កម្ពុជា និងសហរដ្ឋអាមេរិកនឹងធ្វើជាសហប្រធានរបស់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤និងសហរដ្ឋអាមេរិកខណៈដែលកម្ពុជាធ្វើជាម្ខាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ។
ភ្នំពេញ៖ នៅមុនកិច្ចប្រជុំកំពូលអាស៊ានមកដល់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែននៅថ្ងៃពុធនេះបានប្រកាសថា កម្ពុជា និងសហរដ្ឋអាមេរិកនឹងធ្វើជាសហប្រធានរបស់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤និងសហរដ្ឋអាមេរិកខណៈដែលកម្ពុជាធ្វើជាម្ខាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ។
កាលពីឆ្នាំ២០០៩ប្រទេសសឹង្ហបូរីបានធ្វើជាសហប្រធានជាមួយសហរដ្ឋអាមេរិកនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន អាមេរិក ហើយឆ្នាំបន្តបន្ទាប់ទៀតមានវៀតណាម និងឥណ្ឌូនេស៊ី។
មានប្រសាសន៍នៅក្នុងពិធីប្រគល់បណ្ណកម្មសិទ្ឋិដីធ្លីនៅក្នុងខេត្តកំពង់ស្ពឺ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បាននិយាយថា កម្ពុជាចង់ឲ្យមានជំនួបកំពូលដូចជាប្រទេសដ៏ទៃទៀតដែរក៏ប៉ុន្តែបើទោះបីជាស្ថិតក្នុងស្ថានភាពបែបនេះក៏ដោយក៏ប្រធានាធិបតីភូមាជាអ្នកសម្របសម្រួលរវាងអាស៊ាននិងសហរដ្ឋអាមេរិក។ លោកបានបញ្ជាក់ថាលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ានឹងមកកម្ពុជាលើកដំបូងនៅក្នុងអណត្តិជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិក។
«ការប្រជុំរវាងអាស៊ាននិងអាមេរិកគឺមានការខុសគ្នារវាងជំនួបអាស៊ានជាមួយប្រទេសដ៏ទៃទៀត។ នៅត្រង់ថាពេលជំនួបរវាងអាស៊ានអាមេរិកនេះគឺមានសហប្រធានគឺសហប្រធានលើកនេះគឺសហប្រធានរវាងកម្ពុជាជាមួយអាមេរិកធ្វើសហប្រធានអង្គប្រជុំ»។
កម្ពុជាក្នុងនាមជាប្រធានប្តូរវេនបានរៀបចំកិច្ចប្រជុំកំពូលចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទីថ្ងៃទី២០ខាងមុខនេះ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបាននិយាយថាមន្ត្រីរាជការនៅក្នុងទីក្រុងភ្នំពេញនឹងត្រូវបានអនុញ្ញាតឲ្យឈប់សម្រាកចំនួនពីរថ្ងៃក្នុងពេលកិច្ចប្រជុំកំពូលនៅសប្តាហ៍ក្រោយ។ លោកបានអះអាងថា សាលារៀនមួយចំនួននឹងត្រូវបិទទ្វាដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍។
«សាលាមួយចំនួនត្រូវបានបិទ ក៏ប៉ុន្តែបើយើងទុកឲ្យមន្ត្រីមួយទៅធ្វើការគឺវានិងកកស្ទះចរាចរណ៍ថែមទៀត។ អញ្ចឹងមន្ត្រីរាជការតែនៅក្នុងទីក្រុងភ្នំពេញទេនៅខេត្តដ៏ទៃធ្វើការធម្មតាគឺសម្រាកថ្ងៃ១៩និងថ្ងៃ២០បន្ថែមទៀត»។
លោកប្រធានាធិបតីសហរដ្ឋអាមេរិកបារ៉ាក អូបាម៉ា លោកស្រីហ៊ីឡារី គ្លីនតុន រដ្ឋមន្ត្រីការបរទេសនិងលីអូន ប៉ានេតា រដ្ឋមន្ត្រីការពារជាតិរបស់សហរដ្ឋអាមេរិកគ្រោងនឹងមកកម្ពុជានៅថ្ងៃទី១៩ខាងមុខ នេះដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក។
នៅលើដំបូលផ្ទះរបស់ប្រជាពលរដ្ឋក្បែរអាកាសយានដ្ឋានភ្នំពេញអន្តរជាតិមានការដាក់តាំងរូបលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា ដើម្បីស្វាគមន៍ដល់ដំណើរទស្សនះកិច្ចជាលើកដំបូងរបស់លោកមកកាន់កម្ពុជា។
មុនពេលលោកប្រធានាធិបតីសហរដ្ឋអាមេរិកបារ៉ាក់ អូបាម៉ាមកកម្ពុជា មានសម្ពាធជាច្រើនដែលរួមមានសមាជិកសភាតំណាងរាស្រ្ត អ្នកតំណាងព្រឹទ្ឋសភារបស់សហរដ្ឋអាមេរិក អង្កការ ឃ្លាំមើលសិទ្ធមនុស្ស (Human Rights Watch) គណៈកម្មការសិទ្ឋិមនុស្សអាស៊ី និងគណបក្សប្រឆាំងក្នុងប្រទេសកម្ពុជា បានជំរុញឲ្យលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ាលើកយកបញ្ហារំលោភសិទ្ឋិមនុស្សដ៏ធ្ងន់ធ្ងរក្នុងកម្ពុជាទៅនិយាយនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក។
ក្នុងរយៈពេលជាង២៧ឆ្នាំ ក្រោមការត្រួតត្រារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្រុមអ្នកឃ្លាំមើលទាំងនោះបានរកឃើញថា យ៉ាងតិចមានមនុស្សចំនួនជាង៣០០នាក់ត្រូវបានសម្លាប់នៅក្រៅច្បាប់ក្នុងហេតុផលពាក់ព័ន្ឋនយោបាយ។ ប្រសិនបើលោកបារ៉ាក់ អូបាម៉ា មិនលើកយកបញ្ហាទាំងនេះទេគឺជាបរាជ័យរបស់សហរដ្ឋអាមេរិកក្នុងការគាំទ្រលិទ្ឋិប្រជាធិបតេយ្យក្នុងតំបន់អាស៊ី៕