ថ្ងៃ​បូជា​ព្រះ​បរមសព​សម្តេច​ឪនៅ​វាលមេរុ​ ត្រូវ​បាន​កំណត់​

ព្រះ​បរមសព​របស់​សម្តេច​ឪ​នឹង​ចាប់​ដង្ហែ​ចេញពី​ព្រះ​បរមរាជវាំង​នៅ​ក្នុង​សប្តាហ៍​ទី១ ​ក្នុង​ខែកុម្ភៈ ​មុន​ចូល​ឆ្នាំ​ចិន ​រួច​តម្កល់​ទុក​រយៈ​ពេល​បី​ថ្ងៃ ​នៅ​វាល​ព្រះមេរុ ​មុន​នឹង​ធ្វើ​ព្រះ​រាជ​ពិធី​បូជា។​

ព្រះ​បរមសព​របស់​សម្តេច​ឪ​នឹង​ចាប់​ដង្ហែ​ចេញពី​ព្រះ​បរមរាជវាំង​នៅ​ក្នុង​សប្តាហ៍​ទី១ ​ក្នុង​ខែកុម្ភៈ ​មុន​ចូល​ឆ្នាំ​ចិន ​រួច​តម្កល់​ទុក​រយៈ​ពេល​បី​ថ្ងៃ ​នៅ​វាល​ព្រះមេរុ ​មុន​នឹង​ធ្វើ​ព្រះ​រាជ​ពិធី​បូជា។​
ភ្នំពេញ៖​ រដ្ឋាភិបាល​កម្ពុជា​ នៅ​ថ្ងៃ​សុក្រ​នេះ​ បាន​សម្រេច​ជា​គោលការណ៍​នូវ​កម្មវិធី​ដង្ហែ​ព្រះ​បរមសព​សម្តេច​ឪ​នរោត្តម​សីហនុ​ចេញពី​ព្រះ​បរមរាជវាំង​ឆ្ពោះ​ទៅកាន់​វាល​ព្រះមេរុ។​

ព្រះ​បរមសព​របស់​សម្តេច​ឪ​នឹង​ចាប់​ដង្ហែ​ចេញពី​ព្រះ​បរមរាជវាំង​នៅ​ក្នុង​សប្តាហ៍​ទី១ ​ក្នុង​ខែកុម្ភៈ ​មុន​ចូល​ឆ្នាំ​ចិន ​រួច​តម្កល់​ទុក​រយៈ​ពេល​បី​ថ្ងៃ ​នៅ​វាល​ព្រះមេរុ ​មុន​នឹង​ធ្វើ​ព្រះ​រាជ​ពិធី​បូជា។​

លោក​គង់ សំអុល ​ឧប​នាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ព្រះ​បរម​រាជវាំង​ បាន​ថ្លែង​ប្រាប់​អង្គប្រជុំ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​ការ​ប្រទាន​ភ្លើង​មិន​ទាន់​បាន​កំណត់​ថា​ តើ​សម្តេច​ម៉ែ​នរោត្តម​មុន្នីនាថ​សីហនុ​ ​ឬក៏​ព្រះ​ករុណា​សម្តេច​ព្រះ​បរមនាថ​ នរោត្តម​សីហមុនី​ជាអ្នក​ប្រទាន​ទេ។​

«នៅ​ពេល​ដែល​យាង​ដល់​ព្រះ​មេរុ​ សូម​ជម្រាប​ថា​ យើង​តម្កល់​បី​ថ្ងៃ។ ​ថ្ងៃ​ទី១ ​ថ្ងៃទី២ ​ដល់​ថ្ងៃទី៣​បាន​យើង​ថ្វាយ​ព្រះ​ភ្លើង»។​

លោក ​គង់ សំអុល​បាន​មាន​ប្រសាសន៍​ទៀត​ថា​ ក្បួន​ដង្ហែ​ព្រះ​បរមសព​សម្តេច​ឪ​មាន​ប្រវែង​ប្រាំបី​រយ​ម៉ែត​គឺ​មិន​មាន​សេះ ​ឬ​ក៏​ដំរី​ ដូច​ពី​សម័យ​មុន​ទេ​ គឺធ្វើ​ឡើង​តាម​ទីនាំង​រថយន្ត​ និង​ដាក់​បញ្ចាំង​ស្លាយ​តាម​ផ្ទាំង​កញ្ចក់​ធំៗ​ នៅ​ព្រះ​បរម​រាជវាំង​ចំនួន​ពីរ​ផ្ទាំង ​និង​នៅ​រង្វង់​មូល​ក្បាល​ថ្នល់​មួយ​ផ្ទាំង​ផ្សេង​ទៀត ​ដើម្បី​កាត់​បន្ថយ​ការ​លំហូរ​មនុស្ស​មក​កាន់​ព្រះ​បរម​រាជវាំង។​

«ពីព្រោះ​ដើម្បី​យើង​បំបែក​ម៉ាស់ ​បំបែក​មហាជន​ ប្រជាជន។ ​បើ​ឲ្យ​គាត់​អញ្ជើញ​មក​តែមួយ​កន្លែង​ មិន​ដឹង​ថា​ គាត់​សុខចិត្ត ​ឬ​មិន​សុខ​ចិត្ត​ទេ។​ ហើយ​ខាង​ផ្នែក​ខាង​ច្បារ​អំពៅ​ យើង​ក៏​បាន​ដាក់​ស្គ្រីន​ធំ​ដែរ»។​

តាម​កម្មវិធី​ដូច​បាន​គ្រោង​ទុក​ ដែល​វីអូអេ​សំឡេង​សហ​រដ្ឋ​អាមេរិក​ទទួលបាន​ ​បាន​ឲ្យ​ដឹង​ថា ​ព្រះ​បរម​សព​សម្តេច​ឪ​នឹង​ដាក់​នៅ​ក្នុង​ព្រះ​បរម​មញ្ជូលសា ​(មឈូស)​ តាម​រាជ​រថ​តូច​ ចេញពី​ព្រះ​បរម​រាជវាំង​មក​តម្កល់​ទុក​លើ​រាជ​រថ​បុស្បុក​ ដែល​ឋិត​នៅ​ពី​មុខ​វេទិកា​បុណ្យ​អុំទូក។​

ការ​ដង្ហែ​ព្រះ​រាជ​បុស្បុក​ ដែល​មាន​តម្កល់​ព្រះ​បរម​សព​សម្តេច​ឪ​នរោត្តម​សីហនុ​គឺ​ត្រូវ​ឡើង​នៅ​តាម​មហា​វិថី​ព្រះ​ស៊ីសុវត្ថិ ​រួច​ដង្ហែ​ឆ្ពោះ​ទៅ​កាន់​វត្ត​ឧណ្ណាលោម​ ឈប់​ត្រង់​រូប​សំណាក​តេជោ​មាស ​តេ​ជោ​យ៉​ត​និង​មាន​ព្រះ​សង្ឃ​ចំនួន​៩០​អង្គ​គង់​រង់ចាំ​បង្សុកូល​ថ្វាយ​ព្រះរាជ​កុសល។​

ពេល​ក្បួន​ដង្ហែ​ព្រះ​បរមសព​នឹង​បន្ត​ឆ្ពោះទៅ​វត្តភ្នំ​ ឈប់​នៅ​ទិស​ខាង​កើត​នៃ​វត្តភ្នំ​ ហើយ​និមន្ត​ព្រះ​សង្ឃ​៩០​អង្គ​ទៀត​ដើម្បី​បន្ត​បង្សុកូល​ថ្វាយ​ព្រះរាជ​កុសល។​

ក្រោយមក​ ក្បួន​ដង្ហែ​ត្រូវ​ធ្វើ​ដំណើរ​ចេញពី​វត្តភ្នំ​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​ទល់មុខ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ ​មាន​ព្រះ​សង្ឃ​៩០​អង្គ​ទៀត។​

ពេល​ក្បួន​ដង្ហែ​បាន​បន្តទៅ​វិមាន​ឯករាជ្យ​នឹង​មាន​ព្រះ​សង្ឃ​ចំនួន​៩០​អង្គ ​រួច​បន្ត​ធ្វើ​ដំណើរ​តាម​ផ្លូវ​ព្រះ​សីហនុ​បត់​ទៅ​ទីតាំង​វាល​ព្រះមេរុ ​ដោយ​តម្កល់​ទុក​រយៈពេល​បី​ថ្ងៃ​ មុន​នឹងធ្វើ​ព្រះរាជ​ពិធី​បូជា។​

សម្តេច​ឪ​នរោត្តម​សីហនុ​បាន​សោយ​ព្រះ​ទិវង្គត់​កាលពី​ថ្ងៃទី​១៥​កន្លង​ទៅ​នេះ​ នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន ​ដោយសារ​ជំងឺ​គាំង​បេះដូង​ក្នុង​ព្រះ​ជន្ម​៩០​ព្រះ​វស្សា។​
លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​សម្រេច​ជា​គោល​ការណ៍​ឲ្យ​សាងសង់​រូប​សំណាក​សម្តេច​ឪ​ធ្វើ​ពី​ស្ពាន់​ កម្ពស់​ប្រាំពីរ​ម៉ែត​ ហើយ​គ្រោង​នឹង​ដាក់​តាំង​នៅ​តាម​បណ្តោយ​ផ្លូវ​សួនច្បារ​ផ្នែក​ខាង​កើត​វិមាន​ឯករាជ្យ៕​