រដ្ឋាភិបាលកម្ពុជា នៅថ្ងៃអង្គារនេះ បានសម្រេចដាក់ចេញវិធានការថ្មីមួយ គឺកម្មវិធីជំនួយសង្គម ដោយចាប់ផ្តើមអនុវត្តចាប់ពីខែក្រោយទៅ ដើម្បីអ្វីមួយដែលរដ្ឋាភិបាលហៅថា សំដៅជួយសម្រួលជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋ ក្នុងគ្រាមានវិបត្តិជំងឺកូវីដ១៩។
ការសម្រេចនេះត្រូវបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ របស់រដ្ឋាភិបាល ស្តីពីវិធានការបន្ថែមដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់ធ្ងន់ធ្ងរនៃការរីករាលដាលនៃជំងឺកូវីដ១៩។
កម្មវិធីជំនួយសង្គមនេះនឹងផ្តោតទៅលើគ្រួសារពលរដ្ឋក្រីក្រ និងក្រុមជនងាយរងគ្រោះ «ដែលមានបណ្ណសមធម៌» ទូទាំងប្រទេស។
បច្ចុុប្បន្ន រដ្ឋាភិបាលកម្ពុជាកំពុងតែសិក្សា និងធ្វើការបញ្ជាក់អត្តសញ្ញាណបច្ចុប្បន្នភាពពលរដ្ឋក្រីក្រដែលសមនឹងទទួលបានបណ្ណបញ្ជាក់ភាពក្រីក្រពិតប្រាកដ។
រដ្ឋាភិបាលបញ្ជាក់ក្នុងសេចក្តីប្រកាសរបស់ខ្លួនថា កម្មវិធីជំនួយសង្គមនេះនឹងយកចិត្តទុកដាក់បន្ថែមដល់កុមារអាយុក្រោម ៥ ឆ្នាំ ជនពិការ ជនចាស់ជរា ដែលមានអាយុចាប់ពី ៦០ ឆ្នាំឡើងទៅ និងអ្នកផ្ទុកមេរោគអេដស៍ ដែលរស់នៅក្នុងគ្រួសារពលរដ្ឋក្រីក្រ៕