កម្ពុជាដាក់ពាក្យបណ្តឹងនៅតុលាការអឺរ៉ុបប្រឆាំងនឹងការសម្រេចចិត្តរបស់សហភាពអឺរ៉ុបក្នុងការយកពន្ធអង្ករពីកម្ពុជា

កសិករ​ម្នាក់​កំពុង​ប្រមូល​ទិន្នផល​ស្រូវ ដែល​ត្រូវបាន​ដាក់​ហាល​នៅ​លើ​ផ្លូវ​លំ​មួយ​នៅ​ខេត្ត​បន្ទាយ​មានជ័យ។ ឆ្នាំនេះ ស្របពេលដែល​តម្លៃ​ស្រូវ​ធ្លាក់ថ្លៃ កសិករ​ក្នុង​សហគមន៍​មិនអាច​ផលិត​ស្រូវ​បាន​ច្រើន​ដោយ​សារ​ការ​ខ្វះ​ទឹក​ភ្លៀង និង​ទឹក​ស្តុក​ទុក។ (ស៊ុន ណារិន/V

ប្រទេស​កម្ពុជា​បាន​ដាក់​ពាក្យ​បណ្តឹង​តវ៉ា​នៅតុលាការ​យុត្តិធម៌​អឺរ៉ុប​ប្រឆាំង​នឹង​ការ​សម្រេច​ចិត្ត​របស់​សហភាព​អឺរ៉ុប​ក្នុង​ការកំណត់​ពន្ធនាំ​អង្ករពី​កម្ពុជា​ចូល​ទីផ្សារ​សហភាព​អឺរ៉ុប។​

សហ​ភាពអឺរ៉ុប​បានកំណត់​យកពន្ធលើ​អង្ករ​កម្ពុជានិងភូមា​រយៈ​ពេល​បីឆ្នាំ ចាប់​ផ្តើមកាលពី​ខែមករា​ដើម្បី​ទប់ស្កាត់​អ្វីដែល​សហភាព​អឺរ៉ុបនិយាយ​ថា ​ជា​វិធានការ​ការពារ​ផលិតករ​របស់​សហភាព​អឺរ៉ុប​ដូច​ជា​ប្រទេស​អ៊ីតាលី​ប្រឆាំង​នឹង​ការ​នាំ​ចូល​ការ​កើន​ឡើង។ ​

ទោះជា​យ៉ាង​ណា ​សហព័ន្ធ​ស្រូវអង្ករ​កម្ពុជា​បាន​និយាយ​កាលពីថ្ងៃ​ព្រហស្បតិ៍ថា​វិធានការ​ការពារ​នេះ​មិន​ពាក់​ព័ន្ធ​នឹង​សកម្មភាព​អយុត្តិធម៌​ណា​មួយ​ទេ​តែ​ផ្អែក​លើការ​វាយតម្លៃទូទៅ​និង​ទិន្នន័យ​មិន​ត្រឹម​ត្រូវ។ ​បណ្តា​ប្រទេស​សហភាព​អឺរ៉ុប​ភាគ​ច្រើន​បានគាំទ្រ​វិធានការ​ការពារ​នានា​ ​ប៉ុន្តែ​ការសម្រេច​នេះ​មិន​មាន​សមាជិក​គាំទ្រ​ច្រើន​គ្រប់គ្រាន់​តាម​តម្រូវ​ការ​ជា​ធម្មតា​នោះ​ទេ។​ បន្ទាប់​មក​គណៈកម្មការ​អឺរ៉ុប​បាន​ធ្វើការ​សម្រេច​នេះ​ដោយ​ខ្លួន​ឯង។ ​

ប្រទេស​កម្ពុជា​និងភូមា​ទទួល​បាន​អត្ថ​ប្រយោជន៍ពី​ការ​អនុគ្រោះពន្ធ​ពី​សហភាព​អឺរ៉ុបលើ​«ទំនិញ​ទាំងអស់​លើកលែង​តែ​អាវុធ»​ដែល​អនុញ្ញាត​ឲ្យ​ប្រទេស​អភិវឌ្ឍន៍​តិចតួច​បំផុត​ក្នុង​ពិភព​លោកនាំ​ទំនិញ​ភាគច្រើន​ទៅ​សហភាព​អឺរ៉ុប​ដោយ​មិនបង់ពន្ធគយ។​

ប្រទេស​កម្ពុជា​និង​ភូមាកំពុង​ប្រឈម​មុខ​នឹងការ​បាត់បង់​ការអនុគ្រោះ​ខាង​ពាណិជ្ជកម្មពីទី​ផ្សារ​ធំជាង​គេក្នុង​ពិភព​លោក​ដោយសារ​តែ​កំណត់ត្រា​វិបត្តិ​សិទ្ធិ​មនុស្ស ​ ទោះជាយ៉ាងណា​ទណ្ឌកម្មជា​សក្តានុពល​នេះគឺ​ដាច់​ដោយ​ឡែក​ពីវិធាន​ការ​ការពារ​អង្ករ​សហភាព​អឺរ៉ុប។​ អង្ករ​ប្រទេស​ទាំង​ពីរ​ត្រូវ​បង់ពន្ធ​១៧៥​អ៊ឺរ៉ូដែលស្មើ​នឹង​១៩៧,៣១​ដុល្លារ​អាមេរិក​ក្នុង​មួយ​តោនក្នុង​ឆ្នាំ​ទីមួយ​ហើយ​ចុះមកនៅ​ត្រឹម​១៥០អ៊ឺរ៉ូនៅឆ្នាំទី២​និង១២៥អឺរ៉ូ​ក្នុងឆ្នាំ​ទី៣។

គណៈ​កម្មការ​អឺរ៉ុប​បាន​និយាយ​ថា ​ខ្លួនបាន​រកឃើញ​ថា ​ការនាំ​អង្ករ​ចូល​ពីប្រទេស​ទាំងពីរ​បាន​កើន​ឡើង​៨៩%​ ក្នុងរដូវ​ធ្វើស្រែ​៥​រដូវចុង​ក្រោយ​នេះ​ ហើយ​ការនាំចូល​ច្រើន​ហើយ​បាន​កាត់​បន្ថយ​ទីផ្សារ​របស់​ផលិតករ​នៅ​សហភាព​អឺរ៉ុប​ពី​២៩%​ទៅ​៦១%។ ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជាបាន​ហៅការ​សម្រេច​ចិត្ត​របស់​សហភាព​អឺរ៉ុប​ថា ​ជា«អាវុធ​សម្លាប់​កសិករ​ខ្មែរ» ហើយ​ប្រឆាំង​នឹង​ច្បាប់​ពាណិជ្ជ​កម្ម​អន្តរជាតិ៕