គម្លាត​នៃ​ការ​អភិវឌ្ឍ​ជា​ការ​គំរាម​ដល់​ចីរភាព​នៃ​ការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​អាស៊ាន

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន

អំពាវនាវ​ដល់​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់​ឲ្យ​ខិតខំ​ធ្វើ​យ៉ាង​ណា​កាត់​បន្ថយ​គម្លាត​នៃ​ការអភិវឌ្ឍ​ដែល​ជា​ឧបសគ្គ​ក្នុង​ការ​សម្រេច​បាន​នូវ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នៅ​ពេល​អនាគត។
ដោយ៖ វង់ ដារ៉ា
សៀម រាប៖ នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៃ​កម្ពុជា​បាន​អំពាវនាវ​ដល់​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់​ឲ្យ​ខិតខំ​ធ្វើ​យ៉ាង​ណា​កាត់​បន្ថយ​គម្លាត​នៃ​ការអភិវឌ្ឍ​ដែល​ជា​ឧបសគ្គ​ក្នុង​ការ​សម្រេច​បាន​នូវ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នៅ​ពេល​អនាគត។ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថ្លែង​យ៉ាង​ដូច្នេះ​នៅ​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​លើក​ទី៤៤​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទនេះ​នៅ​ក្នុង​ខេត្ត​សៀមរាប។
លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា​ថ្វី​បើ​មក​ដល់​ពេល​នេះ​គម្លាត​នៃ​ការ​អភិវឌ្ឍ​ក្នុង​ចំណោម​ប្រទេស​សមាជិក​អាស៊ាន​មាន​ការ​ថយ​ចុះគួរ​ឲ្យ​កត់​សម្គាល់​ក៏​ដោយ ក៏​គម្លាត​នេះ នៅ​តែ​មាន​ទំហំ​ធំ​នៅ​ឡើយ​ដែល​ចាំបាច់​ត្រូវ​តែ​មាន​វិធានការ​គន្លឺះ​សម្រាប់​ដោះស្រាយ។ លោក​បញ្ជាក់​ថា បញ្ហា​និង​ការ​ប្រឈម​មួយ​ចំនួន​ពុំ​អាច​ត្រូវ​បាន​ដោះស្រាយ​ប្រកប​ដោយ​ប្រសិទ្ធភាព​នៅ​កកម្រិត​ជាតិ​និមួយៗ​បាន​ឡើយ​គឺ​ទាមទារ​អភិក្រម​សហប្រតិបត្តិការ​កាន់ តែ​ជិត​ស្និទ្ធ​ ស៊ីជម្រៅ​និង​ទូលំទូលាយ​ជាង​មុន​នៅ​ក្នុង​កម្រិត​តំបន់។
«ខ្ញុំ​ជឿ​ជាក់​ថា​អាស៊ាន​នឹង​បន្ត​ពង្រឹង​និង​ពង្រីក​ជំហរ​ឯកភាព​គ្នា​មួយ​ក្នុង​តំបន់​ដើម្បី​រួមគ្នា​ដោះស្រាយ និង​បំពេញ​ភាពខ្វះ​ចន្លោះ​ទាំងឡាយ​ដែល​នៅ​មាន​ដូចជា ការ​កាត់​បន្ថយ​គម្លាត អភិវឌ្ឍន៍ ការ​ត​ភ្ជាប់​អាស៊ាន​ទាំង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត និង​ផ្នែក​ស្ថាប័ន និង​ការ​ជំរុញ សហគ្រាស​ខ្នាត​តូច និង​មធ្យមឲ្យ​មាន​តួនាទី​សំខាន់​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​តំបន់ នេះ»។
លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ទៀត​ថា បច្ចុប្បន្ន​អាស៊ាន​បាន​ក្លាយ​ជា​ស្ថាប័ន​ដែល​មាន​សមាហរណកម្ម​យ៉ាង​ជិតស្និទ្ធ​ទាំង​ផ្នែក​នយោបាយ​និង​សេដ្ឋកិច្ច និង​ជា​តួអង្គ​ដ៏​មាន​ឥទ្ធិពល​នៅ​ក្នុង​តំបន់​អាស៊ី ព្រមទាំង​ជា​ដៃគូរ​យុទ្ធសាស្ត្រ​មិន​អាច​ខ្វះ​បាន​របស់​បណ្តា ប្រទេស​ធំៗ​និង​អង្គការ​សំខាន់ៗ​ក្នុង​ពិភពលោក ចាប់​តាំង​ពី​តំបន់​នេះបាន​បង្កើត​ជាង​បួន ទសវត្សរ៍ ហើយ​មាន​ការអភិវឌ្ឍ​និង​ប្រែក្លាយ​ទៅ​ជា​តំបន់​មួយ​ប្រកប​ដោយ​សន្តិភាព​និង ស្ថិរភាព។
«ខ្ញុំ​មាន​សេចក្តីរីករាយ​ខណៈ​ដែល​សេដ្ឋកិច្ច​អាស៊ាន​បាន​កើន​ឡើង​៤,៧% កាល​ពី​ឆ្នាំ​កន្លង​ទៅ​បើ​ទោះបី​ជា​អាស៊ាន​ស្ថិត​ក្រោម​លក្ខខណ្ឌ​សេដ្ឋកិច្ច​ដ៏​តឹងតែង ដូចជា​ថ្លៃ ប្រេង​ឥន្ធនៈ​ឡើង​ខ្ពស់​និង​លំហូរ​មូលធន​សកល​មិន​ទៀតទាត់​ក៏​ដោយ»។
លោក​ហ៊ុន សែន​ក៏​បាន​បញ្ជាក់​ដែរ​ថា អាស៊ាន​នៅ​តែ​បន្ត​បាន​ពាណិជ្ជកម្ម​ក្នុង​ទំហំ​ទឹក​ប្រាក់ ៩៨,៥ ពាន់​លានដុល្លារ​ក្នុង​ឆ្នាំ២០១១​បើទោះ​ជា​មាន​ការ​ធ្លាក់​ចុះ​ផ្នែក​នាំចេញ​ក៏ដោយ។ លោក​ថា ការ​នាំចេញ​មាន​ទឹក​ប្រាក់​រហូត​ដល់​១,២៤​លាន​លាន​ដុល្លារ​ខណៈ​ដែល​ការ​នាំ​ចូលមាន​ទំហំ១,១៥លាន-លាន ដុល្លារ។
«ប៉ុន្តែ​ចំពោះ​មុខ​នេះ​អាស៊ាន​បាន​នឹង​កំពុង​តែ​ជួប​បញ្ហា​ប្រឈម​ទាំង​កម្រិត​សកល​និង កម្រិត​តំបន់​ដូចជា​ភាពផុយស្រួយ​នៃ​ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​អភិវឌ្ឍ គូបផ្សំ​នឹង​ការ​អូសបន្លាយ​នៃ​វិបត្តិ​បំណុល​នៅ​តំបន់​អឺរ៉ុប វិបត្តិ​នយោបាយ និង​សង្គម​ដែល​កំពុង​កើត​ឡើង​នៅ​មជ្ឈឹមបូព៌ា​និង​អាហ្រ្វិក​ខាង​ជើង​បញ្ហា​តម្លៃ​ប្រេង​ឡើង​ខ្ពស់​បញ្ហា​សន្តិសុខ ស្បៀង និង​ថាមពល ការ​ប្រែប្រួល​អាកាសធាតុ គ្រោះ​មហន្តរាយ​ធម្មជាតិ ភេរវកម្ម និង ឧក្រិដ្ឋកម្ម​ឆ្លងដែន​ជាដើម»។
សមាជិក​អាស៊ាន​ចាប់​ពី​ថ្ងៃ​ច័ន្ទ​ទី២៧ ខែ​សីហា​នេះ បាន​ចាប់​ផ្តើម​បើក​កិច្ចប្រជុំ​រដ្ឋ មន្ត្រី​សេដ្ឋកិច្ច​លើកទី៤៤​របស់​ខ្លួន​នៅ​ក្រុង​សៀមរាប​រហូត​ដល់​ថ្ងៃទី០១ ខែ​កញ្ញា ដោយមានការ​ពិភាក្សា​លើ​ក្រុម​ប្រឹក្សា​តំបន់​វិនិយោគ​អាស៊ាន ក្រុមប្រឹក្សា​តំបន់​សេដ្ឋកិច្ច​សេរីអាស៊ាន​ព្រម​ជាមួយ​នឹង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ជាមួយ​បណ្តា​ប្រទេស​ជា​ដៃ​គូរ របស់​ខ្លួន​នៅ​ជុំវិញ​ពិភពលោក​ផង​ដែរ៕