សេចក្តីព្រាងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលដ៏ចម្រូងចម្រាសបានចូលដល់ព្រឹទ្ធសភានិងត្រូវបញ្ជូនទៅកាន់គណៈកម្មការជំនាញនៅព្រឹកថ្ងៃពុធនេះដើម្បីពិនិត្យមុន ពេលដាក់ ឲ្យមានការពិភាក្សាបន្ត។ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យព្រឹទ្ធសភា។
លោក អ៊ុំ សារឹទ្ធ អគ្គលេខាធិការនិងជាអ្នកនាំពាក្យនៃព្រឹទ្ធសភាបានប្រាប់ VOA ថាគណៈកម្មាធិការអចិន្ត្រៃយ៍នៃព្រឹទ្ធសភាបានឯកភាពទទួលយកសេចក្ដីព្រាងច្បាប់ស្តីពី សមាគមនិងអង្គការមិនមែនរដ្ឋាភិបាល នៅក្នុងកិច្ចប្រជុំពិសេសនាព្រឹកថ្ងៃពុធនេះ។ លោកបានបន្តថាសេចក្ដីព្រាងច្បាប់នេះត្រូវបានបញ្ជូនបន្តទៅគណៈកម្មការទី៤និងទី៦នៃព្រឹទ្ធសភាដើម្បីត្រួតពិនិត្យទិដ្ឋភាពនិងអត្ថន័យនៃច្បាប់នេះ មុនពេលរាយការណ៍ជូនសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ឡើងវិញ។
«យើងទើបតែទទួលបានពីម្សិលមិញពេលរសៀលទៅហើយ ហើយថ្ងៃនេះយើងបានបញ្ជូន ទៅកាន់គណៈកម្មការជំនាញ ដើម្បីលោកពិនិត្យដើម្បីនាំយោបល់មកឲ្យគណៈកម្មាធិការអចិន្ត្រៃយ៍ និងជម្រាបអង្គប្រជុំ ព្រោះដំណាក់កាលនេះគ្រាន់តែបញ្ចូនទៅឲ្យគណៈកម្មការពិនិត្យទេ»។
លោក អ៊ុំ សារឹទ្ធបានបន្តថា ព្រឹទ្ធសភា មិនទាន់ធ្វើការសម្រេចកំណត់ពេលវេលាដើម្បីពិភាក្សាលើសេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាសនេះនៅឡើយទេ។
កាលពីថ្ងៃច័ន្ទកន្លងទៅតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជាចំនួន៦៨រូបបានលើកដៃអនុម័តសេចក្តីព្រាងច្បាប់នេះនៅក្នុងកិច្ចប្រជុំពេញអង្គរបស់ខ្លួនដោយមិនមានការពិភាក្សាដេញដោលអ្វី ខណៈពេលដែលតំណាងរាស្ត្រភាគតិចមកពីគណបក្សសង្គ្រោះជាតិចំនួន៥៥រូបធ្វើពហិការមិនចូលរួមកិច្ចប្រជុំនោះ។
នាព្រឹកថ្ងៃដដែលនោះដែរយ៉ាងហោចណាស់មានក្រុមតំណាងអង្គការសង្គមស៊ីវិលសកម្មជនដីធ្លី សិទ្ធិមនុស្សនិងប្រជាពលរដ្ឋរស់នៅក្នុងក្រុងភំ្នពេញជាង ៣០០ នាក់បានធ្វើបាតុកម្មសម្ដែងការមិនសប្បាយចិត្តនិងស្នើឲ្យតំណាងរាស្រ្តបញ្ឈប់ការអនុម័តច្បាប់នេះ។ ក៏ប៉ុន្តែពួកគេត្រូវបានរារាំងដោយប៉ូលិសនិងក្រុមសន្តិសុខដែលដាក់របាំងការពារគ្រប់ផ្លូវទៅកាន់វិមានរដ្ឋសភា។
លោក គង់ គាំ ប្រធានគណបក្សសម រង្ស៊ីនិងជាសមាជិកព្រឹទ្ធសភាបានថ្លែងថាក្រុមសមាជិកព្រឹទ្ធសភាមកពីគណបក្សជំទាស់ដែលមានសំឡេងភាគតិច បានស្នើឲ្យគណៈកម្មាធិការអចិន្ត្រៃយ៍នៃព្រឹទ្ធសភា សម្រេចបញ្ជូនសេចក្តីព្រាងច្បាប់ដែលមានចេតនារឹតត្បឹតសេរីភាពអង្គការសង្គមស៊ីវិលនៅកម្ពុជានេះទៅជូនរដ្ឋសភាជាតិវិញដើម្បីពិនិត្យនិងដាក់ឲ្យមានការពិភាក្សាឲ្យបានច្រើនថែមទៀត។
បើទោះជាយ៉ាងនេះក៏ដោយលោកបានប្រាប់ VOA ថាសមាជិកព្រឹទ្ធសភារបស់គណបក្សសមរង្ស៊ីចំនួន ១១រូប មានគម្រោងនឹងធ្វើពហិការមិនចូលប្រជុំពិភាក្សាលើច្បាប់នោះទេ ប្រសិនបើសមាជិកមកពីគណបក្សកាន់អំណាចនៅតែដាក់បញ្ចូលច្បាប់នោះទៅក្នុងកិច្ចប្រជុំពេញអង្គនោះ។
លោក គង់ គាំបានបញ្ជាក់ថា៖ «ខ្ញុំគិតថា សមាជិកមកពីគណបក្ស សម រង្ស៊ី យើងប្រហែលជានឹងប្រកាន់ជំហរពហិការមិនចូលរួមធ្វើការអនុម័តនោះដែរ»។
លោកបានបន្តទៀតថា៖ «ខ្ញុំឃើញថាច្បាប់នេះ វាហាក់ដូចជាច្បាប់ដែលរដ្ឋាភិបាលមានចេតនាគាបសង្កត់ ត្បឹតត្បៀតចាប់ទោសអូសដំណើរមិនឲ្យអង្គការសង្គមស៊ីវិលធ្វើសកម្មភាពបាន»។
សេចក្តីព្រាងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលដែល VOA ទទួលមាន៩ជំពូក និង៣៩មាត្រា។ ក្នុងនោះក៏មានមាត្រាមួយចំនួនចែងពីវិធានការរដ្ឋបាលនិងបើកផ្លូវឲ្យអាជ្ញាធរមានសមត្ថកិច្ចត្រូវចាត់វិធានការបញ្ឈប់ជាបន្ទាន់ចំពោះសមាគមឬអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកណាដែលធ្វើសកម្មភាពដោយមិនបានចុះបញ្ជីនៅក្រសួងមហាផ្ទៃស្របតាមបទប្បញ្ញត្តិនៃច្បាប់នេះ។
រាជរដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមព្រាងច្បាប់ដ៏ចម្រូងចម្រាសស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលនេះចាប់តាំងពីឆ្នាំ២០១០មក។ សេចក្តីព្រាងច្បាប់មួយនេះបានទទួលរងការរិះគន់ជាច្រើនពីសំណាក់អង្គការសង្គមស៊ីវិល ប្រទេសម្ចាស់ជំនួយ និងទីភ្នាក់ងារអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិផងដែរព្រោះវានឹងធ្វើឲ្យប៉ះពាល់ដល់ដំណើរការនិងគម្រោងអភិឌ្ឍន៍ធំៗនៅក្នុងប្រទេសដ៏ក្រីក្រនេះ៕
ទស្សនាវីដេអូការតវ៉ាកន្លងមករបស់សង្គមស៊ីវិល៖
Your browser doesn’t support HTML5