប្រែងឲ្យចេះហ្នឹងដែរ។ នេះជាវិធីដែលអាចធ្វើទៅរួច តាមរយៈការវិនិយោគ កាន់តែច្រើនថែមទៀត សម្រាប់ការបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជា»។
លោក ហ៊ុន សែន ដែលកាន់អំណាចជាង៣០ឆ្នាំបានបន្តថា កម្ពុជាក៏បានដាក់ចេញនូវគោលនយោបាយរបស់ខ្លួន ដើម្បីអភិវឌ្ឍធនធានមនុស្សផ្នែកបច្ចេកវិទ្យានេះ ឲ្យគ្រប់គ្រាន់សម្រាប់ចូលរួមក្នុងបដិវត្តន៍ឧស្សាហកម្មទី៤ ឬការរីកចម្រើនផ្នែកបច្ចេកវិទ្យានេះ។
លោកនាយករដ្ឋមន្ត្រីកម្ពុជារូបនេះថ្លែងថា៖
«កម្ពុជាមានគោលនយោបាយ ឧស្សាហកម្មឆ្នាំ២០១៥-២០២៥ ដែលបញ្ហានេះ ក្លាយជាប្រធានបទធំ ដើម្បីឆ្លើយតបជាមួយបច្ចេកវិទ្យា ដែលត្រូវហូរចូលមក។ បើយើងគ្មានធនធានមនុស្ស គេក៏មិនមានលទ្ធភាពដើម្បីដាក់រោងចក្រ ឬវិនិយោគដែលមានបច្ចេកវិទ្យាជាន់ខ្ពស់មកនោះទេ»។
បដិវដ្តន៍ឧស្សាហកម្មលើកទី៤ ដែលសំដៅដល់ការអភិវឌ្ឍលើវិស័យបច្ចេកវិទ្យាឌីជីថលនេះ មានន័យថា ការទាញយកផលប្រយោជន៍អំពីការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ ដើម្បីបម្រើដល់ភាពរីកចម្រើនក្នុងវិស័យដទៃទៀត ដូចជាឧស្សាហកម្ម សេដ្ឋកិច្ច និងការជជែកដេញដោលអំពីអត្ថន័យ និងតម្លៃជាមនុស្សជាដើម។ នេះបើយោងតាមការពន្យល់នៅក្នុងសៀវភៅដែលមានចំណងជើងថា The Fourth Industrial Revolution (បដិវត្តន៍ឧស្សាហកម្មលើកទី៤) របស់លោក Klaus Schwab ស្ថាបនិកវេទិកាសេដ្ឋកិច្ចពិភពលោក World Economic Forum។
សៀវភៅដដែលនេះ ក៏បានបញ្ជាក់ទៀតថា បដិវដ្តន៍ឧស្សាហកម្មលើកទី៤ នេះក៏អាចបង្កជាក្តីបារម្ភដល់សាកលលោកផងដែរ គឺនៅពេលដែលអង្គការ និងស្ថាប័ននានាដែលកំពុងជំរុញបដិវត្តន៍នេះបរាជ័យក្នុងការអនុវត្តការងារនេះ ហើយរដ្ឋាភិបាលតាមប្រទេសមិនអាចបង្កើតយន្តការដែលប្រសិទ្ធភាពក្នុងការទាញយកផលប្រយោជន៍ពីបច្ចេកវិទ្យាទំនើបៗ។ មិនតែប៉ុណ្ណោះ ការផ្លាស់ប្តូរនេះអាចបង្កជាបញ្ហាអសន្តិសុខលើប្រព័ន្ធអ៊ិនធឺណេត គម្លាតសេដ្ឋកិច្ច និងការបែកបាក់ក្នុងសង្គមជាដើម។
អាស៊ានក្នុងបដិវត្តន៍ឧស្សាហកម្មឌីជីថល គឺជាប្រធានបទសំខាន់មួយនៃកិច្ចពិភាក្សាក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅសប្តាហ៍នេះ។
លោក ឈាង វណ្ណារិទ្ធិ ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាយុទ្ធសាស្ត្រ បានលើកឡើងថា ការលូតលាស់ផ្នែកសេដ្ឋកិច្ច និងចំណេះដឹងផ្នែកបច្ចេកវិទ្យា គឺជាមែកធាង២សំខាន់ ដែលបំពេញគ្នាទៅវិញទៅមកសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។
លោកថ្លែងប្រាប់ VOA យ៉ាងដូច្នេះ៖
«ឧទាហរណ៍ថា បើក្នុងសហគមន៍មួយមិនមានសេដ្ឋកិច្ចរីកចម្រើន ប៉ុន្តែបើពួកគាត់មានចំណេះដឹង ឬជំនាញ វាអាចធ្វើឲ្យសហគមន៍ហ្នឹងមានការរីកចម្រើនដែរ។ ចឹងវាត្រូវដើរទន្ទឹមគ្នា។ បើតំបន់ហ្នឹងក្រ ក៏អត់មានលទ្ធភាពជូនកូនទៅរៀន ចឹងវាធ្វើឲ្យគម្លាតហ្នឹងកាន់តែខ្ពស់»។
លោកបន្តថា រដ្ឋាភិបាលដើរតួនាទីយ៉ាងសំខាន់ ដើម្បីអាចកាត់បន្ថយគម្លាតចំណេះដឹង និងអភិវឌ្ឍធនធានមនុស្សផ្នែកបច្ចេកវិទ្យានេះឲ្យមានប្រសិទ្ធភាពបាន។ លោកថា ការអភិវឌ្ឍផ្នែកបច្ចេកវិទ្យា អាចជួយជំរុញឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ចបានឆាប់រហ័ស។
លោក ឈាង វណ្ណារិទ្ធិ ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានកម្ពុជាពន្យល់បន្ថែមថា៖
«អ្វីដែលយើងអាចភ្ជាប់ជាមួយ Fourth Industrial Revolution ទាក់ទងហ្នឹង Digital Education អាចជាមធ្យោបាយមួយដែរ។ ដូច្នេះយើងអាចបង្កើតឲ្យមាន e-learning នៅភ្នំពេញ ហើយយើងអាចបង្កើតតាមខេត្ត តាមស្រុក។ យើងអាចមានមជ្ឈមណ្ឌលរៀន e-learning ដែលអាចជួយឲ្យគម្លាតចំណេះមានការថយចុះ និងឈានដល់បន្ថយគម្លាតសេដ្ឋកិច្ច»។
ក៏ប៉ុន្តែ លោកបណ្ឌិតរូបនេះយល់ឃើញថា កម្ពុជានៅមានបញ្ហាច្រើនទៀតចំពោះ ការត្រៀមខ្លួន និងអភិវឌ្ឍធនធានមនុស្សផ្នែកបច្ចេកវិទ្យានេះ ជាពិសេសនៅពេលដែលចំណេះដឹងផ្នែកបច្ចេកវិទ្យារបស់ពលរដ្ឋកម្ពុជានៅមានកម្រិត និងការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតនៅមិនទាន់ទូលំទូលាយពេញផ្ទៃប្រទេសនោះ។
វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០១៧ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងធ្វើឡើងពីថ្ងៃទី១០ ដល់ ១២ ខែឧសភានេះ ផ្តោតសំខាន់លើប្រធានបទស្តីពី«យុវជន បច្ចេកវិទ្យា និងការរីកចម្រើន»។ យ៉ាងហោចណាស់មានគណៈប្រតិភូមកពីវិស័យឯកជនរដ្ឋាភិបាល អ្នកសិក្សាស្រាវជ្រាវ និងសង្គមស៊ីវិលចំនួនប្រមាណ ៧០០នាក់ មកពី៤០ប្រទេសបានមកចូលរួមក្នុងវេទិការយៈបីថ្ងៃដែលចាប់តាំងពីថ្ងៃពុធ។ នៅក្នុងថ្ងៃទី២នៃវេទិកាសេដ្ឋកិច្ចពិភពលោកនេះ គេសង្កេតឃើញមានប្រមុខដឹកនាំនៃប្រទេសអាស៊ានមួយចំនួនចូលរួមផងដែររួមទាំងលោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ផងដែរ។
ដោយឡែកក្នុងសន្និសីទសារព័ត៌មាននាថ្ងៃព្រហស្បតិ៍នេះ លោក ហ៊ុន សែន បានឆ្លៀតពេលនិយាយទៅកាន់ក្រុមអ្នកសារព័ត៌មានកម្ពុជានិងលើកតម្លៃខ្លួនលោក និងគណបក្សប្រជាជនកម្ពុជាដែលជួយដល់អ្នកសារព័ត៌មាននិងប្រជាជនកម្ពុជាពីរបបខ្មែរក្រហម៕