មេ​​បញ្ជាការ​កង​ទ័ព​កម្ពុជា​​ថៃ​​ជជែក​​ពី​​បញ្ហា​​សន្តិសុខ​​នៅ​​តាម​​ព្រំដែន

នាយ​ឧត្ដមសេនីយ៍ ប៉ុល សារឿន អគ្គ​មេ​បញ្ជា​ការ​កងយោធពលខេមរភូ​មិន្ទ និង​នាយ​ឧត្ដមសេនីយ៍ Thanchayan Srisuwan អគ្គ​មេ​បញ្ជា​ការ​កងយោធពលភូ​មិន្ទ​ថៃក្នុង​ជំនួបកាលពី​ថ្ងៃ​ទី២២ ខែមិថុនា ឆ្នាំ​២០១៨,​ នៅ​ឯ​រាជធានី​ភ្នំពេញ​។ (រូបថត៖ ទំព័រហ្វេសប៊ុក លោក ប៉ុល សារឿន)

ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការជា​លើក​ទី​មួយ​របស់​លោក​មក​កាន់​ប្រទេស​កម្ពុជា ​លោក​នាយ​ឧត្ដមសេនីយ៍ Thanchayan Srisuwan អគ្គ​មេ​បញ្ជា​ការ​កងយោធពល​ភូមិន្ទ​ថៃ​បាន​ជជែក​នឹង​សម​ភាគី​កម្ពុជា​និង​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​ អំពី​សន្តិសុខ​តាម​​​ព្រំដែន​​ប្រទេស​ទាំង​ពីរ។

ការ​លើក​កម្ពស់​សន្តិសុខ​ ​និង​កិច្ច​សហ​ប្រតិបត្តិ​ការ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​ថៃ​បាន​ក្លាយ​ជា​ប្រធាន​បទ​សំខាន់​ ​ដែល​គេ​លើក​យកមក​ពិភាក្សា​ ពេល​ដែល​មេ​បញ្ជា​ការ​កង​ទ័ព​ប្រទេស​ទាំង​ពីរ​បាន​ជួប​គ្នា​នៅ​រាជធានី​ភ្នំពេញកាល​ពី​សប្ដាហ៍​មុន។​ ​នេះ​បើ​យោង​តាម​ការ​ឱ្យ​ដឹងពី​មន្ត្រី​រាជ​រដ្ឋាភិបាល​កម្ពុជា។​

អគ្គ​មេ​បញ្ជា​ការ​កង​យោធពល​ខេមរ​ភូមិន្ទ​ ​នាយ​ឧត្ដម​សេនីយ៍​ ​ប៉ុល សារឿន​ ​ដែល​ជិត​សុំ​ច្បាប់​ពិសេស​ទៅ​ឈរ​ឈ្មោះ​ជា​តំណាង​រាស្ត្រជា​មួយ​គណ​បក្សកាន់​អំណាច​នា​ការ​បោះ​ឆ្នោត​ខាង​មុខ​ ​បាន​ជួប​ពិភាក្សា​ការ​ងារ​ជា​មួយ​អគ្គ​មេ​បញ្ជា​ការ​កង​យោធពល​ភូមិន្ទ​ថៃ ​នាយ​ឧត្ដម​សេនីយ៍ ​Thanchaiyan Srisuwan ​នៅ​អគ្គ​បញ្ជា​ការដ្ឋាន​កណ្ដាល​នៅ​រាជធានី​ភ្នំពេញ​ ខណៈ​ដែល​មេ​ទ័ព​ថៃ​រូប​នេះ​មក​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​ដើម្បី​ណែ​នាំ​ខ្លួន​ តាំង​ពី​លោក​ត្រូវ​បាន​ព្រះ​មហា​ក្សត្រ​ថៃ​ប្រទាន​នូវ​តំណែង​កំពូល​ក្នុង​ជួរកង​ទ័ព​ថៃ​កាលពី​ខែ​កញ្ញា​ឆ្នាំ​២០១៧​កន្លង​ទៅ។​

នាយ​ឧត្ដម​សេនីយ៍​ ​សៅ សុខា​ ​ដែល​នឹង​ទៅ​ជំនួស​តំណែ​នាយ​ឧត្ដម​សេនីយ៍​ ​ប៉ុល សារឿន​ ​នា​ពេល​ប៉ុន្មានថ្ងៃ​ខាង​មុខ​នេះ ក្នុង​នាមជា​អគ្គ​មេ​បញ្ជា​ការ​ស្ដីទី​ ​ក៏​មាន​វត្ត​មាន​ចូល​រួម​ក្នុង​ជំនួប​រវាង​មេ​ទ័ព​ប្រទេស​ទាំង​ពីរ​ផង​ដែរ។​

នៅ​ក្នុង​កំណត់​វិចារ​មួយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​លោក​ដែល​និយាយ​ពីជំនួបជា​មួយ​មេ​ទ័ព​ថៃ ​លោក​ ​ប៉ុល សារឿន​ ​បាន​ចារ​ក្នុង​ន័យ​ដើម​ថា៖​

«គោល​បំណង​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​គឺ​ដើម្បី​បន្ត​រឹតចំណង​មិត្ត​ភាព​ សាមគ្គី​ភាព ​និង​កិច្ច​សហ​ប្រតិបត្តិ​ការ​ល្អ​រវាង​រាជ​រដ្ឋាភិបាល​ ​កង​ទ័ព​ ​និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ កម្ពុជា-ថៃ ​ឱ្យ​កាន់​តែ​រីក​ចម្រើន​រឹងមាំ​ថែម​ទៀត»។​

នាយ​ឧត្ដមសេនីយ៍ ប៉ុល សារឿន អគ្គ​មេ​បញ្ជា​ការ​កងយោធពលខេមរភូ​មិន្ទ និង​នាយ​ឧត្ដមសេនីយ៍ Thanchayan Srisuwan អគ្គ​មេ​បញ្ជា​ការ​កងយោធពលភូ​មិន្ទ​ថៃក្នុង​ជំនួបកាលពី​ថ្ងៃ​ទី២២ ខែមិថុនា ឆ្នាំ​២០១៨,​ នៅ​ឯ​រាជធានី​ភ្នំពេញ​។ (រូបថត៖ ទំព័រហ្វេសប៊ុក លោក ប៉ុល សារឿន)

លោក​ ​ប៉ុល សារឿន ​ក៏​បានបន្ថែម​ទៀត​ថា ​មេ​ទ័ព​ប្រទេស​ទាំង​ពីរ​បាន​ជជែក​គ្នា​អំពី​វិធី​សាស្ត្រ​ធានា​សន្តិសុខ ​និង​បង្កើន​សកម្ម​ភាព​សេដ្ឋ​កិច្ច​និង​ពាណិជ្ជ​កម្ម ​តាម​បណ្ដោយ​ព្រំដែន​ប្រទេស​ទាំង​ពីរ។​ លោក​ ​Thanchaiyan Srisuwan​ ​ក៏​បានលើក​យក​ប្រធាន​បទ​សន្ដិសុខ ​និង​កិច្ច​សហ​ប្រតិបត្តិ​ការ​តាម​បណ្ដោយ​ព្រំដែន​ប្រទេស​ទាំង​ពីរ​នេះ​ទៅ​ជជែក​ពិភាក្សា​ជា​មួយ​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន ​ផង​ដែរ។​

ក្នុង​សេចក្ដី​ប្រកាស​មួយ ​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​បាន​ថ្លែង​ថា​លោក​បាន​លើក​ឡើង​នូវ​សំណើ​ជា​យុទ្ធ​សាស្ត្រ​ប្រាប់​ដល់​មេ​ទ័ព​ថៃ​ដើម្បី​បង្កើន​សកម្ម​ភាព​សេដ្ឋ​កិច្ច​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា-ថៃ ​ដោយ​មាន​ការ​បង្កើន​ការ​ត​ភ្ជាប់​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ​រូបវ័ន្ត​នានា​ ​ដែល​លោក​មាន​ជំនឿ​ថា​ អាច​មាន​ប្រសិទ្ធភាព​ក្នុង​ការ​រក្សា​សន្តិសុខ​តាម​ព្រំដែន។​

នាយ​ឧត្ដម​សេនីយ៍​ ​ឈុំ សុជាតិ​ ​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា ​បាន​និយាយ​ថា​ ជំនួប​រវាង​មេ​ទ័ព​ទាំង​ពីរ​ដែល​ជជែក​អំពី​បញ្ហា​សន្តិសុខ​តាម​ព្រំដែន​គឺ​ធ្វើ​ឡើង​ស្រប​តាម​ក្រប​ខណ្ឌ​នៃ​ការ​សន្ទនា​ទ្វេ​ភាគី​ផ្នែក​សន្តិសុខ​នៃ​យោធា​ ​ដែល​មើល​ការ​ខុស​ត្រូវ​ដោយ​យន្តការ​ ​JBC​ ​គណៈ​កម្មការ​ចម្រុះ​ព្រំ​ដែន​នៅ​កម្រិត​រដ្ឋាភិបាល​ ​និង​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​ទាំង​ពីរ។

លោក​ ​ឈុំ សុជាតិ​ ​បាន​បន្ថែម​ថា​ ​ទាក់​ទិន​នឹង​បញ្ហា​សន្តិសុខ ​អគ្គ​មេ​បញ្ជា​ការ​កង​ទ័ព​ប្រទេស​ទាំង​ពីរ​បាន​ជជែក​អំពី​បញ្ហា​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន ​ការ​ងារ​កម្ចាត់​ភេរវ​កម្ម​ ​និង​បញ្ចៀស​ការ​ប្រឈម​មុខ​ដាក់​គ្នា។​

«ផ្នែក​សំខាន់​នៃ​ទស្សនកិច្ច​អគ្គ​មេ​បញ្ជា​ការ​ហ្នឹង​គឺ​និយាយ​រួម​ការ​ពង្រឹង​សន្តិសុខ​តាម​បណ្ដោយ​ព្រំដែន ​ធ្វើ​យ៉ាង​ម៉េច​ឱ្យ​ប្រទេស​ទាំង​ពីរ ​កង​ទ័ព​ទាំង​ពីរ​ដែល​នៅ​ជួប​គ្នា​រក្សា​សន្តិសុខ ​សន្តិភាព​ និង​សហ​ប្រតិបត្តិ​ការ​ជា​មួយ​គ្នា ​កុំ​ឱ្យ​មាន​ការ​ផ្ទុះ​អាវុធ​ ឬ​ក៏​ដោះ​ស្រាយ​ដោយ​អាវុធ​ហ្នឹង​គឺ​ថា ​បញ្ហា​ដែល​មាន​ទំនាស់​កន្លែង​ណា ​ឬ​មាន​ភាព​មិន​ប្រក្រតី​កន្លែង​ណា ​កម្លាំង​នៅ​ខាង​មុខ​ហ្នឹង ​ចរចា​គ្នា​តាម​ថ្នាក់»។​

មកទល់​នឹង​ឆ្នាំ​២០១៨​នេះ ​មាន​រយៈ​ពេល​១០​ឆ្នាំ​គត់​ចាប់​តាំង​ពីការ​ចាប់​ផ្ដើម​ប្រឈម​មុខ​គ្នា​ដោយ​ប្រដាប់​អាវុធ​ដណ្ដើម​ការ​កាន់​កាប់តំបន់​ក្បែរ​តំបន់​បេតិក​ភណ្ឌ​ពិភព​លោក​គឺ​ប្រាសាទ​ព្រះ​វិហារ ​ដែល​ត្រូវ​បាន​ចុះ​បញ្ជី​ជា​សម្បត្តិ​បេតិក​ភណ្ឌ​ពិភព​លោក​ជា​មួយ​អង្គការ​យូណេស្កូ​ នាគ្រា​នោះ ​ដែល​នាំ​ឱ្យ​មាន​ការ​ពើប​ប្រយុទ្ធ​គ្នា​ជា​ច្រើន​លើក​ច្រើន​សារ​ចន្លោះ​ពី​ឆ្នាំ​២០០៨​ ដល់​ឆ្នាំ​២០១១។​

នាយ​ឧត្ដមសេនីយ៍ ប៉ុល សារឿន អគ្គ​មេ​បញ្ជា​ការ​កងយោធពលខេមរភូ​មិន្ទ និង​នាយ​ឧត្ដមសេនីយ៍ Thanchayan Srisuwan អគ្គ​មេ​បញ្ជា​ការ​កងយោធពលភូ​មិន្ទ​ថៃក្នុង​ជំនួបកាលពី​ថ្ងៃ​ទី២២ ខែមិថុនា ឆ្នាំ​២០១៨,​ នៅ​ឯ​រាជធានី​ភ្នំពេញ​។ (រូបថត៖ ទំព័រហ្វេសប៊ុក លោក ប៉ុល សារឿន)

ការ​ប្រឈម​មុខ​គ្នាមានភាព​ថ​មថយ​នៅ​ពេល​ការ​ចូល​កាន់​អំណាច​នៅ​ទី​ក្រុង​បាងកក​កាលពី​ឆ្នាំ​២០១១ ​ដោយ​រដ្ឋាភិបាល​គណ​បក្ស​ភឿ​ថៃ​ ដែល​មាន​ការ​គាំទ្រ​ដោយ​អតីត​នាយក​រដ្ឋ​មន្ត្រី​ថៃ​ ​Thaksin Shinawatra​ ​ដែល​មាន​ចំណង​មិត្ត​ភាព​កម្រិត​បុគ្គល​យ៉ាង​ជិត​ស្និទ្ធ​ជាមួយនាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​របស់​កម្ពុជា។​

ក៏​ប៉ុន្តែ​បើ​ទោះ​ជា​ក្រុម​យោធា​អភិរក្ស​និយម​គាំទ្រ​ព្រះ​រាជ​បល្ល័ង្ក​នៅ​ទី​ក្រុង​បាងកក​បាន​ផ្ដួល​រំលំ​រដ្ឋាភិបាល​គណ​បក្ស​ភឿ​ថៃ ​ក្នុង​រដ្ឋ​ប្រហារ​យ៉ាង​តក់​ក្រហល់​មួយ​កាលពី​ឆ្នាំ​២០១៤​យ៉ាង​ណាក្ដី ​របបសឹក​ថៃ​ដែល​កើត​ចេញ​ក្រោយ​រដ្ឋ​ប្រហារ​បាន​រក្សា​ទំនាក់​ទំនង​មួយ​ដ៏​មាន​ស្ថិរភាព​ជា​មួយ​នឹង​ប្រទេស​កម្ពុជា​ដែល​នៅ​ក្បែរ​ខាង ​បើ​ទោះ​មាន​ភាព​ចម្រូង​ចម្រាស​មួយ​រយៈ​ខ្លីនា​ដើម​ដំបូង​ទាក់​ទិន​នឹង​បញ្ហា​ប្រជាជន​កម្ពុជា​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​ក្នុង​ដី​ថៃ​យ៉ាង​ណា​ក្ដី។​

ប្រទេស​ទាំង​ពីរ ​កម្ពុជា​ ថៃ មាន​ព្រំប្រទល់​ដែនដី​គោក​ជាប់​គ្នា​ប្រវែង​ប្រមាណ​៨០៣​គីឡូ​ម៉ែត្រ​ លាតសន្ធឹង​ចាប់​តាំង​ពីច្រកចាំយាម ​ក្នុង​ស្រុក​មណ្ឌល​សីមា​ ​ខេត្ត​កោះ​កុង ​ដល់​សាលា​រួម​ចិត្ត​ ទីប្រជុំ​ព្រំដែន​បី​ប្រទេស ​កម្ពុជា-ថៃ-ឡាវ ​ក្នុង​ស្រុក​ជាំក្សាន្ត ​ខេត្ត​ព្រះ​វិហារ​ ដែល​ខ្សែ​បន្ទាត់​ព្រំដែន​នេះ ​មិន​ទាន់​ឈាន​ទៅ​ដល់​ការ​កំណត់​ខណ្ឌ​សីមា​ច្បាស់​លាស់ ​ដើម្បី​បោះ​បង្គោល​ព្រំដែន​ផ្លូវ​ការ​នៅ​ឡើយ ​ខុស​ពី​ព្រំដែន​កម្ពុជា​វៀត​ណាម ​ដែល​សម្រេច​បាន​ការ​បោះ​បង្គោល​ព្រំដែន​ច្រើន​ជាង​៨០%​ទៅ​ហើយ ​បើ​ទោះ​ជា​មាន​ភាព​ចម្រូង​ចម្រាស​នា​ពេល​កន្លង​មក​យ៉ាង​ណា​ក្ដី។​

ជា​បន្ត​បន្ទាប់​ ចាប់​តាំង​ពី​ឆ្នាំ​២០០៦​មក​ មន្ត្រី​រដ្ឋាភិបាល​ទី​ក្រុង​ភ្នំពេញ​ និង​ទី​ក្រុង​បាងកក ​បាន​ជួប​ប្រជុំ​គ្នា​យ៉ាង​ទៀងទាត់​ក្នុង​ក្រប​ខណ្ឌ​កិច្ច​ប្រជុំ​គណៈ​កម្មការ​ចម្រុះ ​ដែល​ធ្វើ​ការ​លើ​ពហុវិស័យ​ ចាប់​តាំង​ពីការ​ទូត ​នយោបាយ​ សេដ្ឋ​កិច្ច​ ​និង​យោធា។​

នៅ​ខែ​កុម្ភៈ​ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ ​ខាង​រដ្ឋាភិបាល​កម្ពុជាក៏​បាន​បង្កើត​ក្រុម​ការ​ងារ​ពិសេស​ថ្នាក់​ជាតិ​មួយ ​ដែល​ដឹក​នាំ​ដោយ​ឧប​នាយក​រដ្ឋ​មន្ត្រី​ ប៊ិន ឈិន​ និង​មាន​កូន​ប្រុស​លោក​នាយក​រដ្ឋ​មន្ត្រី​ចូល​រួម​ជា​សមាជិក​ផង ​ដែល​ត្រូវ​បាន​ចាត់​តាំង ​រៀបចំ​ ដឹក​នាំ​កិច្ចការ​ការពារ​អធិប​តេយ្យ​ភាព ​និង​ស្ថិរភាព​តាម​បណ្ដោយ​ព្រំដែន​ជា​មួយ​ប្រទេស​ថៃ ​និង​ប្រទេស​ឡាវ ​ដែល​ការណ៍​នេះ​កើត​មាន​ឡើង​នៅ​ក្រោយ​ពី​មាន​ការ​ប្រឈម​មុខ​គ្នា​ផ្នែក​យោធា​មួយ​រយៈ​ពេល​ខ្លី ​នៅ​ព្រំដែន​ឡាវ​ជាប់​ខេត្ត​ស្ទឹងត្រែង​របស់​កម្ពុជា។​

លោក​បណ្ឌិត ឡៅ ម៉ុងហៃ​ ​អ្នក​វិភាគ​នយោបាយ ​បាន​និយាយ​ថា​ ​ការរឹត​បន្តឹង​ចំណង​ទាក់​ទង​ ​និង​សកម្ម​ភាព​សេដ្ឋ​កិច្ច​ទ្វេ​ភាគី​អាច​ជួយ​ធានា​នូវ​សន្តិសុខ​តាម​បណ្ដោយ​ព្រំដែន ​ហើយ​លោក​ថា​ ទំនាក់​ទំនង​សេដ្ឋ​កិច្ច​នេះ​ហើយ​ដែល​ជួយ​រុញ​រដ្ឋាភិបាល​ទី​ក្រុង​ភ្នំពេញ​ និង​របប​សឹក​នៅ​ទី​ក្រុង​បាងកក​ឱ្យ​ជិត​ស្និទ្ធនឹង​គ្នា ​ដោយ​ឱ្យ​តម្លៃ​ទំនាក់​ទំនង​កម្រិត​រដ្ឋាភិបាល​ ហើយ​ទុក​ទំនាក់​ទំនង​បុគ្គល​រវាង​លោក​ ហ៊ុន សែន ​និង​លោក​ Thaksin Shinawatra នៅមួយ​ដុំ​សិន។​

«ផល​ប្រយោជន៍​សេដ្ឋកិច្ច ​អា​ហ្នឹង​គឺ​ខាង​ថៃ​ចំណេញ​ជាង​ខ្មែរ​ច្រើន​ណាស់។​ ​ទី​មួយ​គឺ​មាន​កម្មករ​ខ្មែរ​ទៅ​ធ្វើ​ការ​នៅ​ទី​នោះ​ទៅ ​គឺ​បាន​ចំណេញ​ដល់​សេដ្ឋ​កិច្ច​គេ​ផង។​ ​ទី​ពីរ ​ខ្មែរ​យើង ​សេដ្ឋកិច្ច​ខ្មែរ​ក្លាយ​ទៅ​ជាទី​ផ្សារ​របស់​ថៃ​យ៉ាង​ធំ»។

រូបឯកសារ៖ លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ​ចូល​រួម​ជា​វាគ្មិន​នៅ​ក្នុង​កម្មវិធី​វិទ្យុ ហេឡូវីអូអេ នៅ​ក្នុង​បន្ទប់​ផ្សាយ​វីអូអេ​នៅ​ក្រុង​ភ្នំពេញ។​(លឹម សុធី/VOA)

យ៉ាង​ណាក្ដី​ អ្នក​វិភាគ​នយោបាយ​រូប​នេះ​ក៏បានលើក​ឡើង​ផង​ដែរ​អំពី​បញ្ហា​មិន​ទាន់​ដាច់ស្រេច​លើ​សំណុំ​រឿង​ប្រាសាទ​ព្រះ​វិហារ ​ដែល​លោក​ថា​ ទាំង​បញ្ហា​នេះ ​និង​បញ្ហា​ដទៃ​ទៀត​ អាច​ត្រឡប់​មក​កកូរ​ភាព​ល្អូក​ល្អឺន​ខ្មែរ​ថៃ ​ជា​មួយ​ភាព​ប្រែប្រួល​លឿន​រហ័ស​នៃ​នយោបាយ​ផ្ទៃ​ក្នុង​ប្រទេស​ទាំង​ពីរ​ ដែល​មាន​តួអង្គ​ច្រើន​មាន​ទំនាក់​ទំនង​ប្រទាក់​ក្រឡា​គ្នា​ជា​មួយ​នឹង​ប្រយោជន៍​ចម្រុះ ​និង​ស្មុគស្មាញ។​

បណ្ឌិត ​ដេត សុខឧត្ដម ​សាស្ត្រាចារ្យ​រង​ជំនាញ​ទំនាក់​ទំនង​អន្តរជាតិ ​នៅ​សាកលវិទ្យា​ល័យ ​Zaman​ ដែល​ជា​អ្នក​ស្រាវជ្រាវ​លើ​កិច្ចការ​ទំនាក់​ទំនង​កម្ពុជា​ថៃ ​បាន​និយាយ​ថា ​ទំនាក់​ទំនង​ទ្វេ​ភាគី​មាន​ភាព​ស៊ាំ​ជាង​មុន​ទៅ​នឹង​ការ​ផ្លាស់​ប្ដូរ​នយោបាយ​ជា​ញឹកញាប់​នៅ​ប្រទេស​ថៃ។​

អ្នក​ស្រាវជ្រាវ​រូប​នេះ​បាន​សរសេរ​ប្រាប់​ VOA ​តាម​រយៈ​សារ​អេឡិចត្រូនិក​ជា​ភាសា​អង់គ្លេស​ ដែល​មាន​ន័យ​ដើម​យ៉ាង​ដូច្នេះ​ថា៖​

«ជា​មួយ​នឹង​ផល​ប្រយោជន៍​សេដ្ឋកិច្ច​ និង​នីត្យានុកូលភាព​ផ្នែក​នយោបាយ ​ស្ថិត​ក្នុង​ស្ថានភាព​ប្រឈម​ វា​មើល​ទៅ​សម​ហេតុ​ផល ​ដែល​រដ្ឋាភិបាល​កម្ពុជា ​និង​សម​ភាគី​យោធា​[​ថៃ​]​នឹង​បន្ត​ធ្វើ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​លើ​បញ្ហា​ជា​ច្រើន ​និង​ចៀស​វៀង​បញ្ហា​រសើប​នានា ​ដូច​យ៉ាង​ជម្លោះ​នៅ​ក្បែរ​ប្រាសាទ​ព្រះ​វិហារ ​ដែល​អាច​កកូរ​ទំនាក់​ទំនង​ប្រទេស​ទាំង​ពីរ​ក្នុង​ពេល​មួយ​ប៉ព្រិច​ភ្នែក»។​

លោក​បណ្ឌិត ដេត សុខឧត្ដម​ បាន​និយាយ​ថា ​កម្ពុជា​និង​ថៃ​បាន​រក​ឃើញ​ប្រយោជន៍​រួម ​លើ​ប្រធានជា​ច្រើន​ ទាំង​ផ្នែក​ការ​ប្រាស្រ័យ​ទាក់​ទង​ទ្វេ​ភាគី​ និង​បញ្ហា​តំបន់​នានា ​ដូច​យ៉ាង​ការ​ចង​មិត្ត​នឹង​ប្រទេស​ចិន ​ការ​ធ្វើ​សុខដុម​រមនីយកម្ម​ក្នុង​នាមជា​សមាជិក​អាស៊ាន​ដូច​គ្នា​ និង​ការ​ទាក់​ទង​នឹង​សហ​រដ្ឋ​អាមេរិក ​ក្រោម​រដ្ឋ​ការ​លោក​ Donald Trump​ ដែល​មិន​សូវផ្ដល់​អាទិភាព​ដល់​បញ្ហា​សិទ្ធិ​មនុស្ស​ និង​ប្រជា​ធិបតេយ្យ​ប៉ុន្មាន​ទេ៕