វិស័យការទូតកម្ពុជាអាចទទួលបានជោគជ័យនៅក្នុងការធ្វើឲ្យសេចក្តីថ្លែងការណ៍អាស៊ាន ដែលមានគោលបំណងប្រឆាំងនឹងមហិច្ឆតារបស់ប្រទេសចិន មិនមានប្រសិទ្ធិភាព។ ប៉ុន្តែអ្នកវិភាគបានលើកឡើងថា វាគ្រាន់តែជាជោគជ័យប្រហោងក្នុងតែប៉ុណ្ណោះ ដោយវាបានធ្វើឲ្យក្រុមប្រទេសអាស៊ានទាំង១០ប្រទេសបែកបាក់គ្នា។
ក្រុមអ្នកវិភាគទាំងនោះបាននិយាយថា ការបដិសេធរបស់ប្រទេសកម្ពុជានៅក្នុងការគាំទ្រឲ្យមាននូវដំណោះស្រាយពហុភាគីដើម្បីដោះស្រាយជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង ក៏បានធ្វើឲ្យសមាគមអាស៊ានមានការបែកបាក់ផ្នែកនយោបាយផងដែរ ហើយវាដល់ពេលដែលត្រូវគិតគូរពីបញ្ហានេះឡើងវិញហើយ។
អ្នកវិភាគឯករាជ្យជនជាតិតៃវ៉ាន់លោក Billy Chia-Lung Tai បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅពេលដែលអ្នកមើលទៅអាស៊ានថាជាសមាគមរួមមួយ សមាគមនេះអាចដើរតួជាមហាអំណាចមួយនៅក្នុងតំបន់។ ប៉ុន្តែ បើតាមទស្សនៈផ្ទាល់របស់ខ្ញុំ ការមិនចុះសម្រុងគ្នានេះបានបង្កើតឲ្យមានការថ្នាំងថ្នាក់ចិត្តជាច្រើន ដែលប្រហែលជាមិនទាន់ឃើញច្បាស់នៅឡើយទេ ប៉ុន្តែការថ្នាំងថ្នាក់ចិត្តនេះនឹងលេចចេញជារូបរាងនៅពេលណាមួយជាក់ជាមិនខាន»។
ការថ្នាំងថ្នាក់ចិត្តនេះកើតមានឡើង បន្ទាប់ពីប្រទេសកម្ពុជាធ្វើព្រងើយកន្តើយចំពោះប្រទេសនៅជុំវិញក្បែរខាងរបស់ខ្លួន និងបានគាំទ្រប្រទេសចិនដើម្បីធ្វើឲ្យសេចក្តីថ្លែងការណ៍អាស៊ានទាក់ទិននឹងជម្លោះនៅក្នុងសមុទ្រចិនខាងត្បូងមិនសូវមានប្រសិទ្ធិភាព នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគមអាស៊ាន ដែលធ្វើឡើងនៅក្នុងប្រទេសឡាវនាសប្តាហ៍នេះ។
សេចក្តីថ្លែងការណ៍នេះមិនបាននិយាយពីការចាញ់ក្តីរបស់ប្រទេសចិនកាលពីថ្ងៃទី១២ ខែកក្កដា កន្លងទៅនេះ នៅក្នុងការកាត់សេចក្តីរបស់តុលាការអាជ្ញាកណ្តាលអន្តរជាតិនៅក្នុងក្រុងឡាអេ ដែលបានសម្រេចថា ប្រទេសចិនគ្មានមូលដ្ឋានផ្លូវច្បាប់ណាមួយក្នុងការទាមទារនូវសិទ្ធិកាន់កាប់ធនធាននៅក្នុងសមុទ្រចិនខាងត្បូងនោះទេ៕