កម្ពុជាទំនងជាមិនសូវបារម្ភចំពោះការមកដល់នៃសហគមន៍សេដ្ឋកិច្ចអាស៊ាន នៅចុងឆ្នាំ២០១៥នេះឡើយ ដោយសារប្រទេសនេះនៅទទួលបានការអនុគ្រោះរហូតដល់ឆ្នាំ២០១៨ សម្រាប់សម្របសេដ្ឋកិច្ចនិងមើលឃើញថា វាជាឱកាសដែលខ្លួនអាចពង្រីកទីផ្សារកាន់តែធំជាងមុន។
សហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលហៅកាត់ថា AEC (ASEAN Economic Community) សំដៅដល់ទីផ្សារសេដ្ឋកិច្ចរួមគ្នារបស់បណ្តាប្រទេសអាស៊ានដែលមានមែកធាងសំខាន់ៗចំនួន៥រួមមាន៖ លំហូរទំនិញសេរី លំហូរសេវាកម្មសេរី លំហូរវិនិយោគទុនសេរី លំហូរដើមទុនសេរី និងលំហូរកម្លាំងពលកម្មដោយសេរី។
សហគមន៍សេដ្ឋកិច្ចអាស៊ាន នឹងកំណត់ឱ្យបណ្តាប្រទេសអាស៊ានទាំងដប់មានលំហូរទំនិញដោយសេរី ដោយកាត់បន្ថយតម្លៃពន្ធរហូតដល់ត្រឹមចន្លោះពី៥% ទៅ០%។ ការណ៍នេះនឹងធ្វើឱ្យកម្ពុជាក៏ដូចជាប្រទេសអាស៊ានដទៃទៀតបាត់បង់ចំណូលពន្ធ ដែលជាប្រភពចំណូលសំខាន់មួយរបស់រដ្ឋ។ យ៉ាងណាក៏ដោយ មន្ត្រីរាជរដ្ឋាភិបាល លោកណុប សោភ័ណតារា ប្រធាននាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិកនៃក្រសួងពាណិជ្ជកម្ម អះអាងថា នឹងមិនមានឥទ្ធិពលអវិជ្ជមានខ្លាំងដល់សេដ្ឋកិច្ចជាតិនោះទេ។
លោកណុប សោភ័ណតារាបន្ថែមថា៖ «ធម្មតាវាប៉ះពាល់ ប៉ុន្តែយើងនឹងទទួលបានផលប្រយោជន៍ផ្សេងទៀត។ កាលណាយើងបាត់ពន្ធ យើងបានវិនិយោគទុន ហើយនៅក្នុងស្រុកខ្មែរមិនមែនថាយើងដកពន្ធទៅអស់បាត់អស់ទេ យើងមានគោលនយោបាយរបស់គេ។ រដ្ឋអាចដាក់ជាពន្ធក្នុងស្រុក។ មិនមែនទំនិញទាំងអស់សុទ្ធតែសូន្យទេ មានទំនិញខ្លះសំខាន់ដូចជាប្រេងអីយើងដាក់ក្នុងបញ្ជីលើកលែង។ យើងយកពន្ធពីនេះពីនោះមក វាអាចបំពេញឱ្យគ្នា ព្រមទាំងមានវិនិយោគ យើងអាចទាញយកកម្លាំងពលកម្ម»។
បើទោះជាការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន នឹងក្លាយជាការពិតក្នុងពេលឆាប់ៗនេះយ៉ាងណាក្តី លោកណុប សោភ័ណតារា គូសបញ្ជាក់ថា ប្រទេសCLMVនៃសមាគមន៍អាស៊ាន រួមមានប្រទេសមីយ៉ាន់ម៉ា ប្រទេសវៀតណាម ប្រទេសឡាវ និងប្រទេសកម្ពុជានឹងស្ថិតនៅក្នុងលក្ខខណ្ឌអនុគ្រោះ ដែលអនុញ្ញាតឱ្យកម្ពុជាមានពេលសម្របខ្លួនទៅនឹងសមាហរណកម្មអាស៊ានរហូតដល់ឆ្នាំ២០១៨។
លោកនិយាយបន្ត៖«CLMVនឹងទទួលបានការអនុគ្រោះ ឱ្យមានភាពទន់ភ្លន់ខាងពន្ធរហូតដល់ឆ្នាំ២០១៨។ ភាពទន់ភ្លន់នេះគឺជារយៈពេលមួយដើម្បីឱ្យកម្ពុជាយើងធ្វើការសម្របខ្លួនតាមបញ្ជីទំនិញមួយចំនួនដែលប៉ះពាល់ អាចពន្យារហូតដល់ឆ្នាំ២០១៨ ហើយមិនមែនអស់ទេ នៅមានអា៥% ទំនិញដែលប៉ះពាល់ចំណូលខ្លាំង»។
ស្របគ្នានេះដែរ ប្រធាននាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិកនៃក្រសួងពាណិជ្ជកម្មរូបនេះ អំពាវនាវកុំឱ្យយុវជនកម្ពុជាមានក្តីបារម្ភចំពោះសមាហរណកម្មអាស៊ាន ដោយសារតែនេះជាឱកាសល្អមួយសម្រាប់កម្ពុជាសិក្សាស្វែងយល់ និងសម្របខ្លួនទៅនឹងពីសេដ្ឋកិច្ចអាស៊ាន ក៏ដូចជាសេដ្ឋកិច្ចពិភពលោក។
លោក ណុប សោភ័ណតារា៖ «កុំបារម្ភ ព្រោះកាលណារដ្ឋាភិបាលមួយៗគឺគេយកចិត្តទុកដាក់ណាស់ទៅលើការចរចារការរៀបចំគោលនយោបាយ ចឹងប្រជាជនយុវជនរបស់យើងកុំព្រួយបារម្ភ មិនមែនចូលAECទៅអ្វីៗដូរ១០០%ទេ គឺថាBusiness as usual អ្វីៗនឹងប្រព្រឹត្តទៅធម្មតា ប៉ុន្តែយើងត្រូវរត់ មិនមែនថាយើងលេងៗ រត់អត់ទាន់គេទេ។ ចឹងយើងយុវជនរបស់យើងត្រូវខិតខំជំនាញរបស់យើងឱ្យបានច្បាស់។ ជំនាញហ្នឹងសំខាន់ណាស់ យើងមានជំនាញបានន័យថាយើងមានលទ្ធភាពចូលបំពេញឱ្យក្រុមហ៊ុន បំពេញឱ្យរោងចក្រ បំពេញឱ្យសហគ្រាស ឬក៏អ្នកវិនិយោគដែលគេមកវិនិយោគនៅប្រទេសយើង យើងត្រូវមានកម្លាំងពលកម្មប្រកបដោយជំនាញច្បាស់លាស់»។
ទោះជាយ៉ាងនេះក្តី យុវជនកម្ពុជាដែលវីអូអេសំឡេងសហរដ្ឋអាមេរិកបានជួបសម្ភាសបានបង្ហាញនូវក្តីបារម្ភខ្លះ និងភាពរីករាយខ្លះចំពោះសមាហរណកម្មសេដ្ឋកិច្ចអាស៊ាននេះ។
លោក សៅ សុមិនា វ័យ២៦ឆ្នាំ ជានិស្សិតសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ផ្នែកទំនាក់ទំនងអន្តរជាតិ។ លោកសុមិនាហាក់ដូចជាយកចិត្តទុកដាក់ចំពោះការប៉ះទង្គិចដល់អាជីវកម្មខ្នាតតូចរបស់កម្ពុជាជាងទីផ្សារការងារ។
លោកសុមិនានិយាយថា៖ « វាអាចប៉ះទង្គិចដែរ ដោយសារតែទីផ្សារសេដ្ឋកិច្ចភាគច្រើនវាដើរតែលើBusiness[មុខជំនួញ]ធំៗ ឯBusinessខ្នាតតូចបែបគ្រួសារវាអត់សូវមាន ហើយណាមួយនៅពេលអាស៊ានចូលមកដល់វាធ្វើឱ្យអាជីវកម្មខ្នាតតូចវានឹងមិនជោគជ័យដោយសារតែ គេបានកសាងBrand[ម៉ាកផលិតផល]ពីគុណភាពរបស់គេ វាអាចធ្វើឱ្យទីផ្សារយើងវាមិនឈ្នះគេ»។
កញ្ញា ភូ ស៊ីនួន វ័យ១៩ឆ្នាំ ជានិស្សិតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលយល់ថាសមាហរណកម្មអាស៊ានជាអ្វីដែលយុវជនកម្ពុជាត្រូវតែត្រៀមខ្លួនដើម្បីប្រឈមមុខ។
ស៊ីនួននិយាយថា៖ «សម្រាប់ខ្លួនខ្ញុំ ខ្ញុំបារម្ភដែរថាយើងបើកអាស៊ានទាំងមូល យើងមានប្រជាជន១០ប្រទេសចូលរួម ប៉ុន្តែចំណេះដឹងរបស់យើងមិនប្រាកដថាអាចប្រកួតប្រជែងមួយគេបានទេ។ តែខ្ញុំក៏ត្រេកអរដែរ ដែលតិចទៀតអាស៊ានត្រូវបើកទូលាយ យើងអាចទៅណាៗបាន ហើយវាបើកទីផ្សារការងារកាន់តែច្រើនក៏ល្អដែរ។ ខ្ញុំត្រេកអរនឹងការយល់ដឹងពីប្រទេសដទៃ ឱ្យយើងដឹងថាគេមានអ្វីខ្លះ។ យើងមិនត្រៀមខ្លួនក៏មិនកើតដែរ យើងត្រូវប្រឈមមុខហើយ ត្រូវត្រៀមខ្លួនឱ្យស្រេច»។
លោកសុខ វិរៈយុទ្ធ វ័យ១៩ឆ្នាំ ជានិស្សិតឆ្នាំទី២នៃវិទ្យាស្ថានសហប្រតិបត្តិការអន្តរកម្ពុជាផ្នែកអក្សរសាស្ត្រអង់គ្លេសឱ្យដឹងថាសមត្ថភាពជំនាញបច្ចេកទេសរបស់យុវជនកម្ពុជានៅមានកម្រិតបើប្រៀបធៀបទៅនឹងប្រទេសជិតខាង តែវិរៈយុទ្ធខ្លួនឯងក៏បានត្រៀមខ្លួនជាស្រេចសម្រាប់សមាហរណកម្មអាស៊ានខាងមុខនេះ។
លោក វិរៈយុទ្ធនិយាយថា៖ «ខ្ញុំមានអារម្មណ៍ទីមួយគឺសប្បាយចិត្តដោយសារតែយុវជននិងប្រជាជនខ្មែរយើងមានឱកាសការងារច្រើន ក៏ប៉ុន្តែខ្ញុំក៏បារម្ភ នៅពេលដែលឱកាសការងារច្រើន តែធនធានមនុស្សយើងនៅទាបនៅឡើយ អាចប្រជាជនខ្មែរយើងនៅតែពិបាករកការងារ ដោយសារតែប្រជាជនមកពីប្រទេសជិតខាងគេមានជំនាញ បច្ចេកទេសច្រើនជាងយើង។ សម្រាប់ខ្ញុំវិញ ខ្ញុំបានត្រៀមខ្លួនហើយៗ ទីមួយខ្ញុំបានបណ្តុះជំនាញHard Skills [ជំនាញរឹង] ទី២Soft Skills [ជំនាញទន់] ដើម្បីប្រកួតប្រជែងជាមួយប្រទេសខាងក្រៅ»។
លោក ស៊ាង សុបញ្ញា ជានាយកវិទ្យាស្ថានអន្តរជាតិកម្ពុជា-អាស៊ាននិងជាអតីតអ្នកដឹកនាំយុវជន ពន្យល់ឱ្យដឹងថា យុវជនកម្ពុជាមួយចំនួននៅតែយល់ថាអាស៊ានហាក់បីដូចជានៅឆ្ងាយពីពួកគេ ដែលជាមូលហេតុធ្វើឱ្យយុវជនមិនទទួលបានព័ត៌មានគ្រប់គ្រាន់ និងខ្វះការត្រៀមខ្លួន។ ជាការឆ្លើយតបទៅនឹងបញ្ហានេះ លោកស៊ាង សុបញ្ញា ណែនាំពីគន្លឹះសំខាន់ៗក្នុងការត្រៀមខ្លួនរបស់យុវជនចំពោះសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន។
លោកបញ្ញានិយាយ៖«ទីមួយយុវជនត្រូវតែស្វែងយល់អំពីបរិយាកាសជុំវិញខ្លួន បរិយាកាសជាអន្តរជាតិ។ ទី២ គាត់ត្រូវតែខិតខំប្រឹងប្រែងបំពាក់ជំនាញឱ្យខ្លួនឯង ទីផ្សារនៅទីណា យើងត្រូវប្រឹងចាប់ជំនាញណាមួយឱ្យច្បាស់ បើទោះអាស៊ានបើកឱ្យមានលំហូរការងារយ៉ាងណាក៏ដោយ។ ចំណុចទី៣គាត់ត្រូវតែបំពាក់ជំនាញភាសាបរទេសសម្រាប់ខ្លួនឯង។ យុវជនខ្លួនឯងត្រូវហ៊ានសួរខ្លួនឯងថាតើសមត្ថភាពភាសាខ្លួនមានគ្រប់គ្រាន់ហើយឬនៅសម្រាប់យើងធ្វើការជាអន្តរជាតិ។ ទី៤គាត់ត្រូវមានសមត្ថភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យា។ ទី៥គាត់ត្រូវមានសមត្ថភាពក្នុងការធ្វើការប្រាស្រ័យទាក់ទងអន្តរវប្បធម៌ជាមួយយុវជនដទៃទៀត ព្រោះយើងលែងមានទំនាក់ទំនងតែជាមួយយុវជនក្នុងស្រុកយើងហើយ។ ដូច្នេះយុវជនរបស់យើងត្រូវតែចាប់ផ្តើមគិត សួរខ្លួនឯងថាតើយើងមានសមត្ថភាពអ្វីហើយពេលនេះ ដើម្បីអាចសម្រេចបានយើងត្រូវមានសមត្ថភាព មានជំនាញ និងភាពជាអ្នកដឹកនាំ»។
អ្នកជំនាញមើលឃើញថាការឈានចូលមកដល់នូវសហគមន៍សេដ្ឋកិច្ចអាស៊ាននៅចុងឆ្នាំ២០១៥នេះនឹងធ្វើឱ្យទីផ្សារកម្ពុជាមានទំហំធំជាងមុន ពោលគឺទីផ្សារកម្ពុជាមិនមែនសម្រាប់តែប្រជាជនកម្ពុជា១៤លាននាក់ដូចមុនទៀតឡើយ តែគឺប្រមាណជាជាង៦០០លាននាក់ ដែលជាចំនួនប្រជាជនសរុបរបស់សហគមន៍អាស៊ានទាំងមូល៕