អ្នក​សេដ្ឋកិច្ច​ស្នើ​ឱ្យ​កម្ពុជា​ពង្រឹង​សេដ្ឋកិច្ច​សិន​មុន​​គិត​ដល់​កិច្ច​ព្រមព្រៀង​ឆ្លង​សមុទ្រ​ប៉ាស៊ីហ្វិក

  • នៅ វណ្ណារិន

លោក​​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា​ថ្លែង​ក្នុង​អំឡុង​កិច្ច​ពិភាក្សា​មួយ​ក្នុង​សន្និសីទ​ វេទិកា​ពិភពលោក​អំពី​អាស៊ី​បូព៌ា​នៅ​ក្រុង​ចាការតា​ប្រទេស​ឥណ្ឌូនេស៊ី​ កាល​​ពី​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១៥។ (AP Photo/Achmad Ibrahim)

សេដ្ឋវិទូ​និង​អ្នក​ជំនាញ​ថ្លែង​ថា​កម្ពុជា​គួរតែ​ពង្រឹង​សេដ្ឋកិច្ច​របស់​ខ្លួន​និង​ស្តង់ដារ​ផលិតផល​ក្នុង​ស្រុក​ដើម្បី​ត្រៀម​ខ្លួន​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ចូល​ក្នុង​តំបន់អាស៊ីអាគ្នេយ៍​សិន​មុន​នឹង​គិត​គូរ​ពី​ការ​ចូល​ជា​សមា​ជិក​របស់កិច្ច​ព្រមព្រៀង​ដៃ​គូ​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ (Trans-Pacific Partnership)​ ដែល​ហៅ​កាត់​ថា​ (TPP)​ ខណៈ​ពេល​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បារ៉ាក់​ អូបាម៉ា​ កំពុង​តែ​ព្យាយាម​កៀរគរ​និង​ជំរុញ​ដៃ​គូ​សេដ្ឋកិច្ច​ផ្សេងៗ​នៃ​បណ្តា​ប្រទេស​តំបន់​ប៉ាស៊ីហ្វិក។

កិច្ចព្រមព្រៀង​ដៃគូ​ឆ្លង​មហាសមុទ្រប៉ាស៊ីហ្វិក ​Trans-Pacific Partnership​ គឺជា​កិច្ច​ផ្តួចផ្តើម​របស់​ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​គឺ​លោក​ បារ៉ាក់​ អូបាម៉ា​ ដើម្បីកៀរគរ​យក​សមាជិក​ពី​ប្រទេស​ក្នុង​តំ​បន់​បាស៊ីហ្វិក​ធ្វើ​ជា​ដៃគូ​សេដ្ឋកិច្ច​និង​ធ្វើ​ការ​នាំ​ចេញ​ក្នុង​ប្រទេស​នោះ​ដោយ​មិន​យក​ពន្ធ​ឬក៏​យក​តិចតួច​បំផុត។ មក​ដល់​ពេល​នេះ ​Trans-Pacific Partnership​ មាន​សមាជិក​ត្រឹម​តែ​១២​ប៉ុណ្ណោះ​រួម​ទាំង​ សហរដ្ឋ​អាមេរិក​ខ្លួន​ឯង​ ប្រទេស​អូស្ត្រាលី​ កាណាដា​ ឈីលី​ ជប៉ុន​ នូវែលហ្សេឡង់​ ក្នុង​នោះ​ក៏​មាន​ប្រទេស​សមាជិក​អាស៊ាន​៤ប្រទេស​ផង​ដែរ​ដូចជា​ប្រទេស​ ព្រុយនេ​ ម៉ាឡេស៊ី​ វៀតណាម​ និង​ សិង្ហបុរី។​

ស្រដៀង​គ្នា​នេះ​ដែរ​ក្រុម​ប្រទេស​ កិច្ច​ព្រម​ព្រៀង​នៃ​ការ​រៀបចំ​ដៃគូ​សេដ្ឋ​កិច្ច​នៅ​ក្នុង​តំបន់​ Regional​ Comprehensive​ Economic​ Partnership​ ​ហៅ​កាត់​ថា​ (RCEP)​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មាន​ការ​ជំរុញ​ពី​ប្រទេស​ចិន​ក្នុង​ឆ្នាំ​២០១២នា​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ទីក្រុង​ភ្នំពេញ​ដើម្បី​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី​នឹង​ផ្លាស់​ប្តូរពាណិជ្ជកម្ម​ដោយ​សេរី​ជាមួយ​ប្រទេស​ដៃគូ។​ កិច្ច​ព្រមព្រៀង​នេះ​គឺ​រាប់​បញ្ចូល​ក្រុម​ប្រទេស​អាស៊ាន​ទាំង១០​និង​ដៃគូ​ពាណិជ្ជកម្ម​ផ្សេង​ទៀត​រួម​មាន​ប្រទេស​ចិន​ អូស្ត្រាលី​ កាណាដា​ ជប៉ុន​ នូវែលហ្សេឡង់​និង​កូរ៉េ​ខាង​ត្បូង។ ​ ក៏ប៉ុន្តែ​មិន​បាន​បញ្ចូល​សហរដ្ឋ​អាមេរិក​នោះ​ទេ។​

អ្នក​ជំនាញ​សេដ្ឋកិច្ច​និង​នយោបាយបាន​ប្រាប់​ VOA​ ខេមរភាសា​ក្នុង​សប្តាហ៍​នេះថា​ប្រទេស​កម្ពុជា​ពុំ​គួរ​រួសរាន់​ចូល​ជា​សមាជិក​របស់​ប្រទេស​នៃ​ក្រុម​ប្រទេស ​TPP​ ហើយ​ធ្វើ​ការ​ពង្រឹង​សេដ្ឋកិច្ច​របស់​ខ្លួន​ជា​មុន​សិន។​ កម្ពុជា​ដែល​សព្វ​ថ្ងៃ​ជា​សមាជិក​កិច្ច​ព្រម​ព្រៀង​នៃ​ការ​រៀបចំ​ដៃគូ​សេដ្ឋ​កិច្ច​នៅ​ក្នុង​តំបន់​ (RCEP) ​គួរ​តែ​បង្កើន​គុណភាព​ទំនិញ​របស់​ខ្លួន​និង​សេដ្ឋកិច្ច​ជាតិ​ដើម្បី​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ទៅ​ក្នុង​តំបន់​នា​ឆ្នាំ​២០១៥​នៅ​ពេល​ដែល​ប្រទេស​អាស៊ាន​ទាំង​១០​បើក​ចំហ​របាំង​ពន្ធគយ​ហើយ​មាន​លំហូរ​ទំនិញ​ដោយ​សេរី​ក្នុង​តំបន់​នោះ។​

ជាមួយ​គ្នា​នោះ​ដែរ​ អ្នក​ជំនាញ​ក៏​បាន​ព្រមាន​ថា​កិច្ច​ព្រមព្រៀង​ដៃ​គូ​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ ​Trans-Pacific Partnership​ គឺ​គ្រាន់តែ​ជាគោល​នយោបាយ​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ទប់​មិន​ឲ្យ​មាន​លំហូរ​ការ​ប្រើប្រាស់​កម្លាំង​ពលកម្ម​ក្នុង​តម្លៃ​ទាប​ពី​ប្រទេស​ចិន​មក​ក្នុង​តំបន់​អាស៊ី​និង​បង្កើត​ឲ្យ​មាន​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ដ៏​ប្រសើរ​មួយ​នៅ​ក្នុង​ពិភព​លោក​តែ​ប៉ុណ្ណោះ។​

លោក​បណ្ឌិត​ ឈាង​ វណ្ណារិទ្ធ​ សាស្ត្រាចារ្យ​នៅ​ឯ​សាកលវិទ្យាល័យ​ ​លីដស៍​ (Leeds) ប្រទេស​អង់គ្លេស

លោក​បណ្ឌិត​ ឈាង​ វណ្ណារិទ្ធ​ សាស្ត្រាចារ្យ​នៅ​ឯ​សាកលវិទ្យាល័យ​ ​លីដស៍​ (Leeds) ប្រទេស​អង់គ្លេស​បាន​លើក​ឡើង​ថា​គួរ​តែ​ផ្តោត​លើ​កិច្ច​ព្រម​ព្រៀង​នៃ​ការ​រៀបចំ​ដៃគូ​សេដ្ឋ​កិច្ច​នៅ​ក្នុង​តំបន់​ឬ​ (RCEP)​ និង​ធ្វើ​សមាហរណកម្ម​ក្នុង​តំបន់​ជា​មុន​ប្រសើរ​ជាង​គិត​ដល់ ​TPP​ ដែល​មាន​តម្លៃ​សេដ្ឋកិច្ច​រួម​ជិត​ពាក់​កណ្តាល​ពិភពលោក។​ ហើយ​កិច្ច​ព្រម​ព្រៀង​ដៃ​គូ​ឆ្លង​មហាសមុទ្រប៉ាស៊ីហ្វិក​ដែល​មាន​សហរដ្ឋ​អាមេរិក​ដឹក​នាំ​គឺ​មាន​ស្តង់ដារ​ខ្ពស់​ជាង​ក្នុង​តំបន់។​

«ខ្ញុំ​គិត​ថា​អ្វី​អាទិភាព​របស់​កម្ពុជា​គឺ​យើង​គួរតែ​ផ្តោត​លើ​ RCEP ​និង​បន្ទាប់​មក​បើ​យើង​គិត​ថា​យើង​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ ក្នុង​ការ​ប្រកួត​ប្រជែង​ រហូត​ដល់​អាច​ទាញ​យក​ផល​ប្រយោជន៍​ សឹម​យើង​ស្នើ​សុំ​ចូល​រួម​ជា​មួយ TPP ​ហ្នឹង​បាន»។​

លោក​បាន​បញ្ជាក់​ថា​មកដល់​ពេល​នេះ​ប្រទេស​ជប៉ុន​ដែល​ជា​សមាជិក​របស់​ TPPនិង​ប្រទេស​វៀត​ណាម​នៅ​មាន​បញ្ហា​មួយ​ចំនួន​នៅ​ឡើយ​ដូច​ជា​បញ្ហា​ផលិតផល​កសិកម្ម​និង​ ការ​គ្រប់គ្រង​សហគ្រិន​ដោយ​រដ្ឋ​នៅ​វៀតណាម។ ​ដោយ​ឡែក​នៅ​ប្រទេស​កម្ពុជា​នៅ​មាន​បញ្ហា​ជា​ច្រើន​ដូចជា​បរិស្ថាន​ ការ​បង្កើន​គុណភាព​សេវាកម្ម​ កម្មសិទ្ធិ​បញ្ញា​និង​សិទ្ធិ​ពលកម្ម​ជាដើម។​

គិត​ត្រឹម​ឆ្នាំ២០១៤កំណើន​ផល​ទុន​ក្នុង​ស្រុក​សរុប​ ឬ GDP របស់​ប្រទេស​កម្ពុជា​គឺ​ជាង​១៥​ពាន់​លាន​ដុល្លារ។ ហើយ​តាម​ការ​ព្យាករណ៍​GDP របស់​ប្រទេស​កម្ពុជា​នឹង​អាច​កើន​ឡើង​ជាង​៧ភាគរយ​នៅ​ក្នុង​ឆ្នាំ​២០១៥​និង​ ២០១៦​ ដោយ​សារ​តែ​ស្ថិរភាព​នយោបាយ។​

លោក​បណ្ឌិត​ ផូល ឆាមប៊ើរស៍​ (Paul Chambers) ​សាស្ត្រាចារ្យ​នៃ​សាកល​វិទ្យាល័យ​ឈៀងម៉ៃ​ប្រទេស​ថៃ​បាន​ប្រាប់​ VOA ​ខេមរភាសា​ថា​កិច្ច​ព្រមព្រៀង​ដៃគូ​ឆ្លង​សមុទ្រ​ប៉ាស៊ីហ្វិក​គឺ​វា​មាន​ទំហំ​ធំ​ពេក​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា​ដែល​អាច​ធ្វើ​ឲ្យប្រទេស​ដ៏​ក្រីក្រ​មួយ​នេះ​ធ្លាក់​ជា​ចំណុះ​និង​គ្រប​ដណ្ដប់​សេដ្ឋកិច្ច​ដោយ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿន​លឿន​ទាំង​នោះ។​

«សម្រាប់​កម្ពុជា ​TPP ​គឺ​អាច​គ្រាន់​តែ​ជួយ​ទាក់ទាញ​ ក្រុមហ៊ុន​វិនិយោគទុន​ មក​ក្នុង​ប្រទេស​នេះ​ដោយ​សារ​តែ​ តម្លៃ​ពលកម្ម​ទាប​ និង​ប្រាក់​ឈ្នួល​ទាប​ជាង​គេ​បង្អស់​ក្នុង​តំបន់។​ ក៏ប៉ុន្តែ​ក្រុម​សហជីព​កំពុង​ព្យាយាម​តស៊ូ​មតិ​ ដើម្បី​ទាមទារ​ឲ្យ​មាន​លក្ខខណ្ឌ​ ការងារ​ប្រសើរ​មួយ​នា​ពេល​នេះ។​ ហើយ​ប្រជាជន​កម្ពុជា​ក៏​មិន​ចង់​ឲ្យ​ក្រុមហ៊ុន​បរទេស​គ្រប់គ្រង​សេដ្ឋកិច្ច​ជាតិ​នោះ​ដែរ។​ ក៏ប៉ុន្តែ​កម្ពុជា​អាច​ជាវ​ថ្នាំពេទ្យ​ដែល​មាន​តម្លៃ​សមរម្យ​ក្នុង​ក្រុម​ប្រទេស​ TPP»។​ នេះ​បើ​តាម​មតិ​របស់​លោក​បណ្ឌិត​ Paul Chambers តាម​រយៈ​សារ​អេឡិចត្រូនិក​មក​កាន់​VOA។

សាស្ត្រាចារ្យ​ដដែល​ក៏​បានបន្ត​ថា​កម្ពុជា​គួរ​តែ​ប្រយ័ត្ន​ចំពោះ​ការ​ប្រកួត​ប្រជែង​របស់​ក្រុម​ប្រទេស​ TPP ​ដែលជ្រោមជ្រែង​ដោយ​មហា​អំណាច​អាមេរិក​និង​កិច្ច​ព្រមព្រៀង​នៃ​ការ​រៀបចំ​ដៃគូ​សេដ្ឋ​កិច្ច​នៅ​ក្នុង​តំបន់​ RCEP ​ដែល​ជំរុញ​ដោយ​មហា​យក្ស​ចិន​នោះ។​

អ្នក​សេដ្ឋកិច្ច​និង​ប្រធាន​មជ្ឈមណ្ឌល​សិក្សា​គោល​នយោបាយ​ លោក​ចាន់ សុផល

អ្នក​សេដ្ឋកិច្ច​និង​ប្រធាន​មជ្ឈមណ្ឌល​សិក្សា​គោល​នយោបាយ​ លោក​ចាន់ សុផល​ ​បាន​យល់​ស្រប​ថា​ក្នុង​ក្រប​ខណ្ឌ​សេដ្ឋកិច្ច​និង​ភូមិសាស្ត្រ​នយោបាយ​ ប្រទេស​កម្ពុជា​គួរ​ជ្រើសរើស​យក​កិច្ច​ព្រម​ព្រៀង​នៃ​ការ​រៀបចំ​ដៃគូ​សេដ្ឋ​កិច្ច​នៅ​ក្នុង​តំបន់​ដែល​នឹង​ចាប់​ផ្ដើម​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ក្រុម​ប្រទេស​អាស៊ាន​នា​ចុង​ឆ្នាំ​២០១៥​នេះ​ជា​ពេល​ដែល​លំហូរ​ទំនិញ​ដោយ​សេរី​ក្នុង​តំបន់​ប្រទេស​អាស៊ី​អាគ្នេយ៍​ឬ​អាស៊ាន។​ លោក​បាន​បង្ហាញ​ថា ​TPP​ អាច​នាំ​ឲ្យ​ប្រទេស​អាមេរិក​ចំណេញ​ច្រើន​ជាង​ប្រទេស​ក្នុង​តំបន់​ទាំង​នយោបាយ​និង​សេដ្ឋកិច្ច។​

«ខ្ញុំ​យល់​ថា​វា​គឺ​ជា​រឿង​គេ​ហៅ​ Geopolitics ភូមិសាស្រ្ត​នយោបាយ​ច្រើន​គឺ​រឿង​ដែល​ដឹកនាំ​ដោយ​ប្រ

ទេស​អាមេរិក​ដើម្បី​ចង់​ប្រមូល​ប្រទេស​មួយ​ចំនួន​និង​ឲ្យ​សហការ​គ្នា​ ល្អ​នឹង​ខ្លួន​ ជា​ជាង​ជាមួយតែ​ប្រទេស​ចិន​ អញ្ចឹង​គេ​ខិតខំ​គៀងគរ​គ្នា​ដើម្បី​ធ្វើជា​តំបន់​ពាណិជ្ជកម្ម​រួមគ្នា​ដើម្បី​ជា​ផល​ចំណេញ​ន​យោ​បាយ​ផង​នឹង​សេដ្ឋកិច្ច​ផង»។​

កាលពី​ថ្ងៃអាទិត្យ​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ បារ៉ាក់​ អូបាម៉ា​ បាន​បញ្ជាក់​នៅ​ក្នុង​សុន្ទរកថា​មួយ​ទៅ​កាន់​អ្នក​គាំ​ទ្រ​របស់​លោក​ថា ​TPP ​មាន​សារៈសំខាន់​សម្រាប់​សេដ្ឋកិច្ច​ពិភពលោក​និង​អាមេរិក​ផង​ដែរ​ដែល​អាច​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​សេរី​និង​បង្កើន​ការងារ​ដែល​មាន​ប្រាក់ឈ្នួល​សមរម្យ​ជា​ច្រើន។​

«យើង​គួរ​តែ​ប្រាកដ​ថា​ជនជាតិ​អាមេរិកាំង​គឺ​ជា​អ្នក​សរសេរ​វិធាន​នៃ​ពាណិជកម្ម​ពិភព​លោក។ ហើយ​យើង​គួរតែ​ធ្វើ​វា​ខណៈ​ពេល​ដែល​សេដ្ឋកិច្ច​របស់​យើង​ស្ថិត​នៅ​ក្នុង​លំដាប់​ថ្នាក់​ពិភពលោក​នោះ។​ ប្រ​សិន​បើ​យើង​មិន​ធ្វើ​តើ​ដឹង​ទេ​ថា​អ្នកណា​នឹង​ធ្វើ?​ ប្រទេស​ចិន​នឹង​ធ្វើ​ហើយ​ពួក​គេ​នឹង​បង្កើត​វិន័យ​សម្រាប់​កម្មករ​និង​អ្នក​ជំនួយ​ជនជាតិ​ចិន»។

នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​ស្តី​ពី​អាស៊ី​បូព៌ា​ ដែល​ធ្វើឡើង​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​នា​ចុង​ខែ​កន្លង​ទៅ​ ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ រិះគន់ខ្លាំងៗ​ចំពោះ​ភាព​មិន​ស្មើគ្នា​ដៃ​គូ​សេដ្ឋកិច្ច​មួយ​នេះ។​ លោក​នាយករដ្ឋមន្ត្រី​បាន​លើក​ជា​សំណួរ​ថា​ហេតុ​អ្វី​បាន​ចាំ​បាច់​មាន​ TPP ​ដែល​អនុញ្ញាត​ឲ្យ​តែ​សមាជិក​ពាក់​កណ្តាល​របស់​ក្រុម​ប្រទេស​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ឬ​ក៏​ ASEAN​ ចូល​រួម? លោក​បាន​បញ្ជាក់​ថា​ក្រុម​ប្រទេស​អាស៊ាន​រួម​ជាមួយចិន​និង​ដែគូ​ដ​ទៃ​ទៀត​បាន​បង្កើត​ កិច្ច​ព្រមព្រៀង​នៃ​ការ​រៀបចំ​ដៃគូ​សេដ្ឋ​កិច្ច​នៅ​ក្នុង​តំបន់ RCEP​ ដែល​បាន​បង្កើត​ឡើង​នា​ឆ្នាំ​២០១២​ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​កិច្ច​ប្រជុំ​អាស៊ាន​។​ ហើយ​ក្រុម​ប្រទេស​ទាំង​ពីរ​នេះ​អាច​នឹង​មាន​ការ​ប្រឈមមុខ​ដាក់​គ្នា។

«ដូច្នេះ​ទាំង​ពីរ​នេះ​មិន​គួរ​ក្លាយ​ទៅ​ជា​ការ ​គេ​ហៅ​ថា​ប្រឈម​មុខ​គ្នា​ទេ​ ក៏​ប៉ុន្តែ​គួរ​តែត្រូវ​បាន​ជំរុញ។ ​អ្វី​ដែល​គួរ​ឲ្យ​មាន​ការ​សោក​ស្តាយ​ហើយ​គួរ​ឲ្យ​សោក​ស្តាយ​ដែរ​ថា​៖ហេតុអ្វី​បានជា​ ​Trans-Pacific Partnership​ មិន​យក​អាស៊ាន​ទាំង​១០​ធ្វើជា​ដៃគូ?​ នេះ​ជា​សំណួរ​ ដែល​ខ្ញុំ​នៅ​តែ​សួរ​ថា​តើ​បំណង​ពិត​ប្រាកដ​នៃការ​បង្កើត​ឡើង​នូវ Trans-Pacific​មាន​គោល​ដៅ​អ្វី​ពិត​ប្រាកដ?​ បាន​ជា​យក​ ពាក់​កណ្តាល​នៃ​អាស៊ាន​ចូល​ជា​ដៃ​គូ​ហើយ​ ​ជា​យក​តែ​ពាក់​កណ្តាល​ ហើយ​ទុក​ពាក់​កណ្តាល​នៅ​ខាង​ក្រៅ​ដូច្នេះ?»

ក៏ប៉ុន្តែ​លោក​បណ្ឌិត​ឈាង​ វណ្ណារិទ្ធ​ សាស្ត្រាចារ្យ​នៅ​ឯ​សាកល​វិទ្យាល័យ​ ​លីដស៍ (Leeds) ប្រទេស​អង់គ្លេស​បានលើក​ឡើង​ថា​ការរិះគន់​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នៅ​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​ស្តី​ពី​អាស៊ីបូព៌ា​គឺ​ចង់បង្ហាញ​ពី​ចំណាប់​អាម្មណ៍​របស់​កម្ពុជា​ក្នុង​ការ​ចូល​រួម​ជាមួយ ​TPP ​ឬ​ Trans​-Pacific Partnership។​ លោក​បាន​បន្ត​ថា​តាម​ពិត​ TPP ​គឺ​បើក​ចំហ​ដល់​គ្រប់​បណ្តា​ប្រទេស​ឲ្យ​ចូលរួម​ តែ​ផ្អែក​លើ​ការ​ចរចា​និង​ស្នើ​សុំ៕