កម្ពុជា​ធ្លាក់​ចំណាត់​ថ្នាក់​​ទាប​បំផុត​ក្នុង​របាយការណ៍​របស់​អាមេរិក​ស្តីពី​ការ​ជួញដូរ​មនុស្ស

គម្រប​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​​ស្តី​ពី​ការ​ជួញ​ដូរ​មនុស្ស​​នៅ​លើ​ពិភព​លោក​​​របស់​ក្រសួង​ការ​បរទេស​​អាមេរិក សម្រាប់​ឆ្នាំ២០២២។

របាយ​ការណ៍​ប្រចាំ​ឆ្នាំស្តី​ពី​ការ​ជួញ​ដូរ​មនុស្សនៅ​លើ​ពិភព​លោក​របស់​ក្រសួង​ការ​បរទេសអាមេរិក​បង្ហាញ​ថា​ កម្ពុជា​ធ្លាក់​ចំណាត់​ថ្នាក់​ពី​កម្រិត​ពីរ (Tier 2) មក​កម្រិត​បី ​(Tier 3) ដែល​ជា​ចំណាត់​ថ្នាក់​ទាប​បំផុត​មួយ និង​មាន​ន័យ​ថា ​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ខិតខំ​ធ្វើ​អ្វី​ជា​ដុំ​កំភួន ដើម្បី​កែ​លម្អ ហើយ​មិន​បាន​បំពេញ​តាម​បទដ្ឋាន​អប្បបរមា ដូច​ដែល​បាន​កំណត់។

នៅ​ក្នុង​របាយ​ការណ៍​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ ​ក្រសួង​ការ​បរទេស​អាមេរិក​ឲ្យ​ដឹង​ថា ​អំពើ​ពុក​រលួយ​នៅ​តែ​ជា​ឧបសគ្គ​ក្នុង​កិច្ច​ការ​បង្ក្រាប​បទ​ល្មើស​ជួញ​ដូរ​មនុស្ស។

របាយការណ៍​បញ្ជាក់​ថា៖ «រដ្ឋាភិបាល​កម្ពុជា​មិន​បាន​បំពេញ​បទដ្ឋាន​អប្បបរមា​ ហើយ​មិន​បាន​ប្រឹង​ប្រែង​ជា​ដុំ​កំភួននៅ​ក្នុង​ការ​លុប​បំបាត់​ការ​ជួញ​ដូរ​មនុស្ស​នោះ​ទេ សូម្បី​តែ​ពិចារណា​ពី​ផលប៉ះពាល់​នៃ​វិបត្តិ​ជំងឺ​កូវីដ​១៩ មក​លើ​សមត្ថភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស។ ដូច្នេះ​ កម្ពុជា​ត្រូវ​បាន​ទម្លាក់​ចំណាត់​ថ្នាក់​ចូល​ក្នុង​កម្រិត​Tier 3»។

កម្រិត​បី ​(Tier 3)​ បាន​សេចក្ដី​ថា​ រដ្ឋាភិបាល​ម្ចាស់ប្រទេស​មិន​បាន​ប្រឹង​ប្រែងជា​ដុំ​កំភួន និង​តាម​បទដ្ឋាន​ដូច​មាន​ចែង​នៅក្នុ​ង​ច្បាប់​ស្ដីពី​ការ​ការពារ​ជន​រងគ្រោះ​ដោយ​ការ​ជួញ​ដូរ​ (TVPA)កម្រិត​ពីរ​ស្ថិត​ក្នុង​បញ្ជី​តាម​ដាន​ (Tier 2 Watch List) បាន​សេចក្ដី​ថា​ទោះ​រដ្ឋាភិបាល​ម្ចាស់​ប្រទេស​បាន​ធ្វើ​កិច្ចការ​ជា​ច្រើន​គួរ​ឱ្យ​កត់​សម្គាល់ តែ​មិន​ទាន់​បាន​បំពេញ​គ្រប់​និយាម​អប្បបរមា​ដែល​មាន​ចែង​ក្នុង​និយាម​អប្បបរមា​អំពី​ការ​ជួញ​ដូរ​មនុស្ស ហើយ​ចំនួន​ជន​រងគ្រោះ​នៅ​តែ​ច្រើន ខណៈ​រដ្ឋាភិបាល​មិន​ទាន់​ខិត​ខំ​ដល់​កម្រិត និង​មិន​បង្ហាញ​ភស្ដុតាង​ជា​តឹកតាង​គ្រប់គ្រាន់​ថា​ខ្លួន​បាន​ព្យាយាម។

របាយការណ៍​បន្ត​ថា ​បើ​ទោះ​បី​មាន​ចំណាត់​ការ​ខ្លះ​ពី​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ទប់ស្កាត់​និង​បង្ក្រាប​ការ​ជួញ​ដូរ​មនុស្ស អំពើ​ពុក​រលួយ​ញាំញី និង​កង្វះ​ការ​ស៊ើប​អង្កេត​និង​ចំណាត់ការ​លើមន្ត្រី​រដ្ឋាភិបាល​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​មនុស្ស​នៅ​តែ​បង្ក​ជា​ចំណោទ​បញ្ហា​ចំពោះ​ការ​អនុវត្ត​ច្បាប់ ការ​ឲ្យ​ជនល្មើស​រ៉ាប់រង​ទោស​ទណ្ឌ​របស់​ខ្លួន និង​ការ​ផ្តល់​សេវា​ផ្សេងៗ​ដល់​ជន​រងគ្រោះ។ របាយ​ការណ៍​បាន​លើក​ឡើង​អំពី​ការ​ជួញ​ដូរ​ក្មេង​ទៅ​កន្លែង​កម្សាន្ត​សប្បាយ កន្លែង​ផលិត​ឥដ្ឋ និង​ការ​ជួញ​ដូរ​បោក​បញ្ឆោត​តាម​បច្ចេក​វិទ្យា ឬ​ហៅ​ថា​ Scam។

របាយការណ៍​ឆ្នាំ​២០២២​នេះ​ចង​ក្រង​ព្រឹត្តិការណ៍​ដែ​ល​កើត​ឡើង​តាំង​ពី​ដើម​ខែ​មេសា ឆ្នាំ​២០២១ រហូត​ដល់​ចុង​ខែ​មីនា ឆ្នាំ​២០២២។

ក្រៅ​ពី​កម្ពុជា គេ​ឃើញ​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន​ដូចជា​ម៉ាឡេស៊ី មីយ៉ាន់ម៉ា ព្រុយណេ និង​វៀតណាម ក៏​ស្ថិត​នៅ​ក្នុង​ចំណាត់​ថ្នាក់​កម្រិត​ទាប​បំផុត ​Tier 3 ផង​ដែរ។

កាល​ពី​កន្លង​ទៅ ​មាន​សេចក្តី​រាយការណ៍​ថា​ កម្ពុជា​ត្រូវ​បាន​ប្រើប្រាស់​ជា​កន្លែង​បោក​បញ្ឆោត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ឬ​គេ​ហៅ​ថា ​Scam​ ដោយ​ប្រើ​ប្រាស់​កម្លាំង​បរទេស​ ក្នុង​នោះ​មាន​ជន​ជាតិ​ថៃ ​និង​ចិន ធ្វើ​ការ​នៅ​តាម​អគារ​ក្នុង​ប្រទេស​កម្ពុជា​ រហូត​មាន​សេចក្តី​រាយការណ៍​អំពី​ការ​បង្ខាំង​ទុក​ពួកគេ ​មិន​ឲ្យ​មាន​សេរីភាព ការ​ធ្វើ​ទារុណកម្ម​ និង​ការ​ជំរិត​ទារ​ប្រាក់​ជា​ដើម។

អង្គការ​សង្គម​ស៊ីវិល​ក្នុង​ប្រទេស​កម្ពុជា​ធ្លាប់​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ពាក់​ព័ន្ធ​នឹង​ការ​បង្ខាំង​មនុស្ស​ប្រើ​ប្រាស់​ក្នុង​ការងារ​ដែល​ជា​ញឹក​ញាប់​ទាក់​ទង​នឹង​ប្រតិបត្តិការ​បោកប្រាស់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដែល​ដាក់​គោល​ដៅ​លើ​ជន​បរទេស​រស់​នៅ​ខាង​ក្រៅ​ប្រទេស​កម្ពុជា។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល​ចេញ​ផ្សាយ​កាល​ពី​ខែ​មីនា​ ឆ្នាំ​២០២២។ ពួកគេ​ស្នើ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ស៊ើប​អង្កេត​ឱ្យ​បាន​ពេញ​លេញ​ទៅ​លើ​ករណី​នេះ។

ការ​ចេញ​ផ្សាយ​របាយការណ៍​នេះ ស្រប​ពេល​មាន​ការ​ចុះ​ផ្សាយ​ពី​សារព័ត៌មាន​អន្តរជាតិ​ Al Jazeera ដែល​ជា​ព័ត៌មាន​ស៊ើប​អង្កេតស្តីពី​ការ​ឆបោក​តាម​បច្ចេក​វិទ្យា​នៅ​កម្ពុជា។

វីដេអូ​ព័ត៌មាន​ស៊ើប​អង្កេត​រយៈ​ពេល​ជាង​៤០​នាទី ចេញ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កក្កដា ក្រោម​ចំណង​ជើង​ថា​«បង្ខំ​ឲ្យ​ធ្វើ​ការ​ឆបោក៖ ទាសករ​តាម​អ៊ីនធឺណិត​នៅ​កម្ពុជា» (Forced to Scam: Cambodia’s Cyber Slaves) រៀប​រាប់​ពីសកម្មភាព​ជួញ​ដូរ​មនុស្ស និង​ការ​ធ្វើ​ទាសភាព​លើ​ជន​ជាតិចិន ក្រោម​ប្រតិបត្តិការ​បោក​ប្រាស់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត និង​បណ្តាញ​របស់​ឧក្រិដ្ឋជន​ទាំង​នោះ​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា។ ទីតាំង​មួយ​ចំនួន​ក្នុង​ខេត្ត​ព្រះ​សីហនុ កោះកុង ពោធិ៍សាត់ និង​ប៉ោយប៉ែត​ត្រូវ​បាន​រាយការណ៍​ថា​ត្រូវ​បាន​ប្រើប្រាស់ ដើម្បី​ប្រព្រឹត្ត​អំពើ​ឆបោក និង​ការ​វាយ​ដំ​នៅ​ទី​នោះ។

រដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃ ​និង​អនុ​ប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស អ្នកស្រី ជូ ប៊ុនអេង ឲ្យ​ដឹង​ថា ប្រហែល​ក្រសួង​ការ​បរទេស​អាមេរិក​ឃើញព័ត៌មាន​ផ្សេងៗ​ដែល​រៀប​រាប់​ពី​ការ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា ទើប​មាន​ការ​ចាត់​ចំណាត់​ថ្នាក់​កម្ពុជា​បែប​នេះ។ យ៉ាង​ណា​ក្តី​ អ្នកស្រី​បញ្ជាក់​ថា ​អាជ្ញាធរ​កម្ពុជា​តែង​បង្ក្រាប​ការ​ជួញដូរ​មនុស្ស​គ្រប់​រូបភាព​កាល​ពី​ពេល​កន្លង​មក។

អ្នកស្រី​ប្រាប់​វីអូអេ​ថា៖ «យើង​មិន​ដែល​គិត​ថា​ខ្លួន​យើង​ហ្នឹង​ធ្វើ​ការ​វា​សុក្រឹត្យ​មួយ​រយ​ភាគរយ​នោះ​ទេ។ ប៉ុន្តែ​អ្វី​ដែល​យើង​ធ្លាប់​បាន​ប្តូរ​ផ្តាច់​ជាមួយ​គ្នា​កន្លង​មក​ហ្នឹង មាន​ន័យ​ថា សូម្បី​ស្ថានទូត​សហរដ្ឋ​អាមេរិក​ថា​យើង​នឹង​ធ្វើ​ការ​សហការ​គ្នា​ឲ្យ​បាន​ជិត​ស្និទ្ធ។ អ៊ីចឹង​ រឿង​អី​ក៏​ដោយ យើង​គួរ​តែ​ដឹង​ទាំង​អស់​គ្នា​ហើយ ថា​វា​មាន​រឿង​អី​កើត​ឡើង។ ហើយ​នៅក្នុង​ករណី​កន្លង​មក វា​មិន​ដែល​មាន​រឿង​ហ្នឹង​កើត​ឡើង​នៅ​កម្ពុជា​នោះ​ទេ។ ប៉ុន្តែ​ដំណាក់​កាល​ចុង​ក្រោយ វា​លេច​ឮ​ព័ត៌មាន ហើយយើង​ក៏​បាន​ឆ្លើយ​តប​ជា​បន្ត​បន្ទាប់»។

អ្នកស្រី​បន្ថែម​ថា​ពាក់ព័ន្ធ​នឹង​ករណី​ដូច​ការ​ចេញ​ផ្សាយ​របស់​សារព័ត៌មាន​ Al Jazeera អាជ្ញាធរ​កម្ពុជាស្នើ​សុំ​ការ​សហការ​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ច្បាស់​លាស់​ពី​ប្រទេស​ពាក់​ព័ន្ធ ដើម្បី​អាច​ចាត់​វិធានការ​បាន​ប្រកប​ដោយ​ប្រសិទ្ធភាព។

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​នៃ​អង្គការ​លីកាដូ លោក អំ សំអាត ចាត់​ទុក​ការ​ធ្លាក់​ចុះ​ចំណាត់​ថ្នាក់​នេះ​ជា​«ការ​ព្រួយបារម្ភ»​មួយ ចំពោះ​បញ្ហា​ជួញដូរ​មនុស្ស​នៅ​កម្ពុជា។

លោក​ថ្លែង​ថា៖ «អ៊ីចឹង​ ចំណាត់​ថ្នាក់​ក្នុង​របាយការណ៍​នេះ​បង្ហាញ​ថា​ការ​ជួញ​ដូរ​មនុស្ស​នៅ​កម្ពុជា​យើង​គឺ មិន​ទាន់​មាន​ការ​ថយ​ចុះ​ទេ​ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​មាន​ការ​កើន​ឡើង»។

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​បន្ត​ថា​ អង្គការ​សង្គម​ស៊ីវិល​ទទូច​ឲ្យរដ្ឋាភិបាលជំរុញ​បន្ថែម​លើ​ការ​ទប់ស្កាត់​ការ​ជួញដូរ​មនុស្ស​ តាម​រយៈ​ការ​ពង្រឹងយន្តការ​ដែល​មាន​ស្រាប់ ការ​បង្កើន​ប្រសិទ្ធភាព​ និង​បង្កើត​យន្តការ​បន្ថែមទៀត ​ការ​ចាត់​វិធានការ​ដាច់​ខាតលើ​រាល់​បុគ្គលជាប់​ពាក់ព័ន្ធក្នុង​ការ​ជួញដូរ​មនុស្ស និងការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​ដើម្បី​ទប់ស្កាត់​ការ​ជួញដូរ​មនុស្ស៕