នៅថ្ងៃទី១៥ខែតុលាខាងមុខនេះអតីតព្រះមហាក្សត្រកម្ពុជាព្រះបាទនរោត្តម សីហនុនឹងយាងចូលទិវង្គតបានពីរឆ្នាំហើយ ហើយសម្រាប់អ្នកនយោបាយខ្មែរយល់ថា ពួកគេបានរៀនសូត្រច្រើនពីបទពិសោធន៍ការងាររបស់ព្រះអង្គនិងកំពុងតែយកមកអនុវត្តក្នុងការងារនយោបាយប្រទេសជាតិ។
ព្រះបាទនរោត្តម សីហនុដែលមានព្រះនាមបច្ឆាមរណៈថា«ព្រះបរមរតនកោដ្ឋ» បានយាងចូលទិវង្គតក្នុងព្រះជន្ម៩០ព្រះវស្សានៅក្នុងទីក្រុងប៉េកាំងនៃប្រទេសចិនក្នុងឆ្នាំ២០១២។
ថ្វីបើពេលនៅមានព្រះកាយពលព្រះអង្គត្រូវបានមជ្ឈដ្ឋាននានាមើលឃើញថាមានចំណុចល្អនិងការប្រឡាក់ប្រឡូសខ្លះជាមួយនឹងក្រុមខ្មែរក្រហមក្នុងពេលបំពេញព្រះរាជកិច្ចបម្រើមាតុភូមិ ក៏ស្នាព្រះហស្ថធំៗរបស់ព្រះអង្គក្នុងការនាំយកឯករាជ្យភាពជូនកម្ពុជាត្រូវបានគេមើលឃើញថាគ្មានគូប្រៀបបានទេ។
វីដេអូ៖ ព្រះកោដ្ឋព្រះបរមសពសម្តេចឪត្រូវតម្កល់ជាអចិន្ត្រៃយ៍ក្នុងព្រះបរមរាជវាំង
Your browser doesn’t support HTML5
ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោដែលជាអតីតលេខាធិការផ្ទាល់និងជាក្មួយរបស់ព្រះបាទនរោត្តម សីហនុបានស្នើសុំឱ្យខ្មែរគ្រប់រូបចងចាំពីឯករាជ្យភាពនេះជានិច្ច៖
«ចង់ឆក់យកឱកាសនេះរំលឹកនូវកេរមរតកដ៏សំខាន់បំផុតរបស់លោកគឺឯករាជ្យជាតិឆ្នាំ១៩៥៣ហើយឱ្យខ្មែរទាំងអស់គ្នាជាពិសេសខ្មែរជំនាន់ក្រោយហ្នឹងចងចាំថាថ្ងៃ៩វិច្ឆិកាឆ្នាំ១៩៥៣ព្រះករុណាបានទាមទារឯករាជ្យពេញលេញ បានទទួលឯករាជ្យពេញលេញពីសាធារណរដ្ឋបារាំងហើយយើងត្រូវតែរួបរួមគ្នាដើម្បីការពារឯករាជ្យហ្នឹងដើម្បីការពារបូរណភាពទឹកដីរបស់យើង»។
ការគ្រប់គ្រងរបស់អាណានិគមបារាំងរយៈពេល៩០ឆ្នាំតាំងពីឆ្នាំ១៨៦៣បានបញ្ចប់ជាផ្លូវការនៅថ្ងៃទី៩ខែវិច្ឆិកា ឆ្នាំ១៩៥៣នៅពេលដែលព្រះបាទនរោត្តម សីហនុដែលនៅវ័យក្មេងនៅឡើយបានប្រកាសឯករាជ្យចេញពីបារាំងនិងដឹកនាំនយោបាយក្នុងឆាកជាតិនិងអន្តរជាតិ។
ក្នុងរយៈពេលជាច្រើនទសវត្សរ៍ព្រះអង្គបានដើរតួរនាទីសំខាន់ៗជាច្រើនក្នុងឆាកនយោបាយកម្ពុជាដូចជា ជាមហាក្សត្រ ជាព្រះអង្គម្ចាស់ ជាប្រមុខរដ្ឋ ប្រមុខរដ្ឋដែលមានតែឈ្មោះរបស់ខ្មែរក្រហម មេដឹកនាំក្រុមចម្រុះប្រឆាំងនឹងការចូលឈ្លានពានរបស់វៀតណាម ជាមហាក្សត្រលើកទីពីរនិងជាក្សត្រចូលនិវត្តន៍។
វីដេអូ៖ ព្រះបរមរូបសម្តេចឪនរោត្តមសីហនុធ្វើអស់ជាងមួយលានដុល្លារ
Your browser doesn’t support HTML5
លោកកឹម សុខា អនុប្រធានទីមួយនៃសភាជាតិដែលមកពីគណបក្សសង្គ្រោះជាតិបានបញ្ជាក់ថា៖
«ខ្ញុំគិតថាការដែលយើងនៅ ចងចាំនូវវីរៈភាពរបស់អតីតព្រះមហាក្សត្រហ្នឹងគឺជាចំណុចសំខាន់យើងទីមួយគឺរឿងឯករាជ្យបូរណភាពទឹកដីដែលលោកតែងតែរំលឹកឡើង។ ទីពីរគឺរឿងការបង្រួបបង្រួមជាតិ។ នេះជាចំណុចសំខាន់នៅពេលណាដែលដល់ពេលបុណ្យរំលឹកខួបលោកម្តងៗអញ្ចឹងគឺខ្ញុំតែងតែនឹកឃើញស្នាព្រះហស្ថរបស់លោកសំខាន់ពីរហ្នឹង»។
សម្រាប់លោកឈាង វុន អ្នកតំណាងរាស្រ្តនៃគណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មការកិច្ចការបរទេសនិងព័ត៌មាននៃសភាជាតិមើលឃើញថាស្មារតីនៃការបង្រួបបង្រួមជាតិរបស់អតីតព្រះមហាវីរៈក្សត្ររបស់កម្ពុជាជាអ្វីដែលអ្នកនយោបាយយកមកអនុវត្តនៅពេលបច្ចុប្បន្ននិងការជួបសន្ទនាគ្នាដើម្បីដោះស្រាយការខ្វែងគំនិតគ្នា៖
«ឥឡូវនេះការងាររបស់ព្រះករុណាដែលលោកបន្សល់ទុកឱ្យកូនចៅមកដល់ឥឡូវនេះគឺ ស្មារតីធំជាងគេបំផុតជាស្មារតីជាតិគឺការបង្រួបបង្រួមជាតិការឯកភាពជាតិហ្នឹងហើយ។ នេះគឺជាស្មារតីទីមួយ។ ទីពីរស្មារតីមួយធំទៀតដែលយើងត្រូវតែយកមកអនុវត្តដែរគឺវប្បធម៌នៃការសន្ទនា។ កន្លងមកពេលណាមានការអ្វីព្រះករុណា ហ្លួងរតនៈកោដកាលពីហ្លួងនៅគង់នៅឡើយតែងតែអញ្ជើញអ្នកនយោបាយជួបជុំគ្នាដើម្បីដោះស្រាយក្រោមការសម្របសម្រួលរបស់ព្រះអង្គ។ អញ្ចឹងហើយស្មារតីនេះយើងយកមកអនុវត្តក្នុងសភាអណត្តិទី៥»។
អ្នកនយោបាយកម្ពុជានាពេលបច្ចុប្បន្នក៏មិនភ្លេចដែរពីគំរូរបស់ព្រះអង្គក្នុងការផ្ទេររាជ្យបល្ល័ង្គប្រកបដោយសន្តិវិធីមកឱ្យព្រះរាជបុត្ររបស់ព្រះអង្គគឺព្រះបរមនាថ នរោត្តម សីហមុនី សោយរាជ្យបន្តក្នុងខែតុលាឆ្នាំ២០០៤។ នេះជាវិធីដោះស្រាយមួយដែលអ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិយល់ថាបានជៀសវាងវិបត្តិរាជ្យបល្ល័ង្គនិងបង្កភាពមិនច្បាស់លាស់លើស្ថាប័នកំពូលរបស់កម្ពុជា។
លោកឈាង វុនបានបន្ថែមថា៖ «ជាកេរដំណែលរបស់ហ្លួងរតនកោដ្ឋទុកជូនប្រជាពលរដ្ឋនៃយើងកូនចៅរបស់ព្រះអង្គឱ្យយកឧទាហរណ៍តាមព្រះអង្គក្នុងការផ្ទេរអំណាចរបស់ព្រះអង្គក្នុងនាមព្រះអង្គជាព្រះមហាក្សត្រមកអ្នកបន្តតំណែងគឺរៀបចំឱ្យហើយ។ អញ្ចឹងហើយនៅក្នុងបរិបទនយោបាយស៊ីវិលរបស់យើងវិញខ្ញុំយល់ថាថ្នាក់ដឹកនាំរបស់យើងបានសម្រេចជាមួយគ្នាតាំងពីឆ្នាំ១៩៩៣មកគឺរបបសេរីប្រជាធិបតេយ្យពហុបក្សបានន័យថាយើងអនុវត្តទៅតាមឆន្ទៈរបស់ប្រជាពលរដ្ឋលោកបោះឆ្នោតឱ្យគណបក្សណាឈ្នះឆ្នោតគណបក្សនោះធ្វើការបន្តទៅទៀតហើយប្រសិនបើគណបក្សកាន់អំណាចត្រូវទទួលបរាជ័យនោះគណបក្សដែលត្រូវបានមកជំនួសគឺត្រូវផ្ទេរដោយសន្តិភាព»។
លោកកឹម សុខា នៃគណបក្សសង្គ្រោះជាតិក៏យល់ស្របដែរហើយថាអ្នកនយោបាយមិនត្រូវមានគំនិតថាក្រាញអំណាចទេ៖
«ការដែលផ្ទេរអ្នកកាន់អំណាចផ្ទាល់វាមានការលំបាកជាងការផ្ទេរព្រះមហាក្សត្រ។ លំបាកយ៉ាងម៉េច? ព្រោះអ្នកមានអំណាចមុនច្រើនតែមិនចង់ឱ្យអ្នកក្រោយកាន់អំណាចបន្តអញ្ចឹងហើយវប្បធម៌ហ្នឹងយើងត្រូវតែដូរកុំឱ្យគិតថាអំណាចហ្នឹងជារបស់យើងម្នាក់ៗគឺជារបស់ប្រជាពលរដ្ឋ។ ពេលណាប្រជាពលរដ្ឋផ្ទេរទៅឱ្យអ្នកណាយើងអ្នកដឹកនាំត្រូវផ្ទេរឱ្យអ្នកនោះដោយសន្តិវិធីដែរ»។
ព្រះបាទនរោត្តម សីហនុ បានធ្វើនយោបាយអន្តរជាតិនិងចងមិត្តជាច្រើនក្នុងស្រទាប់អ្នកនយោបាយល្បីៗមួយចំនួនដូចជាលោកប្រធានាធិបតី ស៊ូកាណូ នៃប្រទេសឥណ្ឌូនេស៊ី លោកនាយករដ្ឋមន្ត្រីចាវ៉ាហាឡាល់ នេរុ នៃប្រទេសឥណ្ឌានិងលោកនាយករដ្ឋមន្ត្រីចិន ជូ អេនឡាយជាដើម។
បច្ចុប្បន្នកម្ពុជានៅមិនទាន់មានអ្នកនយោបាយដែលអាចនឹងប្រៀបជាមួយនឹងព្រះមហាវីរៈក្សត្ររបស់កម្ពុជានៅឡើយក្នុងការធ្វើនយោបាយអន្តរជាតិ។
លោកធន់ សារាយប្រធានសមាគមសិទ្ធិមនុស្សអាដហុកបានផ្តល់ការពន្យល់ថា៖
«ឥឡូវនេះគឺជាសម័យដែលគេថាគ្មានវិបត្តិសង្គ្រាមត្រជាក់ហើយអញ្ចឹងរឿងអ្នកដឹកនាំដែលមានកិត្យានុភាពដូចព្រះអង្គដែលមានការឈ្លាសវៃ មានការអាចឱ្យមានការទទួលស្គាល់ជាអន្តរជាតិគឺនៅមានកម្រិត។ អញ្ចឹងហើយធ្វើឱ្យប្រទេសយើងហាក់ដូចជាមានកង្វះខាតក្នុងការធ្វើឱ្យតួនាទីរបស់កម្ពុជាលេចធ្លោនៅក្នុងតំបន់ក៏ដូចជាអន្តរជាតិក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយយើងបានឃើញថាយើងបានរក្សាស្ថិរភាពជាហូរជាហែរមកបានដែរនៅក្នុងសហគមន៍របស់យើងទោះបីជាយើងមានការឈ្លោះទាស់ទែងគ្នាម្តងជាពីរដងក៏ដោយ។ ពេលបោះឆ្នោតម្តងៗយើងមានជម្លោះគ្នាក៏ដោយក៏យើងនៅបានរក្សា»។
ថ្ងៃដែលព្រះអង្គសោយទិវង្គតបានក្លាយជាបុណ្យជាតិរបស់កម្ពុជាដែលពលរដ្ឋអាចសម្រាកបានមួយថ្ងៃហើយសម្រាប់កម្មវិធីនៅ ព្រះបរមរាជវាំងវិញ ព្រះអង្គម្ចាស់ធម្មិកោបានបញ្ជាក់ថានឹងមានពិធីបង្សុកូលមួយថ្វាយដល់ព្រះបរមរតនកោដ្ឋនៅថ្ងៃទី៣០និង៣១ខែតុលា។
ពលរដ្ឋកម្ពុជាដែលបានឆ្លងកាត់ការរស់នៅក្នុងទសវត្សរ៍១៩៦០នៅតែចងចាំពីអនុស្សាវរីយ៍ដ៏ល្អនាពេលនោះដោយឡែកយុវជនជំនាន់ក្រោយអាចនឹងនៅមានក្តីអាឡោះអាល័យប៉ុន្តែប្រហែលជានឹងផ្តោតលើស្ថានភាពនាពេលបច្ចុប្បន្ននិងអ្វីដែលនឹងកើតមាននៅពេលខាងមុខរបស់ពួកគេ។ នេះបើតាមការសង្កេតរបស់អ្នកជំនាញនានា។
ប៉ុន្តែព្រះអង្គម្ចាស់ធម្មិកោ យល់ថានៅមានកិច្ចការមួយដែលអ្នកនយោបាយខ្មែរនៅធ្វើមិនទាន់បាននោះគឺការដែលអ្នកនយោបាយបាននិយាយឱ្យតែរួចពីមាត់ថាគោរពតាមនិងដង្ហែរតាមគំរូរបស់ព្រះបរមរតនកោដ្ឋប៉ុន្តែមិនអាចធ្វើតាមបាន។
ព្រះអង្គម្ចាស់ ធម្មិកោបានបញ្ជាក់ថា៖ «ខ្ញុំមានការសោកស្តាយ។ សោកស្តាយកន្លែងត្រង់ថា ជាពិសេសអ្នកនយោបាយដែលបានអះអាងថារក្សាកេរមរតកព្រះករុណាព្រះបរមរតនកោដ្ឋ ពិសេសក្នុងការខិតខំកសាងសន្តិភាពឯកភាពជាតិ ក្នុងការការពារឯករាជ្យនិងបូរណភាពទឹកដីរហូតមកដល់ថ្ងៃនេះដូចជាមិនទាន់បានធ្វើអ្វីឱ្យស្របទៅតាមពាក្យសម្តីរបស់ខ្លួនឯង ពាក្យសន្យារបស់ខ្លួនឯងទេ។ ខ្ញុំមានការសោកស្តាយត្រង់ហ្នឹង»។
សម្រាប់ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ យល់ថាកម្ពុជារាល់ថ្ងៃនៅមិនទាន់មានឯករាជ្យភាពពេញលេញនៅឡើយទេហើយស្ថាប័នព្រះមហាក្សត្រទៀតសោតត្រូវបានព្រះអង្គមើលឃើញថាមិនមានភាពអព្យាក្រិតដោយសារតែមន្ត្រីធំៗក្នុងព្រះបរមរាជវាំងជាអ្នកដែលធ្វើការបម្រើដល់គណបក្សនយោបាយរបស់គណបក្សកាន់អំណាច។
«ការយល់ឃើញរបស់ខ្ញុំគឺស្ថាប័នព្រះមហាក្សត្រមិនអព្យាក្រិត។ នេះជាការសោកស្តាយរបស់ខ្ញុំមួយដែរ។ មិនអព្យាក្រិតត្រង់ថាជាស្ថាប័នឯកបក្សទៅហើយសព្វថ្ងៃហ្នឹង។ ព្រះបរមរាជវាំងគឺជាស្ថាប័នមួយឯកបក្ស។ នេះហើយដែលខ្ញុំមានការសោកស្តាយដែរ»។
ព្រះអង្គបានស្នើសុំឱ្យមានការធ្វើការកែប្រែដើម្បីទុកឱ្យមន្ត្រីដែលធ្វើការនៅ ក្នុងព្រះបរមរាជវាំងជាអ្នកដែលមិនត្រូវជាសមាជិកនៃគណបក្សណាមួយទេ។
ប៉ុន្តែលោកឈាង វុននៃគណបក្សប្រជាជនកម្ពុជាយល់ថាស្ថាប័នព្រះមហាក្សត្រកាន់តែត្រូវបានពង្រឹងជារៀងរាល់ថ្ងៃ។
ប្រទេសកម្ពុជាបានរៀបចំការបោះឆ្នោតកាលពីថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៣ហើយបានធ្លាក់ក្នុងវិបត្តិនយោបាយជិតមួយឆ្នាំប៉ុន្តែបានខិតខំស្វែងរកដំណោះស្រាយដោយខ្លួនឯងដោយមិនមានអន្តរាគមន៍ជាផ្លូវការណាមួយពីព្រះមហាក្សត្រដែលខុសពីក្នុងពេលដែលព្រះបាទសីហនុនៅមានព្រះជន្ម។
លោកបណ្ឌិតសុខ ទូច អ្នកវិភាគនយោបាយមើលឃើញថាព្រះមហាក្សត្រនាពេលបច្ចុប្បន្នមិនសូវមានឥទ្ធិពលលើអ្នកនយោបាយដូចពេលដែលព្រះបិតារបស់ព្រះអង្គគង់នៅមានព្រះជន្មទេ។
«ព្រះមហាក្សត្រដែលធ្លាប់មានសក្តានុពលក្នុងការសម្របសម្រួលនយោបាយដូចកាលពី២០០៣ហើយទិដ្ឋភាពឆ្នាំ២០១៣យើងឃើញមានលក្ខណៈប្លែកគ្នា។ ប្លែកត្រង់ថាកាយពលរបស់អតីតព្រះមហាក្សត្រលោកមានការសម្របសម្រួលច្រើនហើយអ្នកនយោបាយហាក់ដូចជាមានជំនឿទុកចិត្តទៅលើព្រះតំរិះរបស់ព្រះអង្គច្រើនក្រោយមកយើងឃើញពេលបច្ចុប្បន្ននេះព្រះអង្គហាក់ដូចជាមិនសូវមានឥទ្ធិពលទៅលើអ្នកនយោបាយទេទោះបីជាព្រះអង្គគង់នៅខ្ពស់ក៏ដោយជាម្លប់ក៏ដោយប៉ុន្តែអ្នកនយោបាយហាក់ដូចជាមិនមានចំណាប់អារម្មណ៍ដូចជាព្រះបាទឳរបស់ព្រះអង្គទេ»។
រីឯស្នាព្រះហស្ថរបស់អតីតព្រះមហាក្សត្រត្រូវបានគេធ្វើឱ្យសាបបន្តិចម្តងៗតាមរយៈការសាងសង់អគារថ្មីដែលលប់លើសំណង់ចាស់។ ឧទាហរណ៍ដូចជាពហុកីឡាដ្ឋានអូឡាំពិកជាដើម។ នេះបើតាមការបញ្ជាក់របស់បណ្ឌិតសុខ ទូច។
ក្នុងពេលដែលពលរដ្ឋកម្ពុជាកំពុងតែដាក់ជោគវាសនារបស់ពួកគេលើអ្នកនយោបាយជំនាន់ថ្មី នេះកេរដំណែលភាគច្រើនរបស់ព្រះមហាវីរៈក្សត្ររបស់កម្ពុជានៅមិនទាន់មានអ្វីមួយដែលគេអាចជំនួសបាននៅឡើយទេ៕