កម្ពុជានឹងក្លាយទៅជាប្រទេសដែលមានរដ្ឋាភិបាលឯកបក្ស

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា បានចូលរួមការបោះឆ្នោតនៅការិយាល័យបោះឆ្នោតមួយ នៅក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។

តួ​លេខ​របស់គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​ដឹង​ថា សន្លឹក​ឆ្នោតមិន​បាន​ការ មានចំនួន ៩,១១% ហើយ​គណបក្សរាជានិយម ហ៊្វុនស៊ីនប៉ិច​ទទួល​បាន​ការ​គាំទ្រ​ចំនួន ៥,៨២%។

គណបក្ស​ប្រជាជន​កម្ពុជា​បាន​និយាយ​ថា ខ្លួន​ទទួលបាន​អាសនៈ​ទាំង​អស់​នៅ​ក្នុង​រដ្ឋសភា​ជាតិ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ដែល​រងការរិះគន់​ពីសំណាក់​ក្រុមសិទ្ធិមនុស្សថា​ ជា​ការ​បោះឆ្នោត​ដ៏គួរ​ឲ្យអាម៉ាស ពីព្រោះ​គណបក្ស​ប្រឆាំងដ៏​ធំ​ត្រូវ​បាន​រារាំង​មិន​ឲ្យ​ចូល​រួម​ក្នុងការ​បោះឆ្នោត​នេះ។ ​

តួ​លេខ​របស់​គណបក្សប្រជាជន​កម្ពុជា បង្ហាញ​ថា មាន​អ្នក​បោះឆ្នោត​ជា​ច្រើន បាន​គូស​ធ្វើ​ឲ្យ​សន្លឹក​ឆ្នោត​របស់​ពួក​គេក្លាយ​ជា​សន្លឹក​ឆ្នោត​មិន​បានការ បើ​ទោះ​បី​ជា​រដ្ឋាភិបាល​បាន​គំរាមកំហែង​ដល់​អ្នក​ទាំង​ឡាយ​ណា​ដែល​មានបំណង​ប្រើប្រាស់​សិទ្ធិ​របស់​ពួក​គេ ធ្វើ​ពហិការ​មិនចូលរួមការបោះ​ឆ្នោត​។

មន្ត្រីរៀបចំការបោះឆ្នោតបង្ហាញសន្លឹកឆ្នោត មុនដំណើរការបោះឆ្នោតចាប់ផ្តើម នៅការិយាល័យបោះឆ្នោត នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩⁣ ខែកក្កដា ឆ្នាំ២០១៨។

លោក សុខ​ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​និយាយ​ថា​៖ ‍‍

«ខ្ញុំ​មិន​ទាន់​អាច​បញ្ជាក់​បាន​ពីតួលេខជា​ផ្លូវការ​នៅ​ឡើយ​ទេ ប៉ុន្តែ​ខ្ញុំ​អាច​និយាយ​បានថា គណបក្ស​ប្រជាជន​កម្ពុជានឹង​ទទួលបាន​អាសនៈ​ភាគ​ច្រើន​នៅ​ក្នុង​សភាជាតិ។​ នេះ​ជា​តួនាទី​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត​ ក្នុង​ការប្រកាស​អំពី​ចំនួនអាសនៈ​ដែល​គណបក្សនី​មួយៗ​ទទួល​បាន។ ដូច្នេះ​ខ្ញុំ​មិន​អាច​ដើរ​តួនាទី​ជំនួស​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​បានទេ‍»។

នៅ​ពេល​ដែល VOA សួ​រថា តើ​លោក​យល់​ថា លទ្ធផល​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពីភាព​មិន​ស្រប​ច្បាប់នៃ​ការបោះ​ឆ្នោត​ទេ លោក សុខ​ ឥសាន បាន​និយាយ​ថា គណបក្ស​របស់​លោក មិន​បាន​យកចិត្ត​ទុកដាក់​ទៅ​លើ​ការរិះគន់​ទាំង​នេះទេ។

លោក​បាន​បន្តទៀត​ថា៖ ‍

«លទ្ធផល​នៃការបោះ​ឆ្នោតនេះ​បង្ហាញ​ថា​លទ្ធិ​ប្រជាធិបតេយ្យ នៅ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​មានដំណើរ​ការល្អ​ ហើយ​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​សិទ្ធិ​របស់​ពួក​គេ​ក្នុង​ការ​សម្រេច​ជោគ​វាសនា​របស់​ប្រទេស​ខ្លួន‍»។​

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន ថ្មីៗ​នេះ​បានប្រកាសពី​ការដឹក​នាំប្រទេស​បន្តក្នុង​រយៈ​ពេល ៥​ឆ្នាំ​ទៀត​ បន្ថែម​ទៅ​លើការ​គ្រប់គ្រង​ប្រទេសរបស់​លោក​រយៈ​ពេល ៣៣​ឆ្នាំ​កន្លង​មក។ គណ​បក្សចំនួន ១៩ផ្សេង​ទៀត ​ដែលបាន​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​នេះ បាន​ទទួល​សំឡេងគាំទ្រ​តិចតួច​តែ​ប៉ុណ្ណោះ។

តួ​លេខ​របស់គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​ដឹង​ថា សន្លឹក​ឆ្នោតមិន​បាន​ការ មានចំនួន ៩,១១% ហើយ​គណបក្សរាជានិយម ហ៊្វុនស៊ីនប៉ិច​ទទួល​បាន​ការ​គាំទ្រ​ចំនួន ៥,៨២%។

មន្ត្រីរៀបចំការបោះឆ្នោតចាប់ផ្តើមដំណើរការរាប់សន្លឹកឆ្នោតនៅការិយាល័យបោះឆ្នោតមួយនៅរាជធានីភ្នំពេញ⁣ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។

​ទិន្នន័យ​នេះ​មិន​ស្របគ្នា​ទៅនឹង​ទិន្នន័យ​បឋម​របស់គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ដែល​បានចេញ​ផ្សាយ​កាល​ពី​ព្រឹកថ្ងៃច័ន្ទ​នេះឡើយ ដែល​បាន​បង្ហាញ​ថា​គណបក្ស​ប្រជាជន​កម្ពុជា​នឹងទទួល​បាន​អាសនៈ​ទាំងអស់ ក៏​ប៉ុន្តែ​សន្លឹក​ឆ្នោត​មិន​បាន​ការ មាន​ចំនួន​តែ ៨,៥៧%​តែ​ប៉ុណ្ណោះ។

លោក ឌឹម សុវណ្ណារុំ អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​បាន​និយាយ​ថា៖

«មកដល់​ពេលនេះ​ គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត មិន​ទាន់​ចេញ​ផ្សាយ​លទ្ធផល​ជា​ផ្លូវការ​ណាមួយ​នៅ​ឡើយ​ទេ ពី​ព្រោះ​យើង​នៅរង់​ចាំ​ទទួល​លទ្ធផល​ពី​មណ្ឌលបោះ​ឆ្នោត​ចំនួន ៨ទៀត​នៅ​ឡើយ‍»។

បើ​ទោះ​បី​ជាយ៉ាង​នេះ​ក៏​ដោយ គេ​សង្កេត​ឃើញ​ថា ចំនួន​សន្លឹក​ឆ្នោត​មិនបានការ​មាន​ចំនួន​ច្រើន​ដូច​ដែល​គេ​រំពឹង​ទុក។

គណបក្ស​សង្រ្គោះ​ជាតិ​ ដែល​ជា​គូ​ប្រជែង​ពិត​ប្រាកដ​របស់​គណបក្សប្រជាជន​កម្ពុជា ក្នុង​ការបោះ​ឆ្នោត ត្រូវ​បាន​រំលាយ ហើយ​លោក កឹម សុខា ដែល​ជា​មេដឹកនាំ​គណបក្ស​នេះ ត្រូវ​បាន​ឃុំឃាំង​ក្នុងពន្ធនាគារ ក្រោម​ការ​ចោទប្រកាន់​ថា ​បាន​ឃុប​ឃិត​ជាមួយ​បរទេស​ក្នុង​ការព្យាយាម​ផ្តួល​រំលំ​រដ្ឋាភិបាល។​

គណបក្ស​សង្រ្គោះ​ជាតិ ដែល​ស្ទើរ​តែ​បានទទួល​ជ័យជំនះ​លើ​គណបក្សប្រជាជន​កម្ពុជា ក្នុង​ការ​បោះ​ឆ្នោត​កាល​ពីអាណត្តិ​មុន បាន​បង្កើត​យុទ្ធនាការ​មួយដែលមាន ឈ្មោះ​ថា «យុទ្ធនា​ការ​ម្រាម​ដៃ​ស្អាត‍» ដោយ​អំពាវ​នាវ​មិន​ឲ្យ​ប្រជាពល​រដ្ឋ​ចូលរួមក្នុង​ការ​បោះ​ឆ្នោត​នេះ។

ជា​ការ​ឆ្លើយ​នឹង​យុទ្ធនា​ការ​នេះ រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ​បាន​ចាត់​វិធាន​ការ​ដោយ​ដាក់​ទោស​ដល់​ជន​ណា​ដែល​ហ៊ាន​ផ្សព្វផ្សាយ​យុទ្ធនា​ការម្រាម​ដៃ​ស្អាត‍​នេះ។​

​រដ្ឋាភិបាល​អាមេរិក បាន​ហៅ​ការបោះ​ឆ្នោត​នេះថាមិនមាន​ភាពត្រឹមត្រូវ និងមិន​យុត្តិធម៌​ឡើយ ហើយ​បាន​និយាយ​ថា សហរដ្ឋអាមេរិក​នឹង​ពិចារណា​ការ​ដាក់​ទណ្ឌកម្ម ដោយ​រួម​មាន​ទាំង​ការ​រឹតត្បិត​ទិដ្ឋាការ​បន្ថែម​ទៀត​ទៅ​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួ​រដ្ឋាភិបាល​នេះ។

កាល​ពីសប្តាហ៍​មុន សភា​សហរដ្ឋអាមេរិក បាន​អនុម័ត​ទៅ​លើ​សេចក្តី​ព្រាងច្បាប់ ដែល​ស្នើ​សុំ​ឲ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើជន​ស្និទ្ធ​នឹងលោក ហ៊ុន សែន ដោយ​រួមមាន​ទាំងកូនៗ និងសមាជិក​គ្រួសារ​របស់លោក​ផង​ដែរ ដែល​នេះ​ជាការឆ្លើយ​តប​ទៅ​នឹង​ការ​ដឹក​នាំ​ប្រទេស​បែប​ផ្តាច់ការ។

សហរដ្ឋអាមេរិក សហគមន៍​អឺរ៉ុប ប្រទេស​ជប៉ុន កាណាដា និង​ប្រទេសអូស្រ្តាលី មិន​បាន​បញ្ជូន​អ្នកសង្កេតការណ៍​ឲ្យ​ទៅ​ចូលរួមសង្កេតការណ៍ការបោះឆ្នោត​នេះ​ឡើយ។

រដ្ឋាភិបាល​កម្ពុជា បាន​រំពឹង​លើ​អ្នកសង្កេតការណ៍​មក​ពីប្រទេស​ផ្សេង​ទៀត​ទៅ​វិញ ដូច​ជា​ប្រទេសចិន អ៊ីរ៉ាក់ និងរុស្ស៊ី ព្រម​ទាំងអ្នកសង្កេតការណ៍​លក្ខណៈបុគ្គល​ផងដែរ ដើម្បី​បញ្ជាក់​អំពីភាព​ស្របច្បាប់​នៃការបោះ​ឆ្នោត​នេះ ។​

Your browser doesn’t support HTML5

គណបក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន ឈ្នះ​ភ្លូក​ទឹក​ភ្លូក​ដី​នៅ​ក្នុង​ការ​បោះឆ្នោត​ដែល​មិន​មាន​បក្ស​ប្រឆាំង

អ្នក​សង្កេតការណ៍​មួយ​ចំនួន ក្នុង​ចំណោមអ្នកសង្កេតការណ៍​ទាំងអស់​ចំនួន ៥៣៩នាក់ បាន​ប្រាប់អ្នកសារព័ត៌មាន​ក្រោយ​ពីការ​បិទ​មណ្ឌលបោះ​ឆ្នោតកាល​ពីថ្ងៃ​អាទិត្យ​ថា សន្លឹក​ឆ្នោត​ស្ទើរ​តែទាំងអស់​គូសសញ្ញាបង្ហាញ​ការយល់​ព្រម។

ពួក​គេ​មិន​បាន​ឆ្លើយ​តបនឹង​សំណួរ​អំពីបញ្ហា​មួយ​ចំនួន​ដូចជា ការហាម​ឃាត់​គណបក្ស​ប្រឆាំង​មិន​ឲ្យ​ចូល​រួម ការ​បិទ​គេហទំព័រ​ព័ត៌មាននៅ​មុន​ការបោះឆ្នោត ឬ ការ​គំរាម​កំហែង​ប្រជាពលរដ្ឋ​ដែល​មាន​បំណង​ធ្វើពហិការ មិន​ចូល​រួមការ​បោះ​ឆ្នោត​ជាដើម។

លោក Jonh McAuliff នាយកប្រតិបត្តិ នៃ អង្គការ Fund For Reconciliation and Development គឺជាអ្នក​សង្កេតការណ៍​តែម្នាក់​ប៉ុណ្ណោះ ដែលហ៊ាន​និយាយថា បរិបទ​នៃ​ការ​បោះឆ្នោត​នេះ​គឺ​មិនមាន​ភាពសុក្រិត្យ​នោះ​ទេ។

លោក Jonh McAuliff បានបន្ត​ទៀត​ថា៖

«ខ្ញុំ​បានកត់​សម្គាល់​យ៉ាង​ច្បាស់​ក្នុង​អំឡុង​ពេលនៃ​ការរាប់​សន្លឹក​ឆ្នោត​ថា សន្លឹក​ឆ្នោត​មិនបានការ​គឺមានចំនួន​ច្រើនលើស​លប់ ដែល​មាន​យ៉ាង​ហោច​ណាស់ ២០ % នៅ​មណ្ឌល​បោះឆ្នោត​ទាំងអស់។ នៅ​មណ្ឌល​បោះ​ឆ្នោត​មួយ​កន្លែង ដែល​យើង​បាន​ចុះ​ទៅ​មើល មាន​សន្លឹក​ឆ្នោត​មិន​បានការ​ប្រហែល ៣៥%‍ ដែលសន្លឹកឆ្នោត​មិនបានការ​នេះ​មាន​លំដាប់​ទី ២ បន្ទាប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា»៕

ប្រែសម្រួលដោយ ឆេង ចន្នី