ភ្នំពេញ៖ ប្រទេសកម្ពុជាមានសុទិដ្ឋិនិយមថាខ្លួននឹងមានប្រៀបជាងប្រទេសថៃក្នុងការបក ស្រាយសាលក្រមតុលាការទីក្រុងឡាអេឆ្នាំ១៩៦២ជុំវិញបញ្ហាប្រាសាទព្រះវិហារបន្ទាប់ពីបញ្ហានេះបានកប់បាត់អស់រយៈពេលជាង៥០ឆ្នាំ។
លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាដែលបានដឹកនាំគណប្រតិភូចេញពីប្រទេសកម្ពុជានៅថ្ងៃអង្គារនេះបានប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯព្រលានយន្តហោះភ្នំពេញអន្តរជាតិថាកម្ពុជាមានមូលដ្ឋានច្បាប់ក្នុងការបកស្រាយសាលក្រមនេះដោយសារតែក្នុងរយៈពេលនៃការកាន់អំណាចរបស់អតីតរដ្ឋាភិបាលក្រុងបាងកកអាភីស៊ីត វីចាជីវ៉ាកាលពីឆ្នាំ២០០៨ ២០០៩និង២០១១បានឈ្លានពានទ្រង់ទ្រាយធំមកតំបន់ប្រាសាទព្រះវិហារ ការទាមទារកាន់កាប់ដីទំហំជាង៤,៦គីឡូម៉ែត្រក្រឡានិងការកាន់កាប់ដីមួយកន្លែងនៅតំបន់ភ្នំទ្រព្យ។
លោកបាននិយាយថាយើងនឹងបញ្ជាក់ប្រាប់តុលាការថាតើហេតុអ្វីបានជារយៈពេល៥០ឆ្នាំបានទើបយើងសុំឱ្យតុលាការធ្វើការបកស្រាយ។
«ឥឡូវតុលាការយ៉ាងម៉េចបកស្រាយមិនបកស្រាយយើងមានការសង្ឃឹម។ តុលាការនឹងបកស្រាយដោយសារតុលាការហ្នឹងយកចិត្តទុកដាក់ណាស់លើបញ្ហានេះមានការឆ្លើយឆ្លងគ្នាតាមផ្ទាល់មាត់ម្តងការឆ្លើយឆ្លងតាមលាយលក្ខអក្សរពីរដងឥឡូវនេះការឆ្លើយឆ្លងគ្នាតាមផ្ទាល់មាត់ម្តងទៀតបួនដងហើយដូច្នេះតុលាការបានយកចិត្តទុកដាក់បានចេញការសម្រេចនៅខែកក្កដា២០១១»។
តុលាការទីក្រុងឡាអេគ្រោងនឹងបើកសវនាការផ្ទាល់មាត់រវាងប្រទេសកម្ពុជានិងថៃពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៣ដើម្បីបកស្រាយសាលដីកាស្តីពីបញ្ហាប្រាសាទព្រះវិហារបន្ទាប់ពីតុលាការក្រុងឡាអេបានកាត់ក្តីឱ្យកម្ពុជាឈ្នះក្តីកាលពីឆ្នាំ១៩៦២។
សវនាការនេះបានធ្វើឡើងតាមពាក្យបណ្តឹងរបស់កម្ពុជា បន្ទាប់ពីកងទ័ពថៃ បានបើកការវាយ ប្រហារដោយកម្លាំងប្រដាប់អាវុធលក្ខណៈទ្រង់ទ្រាយធំមកលើកម្ពុជាកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨។
សវនាការនេះបានធ្វើឡើងតាមពាក្យបណ្តឹងរបស់កម្ពុជា បន្ទាប់ពីកងទ័ពថៃ បានបើកការវាយ ប្រហារដោយកម្លាំងប្រដាប់អាវុធលក្ខណៈទ្រង់ទ្រាយធំមកលើកម្ពុជាកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨។
ជម្លោះកើតឡើងសារជាថ្មីនេះគឺដោយសារប្រទេសកម្ពុជានិងថៃបានអះអាងថាដីទំហំ៤,៦គីឡូម៉ែត្រក្រឡានៅជាប់នឹងជើងប្រាសាទព្រះវិហារថាជាទឹកដីរបស់ខ្លួនតែរៀងៗខ្លួន។ ក៏ប៉ុន្តែកម្ពុជាបានបដិសេធថាជាទឹកដីរបស់កម្ពុជាដោយសំអាងលើផែនទីដែលមានការទទួលស្គាល់ជាអន្តរជាតិ។
លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុងបាននិយាយថាសាលក្រមតុលាការក្រុងឡាអេបានផ្នែកមួយអង្គហេតុនិងអង្គច្បាប់។
លោកបាននិយាយថាតុលាការបានសម្រេចរួចហើយថាប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដីនៅក្រោមអធិបតេយ្យភាពរបស់កម្ពុជា ដូចនេះប្រទេសថៃត្រូវដកកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន នគបាលឆ្មាំនិងអ្នកយាមផ្សេងទៀតពីរតំបន់ប្រាសាទព្រះវិហារនិងតំបន់ជុំវិញប្រាសាទព្រះវិហារដែលនៅក្នុងទឹកដីរបស់ប្រទេសកម្ពុជា។
គណៈប្រតិភូដែលបានចាកចេញដំណើរទៅបកស្រាយសាលក្រមតុលាការក្រុងឡាអេ ខាងភាគីកម្ពុជារួមមានលោកឧបនាយករដ្ឋមន្ត្រីហោណាំហុង អ្នកជំនាញបញ្ហាព្រំដែនរបស់រដ្ឋាភិបាលសាស្ត្រាចារ្យច្បាប់អន្តរជាតិជនជាតិបារាំង អ្នកច្បាប់ជនជាតិអង់គ្លេសនិង អ្នកច្បាប់ជនជាតិអាមេរិកកាំង៕