ក្រុមហ៊ុនទូរស័ព្ទចល័តនាំមុខមួយនៅកម្ពុជា គឺក្រុមហ៊ុនស្មាត(Smart)បានបង្ហាញការសាកល្បងប្រព័ន្ធបណ្ដាញបច្ចេកវិទ្យាទូរគមនាគមន៍ជំនាន់ទី៥ ឬ 5G របស់ខ្លួនជាសាធារណៈនៅថ្ងៃច័ន្ទនេះ ស្របពេលដែលសហរដ្ឋអាមេរិក និងបណ្ដាប្រទេសមួយចំនួនទៀតបានសម្តែងការព្រួយបារម្ភផ្នែកសុវត្ថិភាពនៃបច្ចេកវិទ្យាជំនាន់ថ្មីនេះ។
ការសាកល្បងអ៊ីនធើណិតជំនាន់ទី៥នេះធ្វើឡើងនៅក្នុងទីស្នាក់ការក្រុមហ៊ុន Smart Axiata ក្នុងទីក្រុងភ្នំពេញដោយចាប់ដៃគូជាមួយក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនផលិតទូរស័ព្ទមកពីប្រទេសចិន។
លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានលើកឡើងថាការសាកល្បងនូវប្រព័ន្ធអ៊ីនធើណិត 5G នៅថ្ងៃនេះបង្ហាញពីការវិវត្តជឿនលឿនផ្នែក ឧស្សាហកម្ម និងសេដ្ឋកិច្ច ហើយលោកថា ក្រុមហ៊ុនលោកគ្រោងនឹងបោះទុនវិនិយោគប្រាក់រាប់រយលានដុល្លារលើបណ្ដាញបច្ចេកវិទ្យាទូរគមនាគមន៍ជំនាន់ទី៥នេះ។
«ថ្ងៃនេះវាគ្រាន់តែជាការដាក់បង្ហាញសាកល្បងប៉ុណ្ណោះ។ យើងមិនមែនដាក់សម្ភោធការប្រើប្រាស់បែបពាណិជ្ជកម្មជាទូទៅនៅឡើយទេ គឺមិនទាន់ទេ។ តែវាពិតជាអាចទៅរួចសម្រាប់កម្ពុជា។ យើងជម្រុញយ៉ាងជាក់ច្បាស់ដល់រដ្ឋាភិបាលឱ្យធ្វើវាឱ្យចេញឡើង ជាមួយនឹងកិច្ចសហការជាមួយក្រុមសហគ្រាស និងដាក់កម្ពុជាឱ្យដើរក្នុងចំណោមគេ និងក្លាយជាប្រទេសអាស៊ានដំបូងគេ ដែលមានអ៊ីនធើណិត 5G សម្រាប់ប្រើប្រាស់»។
ក្នុងការសាកល្បងនៅប្រព័ន្ធអ៊ីនធើណិតជំនាន់ទី៥នេះ មានការបង្ហាញទាញយកកម្មវិធីទូរស័ព្ទដែលមានទំហំមួយជីហ្គាបៃ ត្រឹមតែ២០វិនាទីប៉ុណ្ណោះ។ ក្រៅពីនោះក៏មានការបង្ហាញពីការប្រើប្រាស់អ៊ីនធើណិតជំនាន់ទី៤និងទី៥ឬ អ៊ីនធើណិត 4G និង 5G ក្នុងពេលតែមួយ។ ការប្រើប្រាស់នោះបង្ហាញថា អ៊ីនធើណិតជំនាន់ទី៥មានល្បឿនលឿននិងរហ័សជាង។
ក្រុមហ៊ុន Smart Axiata មានអ្នកប្រើប្រាស់ប្រមាណ៨លាននាក់។ ក្នុងចំណោមប្រជាពលរដ្ឋកម្ពុជាសរុប១៦លាននាក់។ តួលេខចុងក្រោយរបស់រដ្ឋាភិបាលខ្មែរចំនួនស៊ីមកាតដែលប្រើប្រាស់នៅទូទាំងប្រទេសមានចំនួន ២០.៤លានកាត និងគណនីតភ្ជាប់អ៊ីនធើណិតមាន ១៥.៤លានគណនី។
លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បញ្ជាក់ថា ក្រុមហ៊ុនរបស់លោកនឹងធ្វើឲ្យប្រាកដដើម្បីឈានទៅដល់ការដាក់ឲ្យប្រើប្រាស់ប្រពន្ធ័អ៊ីនធើណិតជំនាន់ទី៥នៅក្នុងអនាគតដ៏ខ្លីនេះ។
អំឡុងដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ទីក្រុងប៉េកាំងកាលពីចុងខែមេសា រដ្ឋាភិបាលកម្ពុជាបានចុះអនុស្សារណៈនៃការយោគយល់មួយជាមួយក្រុមហ៊ុន Huawei ដើម្បីបើកផ្លូវឱ្យសាជីវកម្មខ្នាតធំរបស់ចិនមួយនេះជួយកសាងហេដ្ឋារចនាសម្ព័ន្ធនៃបច្ចេកវិទ្យាទូរគមនាគមន៍5Gនេះនៅកម្ពុជា ខណៈដែលការប្រកួតប្រជែងជាសាកលលើបច្ចេកវិទ្យាទូរគមនាគមន៍5Gនេះកំពុងមានការកើនឡើង។
សហរដ្ឋអាមេរិកនិងបណ្ដាប្រទេសជាសម្ព័ន្ធមិត្តរបស់ខ្លួន បានដាស់តឿនបណ្ដាប្រទេសក្នុងសកលលោកឱ្យប្រយ័ត្នប្រយែងក្នុងការចាប់ដៃគូកសាងបណ្ដាញអ៊ីនធើណិតជំនាន់ថ្មីលឿនរហ័សនេះ ជាមួយនឹងក្រុមហ៊ុន Huawei ដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីងតោន បានព្យាយាមទាញភ្ជាប់ថា មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ នឹងរដ្ឋាភិបាលចិនកុម្មុយនីស្ដ និងស្ថាប័នយោធានិងចារកម្មរបស់ខ្លួន។
កាសែត Daily Telegraph របស់អង់គ្លេស កាលពីសប្ដាហ៍កន្លងទៅបានចេញផ្សាយទិន្នន័យឯកសារធនធានមនុស្សរបស់ Huawei ហើយរកឃើញថា បណ្ដាបុគ្គលិកមួយចំនួនដែលបម្រើការឱ្យក្រុមហ៊ុននេះ មានការងារនៅក្នុងជួរកងទ័ពរំដោះប្រជាជនចិន ក្រសួងសន្តិសុខរដ្ឋ ដែលជាមន្ទីរចារកម្មធំបំផុតរបស់ចិន និងខ្លះទៀតធ្លាប់ជាប់ពាក់ព័ន្ធនឹងអង្គភាពដែលមានប្រវត្តិធ្លាប់វាយប្រហារតាមអ៊ីនធើណិតលើសហរដ្ឋអាមេរិកថែមទៀតផង។
ជានិច្ចកាលក្រុមហ៊ុន Huawei បានបដិសេធជាហូរហែរទៅនឹងការចោទប្រកាន់របស់រដ្ឋាភិបាលក្រុងវ៉ាស៊ីងតោន និងសម្ព័ន្ធមិត្តរបស់ខ្លួន។
លោកស្រី Emily Zeeberg អ្នកនាំពាក្យស្ថានទូតអាមេរិកនៅភ្នំពេញមានប្រសាសន៍នៅថ្ងៃចន្ទ័នេះដោយបានសម្តែងពីកង្វល់ផ្នែកសន្តិសុខតាមប្រពន្ធ័អ៊ីនធើណិតតាមរយៈប្រពន្ធ័ 5G នេះ។ អ្នកស្រីបានប្រាប់VOA តាមសារអេឡិចត្រូនិក ជាលាយលក្ខណ៍អក្សរដែលមានន័យដើមយ៉ាងដូច្នេះថា៖
«វាសំខាន់ណាស់សម្រាប់សម្ព័ន្ធមិត្តនិងប្រទេសដៃគូរបស់សហរដ្ឋអាមេរិក ក្នុងការរក្សាឱ្យបាននូវបណ្ដាញព័ត៌មាន និងគមនាគមន៍មួយដែលប្រកបដោយសន្តិសុខ និងជឿទុកចិត្តបាន។ យើងមានការព្រួយបារម្ភចំពោះឥទ្ធិពលរបស់ចិនទៅលើហេដ្ឋារចនាសម្ព័ន្ធទាំងអស់នេះ ហើយយើងបានពិភាក្សាក្ដីបារម្ភទាំងឡាយយ៉ាងទៀងទាត់ ជាមួយបណ្ដាប្រទេសសម្ព័ន្ធមិត្ត និងដៃគូរបស់យើង ដែលរួមមានសម្ព័ន្ធអូតង់របស់យើងផងដែរ។ ជាមួយនឹងក្ដីបារម្ភនេះ យើងមិននៅដាច់ដោយឯកឯងទេ»។
មន្ត្រីអ្នកនាំពាក្យស្ថានទូតអាមេរិករូបនេះបានបន្ថែមថា៖
«សហរដ្ឋអាមេរិកធ្វើការតស៊ូមតិធានាឱ្យបាននូវបណ្ដាញទូរគមនាគមន៍ និងខ្សែសង្វាក់ផ្គត់ផ្គង់ដែលប្រកបដោយសន្តិសុខ ដើម្បីបញ្ចៀសនូវហានិភ័យនៃការឈ្លបចូលដោយមិនមានការអនុញ្ញាត និងសកម្មភាពលើបណ្ដាញដែលមានចរឹតបង្កមហន្តរាយ។ រដ្ឋាភិបាលណាក៏ដោយត្រូវតែចាត់ដើរនូវជំហានសមស្របក្នុងពេលឥឡូវនេះដើម្បីធានាឱ្យមានបណ្ដាញ 5G ដែលប្រកបដោយសន្តិសុខនៅថ្ងៃស្អែក»។
ប្រទេសកម្ពុជាបានផ្លាស់ប្តូរពីការប្រើប្រាស់ប្រព័ន្ធអ៊ីនធើណិតជំនាន់ទី៣ ឬ 3G មកប្រើប្រាស់អ៊ីនធើណិតជំនាន់ទី៤ដែលមានល្បឿនលឿនជាងមុនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក៏ប៉ុន្តែបើយោងតាមលោក ម៉ូវ ចរិយា ប្រធាននិយតករទូរគមនាគមន៍កម្ពុជា ការប្រើប្រាស់អ៊ីនធើណិតជំនាន់ទី៤នៅកម្ពុជាទើបតែអនុវត្តបាន៥០ភាគរយតែប៉ុណ្ណោះ។
លោក ម៉ូវ ចរិយា បញ្ជាក់បន្ថែមថា ការឈានទៅចាប់យក បច្ចេកវិទ្យាទូរគមនាគមន៍ជំនាន់ទី៥ កំពុងស្ថិតក្នុងការសិក្សា និងស្ទាបស្ទង់នៅឡើយសម្រាប់កម្ពុជា ហើយថាបច្ចុប្បន្នក្រុមហ៊ុន ZTE របស់ចិន និងក្រុមហ៊ុន Nokia របស់ហ្វាំងឡង់ក៏កំពុងសិក្សាលទ្ធភាពជួយពង្រីកបណ្ដាញ 5G នៅកម្ពុជាផងដែរ៕