កម្ពុជាកាលពីថ្ងៃសុក្រ បានច្រានចោលទណ្ឌកម្ម«អយុត្តិធម៌»របស់អាមេរិកលើឧកញ៉ានិងជាទីប្រឹក្សារបស់អតីតមេដឹកនាំលោកHun Sen ពីបទរំលោភបំពានដែលគេចោទប្រកាន់ទាក់ទងនឹងការជួញដូឬមនុស្សក្នុងមណ្ឌលបោកបញ្ឆោតតាមអនឡាញ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសនៃក្រសួងហិរញ្ញវត្ថុអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសដាក់ទណ្ឌកម្មលើសមាជិកព្រឹទ្ធសភាខាងបក្សកាន់អំណាចដែលមានងារជាឧកញ៉ាផងគឺលោក លី យ៉ុងផាត់ ដែលជាមនុស្សស្និទ្ធនឹងលោកហ៊ុន សែន។
ក្រុមហ៊ុនជាច្រើនរបស់លោក លី យ៉ុងផាត់ក៏រងទណ្ឌកម្មដែរ ដោយសារតែតួនាទីរបស់ក្រុមហ៊ុនទាំងនោះដែលគេចោទប្រកាន់ថាបានរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរលើកម្មករ ដែលត្រូវគេបង្ខំឱ្យធ្វើការក្នុងប្រតិបត្តិការបោកបញ្ជោតវិនិយោគតាមអនឡាញ។
អនុរដ្ឋមន្ត្រីស្តីទីទទួលបន្ទុកកិច្ចការស៊ើបការណ៍ហិរញ្ញវត្ថុនិងភេរវកម្មនៃក្រសួងហិរញ្ញ វត្ថុអាមេរិកបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថាទណ្ឌកម្មនេះ ធ្វើឡើង «ដើម្បីឱ្យអ្នកពាក់ព័ន្ធនឹងការជួញដូរមនុស្សទទួលខុសត្រូវ»។
សេចក្តីថ្លែងការណ៍បន្ថែមថាទណ្ឌកម្មនេះ ក៏មានបំណង«បង្អាក់សមត្ថភាពក្រុមហ៊ុនទាំងនេះ កុំឱ្យអនុវត្តផែនការឆបោកវិនិយោគដែលដៅលើបុគ្គលដែលមិនសង្ស័យរាប់មិនអស់រួមទាំងពលរដ្ឋអាមេរិកាំងផងដែរ»។
អ្នកជួញដូរមនុស្សក្នុងក្រុមហ៊ុនទាំងនេះ បានបង្ខំជនរងគ្រោះឱ្យធ្វើការរហូតដល់១៥ម៉ោងក្នុងមួយថ្ងៃហើយក្នុងករណីខ្លះ បានលក់ជនរងគ្រោះទៅឱ្យប្រតិបត្តិករឆបោកផ្សេងទៀតឬក៏បង្ខំពួកគេឱ្យជួញដូរផ្លូវភេទ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដដែលនោះ។
នៅឆ្នាំ២០២២ លោក លី យ៉ុងផាត់ ត្រូវបានតែងតាំងជាទីប្រឹក្សាផ្ទាល់របស់លោក ហ៊ុន សែនដែលបានចុះចេញពីតំណែងជាផ្លូវការកាលពីឆ្នាំមុន ហើយបានប្រគល់អំណាចបន្តទៅឱ្យកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត ក្រោយពីត្រួត ត្រាប្រទេសកម្ពុជាអស់ពេលជិត៤ទសវត្សរ៍។
លោក ហ៊ុន សែន នៅតែជាឥស្សរជនដ៏មានអំណាចដដែលហើយក្រោយមកបានក្លាយជាប្រធានព្រឹទ្ធសភា ដោយកាន់តំណែងពិធីការដ៏សំខាន់ដែលអនុញ្ញាតឱ្យលោក ដើរតួជាប្រមុខរដ្ឋស្តីទីក្នុងពេលព្រះមហាក្សត្រស្ថិតនៅក្រៅប្រទេស។
ក្រសួងការបរទេសកម្ពជា កាលពីថ្ងៃសុក្រ បានសម្តែង«ការសោកស្តាយយ៉ាងខ្លាំងចំពោះការសម្រេចចិត្តដោយអយុត្តិធម៌»ក្នុងការដាក់ទណ្ឌកម្មលើលោក លី យ៉ុងផាត់ និងក្រុមហ៊ុនរបស់លោក។
សកម្មជនសិទ្ធិមនុស្ស បានចោទប្រកាន់ក្រុមហ៊ុនរបស់លោកលី យ៉ុងផាត់ ជាយូរមកហើយថាបានរំលោភសិទ្ធិមនុស្សនិងបំផ្លាញធនធានធម្មជាតិ។
កាលពីឆ្នាំមុន អង្គការសហប្រជាជាតិ បានព្រមានថាមនុស្សរាប់ម៉ឺននាក់ដែលជារឿយ ៗរងការគំរាមធ្វើទារុណកម្ម ត្រូវបានក្រុមឧក្រិដ្ឋជនបង្ខំក្នុងតំបន់អាស៊ីអាគ្នេយ៍ឱ្យធ្វើសកម្មភាពឆបោកតាមអនឡាញ៕