កម្ពុជា​នៅ​តែ​ពុករលួយ​ជាង​គេ​នៅ​អាស៊ាន

ប្រជាពលរដ្ឋ​នៃ​បណ្តាញ​សហគមន៍​២៤​ខេត្តក្រុង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៤​នេះ​បាន​ដាក់​ញត្តិ​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​និង​រដ្ឋសភា​កម្ពុជា​នៅ​ទី​ក្រុង​ភ្នំពេញ ​ដើម្បី​ស្វែង​រក​អន្តរាគមន៍​ពី​ស្ថាប័ន​រដ្ឋ​ទាំង​ពីរ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ។ (ស៊ុយ ហ៊ាមខេមរា/វីអូអេ)

កំណត់​និពន្ធ៖ ​ប្រទេស​កម្ពុជា​ទទួល​បាន​ពិន្ទុ​ថែម​មួយ​ទៀត​ក្នុង​តារាង​សន្ទស្សន៍​យល់​ឃើញ​ពី​អំពើ​ពុករលួយ​សម្រាប់​ឆ្នាំ​២០១៤ ​ដោយ​បាន​ពិន្ទុ​២១​ក្នុង​១០០​ប៉ុន្តែ​នៅ​តែ​ស្ថិត​នៅ​បាត​តារាង​ទន្ទឹមគ្នា​នឹង​ប្រទេស​ភូមា​ក្នុង​ចំណោម​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០។

របាយ​ការណ៍​សន្ទស្សន៍​នៃ​ការយល់​ដឹង​ពី​អំពើ​ពុករលួយ​ដែល​បាន​ចេញ​ផ្សាយ​កាលពីថ្ងៃ​ពុធ​បាន​ដាក់​ប្រទេស​កម្ពុជា​ក្នុង​ចំណាត់​ថ្នាក់​១៥៦​ក្នុង​ចំណោម​ប្រទេស​ទាំង​១៧៥​នៅលើ​ពិភពលោក​ដែល​អង្គការ​នេះ​ពិនិត្យ​មើល។

តទៅនេះ​ជា​បទសម្ភាស​រវាង​លោក​ម៉ែន គឹមសេង​នៃ​វីអូអេ​ជាមួយ​នឹង​លោក​ Daniel Dudis ​នាយក​ជាន់​ខ្ពស់​ខាងផ្នែក​គោល​នយោបាយ​របស់​អង្គការ​តម្លាភាព​អន្តរជាតិ៖​

VOA៖ ​សូម​អរគុណ​ខ្លាំង​ណាស់​លោក​ Dudis ​ដែល​ផ្តល់​បទសម្ភាស​ដល់​យើង​ខ្ញុំ។ សូម​ក្រឡេក​មក​មើល​តំបន់​ដែល​កម្រិត​នៃ​ការ​យល់​ដឹង​ពី​អំពើ​ពុករលួយ​មាន​ភាព​ខុសគ្នា​យ៉ាង​ខ្លាំង​វិញ​ម្តង។ ក្នុង​ករណី​នេះ​គឺ​ប្រទេស​កម្ពុជា​ ដែល​ឆ្នាំ​នេះ​គឺ​បាន​កើន​ឡើង​បន្តិច​នៅ​ក្នុង​កម្រិត​នៃ​ការ​យល់​ឃើញ​ពី​អំពើ​ពុករលួយ​ដោយ​ឡើង​ពី​២០​ពិន្ទុ​មក​២១​ពិន្ទុ។ តាម​បទ​ពិសោធ​របស់​លោក​តើ​ប្រទេស​នេះ​ត្រូវ​ធ្វើ​យ៉ាង​ណា​ទៀត​ដើម្បី​ឱ្យ​បាន​ប្រសើរ​ឡើង​នៅក្នុង​ឆ្នាំ​បន្ទាប់?

Your browser doesn’t support HTML5

កម្ពុជា​កើន​ចំណាត់ថ្នាក់​នៃការយល់​ដឹងអំពី​អំពើ​ពុករលួយ

Daniel Dudis៖ ​ខ្ញុំ​គិត​ថា​កត្តា​គន្លឹះ​នៅ​គ្រប់​រដ្ឋាភិបាល​ទាំងអស់​ការធ្វើ​ឱ្យ​ប្រសើរឡើង​កម្រិត​នៃ​អភិបាលកិច្ច​បាន ​វា​នឹង​ជួយ​កាត់​បន្ថយ​កម្រិត​នៃ​អំពើ​ពុករលួយ។ ដូច្នេះ​ត្រូវ​មាន​នីតិរដ្ឋ។ នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​មាន​គណបក្ស​តែ​មួយ​ដែល​បាន​ដឹកនាំ​ប្រទេស​យ៉ាង​យូរ​ ហើយ​មាន​ការ​ជឿ​ថា​កងកម្លាំង​ប៉ូលិស​និង​តុលាការ​មិន​ឯករាជ្យ​ទេ។ ការមាន​កងកម្លាំង​ប៉ូលិស​និង​តុលាការ​ដែល​ឯករាជ្យ​ពិតប្រាកដ​ហើយ​អាច​ស៊ើប​អង្កេត​ការប្រព្រឹត្តិ​អំពើ​ពុករលួយនៅ​គ្រប់​កម្រិត​ទាំង​អស់​រាប់​តាំង​ពី​គណបក្ស​កាន់​អំណាច​និង​មេដឹកនាំ​ប្រទេស​គឺ​ពិត​ជា​អាច​ធ្វើ​ឱ្យ​អ្វីៗ​បាន​ប្រសើរ​ឡើង។

VOA៖ នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ច្បាប់​ដែល​ល្អ​ មាន​ការ​អនុវត្ត​ច្បាប់​ដោយ​មាន​ការ​ចាប់​ខ្លួន​មនុស្ស​មួយ​ចំនួន ​ហើយ​មានការ​ចូលរួម​ពី​អង្គការ​សង្គម​ស៊ីវិល។ ប៉ុន្តែ​ដូច​ដែល​សន្ទស្សន៍​ការ​យល់​ឃើញ​អំពើ​ពុករលួយ​របស់​លោក​បង្ហាញ​ហើយ​ថា​ប្រទេស​នេះ​ស្ទើរតែ​នៅ​បាត​តារាង?

Daniel Dudis៖ ​បញ្ហា​នៃ​ការ​អនុវត្ត​ច្បាប់​មាន​មែន​ប៉ុន្តែ​ត្រូវតែ​អនុវត្ត​ដោយ​មិន​ប្រកាន់​បក្ស​ពួក។ បើ​សិន​ជា​លោក​មើល​ករណី​ប្រទេស​ចិនឃើញ​ថា​មាន​ការ​អនុវត្ត​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ក្នុង​ពេល​ថ្មីៗ​នេះ។ ប៉ុន្តែ​មាន​ការ​ជឿថា​ការងារ​ទាំងអស់​នេះ​ធ្វើ​ឡើង​ដោយ​មាន​ចរិត​នយោបាយ។ ដូច្នេះ​ហើយ​អ្នក​ដែល​នៅ​ក្បែរខ្លួន​លោក​ប្រធានាធិបតី​ស៊ី ជីនពីង ​គឺ​មិន​ត្រូវ​បាន​គេ​ស៊ើប​អង្កេត​ទេ​ដោយ​សារ​នៅ ​ជិត​អ្នក​កាន់​អំណាច។ គេ​ស៊ើបអង្កេត​តែ​អ្នក​ដែល​បក្ស​លែង​ទុក​ចិត្ត​ប៉ុណ្ណោះ។ អញ្ចឹង​ហើយ​អ្នក​ត្រូវ​តែ​មាន​កងកម្លាំង​ប៉ូលិស​ឯករាជ្យ ​តុលាការ​ឯករាជ្យ​ ដើម្បី​ស៊ើបអង្កេត​អំពើ​ពុករលួយ​នៅ​កន្លែង​ណា​ក៏​ដោយ​ដែល​គេ​រក​ឃើញ​គឺ​មិន​នៅ ​ក្រោម​គណបក្ស​កាន់​អំណាច​ឬ​មេដឹកនាំ​ទេ។

VOA៖ ដូច្នេះ​អ្វី ​ដែល​លោក​ចង់​បញ្ជាក់​ប្រាប់គឺ​ថា​ស្ថាប័ន​ដែល​គេ​មាន​គឺត្រូវ​តែ​ធ្វើ​ការ​កែ​ទម្រង់​និង​អនុវត្តឱ្យ​បាន​ត្រឹម​ត្រូវ?

Daniel Dudis៖ ​ពិត​ប្រាកដ​ហើយ​ប្រទេស​ណា​ក៏ដោយ​ដែល​ចង់​រីកចម្រើន​ត្រូវ​តែ​ឱ្យ​កងកម្លាំង​ប៉ូលិស​ឯករាជ្យ ​តុលាការ​ឯករាជ្យ ​និង​នីតិ​រដ្ឋ​ដែល​ជា​កត្តា​គន្លឹះ​ក្នុងការ​បំបាត់​អំពើ​ពុករលួយ។

VOA៖ តើ​លោក​បញ្ចូល​បញ្ហា​នៃ​ការ​អភិវឌ្ឍទេ​នៅ ក្នុង​ការ​ធ្វើ​របាយការណ៍​វាយ​តម្លៃ​ព្រោះ​តាម​ធម្មតា​រដ្ឋាភិបាល​អះអាង​ថា​ គេ​មាន​ការ​ធ្វើ​ផ្លូវ​ ធ្វើស្ពាន ​និង​ជីវភាព​រស់​នៅ ​កាន់តែ​ប្រសើរ​ជាង​មុន។ ហើយ​គេ​អះអាង​ថា​របាយការណ៍​របស់លោក​មិន​ឆ្លុះ​បញ្ចាំង​ពីការ​ពិត​នៅ​ក្នុង​ប្រទេស?

Daniel Dudis៖ ​របាយការណ៍​របស់​យើង​គឺ​មាន​លក្ខណៈ​ចង្អៀត​បន្តិច​ដោយ​យើង​មើល​តែ​លើ​ការយល់​ឃើញ​ពី​អំពើ​ពុករលួយ​នៅក្នុង​ប្រទេស។ ជីវភាព​រស់​នៅ​អាច​ប្រសើរ​ឡើង ​អាច​មាន​ហេដ្ឋារចនា​សម្ព័ន្ធ​ប្រសើរ​ឡើង​ សេដ្ឋកិច្ច​ប្រសើរ​ឡើង​ប៉ុន្តែ​របាយការណ៍​របស់​យើង​គឺ​មើល​តែ​លើ​ការយល់​ឃើញ​ពី​អំពើ​ពុករលួយ​ប៉ុណ្ណោះ។

VOA៖ ​សូម​អរគុណ​លោក​ Dudis ​ដែល​ផ្តល់​បទសម្ភាស​ដល់​យើង​ខ្ញុំ។

Daniel Dudis៖ ​ជាការ​រីករាយ​ដែល​បាន​ជួប​សម្ភាស៕