ក្រសួង​សុខាភិបាល​​កម្ពុជា៖ ការ​ធ្វើ​តេស្ត​​វីរុស​កូរ៉ូណា​សរុប​ជាង​៤​ពាន់ ខណៈ​រក​ឃើញ​មនុស្ស​ផ្ទុក​វីរុស​សរុប​១០៩​ករណី

អ្នកសារព័ត៌មានម្នាក់ត្រូវបានពិនិត្យសីតុណ្ហភាព ខណៈចូលរួមយកព័ត៌មានក្នុងពិធីទទួលមូលនិធិឧបត្ថម្ភពីចិន នៅរាជធានីភ្នំពេញ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០។

មន្រ្តី​ក្រសួង​សុខាភិបាល​ឲ្យ​ដឹង​ថា ​ការ​ធ្វើ​តេស្ត​រក​វីរុស​កូរ៉ូណា​សរុប​នៅ​ទូទាំង​ប្រទេស​កម្ពុជា ​មាន​ជាង​ ៤​ពាន់​នាក់ ​ហើយ​ក្នុង​នោះ​រក​ឃើញ​អ្នក​ផ្ទុក​វីរុស​ប្រមាណ​ ១០០​ករណី​ រហូត​មក​ដល់​ថ្ងៃ​អង្គារ​នេះ។​

ក្រសួង​សុខាភិបាល​បាន​ប្រកាស នៅ​ថ្ងៃ​អង្គារ​នេះថា​ មាន​ករណី​ថ្មី​ពីរ​ទៀត​នៃ​ការ​ឆ្លង​វីរុស​កូរ៉ូណា​នៅ​ខេត្ត​សៀមរាប​ ដែល​ជា​ម្តាយ​និងកូន។ បន្ថែម​ករណី​ថ្មី​ពីរ​នេះ​ ករណីឆ្លង​វីរុស​នេះ​សរុប​ទាំង​អស់​នៅ​កម្ពុជា​មាន​ចំនួន​ ១០៩​ករណី។​

នៅ​ពេល​ទាក់​ទង​តាម​ទូរស័ព្ទ​ដើម្បី​សាក​សួរ​ព័ត៌មាន​លោក​ លី សូវ៉ាន់ ​អ្នក​នាំពាក្យ​របស់​ក្រសួង​សុខាភិបាល​ បាន​បដិសេធ​មិន​ប្រាប់​ចំនួន​សរុប​នៃ​កំណើន​មនុស្ស​ ដែល​ត្រូវ​បាន​ធ្វើ​តេស្ត​រក​វីរុស​កូរ៉ូណា​ទេ។​

លោក​បាន​ថ្លែង​ថា៖ «ចាំ​បាច់​ដឹង​រឿង​ហ្នឹង​ធ្វើ​អី?»​

លោក​បាន​ឲ្យ​អ្នក​សារ​ព័ត៌មាន​សរសេរ​ថា​ «មនុស្ស​រាប់​ពាន់​នាក់» ​ត្រូវ​បាន​ធ្វើ​តេស្ត​រក​វីរុស​នេះ។​

ប៉ុន្តែ​ក្រោយ​មក​អ្នក​នាំពាក្យ​រូប​នោះ​បាន​ប្រាប់​ VOA​ តាម​ប្រព័ន្ធ​តេលេក្រាម​ថា ចំនួន​មនុស្ស​សរុប​ដែល​ត្រូវ​បាន​ធ្វើ​តេស្ត​ក្នុង​ប្រទេស​មាន​ចំនួន​ ៤១៥២​នាក់ ដោយ​រាប់​បញ្ចូល​ទាំង​ជន​បរទេស​ផង​ដែរ។ ប៉ុន្តែ​ លោក​ថា ​ចំនួន​នេះ​មិន​រាប់​បញ្ចូល​ការ​ធ្វើ​តេស្ត​អ្នក​ដំណើរ​នៅ​លើ​នាវា​កម្សាន្ត​អន្តរ​ជាតិ​ Westerdam​ ប្រមាណ​ ១៥៨០​នាក់​ និង​នាវា​ Dream World​ ចំនួន​ ៣៦​នាក់ ដែល​បាន​សុំចត​នៅ​ប្រទេស​កម្ពុជា​ កាល​ពី​កន្លង​ទៅ​ក្រោយ​មាន​ការ​បដិសេធ​ពី​ប្រទេស​ផ្សេង។​

លោក​ លី សូវ៉ាន់​ បន្ត​ថា ក្រសួងសុខាភិបាល​កម្ពុជា​ មាន​សម្ភារៈ​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​តេស្ត។​

លោក​បាន​ប្រាប់​ VOA ​ថា៖​ «សម្ភារៈ​មន្ទីរ​ពិសោធន៍​ក៏​មិន​អី​ដែរ​ទាំង​ការ​ប្រមូល​យក​មក​ធ្វើ​តេស្តហើយ​នឹង​ធ្វើ​តេស្ត​ហ្នឹង​ គឺ​ទាន់​ហើយ។ ហើយ​យើង​ក៏​ត្រៀម​លក្ខណៈ​ហើយ​ ហើយបើ​សិន​មាន​ករណី​តម្រូវ​ការ​ធ្វើ​តេស្ត​ច្រើន​អី យើង​មាន​មន្ទីរ​ពិសោធន៍​ជា​ច្រើន​ទៀត​ ដើម្បី​ត្រៀម​លក្ខណៈ​ធ្វើ​តេស្ត»។​

លោក​បញ្ជាក់​បន្ថែម​ថា៖ «យើង​ធ្វើ​ជា​ជំហានៗប៉ុន្តែ​បច្ចុប្បន្ន​យើង​គាំទ្រ​បាន​ទាំង​អស់។​ ហើយ​លើក​ទឹក​ចិត្ត​ឲ្យ​គ្រប់​ខេត្ត​រាជធានី​ហ្នឹង​ប្រមូល​វិភាគ​ឲ្យ​បាន​ច្រើន​ដើម្បី​ឲ្យ​ប្រាកដ​ថា​យើង​គ្មាន​ករណី​កើត​ឡើង​ក្នុង​សហគមន៍​របស់​យើង​ទេ»។​

កាល​ពី​ថ្ងៃ​ទី​១៨ ​ខែ​មីនា​ លោកស្រី ​ឱ វណ្ណឌីន​ អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល ​បាន​បញ្ជាក់​ថា​ មនុស្ស​ជាង ​១​ពាន់​នាក់​ ត្រូវ​បាន​ធ្វើ​តេស្ត​រក​វីរុស​កូរ៉ូណា។​

ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ ក្រសួង​សុខាភិបាល​តែង​តែ​ប្រកាស​ជា​រៀងរាល់​ថ្ងៃ​អំពី​ចំនួន​ករណី​ឆ្លង​ជា​បន្ត​បន្ទាប់។ នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ថា ចំនួន​មនុស្ស​ជាសះ​ស្បើយ​ពី​ជំងឺ​កូវីដ​នេះមាន​ចំនួន​ ២៣​នាក់​ ហើយ​រហូត​មក​ដល់​ពេល​នេះ។​ ប៉ុន្តែ​ ក្រសួង​មិន​បាន​បញ្ជាក់​អំពី​ចំនួន​មនុស្ស​ ដែល​ត្រូវ​បាន​ធ្វើ​តេស្ត​សរុប​រហូត​មក​ដល់​ពេល​នេះ​ទេ។​

លោក​ លី សូវ៉ាន់​ បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ករណី​ឆ្លង​ទៅ​ដល់​សហគមន៍​នៅ​ឡើយ​ទេ។​ ប៉ុន្តែ​ លោក​បញ្ជាក់​ថា អាច​មាន។​

ការ​ធ្វើ​តេស្ត​រក​វីរុស​កូរ៉ូណាក្នុង​តំបន់​អាស៊ី​អាគេ្នយ៍​ ក្នុង​នោះ​មាន​ប្រទេស​កម្ពុជា​ផង​ដែរ​ ត្រូវ​បានអ្នក​ជំនាញ​សុខាភិបាល​ក្នុង​តំបន់​សង្ស័យ​ថា​ ការ​ធ្វើ​តេស្ត​មាន​កម្រិត​ទាប​នេះ​ ប្រហែល​ជា​មិន​អាច​បង្ហាញ​អំពី​អត្រា​ពិត​ប្រាកដ​នៃ​អ្នកឆ្លង​ជំងឺ​កូវីដ១៩​បាន​ទេ។​ ក្រុម​អ្នក​ជំនាញ​បារម្ភ​ថា ​បើ​សិន​ជា​ការ​បង្ហាញ​ចំនួន​មិន​ពិត​ប្រាកដ​នៃ​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩​ បង្ក​ឲ្យ​មាន​ភាពមិន​សូវ​ខ្វាយខ្វល់​ នោះវា​អាច​ធ្វើ​ឲ្យ​វីរុស​នេះ​កាន់តែ​រីក​រាលដាល។​

លោក​ Mark Simmerman ​គឺ​ជា​អ្នក​ពិគ្រោះ​យោបល់​ផ្នែក​សុខភាព​នៃ​ក្រុមហ៊ុន​ឯកជន​មួយ​មាន​មូលដ្ឋាន​នៅ​ប្រទេស​ថៃ ​និង​ជា​អតីត​អ្នក​ជំនាញ​ផ្នែក​រោគឆ្លង​នៃ​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​ការពារ​ជំងឺ​សហ​រដ្ឋ​អាមេរិក​ ដែល​ធ្វើការ​លើ​ការ​ឆ្លើយតប​ក្នុង​តំបន់​ទៅ​នឹង​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​ SARS​ ក្នុង​ឆ្នាំ​២០០៣។​

លោក​បាន​ថ្លែង​ប្រាប់ ​VOA​ ​តាម​សម្តី​ដើម​ថា៖ «នោះ​គ្រាន់តែ​ជា​ផលវិបាក​នៃ​សមត្ថភាព​មាន​កម្រិត​ក្នុង​ការ​ធ្វើតេស្ត​និង​ការ​ឃ្លាំ​មើល​ដែល​នៅ​ខ្សោយ​ប៉ុណ្ណោះ។​ នេះ​ជា​ស្ថានភាព​ជាក់ស្តែង​នៅ​ក្នុង​តំបន់​នោះ។​ក៏​ប៉ុន្តែ​ចំនួន​ដ៏​តិចតួច​ទាំង​នេះគឺ​មិន​ស៊ី​គ្នា​ទៅ​នឹង​ស្ថានភាព​ជាក់ស្តែង​ទេ»។​

កន្លង​ទៅ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន​ បាន​ថ្លែង​ថា ​រដ្ឋាភិបាល​មិន​មាន​ហេតុ​ផល​ណា​មួយ​ក្នុង​ការ​លាក់​បាំង​ចំនួន​មនុស្ស​ដែល​ឆ្លង​វីរុស​នោះ​ទេ។

លោក​មាន​ប្រសាសន៍​ថា៖ «រឿង​ទាំង​អស់គ្មាន​ការ​ចាំបាច់​ណា​ដើម្បី​លាក់​លាម​ជាមួយ​នឹង​អ្នក​ដែល​កើត​ជំងឺ​នេះ​ទេ។ បើ​សិន​ជារដ្ឋាភិបាល​ចង់​លាក់​ក៏​មិន​អាច​លាក់​បាន​ដែរ។ នេះ​គឺ​ជា​រឿង​ពិត​ព្រោះ​សាមី​ខ្លួន​គេ​គេ​ដឹង​ថា​គេ​ឈឺ​ឬ​មិន​ឈឺ»។​

ទោះ​ជាយ៉ាង​ណាកាល​ពី​ថ្ងៃ​ច័ន្ទ​ លោក ​ហ៊ុន សែន បាន​ប្រកាស​ថា ​រដ្ឋាភិបាល​របស់​លោក​បាន​បញ្ចប់​សេចក្តី​ព្រាង​ច្បាប់​មួយ​សម្រាប់ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​ ដែល​នឹង​ត្រៀម​នៅ​ពេល​ណា​មួយ​ដែល​រដ្ឋាភិបាល​យល់​ថា​ ត្រូវ​ប្រើ​កម្លាំង​សន្តិសុខ​ ដើម្បី​បង្ការ​ការ​រាត​ត្បាត​វីរុស​កូរ៉ូណា។​

រដ្ឋាភិបាល​ក៏​បាន​ប្រកាស​បិទ​បណ្តោះ​អាសន្ន​នូវ​កាស៊ីណូ​ទាំងអស់​នៅ​ទូទាំង​ប្រទេស​ ចាប់​ពី​ថ្ងៃ​ទី​១​ ខែ​មេសា ​និង​បិទ​កុំ​ឲ្យ​មាន​ការ​នាំអង្ករស​និង​ស្រូវ​ចេញ​ទៅ​ក្រៅ​ប្រទេស​ ដើម្បី​រក្សា​ទុក​ស្បៀង​ក្នុង​ប្រទេស ប្រសិន​បើ​ជំងឺ​កូវីដ​នេះ​រាល​ដាល​កាន់​តែ​ខ្លាំង៕