រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជានឹងដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់២២ ខែមិថុនា ដោយមានការចូលរួមពីរដ្ឋមន្ត្រីការពារជាតិរបស់របបសឹកភូមាផងដែរ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២នេះ កម្ពុជាដែលជាប្រធានប្តូរវេនរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅថាអាស៊ាន នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ លើកទី១៦ ដែលដឹកនាំដោយលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ។
សេចក្តីប្រកាសព័ត៌មានឱ្យដឹងទៀតថានៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីការពារជាតិអាស៊ាននឹងស្តាប់របាយការណ៍ស្តីពីការអភិវឌ្ឍថ្មីៗនៅក្នុងអាស៊ាន និងរបាយការណ៍សង្ខេបនៃលទ្ធផលរបស់កិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ាន ក៏ដូចជាអនុម័តលើគំនិតផ្តួចផ្តើមថ្មីៗ និងសេចក្តីប្រកាសរួមរបស់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន រួមមានឯកសារទស្សនទាន ស្តីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការកងទ័ពបណ្តាប្រទេសអាស៊ានក្នុងការទប់ស្កាត់ជំងឺរាតត្បាតឆ្លងដែន ការលើកកម្ពស់យន្តការគាំទ្រសម្រាប់ស្ត្រីរក្សាសន្តិភាពអាស៊ាន ការបង្កើតកិច្ចសហការរវាងស្ថាប័នអប់រំយោធា លក្ខខណ្ឌប្រតិបត្តិរបស់មជ្ឈមណ្ឌលឧត្តមភាពព័ត៌មានសន្តិសុខព័ត៌មានវិទ្យាក្នុងក្របខណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ចក្ខុវិស័យភ្នំពេញស្តីពីតួនាទីស្ថាប័នការពារជាតិក្នុងការគាំទ្រការស្តារឡើងវិញ ក្រោយជំងឺកូវីដ១៩ និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិ ដើម្បីពង្រឹងសាមគ្គីភាពសម្រាប់សន្តិសុខប្រកបដោយសុខដុមនីយកម្ម។
កិច្ចប្រជុំនេះក៏នឹងពិនិត្យសម្រេចលើសំណើរបស់ឥណ្ឌាសុំរៀបចំលំហាត់លម្ហសមុទ្រអាស៊ាន-ឥណ្ឌា និងសម្រេចលើការរៀបចំកិច្ចប្រជុំក្រៅផ្លូវការរវាងរដ្ឋមន្ត្រីការពារជាតិអាស៊ានជាមួយប្រទេសមួយចំនួននៅខែវិច្ឆិកា ឆ្នាំ២០២២ផងដែរ ហើយក៏មានការរៀបចំកិច្ចប្រជុំក្រៅផ្លូវការរវាងរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ជប៉ុន ជារូបវ័ន្ត និងកិច្ចប្រជុំក្រៅផ្លូវការរវាងរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន ក្នុងទម្រង់វីដេអូផងដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិបញ្ជាក់ថា៖ «ក្នុងនាមជាម្ចាស់ផ្ទះកិច្ចប្រជុំការពារជាតិអាស៊ាន និងកិច្ចប្រជុំសន្តិសុខពាក់ព័ន្ធឆ្នាំ២០២២ កម្ពុជាមានការប្តេជ្ញាចិត្តក្នុងការជំរុញសាមគ្គីភាពអាស៊ាន រួមគ្នាដោះស្រាយបញ្ហាប្រឈមសន្តិសុខក្នុងតំបន់ ក្នុងពេលបច្ចុប្បន្ន និងបញ្ហាប្រឈមកំពុងលេចឡើងថ្មីៗ តាមមូលបទ«សាមគ្តីភាពដើម្បីសន្តិសុខ ប្រកបដោយភាពសុខដុម»»។
រដ្ឋមន្ត្រីការពារជាតិមីយ៉ាន់ម៉ានឹងមានវត្តមានក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននេះផងដែរ។ នេះបើយោងតាមសារលើគណនីហ្វេសប៊ុករបស់នាយកដ្ឋានព័ត៌មាននៃក្រសួងការពារជាតិ កាលពីថ្ងៃទី១៧ ខែមិថុនា។ បើតាមព័ត៌មានបង្ហោះនោះ លោក ណឹម សុវត្ថិ អគ្គនាយកនៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសក្រសួងការពារជាតិបញ្ជាក់ថា៖ «គ្រប់រដ្ឋមន្ត្រីការពារជាតិទាំង៩រូប គឺបានផ្តល់ព័ត៌មាន និងបានបញ្ជាក់ពីការចូលរួម គឺរួមទាំងសហភាពមីយ៉ាន់ម៉ាផងដែរ បូកទាំងអគ្គលេខាធិការអាស៊ាននឹងចូលរួម»។
វីអូអេមិនទាន់អាចសុំការបញ្ជាក់បន្ថែមពីលោក ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ និងលោក ណឹម សុវត្ថិ ទីប្រឹក្សាពិសេសរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាអគ្គនាយកនៃអគ្គនាយកដ្ឋាននយោបាយនិងកិច្ចការបរទេសក្រសួងការពារជាតិបាននៅឡើយទេ។
ដោយឡែកគណនីហ្វេសប៊ុករបស់រដ្ឋមន្ត្រីការពារជាតិ លោក ទៀ បាញ់ នៅថ្ងៃទី១៩ ខែមិថុនា ឱ្យដឹងថា កាលពីថ្ងៃអាទិត្យគណៈកម្មការអន្តរក្រសួង បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យការងារចុងក្រោយមួយក្នុងការធ្វើម្ចាស់ផ្ទះទទួលរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំក្រៅផ្លូវការ និងការទទួលដំណើរទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី និងរដ្ឋមន្ត្រីការពារប្រទេសជប៉ុននៅកម្ពុជា។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថាបញ្ហាជាអាទិភាពសម្រាប់ការពិភាក្សាក្នុងកិច្ចប្រជុំនោះ អាចមានវិបត្តិរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន ដើម្បីបញ្ជាក់ជំហររបស់អាស៊ាន និងការពិភាក្សាបញ្ហាតំបន់ ដូចជានៅបញ្ហានៅឧបទ្វីបកូរ៉េ បញ្ហានៅមីយ៉ាន់ម៉ា និងបញ្ហាសមុទ្រចិនខាងត្បូង ដែលជាជម្លោះរវាងសមាជិកអាស៊ានមួយចំនួនជាមួយប្រទេសចិន។
លោកបន្តថាក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន គឺកម្ពុជាមិនមានអ្វីត្រូវបញ្ជាក់បន្ថែមអំពីមូលដ្ឋានទ័ពរាមដែលកំពុងចម្រូងចម្រាសឡើយ ព្រោះរដ្ឋាភិបាលកម្ពុជាបានបកស្រាយជាហូរហែមកហើយ។ លោកកត់សម្គាល់ថាក្នុងតំបន់អាស៊ាន គឺប្រទេសវៀតណាម និងប្រទេសថៃ មានការសង្ស័យ និងមិនសប្បាយចិត្ត ដែលកម្ពុជាធ្វើទំនើបកម្មផ្សេងៗក្នុងបញ្ជាការដ្ឋានកងទ័ពរាមនេះ ប៉ុន្តែប្រទេសទាំងពីរមិនបានបញ្ចេញប្រតិកម្មចេញដោយត្រង់ឡើយ។
លោកបញ្ជាក់ថា៖ «ជុំវិញបញ្ហានេះ ខ្ញុំយល់ថាអ្វីដែលកម្ពុជាបានបកស្រាយ និងបានធ្វើសកម្មភាពជាក់ស្តែង ខ្ញុំមើលទៅដូចជាមិនមានអ្វីគួរធ្វើ ឬបកស្រាយពីអ្វីដែលរាជរដ្ឋាភិបាល ដែលប្រមុខការពារជាតិ ជាពិសេសគឺនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាលោកបានធ្វើសេចក្តីថ្លែងការណ៍ និងបានបញ្ជាក់ច្រើនលើក ច្រើនសាពាក់ព័ន្ធករណីហ្នឹង»។
លោកបន្ថែមថាកិច្ចប្រជុំក្រៅផ្លូវការរវាងរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ជប៉ុន គឺជាសារមួយដ៏សំខាន់ក្នុងបរិបទប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងជាសារមួយដែលផ្ញើទៅទីក្រុងប៉េកាំងថាអាស៊ានបានក្លាយជាទីតាំងដ៏សំខាន់ដែលគ្រប់បណ្តាប្រទេសសំខាន់ៗ កំពុងសម្លឹងមិនដាក់ភ្នែក និងកំពុងទទួលបានការចាប់អារម្មណ៍ទាំងមហាអំណាចធំៗនៅក្នុងពិភពលោក ក៏ដូចជាប្រទេសមហាអំណាចកណ្តាលនៅក្នុងតំបន់។
អ្នកវិភាគនយោបាយ លោកបណ្ឌិត សេង សារី យល់ថាអាស៊ានត្រូវធ្វើយ៉ាងណាចៀសឱ្យផុតពីការប្រកួតប្រជែងរបស់ប្រទេសមហាអំណាចចិន និងអាមេរិក ដើម្បីធានាសន្តិសុខក្នុងតំបន់។ លោកបន្តថាធម្មនុញ្ញអាស៊ាន គឺមិនអនុញ្ញាតឱ្យប្រទេសអាស៊ានណាមួយលូកដៃចូលប្រទេសណាមួយនោះទេ ដែលជាហេតុមិនមានប្រទេសអាស៊ានណាមួយមានប្រតិកម្មអំពីមូលដ្ឋានទ័ពរាម ក្រៅពីសហរដ្ឋអាមេរិកតែមួយនោះ។ លោកកត់សម្គាល់បន្ថែមថាសហរដ្ឋអាមេរិកបារម្ភអំពីឥទ្ធិពលនៅក្នុងតំបន់អាស៊ាន ជាជាងបារម្ភអំពីសន្តិសុខនៃសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់អាស៊ាន។
បើតាមលោក សេង សារី ក្នុងកិច្ចប្រជុំដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ កម្ពុជាគួរបកស្រាយឱ្យរដ្ឋមន្ត្រីការពារជាតិអាស៊ានបានយល់ពីចេតនារបស់កម្ពុជា និងបញ្ជាក់ឱ្យច្បាស់អំពីតួនាទីរបស់មូលដ្ឋានកងទ័ពរាមក្នុងខេត្តព្រះសីហនុ ដើម្បីកុំឱ្យនៅតែមានការយល់ច្រឡំទៅនឹងផែនការការពារជាតិរបស់កម្ពុជា។
លោកថ្លែងថា៖ «មួយទៀត ក៏ជាឱកាសក្នុងការបង្ហាញទៅអាស៊ានអំពីអព្យាក្រឹតភាពនៃមូលដ្ឋានទ័ព ឬអព្យាក្រឹតភាពនៃកងទ័ពរបស់កម្ពុជានៅក្នុងតំបន់ដែរ។ ហើយវាជាឱកាសរបស់កម្ពុជាក្នុងការបង្ហាញទៅអាស៊ានថាអ្វីដែលកម្ពុជាកំពុងតែធ្វើនេះ វាមិនមានផលប៉ះពាល់អ្វីដល់សន្តិសុខក្នុងតំបន់ទេ»។
គួររំឭកថានៅក្នុងពិធីបើកការដ្ឋានមូលដ្ឋានទ័ពរាម កាលពីដើមខែមិថុនា ឆ្នាំ២០២២នេះ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ បានថ្លែងថាកម្ពុជាមានភាពចាំបាច់ណាស់ក្នុងការធ្វើទំនើបកម្មបញ្ជាការដ្ឋានរាម ដែលលោកថាជាផ្នែកមួយនៃការទប់ទល់នឹងឥទ្ធិពលនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយផងដែរ។ ប៉ុន្តែលោកច្រានចោលការចោទប្រកាន់ថាមូលដ្ឋានរាមដែលធ្វើទំនើបកម្ម ដោយអ្នកជំនាញចិននេះ មិនមែនធ្វើឡើង ដើម្បីបម្រើផលប្រយោជន៍ដល់ការពង្រីកឥទ្ធិពលរបស់ចិនក្នុងតំបន់ឡើយ៕
កម្ពុជានឹងរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ដោយមានការចូលរួមពីរដ្ឋមន្ត្រីរបបសឹកភូមា
ភ្នំពេញ —