កម្ពុជា​នឹង​បង្កើត​ក្រុម​ការងារ​ចម្រុះ​ដើម្បី​ពន្យល់​វៀតណាម​ពី​ការ​ប៉ះទង្គិច​នៅ​ព្រំដែន

មន្រ្តី​ជំនាញ​នៃ​គណៈកម្មការ​ព្រំដែន​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា​ ​បង្ហាញ​ទីតាំង​នៃ​តំបន់​ដែល​មាន​ការផ្ទុះ ​អំពើ​ហិង្សា​ក្បែរ​​ព្រំដែន​កម្ពុជា​និង​វៀតណាម​ក្នុង​ខេត្ត​ស្វាយរៀង​កាល​ពី​ថ្ងៃ​អាទិត្យ​​សប្តាហ៍​មុន​ នៅ​ក្នុង​​សន្និសីទ​កាសែត​ដែល​បង្ហាញ​​ផែនទី​ដែល​​ប្រើ​បោះ​សម្រាប់​​​បង្គោល​ព្រំដែន​ នៅ​ឯ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​ កាល​ពី​ថ្ងៃ​ទី​២​ ខែ​កក្កដា​ ឆ្នាំ​២០១៥។ ​(នៅ​ វណ្ណារិន​/VOA​)​

រដ្ឋាភិបាល​កម្ពុជា​បាន​យល់​ព្រម​បង្កើត​ក្រុម​ការងារ​ចម្រុះ​មួយ​ ដើម្បី​ពិនិត្យ ​និង​បំភ្លឺ​លើ​ករណី​ប៉ះ​ទង្គិច​គ្នា​រវាង​សកម្មជន​ព្រំដែន​ដែល​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ជាមួយ​នឹង​ឆ្មាំព្រំដែន​និង​កសិករ​វៀតណាម។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​ការបរទេស​កម្ពុជា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ក្រុម​ការងារ​នេះ​ត្រូវបាន​បង្កើត​ឡើង ​បន្ទាប់​ពី​មាន​កំណត់​ទូត​តវ៉ា​ពី​ប្រទេស​វៀតណាម​កាលពី​ថ្ងៃទី​៣០​ ខែមិថុនា​ ដែល​សុំ​ឱ្យ​មាន​ការ​ពន្យល់​ និង​ទប់​ស្កាត់​មិន​ឱ្យ​មាន​ការ​ប៉ះទង្គិច​គ្នា​កើត​ឡើង​ទៀត។

យ៉ាង​ហោច​ណាស់​ មាន​សកម្មជន​ព្រំដែន​១០នាក់​ ក្នុង​នោះ​មាន​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ម្នាក់​គឺ​លោក រៀល ខេមរិន្ទ ​បាន​ទទួល​រង​របួស​ក្នុង​ការ​ប៉ះទង្គិច​គ្នា​នៅ​តំបន់​ព្រំដែន​ខេត្ត​ស្វាយរៀង ​កាលពី​ថ្ងៃអាទិត្យ​ ក្នុង​ពេល​ទៅ​ពិនិត្យ​មើល​កន្លែង​ដែល​ប្រជាពលរដ្ឋ​ប្តឹង​ថា ​មាន​ការ​រំលោភ​បំពាន​ពី​ប្រទេស​វៀតណាម៕