បណ្តាំ​ចុងក្រោយ​របស់​ព្រះ​ករុណា​ព្រះបាទ​នរោត្តម​សីហនុ​

អតីត​ព្រះ​មហា​វីរ​ក្សត្រ​នរោត្តម​ សីហនុ​

ភ្នំពេញ៖ ក្រោយព្រះករុណា​ព្រះបាទ​នរោត្តម សីហនុ​បាន​យាង​ចាកចោល​ប្រជានុរាស្រ្ត​របស់​ព្រះ​អង្គ​ជា​រៀង​រហូត​ទៅ​ហើយ​នោះ ​ពួក​គេ​ចង់​ឲ្យ​មេ​ដឹកនាំ​នយោបាយ​កម្ពុជា​គោរព​តាម​ព្រះ​រាជ​បណ្តាំ​ចុង​ក្រោយ​របស់​ព្រះ​អង្គ។​
ទោះបី​ជា​អតីត​ព្រះ​មហា​វីរ​ក្សត្រ​នរោត្តម​ សីហនុ​បាន​យាង​ចាក​លោក​នេះ​ទៅ​ហើយ​ក៏​ដោយ ​ក៏​ប្រជានុរាស្ត្រ​ជា​ច្រើន​របស់​ព្រះអង្គ​ចង់​ឃើញ​មេដឹកនាំ​នយោបាយ​កម្ពុជា​បច្ចុប្បន្ន​ធ្វើតាម​ព្រះរាជ​បណ្តាំ​ចុងក្រោយ​របស់​ព្រះអង្គ​ដែរ​គឺ​«រួបរួម​គ្នា​ដើម្បី​ជាតិ»។​
លោក​ទា ​សំអាត​គឺ​ជា​កសិករ​ម្នាក់​មក​ពី​ខេត្ត​កំពង់ចាម។​
«មុន​នឹង​ចូល​ទិវង្គត​ ព្រះអង្គ​បាន​ផ្តែផ្តាំ​កូន​ចៅ​ច្រើន​ បង្រួប​បង្រួម​កូន​ចៅ​ឲ្យ​ឈប់​ឈ្លោះ​គ្នា។​ អញ្ចឹង​ខ្ញុំ​សង្ឃឹម​ថា ​បណ្តាំ​របស់​ព្រះ​អង្គ​នេះ​នឹង​មាន​នៅ​ក្នុង​ជីវិត​គ្រប់​កូន​ខ្មែរ​ទាំង​អស់​គ្នា»។​
ព្រះ​ករុណា​នរោត្តម ​សីហនុ​ត្រូវ​បាន​គេ​មើល​ឃើញ​ជា​ទូទៅ​ថា​ ជា​ឥស្សរជន​បង្រួប​បង្រួម​ជាតិ​មួយ​អង្គ ​នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​ប្រឈម​មុខ​នឹង​ការ​រាំង​ស្ទះ​នយោបាយ​ នៅ​គ្រា​ដែល​ភាគី​នយោបាយ​ប្រឆាំង​គ្នា ​មិន​អាច​ឈាន​ដល់​ការ​សម្រុះ​សម្រួល​គ្នា​បាន។​
រហូត​មក​ដល់​ពេល​នេះ​ គណបក្ស​ជំទាស់​ និង​គណបក្ស​កាន់​អំណាច​នៅតែ​មាន​ការ​ប្រទាំង​ប្រទើស​គ្នា​នៅ​ឡើយ។ ​មេដឹកនាំ​បក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នៅ​តែ​ស្ថិត​នៅ​និរទេស​ខ្លួន​ឯ​ក្រៅ​ប្រទេស​ដើម្បី​គេច​ពី​ទោស​ជាប់​ពន្ធនាគារ​នៅ​ក្នុង​ករណី​មួយ​ដែល​គេ​មើល​ឃើញ​ថា​ ករណី​នយោបាយ។​
លោក​ឌី ហ៊ីម​គឺ​ជា​មន្រ្តី​ចូល​និវត្តន៍។​
«ប្រសិន​បើ​អស់​លោក​អ្នក​ដឹកនាំ​ខាង​ក្រោយ​អនុវត្ត​ ឬ​ប្រតិបត្តិ​តាម​ផែនការ​ក៏​ដូចជា​ស្ថានភាព​របស់​សម្តេច​គឺ​ផ្សះផ្សារ​ជាតិ​ និង​អប់រំ​ជាតិ​ឲ្យ​បាន​គង់វង្ស​ ស្ថិរភាព​តទៅ​ យើង​ខ្ញុំ​ថា ​ជា​ការ​ប្រសើរ​ណាស់»។​
ភិក្ខុ​ណាំ ​ច័ន្ទ​ថេន​និមន្ត​មក​ពី​វត្ត​ឧណ្ណាលោម​ ជិត​ព្រះ​បរម​រាជវាំង។​
«យើង​ធ្វើ​យ៉ាងម៉ិច​ឲ្យ​ដូច​បណ្តាំ​របស់​ព្រះអង្គ ​ដែល​ផ្តាំ​ថា ​យើង​ជា​កូន​ខ្មែរ​ ជា​ពូជ​ពង្ស​ខ្មែរ ​ជា​បេះដូង​ខ្មែរ​ ចេះ​ស្រឡាញ់​គ្នា​ ចេះ​រួបរួម​គ្នា​ ដើម្បី​ឲ្យ​ជាតិ​រីក​ចម្រើន​ និងវិវត្ត​ទៅ​មុខ​ជារៀង​រហូត»។​
សម្រាប់​មនុស្ស​ជា​ច្រើន ​ព្រះ​ករុណា​នរោត្តម ​សីហនុ​គឺ​ជា​អតីត​ព្រះ​មហា​ក្សត្រ​មួយ​អង្គ​ដែល​ទទួល​បាន​ការ​គោរព​ និង​ស្រឡាញ់​យ៉ាង​ខ្លាំងដោយ​សារ​ការ​បូជា​ព្រះ​កាយ​ពល​របស់​ព្រះអង្គ​ចំពោះ​ប្រជានុរាស្ត្រ​ និង​ប្រទេស​ជាតិ​របស់​ព្រះអង្គ​ក្នុង​ពេល​ព្រះអង្គ​មាន​ព្រះជន្ម។​
លោក​កឹម សុខា​គឺ​ជា​អនុ​ប្រធាន​គណបក្ស​ប្រឆាំង​ដែល​បាន​រួបរួម​គ្នា​កាល​ពី​ពេល​ថ្មីៗ​នេះ​គឺ​គណបក្ស​សង្គ្រោះ​ជាតិ។​
«ប្រសិន​បើ​មេដឹកនាំ​ប្រទេស​សព្វថ្ងៃ​នេះ​គោរព​បណ្តាំ​ព្រះ​មហា​ក្សត្រ​សម្តេច​ឪ ​សម្តេច​តា​មែន​ គួរ​តែ​លោក​ចាប់​ផ្តើម​ដើម្បី​ធ្វើ​ជា​គម្រូ​ក្នុង​ការ​ស្វែង​រក​ការ​បង្រួប​បង្រួម​ជាតិ ​ផ្សះផ្សារ​ជាតិ ​និង​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​មាន​ឯកភាព​ជាតិ»។​
ប៉ុន្តែការណ៍​នោះ ទំនង​ហាក់​ដូច​ជា​មិន​អាច​កើត​ឡើងទេ។​
លោក​ខៀវ ​កាញា​រិទ្ធ​គឺជា​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ និង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច។​
«សំខាន់​គឺ​ថា ​តើ​យើង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ ឬ​អត់?​ បើ​យើង​ចាប់​ផ្តើម​ឡើង​ ចាប់​ពី​ពាក្យ ​«ក្បត់ជាតិ»​ សុទ្ធ​តែ​ «ចោរ​លួចជាតិ»​ សុទ្ធ​តែ​«លក់​ដី»​ ទៅ​ហើយ​ តើ​យើង​ទៅ​ចាប់​ដៃ​ជា​មួយ​អ្នក​លក់​ដី​ធ្វើអ្វី?»​
ទោះ​ជា​យ៉ាង​នេះ​ក្តី ​អ្នក​វិភាគ​ឯករាជ្យ​ ដូចជា​លោក​បណ្ឌិត​ឡៅ ម៉ុងហៃ​ និយាយ​ថា ​មិន​ចាំបាច់​មាន​ការ​បង្រួប​បង្រួម​គណបក្ស​ប្រឆាំង​ និង​គណបក្ស​កាន់​អំណាច​ឲ្យ​មាន​ភាព​ផ្អែម​ល្ហែម​នឹង​គ្នា​នោះ​ទេ​ ប្រសិន​បើ​គណបក្ស​នយោបាយ​ទាំង​ពីរ​ចេះ​ប្រើ​ប្រាស់​សម័យ​ប្រជុំ​រដ្ឋ​សភា​ប្រកប​ដោយ​អត្ថន័យ​ជាង​មុន។​
«ទាស់​គ្នា​ក្នុង​សភា​ទៅ។​ កាលណា​មាន​ទស្សនៈ​ខុសគ្នា​គឺ​ជជែក​គ្នា​ទៅ​ សន្ទនា​គ្នា​ទៅ។​ ទោះ​ព្រម ​ឬ​មិន​ព្រម ​ប៉ុន្តែ​បាន​លើក​ឡើង ​ព្រោះ​ចំណេញ​ដល់​ជាតិ។ ​ធ្វើ​ម៉េច​បាន​ចំណេញ​ដល់​ជាតិ? ​ព្រោះ​វា​មាន​គំនិត​ចេញ​មក។​ ជាតិ​នីមួយៗ​ត្រូវ​ការ​គំនិត ​អាច​ជា​គំនិត​ថ្មី ​ឬ​គំនិត​អ្វី​ផ្សេងៗ​អញ្ចឹង​ទៅ»។​
យ៉ាង​ណា​ក៏ដោយ ​សម្រាប់​ប្រជារាស្ត្រ​ ដូច​ជា​លោកទា សំអាត​ ជា​កសិករជាដើម​ ការ​មិន​អើពើ​របស់​អ្នក​នយោបាយ​ណាមួយចំពោះ​ព្រះ​រាជ​បណ្តាំ​ចុងក្រោយ​របស់​ព្រះ​ករុណា​នរោត្តម​សីហនុ​គឺ​មាន​ន័យ​ស្មើ​នឹង​ការ​ប្រថុយ​ប្រថាន​របស់​អ្នក​យោបាយ​នោះ​ក្នុង​ការ​បាត់​បង់​អ្នក​គាំទ្រ​ និង​អ្នក​ដើរ​តាម​ខ្លួន​ នៅ​ក្នុង​ការ​បោះឆ្នោត ​នៅពេល​ខាង​មុខ​ ដូច្នោះ​ដែរ៕