ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​មិន​អើពើ​ការ​លួច​ថត​សំឡេង​បង្ហាញ​អសមត្ថភាព​របស់​រដ្ឋាភិបាល​ក្នុង​ប្រព័ន្ធ​ទូរគមនាគមន៍​និង​ការ​បំពាន​ច្បាប់


រូបឯកសារ៖ លោក​ យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះជាតិ​ ប្រាប់​អ្នក​សារព័ត៌មាន​ អំពី​គោល​បំណង​របស់​គណបក្ស​ប្រឆាំង​ ក្នុង​ការ​បន្ត​ឲ្យ​មាន​វប្បធម៌​សន្ទនា​ ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ​ដែល​កំពុង​កើត​មាន។ (ហ៊ុល រស្មី/VOA)
រូបឯកសារ៖ លោក​ យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះជាតិ​ ប្រាប់​អ្នក​សារព័ត៌មាន​ អំពី​គោល​បំណង​របស់​គណបក្ស​ប្រឆាំង​ ក្នុង​ការ​បន្ត​ឲ្យ​មាន​វប្បធម៌​សន្ទនា​ ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ​ដែល​កំពុង​កើត​មាន។ (ហ៊ុល រស្មី/VOA)

អ្នក​ច្បាប់​លើក​ឡើង​ថា ​ការ​មិន​អើពើ​នឹង​ការ​លួច​ស្តាប់ ​និង​ការ​ផ្សព្វផ្សាយ​សំឡេង​របស់​បុគ្គល​ឯកជន​ជា​សាធារណៈ​បែប​នេះ​បង្ហាញ​ថា ​រដ្ឋាភិបាល​អសមត្ថភាព​ក្នុងការ​គ្រប់គ្រង​ប្រព័ន្ធ​ទូរគមនាគមន៍ ​និង​វា​កំពុង​បំពាន​ច្បាប់​យ៉ាង​ធ្ងន់ធ្ងរ។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះជាតិ​គឺ​លោក​យឹម សុវណ្ណ​ បាន​និយាយថា ​ខ្សែ​អាត់​សំឡេង​នៃការសន្ទនា​តាម​ទូរស័ព្ទ​ដែល​ត្រូវ​បង្ហោះ​តាម​បណ្តាញ​អ៊ីនធឺណែត​ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​ផ្លូវ​ភេទ​របស់​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​ប្រមាណជា​១០​រូប​ជា​បន្ត​បន្ទាប់​នោះ «​គឺជា​រឿង​ឥត​ប្រយោជន៍​‍» ដែល​គណបក្ស​សង្គ្រោះ​ជាតិមិន​ចំណាយ​ពេល​តាម​ដាន​នោះ​ទេ។

អ្នក​ច្បាប់​លើក​ឡើង​ថា ​ការ​មិន​អើពើ​នឹង​ការ​លួច​ស្តាប់ ​និង​ការ​ផ្សព្វផ្សាយ​សំឡេង​របស់​បុគ្គល​ឯកជន​ជា​សាធារណៈ​បែប​នេះ​បង្ហាញ​ថា ​រដ្ឋាភិបាល​អសមត្ថភាព​ក្នុងការ​គ្រប់គ្រង​ប្រព័ន្ធ​ទូរគមនាគមន៍ ​និង​វា​កំពុង​បំពាន​ច្បាប់​យ៉ាង​ធ្ងន់ធ្ងរ។​

ថ្មីៗ​នេះ​ មាន​ការ​បញ្ចេញ​ខ្សែ​អាត់​សំឡេង​នៃ​ការ​សន្ទនា​ទូរស័ព្ទ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​មួយ​ឈ្មោះ​សី ហា ​ហើយ​ត្រូវ​បាន​អង្គភាព​ព័ត៌មាន​ស្និទ្ធ​នឹង​រដ្ឋាភិបាល​យក​ទៅ​ចុះ​ផ្សាយ​ជា​បន្ត​បន្ទាប់។ ​សំឡេង​ទាំង​នោះ​ត្រូវ​បាន​ម្ចាស់​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ​សី ហា ​អះអាង​ថា​ ជា​សំឡេង​របស់​ក្រុម​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះជាតិ​ប្រមាណ​ជា​១០​រូប​ ដែល​សន្ទនា​ជាមួយ​ស្ត្រី​មួយ​ចំនួន​ពាក់ព័ន្ធ​អំពី​រឿង​ផ្លូវ​ភេទ។​

ម្ចាស់​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ​ សី ហា អះអាង​ថា ​មន្រ្តី ​និង​តំណាង​រាស្រ្ត​ដែល​មាន​រឿង​អាស្រូវ​ផ្លូវ​ភេទ​ទាំង​នោះ​រួម​មាន ​លោក​អេង ឆៃអ៊ាង​ លោក​យ៉ែម បុញ្ញឫទ្ធិ​ លោក​យឹម ​សុវណ្ណ​ លោក​ហូរ វ៉ាន់ ​លោក​ឡុង រី ​លោក​ចាន់ ចេង លោក​ស្រី​ពត ពៅ ​និង​លោក​ រៀល ខេមរិន្ទ្រ។ ​លោក​សម រង្ស៊ី ​ដែល​ទើប​តែ​លាលែង​ពី​តំណែង​ជា​ប្រធាន​គណបក្ស​ប្រឆាំង​ និង​លោក​កឹម សុខា​ ប្រធាន​ស្តីទី​ ដែល​ទើប​តែ​បញ្ចប់​សំណុំ​រឿង​អាស្រូវ​ផ្លូវ​ភេទ​គួរឲ្យ​ឆ្ងល់​មួយ​ជាមួយ​ស្រ្តី​កាត់​សក់​វ័យ​ក្មេង​ម្នាក់​កាល​ពី​ប៉ុន្មាន​ខែ​មុន​ក៏​មាន​នៅ​ក្នុង​ទំព័រ​ Facebook​ នោះ​ផង​ដែរ។

លោក​យឹម សុវណ្ណ ​អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ​និង​ជា​បុគ្គល​មួយ​រូប​ដែល​ត្រូវ​បាន​ម្ចាស់​ទំព័រ​ Facebook ​ឈ្មោះ​សី ហា​ បង្ហោះ​ខ្សែ​អាត់​សំឡេង​នៃ​រឿង​អាស្រូវ​ផ្លូវ​ភេទ​ម្នាក់​ដែរ​នោះ​ បាន​និយាយ​ថា​ លោក​ រួមទាំង​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ផ្សេង​ទៀត​ មិន​អើពើ​ចំពោះ​សំឡេង​ដែល​បង្ហោះ​នោះ​ទេ ​ដោយ​លោក​ចាត់​ទុក​ថា ​ជា​រឿង​ឥត​ប្រយោជន៍។​

VOA ​បាន​ព្យាយាម​ទាក់ទង​តាមរយៈ​សារ​ជា​អក្សរ​ទៅ​ម្ចាស់​ទំព័រ​ Facebook ​ឈ្មោះ​ សី ហា ​ដែល​ជា​អ្នក​បង្ហោះ​ខ្សែ​អាត់​សំឡេង​ទាំង​នោះ​ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​នៅ​ឡើយ។​

មាត្រា​៣១៨​នៃ​ក្រម​ព្រហ្មទណ្ឌ​ចែង​ថា ​អំពើ​ប្រព្រឹត្ត​ដោយ​គំនិត​ទុច្ចរិត ​ស្តាប់ ឬ​ធ្វើ​ឲ្យ​ច្របូក​ច្របល់​ការ​សន្ទនា​តាម​ទូរស័ព្ទ ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១​ខែ​ទៅ​១​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី​១​សែន​រៀល​ទៅ​២​លាន​រៀល។

លោក​ខៀវ សុភ័គ ​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ ​ប្រាប់ ​VOA​ ថា ​សមត្ថកិច្ច​នឹង​មិន​បើក​ការ​ស៊ើប​អង្កេត​ណា​មួយ​ពាក់ព័ន្ធ​នឹង​ការ​លួច​ថត​សំឡេង​បុគ្គល​ឯកជន​មក​ផ្សព្វផ្សាយ​ជា​សាធារណៈ​នោះ​ទេ ប្រសិន​បុគ្គល​ដែល​រង​ការ​លួច​ថត​នោះ​មិន​ប្តឹង​សមត្ថកិច្ច​ធ្វើការ​ស៊ើប​អង្កេត។​

លោក​មាន​ប្រសាសន៍​ថា៖

«យើង​ដូចជា​លំបាក​ក្នុង​ការងារ​ហ្នឹង​ដែរ​ ប្រសិន​បើ​យើង​អត់​បាន​ទទួល​ពាក្យ​បណ្តឹង​ពី​ខាង​ពួក​គាត់។ ​គាត់​សរសេរ​ពាក្យ​បណ្តឹង​មក ​ពួក​យើង​ជួយ​ យើង​ជួយ​រក»។​

ទោះជាយ៉ាង​ណា​ ​លោក ​ខៀវ សុភ័គ​ មិន​បាន​ឆ្លើយ​តប​នឹង​សំណួរ​ដែល​សួរ​ថា ​តើ​ការ​លួច​ស្តាប់ ​និង​ការ​លួច​ថត​សំឡេង​សន្ទនា​តាម​ទូរស័ព្ទរបស់​បុគ្គល​យក​មក​ផ្សព្វផ្សាយ​ជា​សាធារណៈ​នេះ​ ធ្វើ​ឲ្យ​ប៉ះពាល់​បែប​ណា ​ឬ​ខុស​នឹង​ច្បាប់​កម្រិត​ណា​នោះ​ទេ។ លោក​គ្រាន់​តែ​បញ្ជាក់​ថា ​ការ​លួច​មាន​ទំនាក់​ទំនង​ស្នេហា​របស់​ក្រុម​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​ទាំង​នោះ​គឺ​ជា​អំពើ​ខុស​ច្បាប់។​

ទោះជា​យ៉ាងណា​ក៏ដោយ ​ ក្រុម​អ្នក​ច្បាប់​លើក​ឡើង​ថា ​ការ​ជជែក​ពី​ទំនាក់​ទំនង​ផ្លូវ​ភេទ​របស់​ដៃគូ​ស្នេហា​មិនមែន​ជា​អំពើ​ខុស​ច្បាប់​នោះ​ទេ ​ប្រសិន​បើ​ប្តី​ ឬ​ប្រពន្ធ​របស់​បុគ្គល​នោះ​មិន​បាន​ប្តឹង​ផ្តល់។ ប៉ុន្តែ​ពួកគេ​បញ្ជាក់​ថា​ នៅ​ពេល​ដែល​ការ​សន្ទនា​គ្រប់​រូបភាព​របស់​បុគ្គល​ឯកជន​ត្រូវ​បាន​គេ​លួច​ថត និង​ផ្សព្វ​ផ្សាយ នោះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​នីតិរដ្ឋ ​និង​សន្តិសុខ​ជាតិ។

លោក​ហុង គឹមសួន ​នាយក​ប្រតិបត្តិ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​ ​ប្រាប់ ​VOA​ ថា ​ការ​លួច​ស្តាប់ ​ការ​លួចថត​ និង​ការ​ផ្សព្វផ្សាយ​សំឡេង​នៃ​ការ​សន្ទនា​ ឬ​សារ​ណាមួយ​របស់​បុគ្គល​ឯកជន​ គឺជា​អំពើ​ខុស​ច្បាប់។​ លោក​បន្ថែម​ថា ​ការ​លួច​ស្តាប់​សំឡេង​សន្ទនា​ឯកជន​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ប្រជា​ពលរដ្ឋ ​ប៉ះពាល់​ដល់​ការ​ធ្វើ​ជំនួញ​ធំៗ ​ព្រមទាំង​ប៉ះពាល់​ដល់​សន្តិ​សុខជាតិ​ជាដើម។​

លោក​មាន​ប្រសាសន៍​ថា៖​

«អ្នក​ដែល​លួចថត​សំឡេង​គេ​ បាន​ដឹង​ពី​គោល​បំណង​ ឬ​ទិសដៅ​គេ​ចង់​ធ្វើ​អី ​អ្នក​ហ្នឹង​ទៅ​ទប់​ស្កាត់​ធ្វើ​ឲ្យ​ខូច​ប្រយោជន៍​របស់​គេ។​ បើ​គិត​ជា​ពាណិជ្ជកម្ម គេ​អាច​ខាត​រហូត​ដល់​រាប់​កោដិ​ រាប់​លាន​ដុល្លារ​ក៏​វា​មាន​ដែរ​ ដោយសារ​តែ​ការ​លួច​ស្តាប់ ​លួច​ថត​សំឡេង​គេ ​ហើយ​យក​ទៅ​បំផ្លាញ​គ្រោង​ការណ៍​ការងារ​រក​ស៊ី​របស់​គេ។​ បើ​ទាក់ទង​ជាមួយ​នឹង​ប្រទេស​ជាតិ​វិញ ​បើ​សិន​ជា​រឿងរ៉ាវ​របស់​គេ ​គេ​ការពារ​ជាតិ ​ការពារ​ប្រជា​ពលរដ្ឋ​របស់​គេ​ ក្នុង​ទិសដៅ​មួយ​ជា​ការ​សម្ងាត់ ​អ្នក​ហ្នឹង​លួច​ថត​បាន​ហើយ​យក​ទៅ​ផ្សព្វផ្សាយ ​ហើយ​ធ្វើ​ឲ្យ​ខូច​ដល់​ប្រយោជន៍​ប្រទេស​ជាតិ​គេ។ ប្រទេស​ជាតិ​ហ្នឹង​នឹង​ធ្លាក់​ទៅ​ក្នុង​មហន្តរាយ​ដោយសារ​តែ​ខ្មាំង​ដឹង​រឿង​របស់​យើង»។​

លោក​ហុង គឹមសួន​ បន្ថែម​ថា ​រាល់​បទល្មើស​ព្រហ្មទណ្ឌ ​តុលាការ​ត្រូវ​ចោទ​ប្រកាន់​លើ​ជន​ល្មើស ​បើ​ទោះបី​ជា​មិន​មាន​ពាក្យ​បណ្តឹង​ពី​ជន​រងគ្រោះ​ក៏​ដោយ។​ លោក​បន្ត​ថា ​ការ​ដែល​រដ្ឋាភិបាល​មិន​អើពើ​នឹង​ការ​លួច​ស្តាប់ ​និង​ផ្សព្វផ្សាយ​សំឡេង​របស់​បុគ្គល​ឯកជន​ជា​សាធារណៈ​បែប​នេះ​បង្ហាញ​ថា​ រដ្ឋាភិបាល​កំពុង​បំពាន​ច្បាប់​យ៉ាង​ធ្ងន់ធ្ងរ។​

លោក​បញ្ជាក់​ថា៖​

«អាហ្នឹង​បង្ហាញ​ពី​ភាព​ទន់​ខ្សោយ​នេះ​មួយ​នៃ​ការ​គ្រប់គ្រង​ប្រព័ន្ធ​ទូរស័ព្ទ។​ ទី២​ទៀត ​នេះ​ជា​ការ​បំពាន​ច្បាប់​ធ្ងន់ធ្ងរ​បំផុត​ ហើយវា​មាន​ន័យ​ថា ​ប្រទេស​អត់​មាន​នីតិរដ្ឋ​ទេ។ មិន​មែន​មាន​ន័យ​ថា ​ទាំង​អស់​ទេ ​ពាក្យ​ថា ​នីតិរដ្ឋ​ហ្នឹង កាលណា​គេ​លើក​ឡើង​ថា អាហ្នឹង​ដដែលៗ​ហើយ ​នៅ​តែ​មិន​អើពើ​ទៀត​ អីចឹង​នីតិរដ្ឋ​តែ​មាត់​ទេ។ ​អីចឹង​បើ​ថ្នាក់​ដឹកនាំ​ដឹង​ ឮ​ហើយ ​លោក​មិន​ព្រម​អើពើ​រឿង​ហ្នឹង​ទៀត ​គឺ​លោក​ហ្នឹង​ហើយ​ដែល​ធ្វើ​ឲ្យ​មាន​ការ​រំលោភ​បំពាន​ច្បាប់ ​ហើយ​បំពាន​ដល់​សិទ្ធិ​មនុស្ស ​សិទ្ធិ​បុគ្គល ​សិទ្ធិ​មហាជន សិទ្ធិ​ប្រជា​ពលរដ្ឋ​ទូទៅ​នោះ​ទៀត»។

ក្នុង​កិច្ច​ប្រជុំ​វិសាមញ្ញ​រដ្ឋសភា ​កាល​ពី​ដើម​ខែ​កុម្ភៈ​នេះ​ លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន​ បាន​លើក​ឡើង​ពី​ខ្សែ​អាត់​សំឡេង​ដែល​ម្ចាស់​ទំព័រ​ Facebook​ ឈ្មោះ​ សី ហា​បង្ហោះ​លើ​បណ្តាញ​អ៊ីនធឺណែត​ថា​ មាន​តំណាង​រាស្រ្ត​របស់​គណបក្ស​ប្រឆាំង​មួយ​រូប​បាន​ប្រើប្រាស់​បន្ទប់​ក្នុង​រដ្ឋសភា​សម្រាប់​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់។

លោក ​ហ៊ុន សែន​ បាន​ប្រាប់​លោក​ ហេង ​សំរិន​ ប្រធាន​រដ្ឋសភា ​ដែល​ស្ថិត​ក្នុង​កិច្ច​ប្រជុំ​នោះ​ ឲ្យ​និមន្ត​ព្រះ​សង្ឃ​មក​សូត្រ​មន្ត​កម្ចាត់​ឧបទ្រព​ចង្រៃ​ចេញ​ពី​ក្នុង​រដ្ឋ​សភា៕

XS
SM
MD
LG