នៅព្រឹកថ្ងៃពុធនេះ តុលាការកំពូលកម្ពុជាបានសម្រេចបដិសេធសំណើសុំនៅក្រៅឃុំរបស់លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សជំទាស់មណ្ឌលសៀមរាប។ តុលាការកំពូលសំអាងថា ការសម្រេចរបស់តុលាការដំបូងនិងតុលាការឧទ្ធរណ៍កន្លងមកគឺត្រឹមត្រូវតាមផ្លូវច្បាប់និងនីតិវិធី។ ការប្រកាសសាលដីកាកំបាំងមុខនេះធ្វើឡើងក្រោយការពន្យារពេលប្រកាសសាលដីកាចំពោះសំណើរបស់សមាជិកសភាគណបក្សប្រឆាំងរូបនេះដែលកាលពីសប្តាហ៍មុន បានសុំស្ថិតនៅក្រៅឃុំ។
ថ្លែងមកកាន់ក្រុមអ្នកសារព័ត៌មាននាព្រឹកថ្ងៃពុធនេះ លោក សំ សុគង់ មេធាវីលោក អ៊ុំ សំអាន ថ្លែងថា តុលាការកំពូលលើកឡើងថា សេចក្តីសម្រេចរបស់តុលាការដំបូងកាលពីខែមេសា និងតុលាការឧទ្ធរណ៍កាលពីខែឧសភាកន្លងមកគឺត្រឹមត្រូវតាមផ្លូវច្បាប់ និងនីតិវិធី។
«ទាក់ទងនឹងលោក អ៊ុំ សំអាន គឺតុលាការកំពូលបានសម្រេចចេញសាលដីកាមួយគឺតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ទុកជាបានការ មានន័យថា ទាក់ទងនឹងការឲ្យនៅក្រៅឃុំហ្នឹង គឺគេមិនអនុញ្ញាតឲ្យនៅក្រៅឃុំទេ។ តុលាការកំពូលសំអាងលើសាលដីកាហ្នឹងគឺជាការសំអាងថា ទុកជនជាប់ចោទឲ្យតុលាការចាត់ការទៅតាមនីតិវិធីច្បាប់»។
លោកបន្តថា ក្រុមមេធាវីការពារក្តីឲ្យលោកអ៊ុំ សំអាននឹងបន្តតស៊ូតាមផ្លូវច្បាប់នៅតុលាការក្រុងម្តងទៀតដើម្បីឲ្យលោក អ៊ុំ សំអានរួចផុតពីការចោទប្រកាន់ និងបាននៅក្រៅឃុំ នៅពេលតុលាការបើកសវនាការជម្រះក្តីសំណុំរឿងនេះ នាដើមខែកញ្ញាខាងមុខ។
កាលពីថ្ងៃទី១២ ខែមេសាកន្លងទៅ លោកអ៊ុំ សំអាន ដែលមានសញ្ជាតិអាមេរិកាំង និងជាតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប បានរងការចោទប្រកាន់ពីតុលាការក្រុងភ្នំពេញពីបទ«ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» និង«ញុះញង់ឲ្យមានការរើសអើង» បន្ទាប់ពីលោកអ៊ុំ សំអានបានធ្វើការអធិប្បាយនានា នៅលើទំព័រហ្វេសប៊ុកអំពីការប្រើប្រាស់ផែនទី និងការបោះបង្គោលព្រំដែនកម្ពុជា និងវៀតណាម កាលពីឆ្នាំ២០១៥នោះ។
ក៏ប៉ុន្តែ គណបក្សជំទាស់កន្លងមកបានអះអាងថា ការសរសេររបស់លោកអ៊ុំ សំអាននៅលើបណ្ដាញសង្គមហ្វេសប៊ុក គ្រាន់តែជាការបញ្ចេញមតិតែប៉ុណ្ណោះ មិនមែនជាការប្រព្រឹត្តបទល្មើសជាក់ស្តែងដូចការចោទរបស់តុលាការនោះឡើយ។
លោក អ៊ុំ សំអានត្រូវបានចាប់ខ្លួននៅខេត្តសៀមរាប កាលពីយប់ថ្ងៃអាទិត្យទី៩ខែមេសា ឆ្នាំ២០១៦ គឺមិនបានប៉ុន្មានម៉ោងផង ក្រោយពីលោកត្រឡប់មកពីស.រ.អា. វិញ។
លោកស៊ុន ឆ័យ ប្រធានក្រុមតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិបញ្ជាក់ប្រាប់ VOA ថា ការសម្រេចឃុំខ្លួនលោកអ៊ុំ សំអាន ដែលជាតំណាងរាស្ត្រនៅមានអភ័យឯកសិទ្ធិបែបនោះគឺជាការរំខានដល់ការបំពេញការងាររបស់តំណាងរាស្ត្រជូនប្រជាពលរដ្ឋកម្ពុជា។ លោកថា ការណ៍នេះបានធ្វើឲ្យសហគមន៍អន្តរជាតិ និងពលរដ្ឋជាម្ចាស់ឆ្នោតមិនពេញចិត្ត។
«យើងឃើញហើយថា អ្វីដែលរដ្ឋាភិបាលមិនបានសម្រួលដល់ការអនុញ្ញាតឲ្យលោកអ៊ុំ សំអាន នៅក្រៅឃុំគឺបង្ហាញថា ទាំងតុលាការ ទាំងរដ្ឋាភិបាលមិនបានគោរពទៅតាមគោលការណ៍ច្បាប់។ ហើយការបង្កើតលក្ខខណ្ឌយកអំណាចគណបក្ស អំណាចរដ្ឋាភិបាលយកទៅធ្វើទុក្ខបុកម្នេញអ្នកនយោបាយ និងសង្គមស៊ីវិលក្នុងការបំពេញការងារនោះ ជាទង្វើខុសច្បាប់»។
កន្លងមក តុលាការលើកឡើងថា ការដោះលែងឲ្យលោក អ៊ុំ សំអាននៅក្រៅឃុំអាចបង្កឲ្យ«មានភាពវឹកវរនៅក្នុងសង្គម» ដោយសំអាងលើមាត្រា២០៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
ចំណុចទី៦ ក្នុងមាត្រា២០៥នៃក្រមនីតិវិធីព្រហ្មទណ្ឌ ចែងថា...ការឃុំខ្លួនបណ្ដោះអាសន្នអាចត្រូវបានបង្គាប់ កាលណាការឃុំខ្លួនបណ្ដោះអាសន្ននេះជាការចាំបាច់ ដើម្បីធានារក្សាសណ្ដាប់ធ្នាប់សាធារណៈកុំឲ្យមានការច្របូកច្របល់ ដែលបណ្តាលមកពីបទល្មើស។
លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត និងជាអ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា បានប្រាប់ VOA ថា ជាទូទៅមានមូលហេតុសំខាន់ខ្លះៗ ដែលតុលាការសម្រេចមិនឲ្យជនសង្ស័យនៅក្រៅឃុំ ដូចជាការបារម្ភថា ជនជាប់ចោទមិនចូលខ្លួនក្នុងសវនាការ សកម្មភាពបន្តការប្រព្រឹត្តបទល្មើស និងករណីការគំរាមកំហែងដល់សាក្សីជាដើម។ ក៏ប៉ុន្តែលោកអ៊ូ វីរៈបន្តថា មូលហេតុទាំងនេះទំនងជាមិនអាចកើតឡើងចំពោះករណីលោកអ៊ុំ សំអាននោះទេ។
«ខ្ញុំថា ការសម្រេចខុសតាំងពីតុលាការដំបូងម្ល៉េះ ព្រោះអីគាត់ចូលមក គាត់ដឹងថា គាត់ប្រឈមនឹងការចាប់ហើយ តែគាត់ចូលមកកម្ពុជា។ អញ្ចឹងបានន័យថា គាត់គ្មានឆន្ទៈក្នុងការរត់។ ទី២ តាមពិតអាចដក Passport (លិខិតឆ្លងដែន)របស់គាត់បាន។ មើលទៅគាត់គួរតែអាចនៅក្រៅឃុំបាន។ នៅស្រុកខ្មែរយើងភាគច្រើនគឺឲ្យនៅជាប់ឃុំច្រើនជាងនៅក្រៅឃុំ។ តុលាការអត់ការពារសិទ្ធិជនជាប់ចោទដែលមិនទាន់ចាត់ទុកថា ជាជនល្មើសនៅឡើយនោះ»។
ក្រៅពីលោក អ៊ុំ សំអាន ដែលកំពុងស្ថិតក្នុងការឃុំខ្លួន បច្ចុប្បន្ននេះមានសមាជិក និងសកម្មជនគណបក្សសង្គ្រោះជាតិយ៉ាងហោចណាស់១៧រូបហើយបានជាប់ឃុំឃាំង ក្នុងនោះក៏មានលោកហុង សុខហួរ សមាជិកព្រឹទ្ធសភាដែលជាប់ចោទក្នុងសំណុំរឿងផែនទី និងរឿងព្រំដែនកម្ពុជាវៀតណាមដូចលោកអ៊ុំ សំអានដែរ។ ហើយការសម្រេចរបស់តុលាការ បដិសេធការសំណើរបស់មន្ត្រីគណបក្សសង្គ្រោះជាតិសុំនៅក្រៅឃុំនេះ ជារឿយៗរងការរិះគន់ពីអ្នកតាមដានស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាដែលថា តុលាការកម្ពុជាមាននិន្នាការនយោបាយ និងរំលោភច្បាប់៕