មន្រ្តីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃព្រហស្បតិ៍នេះ បានលើកឡើងថា ការធ្វើតេស្តសំណាកដើម្បីរកវីរុសកូរ៉ូណា «ស្ថិតក្នុងភាពអាចទប់ទល់បាន» ប៉ុន្តែព្រួយបារម្ភអំពីកំណើននៃការធ្វើតេស្តបន្តទៀត ដែលអាចខ្វះសារធាតុ Reagent សម្រាប់ធ្វើតេស្តរកវីរុសកូរ៉ូណា។
ក្នុងកិច្ចប្រជុំមួយជាមួយអ្នកសារព័ត៌មាន លោក ដួង វាសនា អនុប្រធានផ្នែកវីរុសាស្រ្តនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា មានប្រសាសន៍ថា ក្រោយពីកម្ពុជាសម្រេចលើកបម្រាមធ្វើដំណើរពីប្រទេសចំនួន ៦ ចូលកម្ពុជា ការធ្វើតេស្តសំណាកកវីរុសកូរ៉ូណាកើនឡើង ដោយសារអ្នកធ្វើដំណើរទាំងអស់តម្រូវឲ្យធ្វើតេស្តជំងឺកូវីដ។
លោកមានប្រសាសន៍ថា៖ «ហើយអាហ្នឹងជាវិធានការមួយល្អដែលក្រសួងយើងបានដាក់ ដាក់ឲ្យគាត់ធ្វើតេស្តហ្នឹង តែផលវិបាក គឺយើងមានចំនួន Sample (សំណាក) ច្រើន តែជាវិធានការមួយទប់ស្កាត់ការនាំចូលវីរុសចូលមកនៅក្នុងប្រទេសយើង»។
ចាប់ពីពាក់កណ្តាលខែឧសភាមក ប្រទេសកម្ពុជាបានសម្រេចលើកបម្រាមធ្វើដំណើរពីប្រទេសចំនួន ៦ ចូលកម្ពុជា រួមមានសហរដ្ឋអាមេរិក បារាំង អាល្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញ និងអ៊ីរ៉ង់។
បើតាមទិន្នន័យរបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា កាលពីសប្តាហ៍មុន ការធ្វើតេស្តសំណាកស្ថិតក្នុងចន្លោះពី ១៥០ ទៅ ២០០ សំណាកក្នុងមួយថ្ងៃ។ ប៉ុន្តែលោកថា នៅសប្តាហ៍នេះការធ្វើតេស្តមានកំណើនខ្ពស់ ដែលថ្ងៃខ្លះមានទៅដល់ជាង ៣០០ សំណាក។
បើតាមលោក ដួង វាសនា វិទ្យាស្ថានប៉ាស្ទ័រមានសមត្ថភាពធ្វើតេស្តសំណាកទៅដល់ ៤០០ ក្នុងមួយថ្ងៃ ហើយបុគ្គលិកវិទ្យាស្ថានប៉ាស្ទ័របំពេញការងារធ្វើតេស្តសំណាកនេះ ៧ ថ្ងៃ ពេញមួយសប្តាហ៍ ប៉ុន្តែការធ្វើតេស្តមិនអាចធ្វើឡើង ២៤ ម៉ោងលើ ២៤ ម៉ោងនោះទេ។
លោកក៏មានការព្រួយបារម្ភថា ប្រសិនបើមានការធ្វើតេស្តច្រើន វាអាចខ្វះសារធាតុ Reagent សម្រាប់ធ្វើតេស្តរកវីរុសនេះ ហើយសារធាតុនេះត្រូវបញ្ជាទិញពីក្រៅប្រទេស។
«យើងបានគ្រោងទុកជាមុនហើយ។ យើងបានកម្មង់ទិញច្រើនហើយ។ ប៉ុន្តែដោយសារមានតម្រូវការខ្ពស់ អ៊ីចឹងអ្នកផលិតហ្នឹងមិនអាចផ្គត់ផ្គង់ឲ្យបានទាន់ពេលវេលាទេ។ អ៊ីចឹងអាហ្នឹង វាអាចជាបញ្ហាមួយដែលយើងជួបប្រទះ ដោយសារតែកង្វះ [សារធាតុ] Reagent»។
បើតាមទិន្នន័យរបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ចាប់តាំងពីថ្ងៃទី ២២ ខែមករា ដល់ថ្ងៃទី៤ ខែមិថុនា វិទ្យាស្ថាននេះបានធ្វើតេស្តមនុស្សចំនួន ១៣.៨៧០ នាក់ ដែលក្នុងនោះមានអ្នកធ្វើដំណើរតាមកប៉ាល់ទេសចរណ៍ Westerdam និង Dream World ផងដែរ។ មនុស្សចំនួនជាង ១៣.០០០ នាក់នេះស្មើនឹងសំណាកចំនួន ១៦.៥០៦ ដែលត្រូវបានធ្វើតេស្ត ដោយសារមនុស្សម្នាក់អាចទទួលតេស្តលើសពី ២ ដើម្បីរកជំងឺនេះ ហើយរាល់ការធ្វើតេស្តវិជ្ជមានត្រូវធ្វើឡើងយ៉ាងតិច ២ ដង ដើម្បីបញ្ជាក់ថា ត្រឹមត្រូវ។
រហូតមកពេលនេះ ប្រទេសកម្ពុជាបានរាយការណ៍ថា ករណីឆ្លងកូវីដ១៩ សរុបក្នុងប្រទេសមានចំនួន ១២៥ នាក់ ដែលក្នុងនេះ ១២៣ នាក់បានជាសះស្បើយ ហើយមិនមានរបាយការណ៍អំពីមនុស្សស្លាប់ដោយសារជំងឺនេះទេ៕