នៅក្នុងសារបង្ហោះលើប្រព័ន្ធ Facebook កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន លោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី បានគំរាម «ចាត់វិធានការ» ប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយនានា ដែលលោកបាននិយាយថា កំពុងគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពរបស់ប្រទេស។
នេះទំនងជាលើកទីមួយហើយ ដែលរដ្ឋាភិបាលបរទេសបានប្រើប្រាស់ការលើកឡើងរបស់លោក Trump ចំពោះប្រព័ន្ធផ្សព្វផ្សាយ ជាមូលហេតុសម្រាប់សកម្មភាពរបស់ខ្លួនក្នុងការបិទសេរីភាពប្រព័ន្ធផ្សព្វផ្សាយនោះ ដែលនេះជាអ្វីដែលអង្គការតាមដានសេរីភាពប្រព័ន្ធផ្សព្វផ្សាយនានាបានព្រមានថា អាចនឹងកើតឡើង។
លោក Trump បានហៅការរាយការណ៍ព័ត៌មានដែលលោកមិនចូលចិត្តថា ជា «ព័ត៌មានក្លែងក្លាយ» ដោយបញ្ជាក់ថា ព័ត៌មានទាំងនោះជា «សត្រូវរបស់ប្រជាពលរដ្ឋ»។ កាលពីសប្ដាហ៍មុន សេតវិមានបានហាមឃាត់ទីភ្នាក់ងារព័ត៌មានជាច្រើន ដែលក្នុងនោះមានទាំងកាសែត The New York Times និងបណ្តាញព័ត៌មាន CNN ផងដែរ មិនឲ្យចូលរួមសន្និសីទក្រៅផ្លូវការជាមួយនឹងលោក Sean Spicer ទីប្រឹក្សាជាន់ខ្ពស់ទទួលបន្ទុកផ្នែកទំនាក់ទំនងព័ត៌មានរបស់រដ្ឋបាលលោក Trump។
សេតវិមានបានបញ្ជាក់ថា ខ្លួនបានព្យាយាមបញ្ចូលអ្នកសារព័ត៌មានបន្ថែមទៀតនៅក្នុងសន្និសីទព័ត៌មានក្រៅផ្លូវការនេះ។ ប៉ុន្តែសកម្មភាពនេះត្រូវប្រព័ន្ធផ្សព្វផ្សាយនានារិះគន់យ៉ាងខ្លាំងថា ជាការប្រមាថមាក់ងាយដល់លទ្ធិប្រជាធិបតេយ្យ។
នៅក្នុងសារបង្ហោះលើប្រព័ន្ធ Facebook របស់លោក លោកផៃ ស៊ីផានទំនងជានិយាយយោងទៅលើវិធានការរបស់សេតវិមានក្នុងការមិនអនុញ្ញាតឲ្យទីភ្នាក់ងារព័ត៌មានមួយចំនួនចូលរួមសន្និសីទព័ត៌មានក្រៅផ្លូវការជាមួយនឹងមន្ត្រីជាន់ខ្ពស់ផ្នែកព័ត៌មាននៅឯសេតវិមាន ដោយលោកបានលើកឡើងថា វិធានការនេះបានផ្ញើ «សារយ៉ាងច្បាស់» ថា ការរាយការណ៍របស់អ្នកសារព័ត៌មានមួយចំនួន «មិនបានបង្ហាញពីការណ៍ពិត» នោះទេ។
លោកបាននិយាយយ៉ាងដូច្នេះថា៖
«លោកប្រធានាធិបតី Donald Trump យល់ឃើញថា ព័ត៌មានដែលផ្សព្វផ្សាយដោយស្ថាប័នទាំងនោះ មិនបានឆ្លើយតបនឹងការណ៍ពិតជាក់ស្ដែង ដែលជាបន្ទុកទទួលខុសត្រូវរបស់អ្នកសារព័ត៌មានវិជ្ជាជីវៈទេ បានសេចក្ដីថា សេរីភាពនៃការបញ្ចេញយោបល់ត្រូវតែស្ថិតនៅក្នុងព្រំដែនច្បាប់ និងត្រូវតែគោរពព្រំដែនអំណាចរដ្ឋ»។
លោកផៃ ស៊ីផានមានគោលបំណងជាពិសេសនិយាយសំដៅលើប្រព័ន្ធផ្សព្វផ្សាយ VOA និងប្រព័ន្ធផ្សព្វផ្សាយអាស៊ីសេរី ដោយនិយាយថា ប្រព័ន្ធផ្សព្វផ្សាយទាំងពីរនេះទទួលបានការឧបត្ថម្ភថវិកាពីរដ្ឋាភិបាលសហរដ្ឋអាមេរិក។ លោកក៏មានគោលបំណងសំដៅលើប្រព័ន្ធផ្សព្វផ្សាយសំឡេងប្រជាធិបតេយ្យ VOD ដែលជាស្ថានីយវិទ្យុឯករាជ្យមិនរកប្រាក់កម្រៃផងដែរ។
ទោះបីជារដ្ឋធម្មនុញ្ញប្រទេសកម្ពុជាមានចែងពីសេរីភាពព័ត៌មានក៏ដោយ ក៏ប្រព័ន្ធផ្សព្វផ្សាយភាគច្រើនត្រូវបានគ្រប់គ្រងដោយប្រយោលដោយរដ្ឋ និងត្រូវបានតាមដានយ៉ាងជិតដិតផងដែរ។ រដ្ឋាភិបាលលោកហ៊ុន សែន ដែលបានកាន់អំណាចអស់រយៈពេលជាង៣ទសវត្សរ៍មកហើយនោះបានរិះគន់ថា ប្រព័ន្ធផ្សព្វផ្សាយ VOA និងអាស៊ីសេរីបានបង្កឲ្យមានអស្ថិរភាព។
នៅក្នុងសារបង្ហោះលើប្រព័ន្ធ Facebook របស់លោក លោកផៃ ស៊ីផានបានចោទប្រកាន់ប្រព័ន្ធផ្សព្វផ្សាយទាំងនោះថា ជា «ភ្នាក់ងារបរទេស» និងបាននិយាយថា ប្រព័ន្ធផ្សព្វផ្សាយទាំងនោះត្រូវតែ «ពិចារណាសារជាថ្មី» ចំពោះការប្រើប្រាស់រលកអាកាសផ្សាយ មុនពេលដែលរដ្ឋាភិបាលចាត់វិធានការណាមួយ។
រឿងនេះដំបូងត្រូវបានសារព័ត៌មានភ្នំពេញប៉ុស្តិ៍ ដែលជាសារព័ត៌មានឯករាជ្យមួយមានមូលដ្ឋាននៅក្នុងទីក្រុងភ្នំពេញផ្សាយ។ បន្ទាប់ពីមានការប្រកាសនូវការព្រមាននេះ សារព័ត៌មានភ្នំពេញប៉ុស្តិ៍បានទាក់ទងលោកផៃ ស៊ីផាន ដែលបាននិយាយថា ប្រព័ន្ធផ្សព្វផ្សាយណាមួយដែលមិនធ្វើតាមបទបញ្ជារបស់រដ្ឋាភិបាលនឹងត្រូវបិទមិនឲ្យដំណើរការ។
លោកផៃ ស៊ីផានថ្លែងថា ជារឿងសាមញ្ញបំផុតគឺបិទប្រព័ន្ធព័ត៌មានទាំងនោះ។
នៅក្នុងសេចក្ដីប្រកាសមួយ លោក Jing Zhang ប្រធានស្ដីទីផ្នែកអាស៊ីប៉ាស៊ីហ្វិករបស់ VOA បានបដិសេធថា VOA មិនមែនជា «ភ្នាក់ងារបរទេស» នោះទេ។
លោកនិយាយយ៉ាងដូច្នេះថា៖
«VOA ជាអង្គការប្រព័ន្ធផ្សព្វផ្សាយដែលរាយការណ៍ព័ត៌មានត្រឹមត្រូវ និងមិនលម្អៀង។ អ្នកស្ដាប់ VOA និងអ្នកគាំទ្រ VOA តាម Facebook រាប់លាននាក់នៅក្នុងប្រទេសកម្ពុជាអាចបញ្ជាក់ពីសុច្ចរិតភាពរបស់ VOA»។
ក្រសួងការបរទេសសហរដ្ឋអាមេរិកមិនទាន់បានឆ្លើយតបចំពោះការទាក់ទងរបស់ VOA សុំយោបល់លើរឿងនេះនៅឡើយទេ។
ប៉ុន្តែអង្គការសិទ្ធិមនុស្សមួយចំនួន និងអតីតអ្នកការទូតនានាបានព្រមានថា នេះប្រហែលមិនមែនជាពេលចុងក្រោយដែលរដ្ឋាភិបាលផ្ដាច់ការបានដកស្រង់ការលើកឡើងរបស់រដ្ឋបាលលោក Trump ធ្វើជាហេតុផលសម្រាប់ការបង្ក្រាបរបស់ខ្លួនលើប្រព័ន្ធផ្សព្វផ្សាយនោះទេ។
លោក Tom Malinowski អតីតអនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការប្រជាធិបតេយ្យ និងពលកម្ម បានប្រាប់ VOA ថា៖
«វាពិតជាពិបាកក្នុងការធ្វើជាអ្នកសារព័ត៌មាននៅក្នុងប្រទេសផ្ដាច់ការ ដូចជាប្រទេសកម្ពុជាជាដើម នៅពេលដែលសហរដ្ឋអាមេរិកមិនដើរតួជាគំរូល្អមួយ»។
លោក Malinowski ដែលធ្វើការនៅក្នុងរដ្ឋបាលរបស់លោកប្រធានាធិបតី Barack Obama បានបន្ថែមថា៖
«ឥឡូវនេះ រាល់មេដឹកនាំផ្ដាច់ការណាមួយ ដែលចង់ហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយណាមួយ ដែលខ្លួនមិនចូលចិត្ត អាចនិយាយថា លោក Trump ធ្វើរឿងនេះ ដូច្នេះហេតុអ្វីបានជាខ្ញុំមិនអាចធ្វើបាននោះ?»។
កាលពីខែតុលាឆ្នាំមុន គណៈកម្មាធិការដើម្បីអ្នកសារព័ត៌មាន ដែលជាអង្គការការពារសិទ្ធិប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយ បានព្រមានថា រដ្ឋបាលរបស់លោកប្រធានាធិបតី Trump អាចតំណាងឲ្យការគំរាមកំហែងដែល «មិនដែលមានពីមុនមក» ចំពោះសេរីភាពប្រព័ន្ធផ្សព្វផ្សាយ។
សេចក្ដីប្រកាសរបស់គណៈកម្មាធិការដើម្បីអ្នកសារព័ត៌មាននេះបានបញ្ជាក់ថា៖
«ផលវិបាកសម្រាប់សិទ្ធិសេរីភាពរបស់អ្នកសារព័ត៌មាននៅជុំវិញពិភពលោកនឹងកាន់តែធ្ងន់ធ្ងរខ្លាំងជាងមុន។ ការបរាជ័យណាមួយរបស់សហរដ្ឋអាមេរិកនៅក្នុងការគោរពទៅតាមបទដ្ឋានរបស់ខ្លួន នឹងធ្វើឲ្យមេដឹកនាំផ្ដាច់ការនានាហ៊ានរារាំងប្រព័ន្ធផ្សព្វផ្សាយនានានៅក្នុងប្រទេសរបស់ពួកគេ»។
ក្រុមមន្ត្រីសេតវិមានបានទទូចថា លោក Trump គោរពសេរីភាពប្រព័ន្ធផ្សព្វផ្សាយ ដោយបាននិយាយថា លោក Trump គឺគ្រាន់តែតតាំងប្រឆាំងជាមួយនឹងអ្វី ដែលពួកគេមើលឃើញថា ជាការរាយការណ៍មិនត្រឹមត្រូវរបស់ប្រព័ន្ធផ្សព្វផ្សាយតែប៉ុណ្ណោះ។
លោក Spicer ប្រធានអ្នកនាំពាក្យរបស់លោក Trump កាលពីថ្ងៃសុក្រសប្ដាហ៍មុន បានការពារសេចក្ដីសម្រេចចិត្តរបស់លោកនៅក្នុងការរារាំងទីភ្នាក់ងារព័ត៌មានជាច្រើនមិនឲ្យចូលរួមនៅក្នុងសន្និសីទព័ត៌មានក្រៅផ្លូវការជាមួយនឹងលោក ដោយលោកបាននិយាយថា លោកធ្វើនេះគ្រាន់តែព្យាយាមបញ្ចូលអ្នកសារព័ត៌មានបន្ថែមទៀត គឺមិនមែនមិនឲ្យពួកគេចូលរួមនោះទេ។
លោក Spicer បាននិយាយយ៉ាងដូច្នេះថា៖
«យើងមានទីភ្នាក់ងារព័ត៌មានមួយក្រុមរួចហើយដែលចូលរួមនៅក្នុងការសួរឆ្លើយឆ្លងក្រៅផ្លូវការនេះ ហើយបន្ទាប់មក យើងបានពង្រីកវា ដោយយើងបានអនុញ្ញាតឲ្យទីភ្នាក់ងារព័ត៌មានមួយចំនួនទៀតបានចូលរួមដែរ។ យើងនឹងគិតគូរឡើងវិញឲ្យបានខ្លាំងក្លាអំពីរឿងនេះ។ យើងមិនគ្រាន់តែអង្គុយស្ងៀម និងអនុញ្ញាតឲ្យផ្សព្វផ្សាយការរាយការណ៍មិនត្រឹមត្រូវទាំងនេះទេ»៕
ប្រែសម្រួលដោយ ភី សុភាដា