អ្នក​ជំនាញ​កសិកម្ម៖ កម្ពុជា គួរ​កំណត់​បទដ្ឋាន​ផលិតផល​សរីរាង្គ​របស់​ខ្លួន

​លោក​ ម៉ឺយ លី ជា​អ្នក​ដាំ​បន្លែ​ កំពុង​បង្ហាញ​ពី​របៀប​មើល​ដំណាំ​ដែល​រួញ​​ខូច​ខាត​ដោយ​សារ​ទឹក​សន្សើម​ នៅ​ក្នុង​ភូមិ​បាគង ​ឃុំ​បាគង ​ស្រុក​បាគង​ ខេត្ត​សៀមរាប​កាល​ពី​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៥។ លោក​ថា​ ទឹក​ភ្លៀង​មិន​ទៀង​ទាត់​បាន​ធ្វើ​ឲ្យ​ដំណាំ​ជា​ច្រើន​ប្រភេទ​របស់​ លោក​ រួម​ទាំង​ត្រ​សក់​ផង​ ត្រូវ​ខូច​ខាត។​ (នូវ​ ពៅ​លក្ខិណា/VOA)

ការ​ស្នើ​ឲ្យ​មាន​ការកំណត់​បទដ្ឋាន​សរីរាង្គ​ កើតមាន​​ ខណៈ​ដែល​ប្រជា​ពលរដ្ឋ​ខ្មែរ​ ជា​ច្រើន​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​គុណភាព​ផលិតផល​កសិកម្ម​លើ​ទីផ្សារ​ក្នុង​ស្រុក។

អ្នក​ជំនាញ​ក្នុង​វិស័យ​កសិកម្ម​ និង​តំណាង​កសិករ​ ដែល​បាន​មើល​ឃើញ​ពី​ការ​អនុវត្ត​បទដ្ឋាន​សរីរាង្គ​នៅ​ក្នុង​ប្រទេស​នានា ដើម្បី​ទប់​ស្កាត់​ការ​ប្រើប្រាស់​សារធាតុ​គីមី​ក្នុង​ការ​ដាំដុះ បាន​ផ្ដួចផ្ដើម​គំនិត​ឲ្យ​មាន​ការ​កំណត់​បទដ្ឋាន​សរីរាង្គ​កម្រិត​ថ្នាក់​ជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ប្រយោជន៍​ការពារផលិតផល​សរីរាង្គរបស់​កសិករ​ និង​ការ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​សារធាតុ​គីមី​សម្រាប់​ការ​បង្កើន​ផលិត​ផល​កសិកម្ម។

ការ​ស្នើ​របស់​ពួក​គេ​ កើតមាន​នៅ​ស្រប​ពេល​ដែល​ ចំនួន​កសិករ​ដាំដុះ​ស្រូវ​ និង​បន្លែ​សរីរាង្គ មិន​ប្រើ​ជាតិគីមី​ ​បាន​បន្ត​កើន​ឡើង​ បើ​ទោះ​ជា​ចំនួន​នេះ​ នៅ​ស្ថិត​ក្នុង​កម្រិត​មួយ​ទាប​នៅឡើយ​ បើ​ធៀប​ទៅ​នឹង​ប្រទេស​ក្បែរ​ខាង​ និងក្នុង​តំបន់​ក៏​ដោយ។

លោក​បណ្ឌិត​ យ៉ង សាំងកុមារ ​ប្រធាន​មជ្ឈមណ្ឌល​សិក្សា​ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា ហៅ​កាត់​ថា​អង្គការ​សេ​ដាក​ ថ្លែង​ប្រាប់​VOA ​កាល​ពី​ដើម​សប្ដាហ៍​នេះ​ នៅ​ក្រៅសមាជ​ប្រចាំ​ឆ្នាំ​នៃ​អង្គការ​សេដាថា ការ​កំណត់​ឲ្យ​មាន​បទដ្ឋាន​ នៃ​ការ​ដាំដុះ​ដំណាំ​សរីរាង្គ​នេះ​ អាច​ជួយ​ឲ្យ​កសិករ​បាន​ចំណេញ​ច្រើន​សម្រាប់​ការ​លក់​ផលិតផល​សរីរាង្គ​របស់​ពួក​គេ​នៅ​លើ​ទី​ផ្សារ​ និង​ជួយ​ទប់​ស្កាត់​មិន​ឲ្យ​មាន​ការ​ក្លែង​បន្លំ។

«ទី​មួយ ​មាន​មនុស្ស​មួយ​ចំនួន​ គេ​អត់​ជឿ​ អត់​ជឿ​គាត់​ថា​ គាត់​ពិត​ជា​សរីរាង្គ​មែន​ អញ្ចឹង​កាលណា​គាត់ ​មាន​ មាន​ការ​វាយ​តម្លៃ​ បញ្ជាក់​ថា​គាត់​ពិត​ជា​សរីរាង្គ​មែន​ តាម​ស្តង់​ដូចមុន​ហ្នឹង​ ធ្វើ​ឲ្យ​ការ​ជឿ​ជាក់​ពី​អតិថិជន។ អ្នក​បរិភោគ​ អ្នក​ទិញ​ផលិតផល​ មានការ​ជឿជាក់​ ទៅលើ​ លើ​គាត់​ ហើយ​មួយ​ទៀត​ក៏​កសិករ​ខ្លួន​ឯង ​ហ្នឹង​អាច​ការពារ​ខ្លួន​ ថា​ខ្លួន​ពិតជា​សរីរាង្គ។​ ទីពីរ​យើង​ ជួយ​ការពារ​កុំ​ឲ្យ​កសិករ​ដទៃ​ គាត់​បន្លំ​ ឬ​ក៏​អ្នក​ជំនួញ​ដ​ទៃ​គាត់​បន្លំ។ គាត់​អះអាង​ ថា​អង្ករ​គាត់​ បន្លែ​គាត់​សរីរាង្គ​ ឥឡូវ​ ស្អី ​ក៏​យើង​ឃើញ​ មិន​អញ្ចឹង»។

លោក ថ្លែង​ពន្យល់​អំពី​ ការកំណត់នៃ​បទដ្ឋាន​សរីរាង្គ​នេះ​ យ៉ាង​ដូច្នេះ​ថា៖

«ក្នុង​ស្តង់ដារ​ហ្នឹង​ វា​ មាន​ចំណុច​ជាច្រើន។​ ទី​មួយ​ គេ​ ឲ្យ​និយម​ន័យ​ ស្អី​ទៅ​ជា​កសិកម្ម​សរីរាង្គ។​ ទីពីរ​ តើ​ចំណុច​វិនិច្ឆ័យ​អ្វី​ខ្លះ​ ដែល​យើង​ចាត់​ទុក​ទាក់​ទង​កសិកម្ម​សរីរាង្គ​ ហើយ​ក្នុង​ហ្នឹង​អ្វីខ្លះ ដែល​យើង​អាចប្រើ​ និង​មិន​អាច​ប្រើ​ ក្នុង​សារធាតុ​អ្វី​ខ្លះ​ ដែល​យើង​អាច​ប្រើ​ និង​មិន​អាច​ប្រើ។ តើ​នៅ​លើ​ផ្ទៃដី​មួយ​ហ្នឹង​ ថា​តើ​ នៅ​ពេល​ដែល​ពីមុន​កសិករ​ធ្លាប់​ប្រើ​គីមី​ ជី​គីមី​ថ្នាំពុល​នោះ​ តើ​ត្រូវ​ការ​ពេល​ប៉ុន្មាន​ខែ​ប៉ុន្មាន​ឆ្នាំ​ ដើម្បី​អាច​ប្រកាស​ថា​ ដី​ហ្នឹង ជា​ដី​សរីរាង្គ​អីចឹង​ទៅ​ណា៎។​ អញ្ចឹង ​វា មាន​ចំណុច​មួយ​ចំនួន​ហើយ​ តើ​ធ្វើ​ម៉េច​រៀបចំ​ប្រព័ន្ធ​ត្រួត​ពិនិត្យ​ផ្ទៃក្នុង​យ៉ាង​ម៉េច​ ដើម្បី​បញ្ជាក់​ថា​ អា​ហ្នឹង​ពិត​ជា​យើង​អាច​ត្រួត​ពិនិត្យ​ទៅ​ពីលើ​ទៅ​ វា​អាច​ដឹង​ថា​យើង​ពិត​ជា​ធ្វើ​តាម​ប្រព័ន្ធ​សរីរាង្គ​ហ្នឹងពិត​ប្រាកដ។ល។»។

ការ​ស្នើ​ឲ្យ​មាន​ការកំណត់​បទដ្ឋាន​សរីរាង្គ​ កើតមាន ខណៈ​ដែល​ប្រជា​ពលរដ្ឋ​ខ្មែរ​ ជា​ច្រើន​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​គុណភាព​ផលិតផល​កសិកម្ម​លើ​ទីផ្សារ​ក្នុង​ស្រុក។

បើ​ទោះ​ជា​ការកំណត់​បទដ្ឋានសរីរាង្គ​ នឹង​ជួយ​ដល់​កសិករ​ផលិត​កសិផល​សរីរាង្គ​ក៏ដោយ​ លោក​បណ្ឌិត​ យ៉ង សាំង​កុមារ​ ដែល​នឹង​ចាក​ចេញ​ពី​អង្គការ​សេដាក​ ពុំ​ទាន់​អាច​បញ្ជាក់​បាន​ច្បាស់​ទេ​ថា​ តើ​ការកំណត់​នេះ​នឹង​កើត​ឡើង​នៅ​ពេល​ណា​ បន្ទាប់​ពី​ការ​ផ្ដួចផ្ដើម​គំនិត​ឲ្យ​មាន​បទដ្ឋាន​នេះ​ ជាច្រើន​ឆ្នាំ​មក​ហើយ។​

លោក​ ត្រឹម​តែ​បញ្ជាក់​ថា​ ដំណើរ​ការ​នៃ​ការរៀបចំ​បទដ្ឋាន​នេះ​ កំពុង​ទៅមុខ​បណ្ដើរៗ​ ខណៈ​ដែល​ក្រសួង​កសិកម្ម​ បាន​ពិចារណា​លើការ​កំណត់​បទដ្ឋាន​នេះ​ដែរ។

ប្រជា​កសិករ​ខ្មែរ ​ដាំដុះ​បន្លែ​សរីរាង្គ​នេះ​នៅ​ក្នុង​ខេត្ត​ចំនួន​បួន​ រួមមាន​ខេត្ត​តាកែវ​ កំពង់​ស្ពឺ​ កំពង់ឆ្នាំង​ និង​សៀមរាប។​ ចំនួន​កសិករ​ដែល​ដាំ​ដំណាំ​នេះ​ គឺ​មាន​ប្រមាណ​២៥០​នាក់។

នៅ​ខេត្ត​ដទៃ ​ដូច​ជា​ខេត្ត​កំពត​ ព្រៃវែង​ មណ្ឌលគិរី​ និង​ខេត្ត​ក្រចេះ ប្រជា​កសិករ​ខ្មែរ​ចំនួន​ជិត​២,០០០នាក់ ក៏​បាន​ដាំស្រូវ​សរីរាង្គ​ផង​ដែរ ​សម្រាប់​ការ​ផ្គត់​ផ្គង់​ក្នុងស្រុក និង​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​ ដូចជា​សហរដ្ឋ​អាមេរិក​ និង​សហគមន៍​អឺរ៉ុប​ជា​ដើម។​នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​អ្នក​ជំនាញផ្នែក​បរិស្ថាន​ និង​សុខ​ភាពនៃ​អង្គការសេដាក។

អ្នក​ស្រី​ ញ៉ែម សុវណ្ណារី​ វ័យ​ ៣៧ឆ្នាំ​ តំណាង​កសិករ​ដាំ​ដុះ​ស្រូវ​សរីរាង្គ​ និង​បន្លែ​ នៅ​ក្នុង​ខេត្ត​តាកែវ​ ថ្លែង​ថា​ ប្រទេស​កម្ពុជា ​គួរ​មាន​ការកំណត់​ស្តង់ដារ​សរីរាង្គ​នេះ​ ដែល​ប្រទេស​ជាច្រើន​រួម​ទាំង​ប្រទេស​ក្បែរ​ខាង​កម្ពុជា​ផង ​បាន​បង្កើត​រួច​មក​ហើយ។

«ស្តង់ដារ​សរីរាង្គ​នេះ​ បើ​តាម​ចិត្ត​ខ្ញុំ​ ខ្ញុំ​ចង់ឲ្យ​បាន​ ឲ្យ​កើត​មាន​ឆាប់ៗ​នេះ​ ព្រោះ​អី​ប្រទេស​យើង​ ជិត​ចូល​អាស៊ាន​អញ្ចឹង​ទៅ​ណា៎។​ អញ្ចឹង​ខ្ញុំ​ ចង់​ឲ្យ​ស្តង់ដារ​សរីរាង្គ​ហ្នឹង​ ពេញ​សាយ​ភាយ​ពេញ​ប្រទេស​ហ្មង​ នឹក​ឃើញ​ថា​ ប្រទេស​គេ​ជិត​ខាង​ គេ​ពេញ​និយម​ណាស់​រឿង​សរីរាង្គ​ គេ​ ចូលចិត្ត​រឿង​កែប្រែ​គុណភាព​ដី។ គេ ចូលចិត្ត​ហ្មង​ តែ​ចំណែក​ខ្មែរយើង​វិញ​ មើល​ទៅ​វា​អត់​ទាន់​ទូលំទូលាយ​ទេ​ រឿង​ខាង​សរីរាង្គ​ មាន​តាម​ដុំៗ​ មាន​ការ​បណ្ដុះបណ្ដាល​តាម​ខាង​រដ្ឋ​ ឬ​ក៏​តាម​ NGO​ ផ្សេងៗ​ គាត់​ទើប​បាន​ ចាប់​បាន​ តាម​ដុំៗ​ទេ​ វា​ មិន​ទាន់​សាយ​ភាយ​ពេញ​ទូទាំង​ប្រទេស​ទេ»។​

​នៅ​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ការ​បង្កើន​កសិផល​សរីរាង្គ​ អង្គការ​សេដាក​ បាន​ដាក់​ឲ្យ​ដំណើរការ​កន្លែង​លក់​បន្លែ​សរីរាង្គ​នេះ​នៅ​ទីតាំង​៨​ផ្សេងៗ​គ្នា​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ និង​នៅ​ផ្សារ​ណាត់​ក្នុង​ខេត្ត​ចំនួន​បី​ គឺ​ខេត្ត​ត្បូង​ឃ្មុំ​ កំពង់ធំ​ និង​សៀមរាប។​

ផ្សារណាត់​មួយ​ទៀត​ដើម្បី​ផ្គត់​ផ្គង់​កសិផល​ធម្មជាតិ​នេះ ​នឹង​ត្រូវ​បង្កើត​នៅ​ខេត្ត​ព្រៃវែង​ ចាប់​ពី​ខែ​មករា​ខាង​មុខ​នេះ។​ នេះ​បើ​យោង​ទៅ​តាម​ការ​បញ្ជាក់​ពី​អ្នក​ផ្គត់​ផ្គង់​ផលិតផល​សរីរាង្គ។

​ទោះ​បី​ជា​ មាន​ការ​ស្នើ​ឲ្យ​មាន​ការ​កំណត់​បទដ្ឋាន​ ឬ​ស្តង់ដារ​ សម្រាប់​ផលិតផល​សរីរាង្គ​ និង​ការ​ពង្រីក​ទី​ផ្សារ​ក៏​ដោយ លោក ​ហ៊ាន វណ្ណ​ហន​ ​អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​នៅ​ក្នុង​ក្រសួង​កសិកម្ម ​ថ្លែង​ថា​ ក្រសួង​ មិនបាន​ផ្ដល់​អាទិភាព​ដល់​ការ​កំណត់​បទដ្ឋាន​នៃ​ផលិតផល​សរីរាង្គ​នោះ​ទេ​ តែ​ក្រសួង​បាន​ផ្ដោត​ទៅ​លើ​បទដ្ឋាន​អនុវត្ត​កសិកម្ម​ល្អ​លើ​ផលិតកម្ម​បន្លែ​ផ្លែឈើ ឬ​ជា​ភាសា​អង់គ្លេស​ហៅថា​ Good Agriculture​ of Practice (GAP ឬ​ជី​អេ​ភី)។

លោក​ពន្យល់​ពី​ហេតុផល​នៃ​ការកំណត់​យក​បទដ្ឋាន​នេះ​ថា៖

«តាម​អាទិភាព​ការងារ​ គឺ​ក្រសួង​កសិកម្ម​ បាន​រៀប​ចំ​ស្តង់ដារ​មួយ​រួចហើយ​ ហៅថា​ស្តង់ដារ​ការ​អនុវត្ត​កសិកម្ម​ល្អ​លើ​ផលិតកម្ម​បន្លែ​ផ្លែ​ឈើ​ បាន​ជា​ខ្ញុំ​និយាយ​ពី​អាទិភាព​ ព្រោះ​ថា ​ផលិតកម្ម​ ដែល​អនុវត្តន៍​តាម​ តាម​កសិកម្ម​ល្អ​នេះ​ វា​ល្អ​ជាង​សរីរាង្គ​ទៅ​ទៀត​ ណាស់​តែ​អង្គការ​សង្គម​ស៊ីវិល​ លោក​ចេះ​តែ​មើលរំលង​ ហើយ​ទៅ​ឲ្យ​តម្លៃ​ទៅលើ​សរីរាង្គ ទៅលើ​ផលិតកម្ម​សរីរាង្គ​ដែល​វា​នៅ​ឆ្ងាយ​ពេក​ ហើយ​អត់​ប្រយោជន៍​អី​សោះ​ ចង់​និយាយ​ថា​ មិន​មាន​ប្រយោជន៍​អី​លើស​អំពី​ផលិតកម្ម​ តាម​បែប​អនុវត្តន៍កសិកម្ម​ល្អ​នេះ​ទេ»។

លោក​ បន្ត​ឲ្យ​ដឹង​ពី​ភាព​ខុសគ្នា​នៃ​ បន្លែ​ដាំ​តាម​ប្រព័ន្ធ​សរីរាង្គ​ និង​ GAP ​ឬ ជី​អេ​ភី​ យ៉ាង​ដូច្នេះ​ថា៖

«មូលហេតុ​ថា​ ជី​អេ​ភី​ ផលិតផល​ ជី​អេ​ភី​ មាន​លក្ខណៈ​វិទ្យាសាស្ត្រ​ បើ​វា​គ្មាន​សំណល់​ជាតិ​ពុល​ ណាមួយ​ប៉ះពាល់​សុខភាព​ តើ​ចាំបាច់​អី​ ទៅ​ហោះ​ទៅ​រក​សរីរាង្គ​ដែល​គ្មាន​លក្ខណៈ​វិទ្យាសាស្ត្រ​សុក្រឹត​ដូច​ ជី​អេ​ភី។ ជី​អេ​ភី​ នោះ​គឺ​ វា​សំខាន់​បំផុត​ ដែល​និយាយ​ថា​ អាហារ​ដែល​យើង​ហូប​ ល្អ​បំផុត​គឺ​មិន​មាន​ ដែល​យើង​ជៀសវាង​ គឺ​ជៀសវាង​សារធាតុ​ពុល​ផ្សេងៗ​ ដែល​មាន​បន្សំ​លើស​កម្រិត​កំណត់​នៅ​ក្នុង​អាហារ។​ ចុះ​បើ​អាហ្នឹង​ វា​មាន​អាហ្នឹង​ហើយ​ យើង​រក​អី​ទៀត»។

ប៉ុន្តែលោក​ គាម មករាឌី ប្រធាន​ផ្នែក​បរិស្ថាន​ និង​សុខភាព​នៃ​អង្គការសេដាក​ ថ្លែង​ថា​ បទដ្ឋាន​ទាំង​ពីរ​នេះ​ គួរ​ដើរ​ទន្ទឹម​គ្នា។

«ខ្ញុំ​គិត​ថា​ នឹង​ដើរ​ទន្ទឹម​គ្នា​ ព្រោះ​អី​និន្នាការ​ពិភពលោក​ គឺ​គេ​ពេញ​ចិត្ត​នឹង​ស្តង់ដារ​កសិកម្ម​សរីរាង្គ​ច្រើន​ជាង​ ព្រោះ​អី​ស្តង់ដារ ​GAP វា​មាន​បញ្ហា​ខ្លះ​ដល់​ពេល​អនុវត្ត​ទៅ​ គឺ​នៅសល់​កាក​សន្សំ​នូវកាក​សំណល់​សារធាតុ​គីមី​ហ្នឹងនៅ​ក្នុង​បន្លែ​នៅ​ក្នុង​ផ្លែ​ឈើ។​ អញ្ចឹង មាន​ករណី​ដូច​នៅ​ប្រទេស​ថៃ​ហ្នឹង​គឺ​ សហគមន៍​អឺរ៉ុប​ផ្អាក​នាំ​ផលិតផល​ដែល​អនុវត្ត​តាម​ GAP ស្តង់ដារ។ អញ្ចឹង​ ខ្ញុំ​គិត​ថា​ វា​កាន់​តែ​មាន​និន្នាការ​ទៅ​រក​កសិកម្ម​សរីរាង្គ​ហ្នឹង​ហើយ​ បាន​វា​ប្រសើរ​ឡើង»។

លោក​ បញ្ជាក់​បន្ថែម​ថា​ ផលិតផល​សរីរាង្គ​មិន​ប្រើ​ជីគីមី​ ឬ​ថ្នាំ​ពុល​ មាន​លទ្ធភាព​ផ្ដល់​សារធាតុ​រ៉ែ​ផ្សេងៗ ​មាន​សារៈសំខាន់​សម្រាប់​ទ្រទ្រង់​សុខភាព​ ធៀប​នឹង​ផលិតផល​កសិកម្ម​ប្រើ​ថ្នាំ​គីមី ដែល​អាច​បង្ក​ជា​ជំងឺ​គ្រោះថ្នាក់​ដល់​សុខភាព។​ ​

លោក​ថ្លែង​ថា​ អ្នក​ទទួលទាន​ផលិតផល​កសិកម្ម​ ប្រើ​សារ​ធាតុពុល​ អាច​នឹង​រងគ្រោះ​ដោយ​សារ​ជាតិ​ពុល​ រហូត​ដល់​ការ​បាត់​បង់​ជីវិត។​ លោក បន្ថែម​ថា​ជំងឺ​មហារីក បានកើត​ឡើង​ជា​ប្រចាំចេញ​ពី​ការ​ទទួល​ទាន​ផលិតផល​កសិកម្ម​ប្រើ​សារ​ធាតុ​គីមី​ ឬ​ថ្នាំ​ពុល​នេះ​ដែរ។

យោង​តាម​អ្នក​ផ្គត់​ផ្គង​ផលិតផល​សរីរាង្គ​ ចំនួន​នៃ​ការ​ផ្គត់​ផ្គង់​បន្លែ​សរីរាង្គ​ក្នុង​ស្រុក​ បាន​បន្ត​កើនឡើង ដោយ​កាល​ពី​ឆ្នាំ​២០១៤​ កសិករ​អាច​ផ្គត់​ផ្គង់​បាន​ចំនួន​តិច​បំផុត​គឺ​ប្រមាណ​១០០​ទៅ​២០០​គីឡូ​ក្រាម ​និង​ច្រើន​បំផុត​គឺ​៦០០​គីឡូ​ក្រាម​ក្នុង​មួយ​ថ្ងៃ។

ឆ្នាំ​នេះ​បរិមាណ​ បាន​ឡើង​ដល់​១​តោន​ក្នុង​មួយ​ថ្ងៃ​ បើ​ចំ​ខែ​ដែល​កសិករ ​ដាំ​បន្លែ​បាន​ច្រើន។ ខែ​ដែល​មាន​បន្លែ​ផ្គត់ផ្គង់​ច្រើន​គឺ​ពី​ខែ​ធ្នូ​ដល់​ខែ​មេសា​ ​ជា​ពេល​វេលា ​ដែល​អាកាស​ធាតុ​អំណោយ​ផល​ដល់​ការ​ដាំដុះ។

រីឯ​ ចំនួន​នៃ​ការ​ផ្គត់​ផ្គង់អង្ករ​សរីរាង្គ ក៏​មាន​ការ​កើន​ឡើង​ជា​លំដាប់ផង​ដែរ។ នេះ​បើ​យោង​តាម​អ្នក​ជំនាញ៕