ព្រឹទ្ធសភាដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបោះឆ្នោតទទួលយកសេចក្តីព្រាងច្បាប់ស្តីពី«ការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត»និងសេចក្តីស្នើច្បាប់វិនិយោគជាច្រើនទៀត។ នេះបើយោងតាមការបញ្ជាក់របស់អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជានៅថ្ងៃអង្គារ។
លោក អ៊ុំ សារិទ្ធ អគ្គលេខាធិការ និងជាអ្នកនាំពាក្យរបស់ព្រឹទ្ធសភាប្រាប់ VOA ក្រោយការអនុម័តរបស់ព្រឹទ្ធសភាថាសមាជិកព្រឹទ្ធសភាចំនួន៥៣រូប បានបោះឆ្នោតទទួលយកសេចក្តីស្នើច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត។
លោកអ៊ុំ សារិទ្ធបានបន្ថែមថា៖ «៥៣រូប គាត់បានចូលរួមប្រជុំ ហើយបោះឆ្នោតគាំទ្រសេចក្តីព្រាងច្បាប់ហ្នឹង»។
VOA មិនទាន់អាចសុំការអធិប្បាយពីលោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលបានទេ ដោយសារទូរសព្ទលោករោទិ៍តែគ្មានអ្នកទទួល។
សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាតដែលមាន៩ជំពូក និង៧២មាត្រានេះ ត្រូវបានរៀបចំឡើងតាំងពីឆ្នាំ២០១៧ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន KrisEnergy បានចុះកិច្ចព្រមព្រៀងជាមួយគ្នាសម្រាប់ការអភិវឌ្ឍអណ្តូងប្រេងកាតនៅក្នុងប្លុកAនៃដែនសមុទ្រកម្ពុជា។
កិច្ចព្រមព្រៀងនេះធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន Chevron Overseas Petroleum (Cambodia) Ltd ដែលបានធ្វើការរុករកប្រេងនៅក្នុងប្រទេសកម្ពុជាអស់រយៈពេល១២ឆ្នាំមកហើយ បានសម្រេចដកការបណ្តាក់ទុននៅកម្ពុជាកាលពីឆ្នាំ២០១៤ ហើយបានលក់ភាគហ៊ុនរបស់ខ្លួនទាំងមូល សរុបចំនួន៣០ភាគរយទៅឲ្យក្រុមហ៊ុនដៃគូគឺ KrisEnergy Ltd របស់ប្រទេសសិង្ហបុរី។
កាលពីខែសីហា ឆ្នាំ២០១៧លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក្នុងពេលចុះហត្ថលេខាជាមួយក្រុមហ៊ុន KrisEnergy Group បានលើកឡើងថាអាជីវកម្មធនធានប្រេងកាតនេះនឹងក្លាយជាកម្លាំងចលករថ្មីមួយដល់កិច្ចអភិវឌ្ឍសង្គម ធនធានមនុស្ស និងការកសាងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ការលូតលាស់ខ្សែសង្វាក់ផលិតកម្មទំនិញ និងសេវាកម្មក្នុងស្រុក និងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងឧស្សាហកម្ម។
លោកបានបន្ថែមថាផលិតកម្មប្រេងឆៅដំបូងនៅកម្ពុជានឹងលេចចេញជារួបរាងនៅក្នុងទឹកដីកម្ពុជា ហើយថា ប្រេងក្នុងប្លុក 1A និង ប្លុក 1B ត្រូវបានប៉ាន់ស្មានថា អាចមានលើសពី៣០លានបារ៉ែល សម្រាប់ការធ្វើពាណិជ្ជកម្ម។ លោកថា ការអភិវឌ្ឍអណ្តូងប្រេងជំហានដំបូងនេះនឹងរួមចំណែកដល់ការសិក្សាស្វែងរកថែមទៀតលើប្លុកប្រេងដែលនៅទំនេរចំនួនប្រាំ នៅដែនសមុទ្រ និង១៨ប្លុកទៀតនៅលើដែនគោក។
តាមការបញ្ជាក់របស់លោក Kelvin Tang នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុនKrisEnergyក្រោយការចុះហត្ថលេខាជាមួយរដ្ឋាភិបាលកម្ពុជានោះការបូមប្រេងអាចកើតមានឡើងនៅចុងឆ្នាំ២០១៩នេះ។
អ្នកស្រីTanya Pang អនុប្រធានផ្នែកទំនាក់ទំនងសារជីវកម្ម របស់ក្រុមហ៊ុន KrisEnergy មិនទាន់ឆ្លើយតបទៅនឹងសំណួររបស់ VOA ដែលបានផ្ញើតាមសារអេឡិចត្រូនិក ឬអ៊ីម៉ែលនៅថ្ងៃអង្គារនេះ។
ក្រុមអ្នកតាមដាន វិស័យឧស្សាហកម្មនិស្សារណកម្ម លើកឡើងថាការរុករកប្រេងនៅកម្ពុជាអាចនឹងបង្កឲ្យមានហានិភ័យផ្នែកបរិស្ថាននៅក្នុងដែនសមុទ្រ ប្រសិនបើមិនមានការសិក្សាលម្អិតពីផលប៉ះពាល់ខាងបរិស្ថាន។
យ៉ាងណាក៏ដោយ ក្រសួងរ៉ែ និងថាមពលបានបង្កើតឲ្យមានយន្តការវេទិកាអភិបាលកិច្ចវិស័យឧស្សាហកម្ម និស្សារណកម្ម ដើម្បីបើកឱកាសឲ្យអង្គការសង្គមស៊ីវិលឃ្លាំមើលដំណើរការអាជីវកម្មប្រេង ដែលអាចជួយដល់វិស័យអាទិភាពជាច្រើន ដែលរួមមានវិស័យសុខាភិបាល និងអប់រំ និងការគាំទ្រសហគមន៍នៅមូលដ្ឋាន៕