គ្រួសារ​រងគ្រោះ​ចង់​បាន​សំណង​និង​យុត្តិធម៌​តែ​មិន​ហ៊ាន​ប្តឹង

អ្នកស្រី​ អេង​ សុខុម​ ដែល​ជា​អ្នក​លក់​បាយ​ក្នុង​គ្រួសារ​ក្រីក្រ​មួយ​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ រាជ​ធានី​​ភ្នំពេញ ​បាន​ត្រូវ​គ្រាប់ត្រង់​ដើម​ទ្រូង​​ក្នុង​ពេល​ដែល​អាជ្ញាធរប៉ូលិស​និង​កង​រាជអាវុធ​ហត្ថ​បង្រ្កាប​បាតុករ​នៃ​រោង​ចក្រ​កាត់ដេរ​SL​កាល​ពីថ្ងៃទី​១២​ខែ​វិច្ឆិកា​ហើយ​អ្នក​ស្រី​បាន​ស្លាប់​មុន​យក​ដល់​មន្ទីរពេទ្យ​ក្នុង​អាយុ​៤៩​ឆ្នាំ។

គ្រួសារ​របស់​ស្ត្រី​រងគ្រោះ​នៅ​ក្នុង​ការ​បាញ់​បង្រ្កាប​បាតុករ​កាល​ពី​សប្តាហ៍​មុន​ទាមទារ​សំណងហើយ​ស្ទាក់ស្ទើរ​ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​ស្រប​ពេល​ដែល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​កំពុង​ត្រៀម​ខ្លួន​ផ្តល់​មេធាវីសម្រាប់​ការពារ​ក្តី។

អ្នកស្រី​ អេង​ សុខុម​ ដែល​ជា​អ្នក​លក់​បាយ​ក្នុង​គ្រួសារ​ក្រីក្រ​មួយ​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ រាជ​ធានីភ្នំពេញ ​បាន​ត្រូវ​គ្រាប់ត្រង់​ដើម​ទ្រូងក្នុង​ពេល​ដែល​អាជ្ញាធរប៉ូលិស​និង​កង​រាជអាវុធ​ហត្ថ​បង្រ្កាប​បាតុករ​នៃ​រោង​ចក្រ​កាត់ដេរ​SL​កាល​ពីថ្ងៃទី​១២​ខែ​វិច្ឆិកា​ហើយ​អ្នក​ស្រី​បាន​ស្លាប់​មុន​យក​ដល់​មន្ទីរពេទ្យ​ក្នុង​អាយុ​៤៩​ឆ្នាំ។

លោក​អេង ​សុខ​ ប្អូន​ប្រុស​របស់​អ្នកស្រី​អេង ​សុខុម ​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​សមាជិក​គ្រួសារ​របស់​លោក​បាន​ពិភាក្សា​គ្នា​ពី​បំណង​ចង់បាន​ការ​ផ្តល់​សំណង​ចំពោះ​ការ​ស្លាប់​នេះ។

«យើង​ចង់ឲ្យ​គេដោះដូរ​សំណង​សម​ហេតុ​ផល​សម្រាប់​យើង។​យើង​ចាំ​មើល​រដ្ឋា​ភិបាល​ដោះ​ស្រាយ​សំណង​របៀប​ណា​ធ្វើ​ម៉េច​បើ​ការ​ស្លាប់​របស់​គាត់​វា​អយុត្តិធម៌​សម្រាប់​គាត់​ហើយ»។

លោកអេង​ សុខ ​បង្ហាញ​ថា​ក្រុម​គ្រួសារ​របស់​លោក​កំពុង​ស្ថិត​ក្នុង​ភាព​ស្ទាក់ស្ទើរ​ក្នុង​ការ​ដាក់​ពាក្យ​បណ្តឹង​បើ​ទោះ​ជា​ត្រូវ​ការយុត្តិធម៌​ក្តី។

«បើ​សិន​យើង​ដាក់​ពាក្យ​ប្តឹង​នឹង​រវល់​តែ​ពាក្យ​ប្តឹង​ហ្នឹង ​ដូច្នេះ​អត់​បាយ​ហូប​ចុក។​ ខ្ញុំ​គ្រាន់​តែ​ចង់​បាន​យុត្តិធម៌​ឲ្យ​បង​ខ្ញុំ។ ​ការណ៍​ពិត​វា​ជា​បញ្ហា​របស់​អ្នកណា​ខ្ញុំ​មិន​ដឹង​ទេ។​ ខ្ញុំគ្រាន់​តែ​ដឹង​ថា​បើ​បាន​ជួយ​រក​យុត្តិ​ធម៌​ជូន​បង​ខ្ញុំ​កុំ​ឲ្យ​គាត់​ស្លាប់​ដោយ​អយុត្តិធម៌​ ខ្ញុំ​ត្រេកអរ​ហើយ»។

អាជ្ញាធរ​មូលដ្ឋាន​បាន​ផ្តល់​អង្ករ​ចំនួន​១០០​គីឡូ​ក្រាម​និង​គ្រឿង​ឧបភោគ​បរិភោគ​មួយ​ចំនួន​ទៀត​ដល់​គ្រួសារ​ជនរងគ្រោះ​កាលពី​ព្រឹក​មិញ​ក៏ប៉ុន្តែ​មិន​បាន​ផ្តល់​ដំណឹង​អំពី​ដំណើរ​ការ​ស៊ើប​អង្កេត​លើ​ការ​បាញ់​អ្នកស្រី​អេង​សុខុម​ ទេ។

អាជ្ញាធរ​ប៉ូលិសកាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ប្រកាស​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បាញ់​ដែល​ធ្វើឲ្យ​ស្ត្រី​រង​គ្រោះ​ស្លាប់​នេះទេ។

លោក​នី​ ចរិយា ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​មាន​ប្រសាសន៍​ថា​អាជ្ញាធរ​ក្រុង​ភ្នំពេញ​និង​រដ្ឋាភិបាល​ជា​អ្នក​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​ក្នុង​ការ​ផ្តល់​សំណង​ដល់​ក្រុម​គ្រួសារ​ស្ត្រី​រងគ្រោះ។

«រឿង​នេះ​ជារឿង​កំហុស​របស់​អាជ្ញាធរ​ក្រុង​ភ្នំពេញ។​ ចឹង​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​សង​សំណង​រដ្ឋប្បវេណី។ ប្រសិន​បើ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​រក​មិន​ឃើញ​ជន​ដៃដល់​ដូច្នេះ​រដ្ឋ​គឺ​ជា​អ្នក​ទទួល​ខុសត្រូវ​ក្នុង​ការ​ចេញ​សង»។

ទាំង​លោក​ឧត្តមសេនីយ៍​ជួន ​សុវណ្ណ​ ស្នងការ​ប៉ូលិស​ក្រុង​ភ្នំពេញ​ ទាំង​លោក​ឧត្តមសេនីយ៍​គៀត ច័ន្ទថារិទ្ធ ​អ្នកនាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​មិន​អាច​ទាក់ទង​បាន​ទេ​នៅ​ថ្ងៃ​នេះ។

ជាមួយគ្នា​នេះ​លោក​នី ​ចរិយា​ បាន​ឲ្យ​ដឹង​ថា​សមាគម​របស់​លោក​បានត្រៀម​រួច​ជាស្រេច​នូវ​មេធាវី​សម្រាប់​ផ្តល់​ជូន​ក្រុម​គ្រួសារ​ជនរង​គ្រោះ​នៅ​ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​តាម​ផ្លូវ​តុលាការ។

សូម​បញ្ជាក់​ថានៅ​ក្នុង​ការ​បង្រ្កាប​របស់​អាជ្ញាធរ​លើ​ហ្វូង​បាតុករ​នៃ​រោងចក្រ​កាត់ដេរ​SLកាល​ពី​ថ្ងៃទី​១២​ខែវិច្ឆិកា​នោះ​មាន​មនុស្ស​ចំនួន​៣៨​នាក់​ត្រូវ​ចាប់​ខ្លួន​ក្នុង​នោះ​មាន​ព្រះ​សង្ឃ​ចំនួន​៧អង្គ។​ ប៉ុន្តែ​ព្រះ​សង្ឃត្រូវ​ដោះលែង​មក​វិញ​កាល​ពី​យប់​ថ្ងៃ​ដដែល។​ ដោយ​ឡែក​យុវជន​ពីរ​នាក់ត្រូវ​បញ្ជូន​ទៅ​កាន់​តុលាការ​ប្រកាន់​ពី​បទ​បាន​វាយ​ប្រហារ​លើ​ប៉ូលិស​និង​បង្ក​ការ​ខូចខាត​ទ្រព្យ​សម្បតិ្ត​សាធារណៈ៕