កម្ពុជា​និង​កូរ៉េ​ខាងត្បូង​ចុះ​ហត្ថលេខា​លើ​គម្រោង​អភិវឌ្ឍន៍​ជា​ទឹកប្រាក់​ជាង ១.៨០០ លាន​ដុល្លារ

រូបឯកសារ៖ ទិដ្ឋភាព​ចរាចរណ៍​ថ្ងៃ​មុន​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​មក​ដល់​នៅឯ​ស្ពាន​ជ្រោយ​ចង្វារ​ក្នុងរាជធានី​ភ្នំពេញ​ កាល​ពីឆ្នាំ​២០១៦​។​ គម្រោង​អភិវឌ្ឍន៍​ជាមួយ​កូរ៉េខាង​ត្បូង​នឹង​កសាង​ស្ពាន​ថ្មី​មួយ​​ភ្ជាប់​ពី​តំបន់​ផ្សារ​ចាស់​នៃ​រាជធានី​ភ្នំពេញ​ទៅ​ជ្រោយ​ចង្វារ​។ (ហ៊ាន សុជាតា​/ VOA)

រដ្ឋាភិបាល​កម្ពុជា​ និង​សាធារណរដ្ឋ​កូរ៉េ​ខាង​ត្បូង បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​មួយ​ចំនួន ដែល​នឹង​ផ្តល់​ប្រាក់​កម្ចី​ជាង​ ១.៨០០​ លាន​ដុល្លារ​អាមេរិក ដល់​កម្ពុជា សម្រាប់​ការ​អនុវត្ត​គម្រោង​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​ការ​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​អគ្គិសនី​នៅ​ខេត្ត​ព្រះសីហនុ​ និង​ការ​កសាង​ស្ពាន​ភ្ជាប់​ពី​តំបន់​ផ្សារ​ចាស់​នៃ​រាជធានី​ភ្នំពេញ​ទៅ​ជ្រោយ​ចង្វារ និង​ពី​ជ្រោយ​ចង្វារ​ទៅកាន់​អរិយក្សត្រ​ស្ថិត​ក្នុង​ខេត្ត​កណ្តាល។

ការ​ចុះ​ហត្ថ​លេខា​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ ដោយ​មាន​ការចូលរួម​ពី​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​ លោក ប្រាក់ សុខុន​ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ លោក​ អូន ព័ន្ធមុនីរ័ត្ន និង​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េប្រចាំ​កម្ពុជា​ លោក ​ប៉ាក ហឹងឃ្យង​ (Park Heung-Kyeong)។

បើ​តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក ហ៊ុន សែន​ រដ្ឋាភិបាល​កម្ពុជា​ និងកូរ៉េខាងត្បូង​បាន​ព្រមព្រៀង​គ្នា​លើ​កិច្ច​សម្រប​សម្រួល​ក្របខណ្ឌ​ស្តី​ពី​ការ​ផ្តល់​ឥណទាន​សម្បទាន​ នៃ​មូលនិធិ​សហប្រតិបត្តិការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សម្រាប់​ឆ្នាំ​ ២០២២​ដល់​ឆ្នាំ ២០២៦​ ដែល​មាន​ទំហំ​ទឹកប្រាក់​ចំនួន​ ១.៥០០ លាន​ដុល្លារ​ គម្រោង​ពង្រឹង​សមត្ថភាព​ប្រព័ន្ធ​បណ្តាញ​បញ្ជូន​អគ្គិសនី​នៅ​ខេត្ត​ព្រះសីហនុ​ ដែល​មាន​ទឹក​ប្រាក់​ចំនួន​ ៧០ លាន​ដុល្លារ​ និង​គម្រោង​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា​កូរ៉េ​ (ពី​ផ្សារចាស់​ទៅ​ជ្រោយចង្វារ និង​ពី​ជ្រោយចង្វារ​ទៅ​អរិយក្សត្រ) ដែល​មាន​ទំហំ​ទឹកប្រាក់​ជិត​ ២៤៦ លាន​ដុល្លារ។

នៅ​ក្នុង​ទំព័រ​ហ្វេស​ប៊ុករបស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ក្រសួង​ការបរទេស​កម្ពុជា​បាន​បញ្ជាក់​ថា៖ « ឥណ​ទាន​សម្បទាន​ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ​នា​ពេល​នេះ នឹង​ចូលរួម​ចំណែក​ដ៏​សំខាន់​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​ពន្លឿន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ព្រមទាំង​ពង្រឹង​បន្ថែម​ទៀត​នូវ​ទំនាក់​ទំនង​ល្អ​ ដែល​មាន​ស្រាប់​រវាង​ប្រជាជាតិ​ទាំងពីរ»។


​វីអូអេ​បាន​ព្យាយាម​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក ជុំ​ សុន្ទរី តែ​លោក​ថា​នឹង​មាន​ការ​ចេញ​សេចក្តី​បំភ្លឺ​មួយ​នា​ពេល​ខាង​មុខ។

ការ​ចុះ​កិច្ចព្រមព្រៀង​លើ​គម្រោង​ហិរញ្ញប្បទាន​រវាង​រដ្ឋាភិបាល​កម្ពុជា​ និង​កូរ៉េខាងត្បូង​នេះ​កើតមាន​ឡើង​ នៅ​ក្រោយ​ការ​ចេញ​របាយការណ៍​របស់​ធនាគារ​ពិភពលោក​ដែល​ព្យាករណ៍​ថា សេដ្ឋកិច្ច​កម្ពុជា​មាន​កំណើន​ ៤,៨ ​ភាគរយ​ នៅ​ក្នុង​ឆ្នាំ​ ២០២២​ ក្នុង​នោះ​ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​មាន​សន្ទុះ​ឡើង​ ​ក្រោយ​សម័យ​មាន​ជំងឺ​រាតត្បាត​ មួយ​ផ្នែក​ទៀត​ដោយសារ​ការ​ស្ទុះ​ងើប​ឡើងវិញ​នៃ​វិស័យ​ទេសចរណ៍។

ក៏ប៉ុន្តែ​ធនាគារ​ឱ្យ​ដឹង​ថា សេដ្ឋកិច្ច​នៃ​ប្រទេស​កំពុង​អភិវឌ្ឍ ដូច​ជា​កម្ពុជា​ងាយ​រង​គ្រោះ​ណាស់​ ជាពិសេស​នៅ​ពេល​អតិផរណា​កើន​ ពិភព​លោក​មាន​កំណើន​សេដ្ឋកិច្ច​យឺត ការ​ផ្គត់​ផ្គង់​ថាមពល​ធ្លាក់ចុះ​ និង​អត្រា​ការប្រាក់​ឡើង​កាន់​តែ​ខ្ពស់។ មួយ​វិញ​ទៀត​ វិស័យ​ផលិតកម្ម​របស់​កម្ពុជា​ពឹង​ផ្អែក​លើ​ទីផ្សារ​នាំចេញ​ដើម្បី​រីក​ចម្រើន​ ហើយ​វា​នឹង រង​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ខ្លាំង កាល​ណា​កំណើន​យឺតៗ​កាន់​តែអូស​បន្លាយ​នៅ​ក្នុង​ទីផ្សារ​នាំចេញ​ដ៏​ធំ​បំផុត​ពីរ​របស់​ខ្លួន​ គឺ​សហរដ្ឋអាមេរិក​ និង​សហភាព​អឺរ៉ុប។ ជាមួយ​គ្នា​នេះ​ដែរ​ ការ​វិនិយោគ​ និង​លំហូរ​មូលធន​ទំនង​ជា​នឹង​ថយ​ចុះ​ ដោយសារ​ការធ្លាក់​ចុះ​ បន្តិច​ម្តងៗ​នូវ​ទុន​ពី​ប្រទេស​ចិន​ ដែល​ជា​ប្រភព​នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ធំ​បំផុត​របស់​កម្ពុជា​មកទល់​ពេលនេះ៕