លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃព្រហស្បតិ៍នេះ ថ្លែងថារដ្ឋាភិបាលរបស់លោកបានទម្លាក់ចោលគម្រោងសាងសង់រោងចក្រដុតធ្យូងថ្ម ដែលមានទំហំថាមពល៧០០មេហ្គាវ៉ាត់ ក្នុងស្រុកបទុមសាគរ ខេត្តកោះកុង ដែលនេះជាជំហានមួយក្នុងការចូលរួមទប់ស្កាត់បម្រែបម្រួលអាកាសធាតុក្នុងពិភពលោក និងត្រូវបានស្វាគមន៍ដោយអ្នកតស៊ូមតិលើផ្នែកបរិស្ថាន។
លោក ហ៊ុន ម៉ាណែត ដែលកាន់អំណាចជានាយករដ្ឋមន្រ្តីបានជាង៣ខែ ថ្លែងបែបនេះនៅក្នុងពិធី «បិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីតាតៃលើ» ដែលមានអានុភាព១៥០មេហ្គាវ៉ាត់ ស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង។
ការសម្រេចរបស់រដ្ឋាភិបាលកម្ពុជាលុបចោលគម្រោងសាងសង់រោងចក្រដុតធ្យូងថ្មនេះ ស្របពេលដែលអ្នកតស៊ូមតិលើផ្នែកបរិស្ថានចង់ឃើញកម្ពុជាអភិវឌ្ឍអគ្គិសនី ដោយប្រើប្រាស់ថាមពលកកើតឡើងវិញ ឬថាមពលស្អាត ដែលសំដៅលើព្រះអាទិត្យ និងខ្យល់ជាដើម។
លោក ហ៊ុន ម៉ាណែត ថ្លែងថាកម្ពុជាពិតជាត្រូវការអគ្គិសនី ហើយមិនពឹងផ្នែកលើការនាំចូលអគ្គិសនីពីប្រទេសជិតខាងឡើយ ដូច្នេះការបង្កើតអគ្គិសនីដោយខ្លួនឯងត្រូវតែមាន ប៉ុន្តែត្រូវមានការទទួលខុសត្រូវលើផ្នែកបរិស្ថាន ជាពិសេសជួយទប់បម្រែបម្រួលអាកាសធាតុ។ លោកនាយករដ្ឋមន្រ្តីបញ្ជាក់ថាកម្ពុជាបញ្ចេញ«ឧស្ម័នពុលតិចណាស់» តែកម្ពុជាត្រូវតែចូលរួមនៅក្នុងពិភពលោកក្នុងការទប់ស្កាត់បម្រែបម្រួលអាកាសធាតុ។
លោកថ្លែងថា៖ «នៅខែវិច្ឆិកា ឆ្នាំ២០២៣នេះ ថ្ងៃទី២ ខ្ញុំបានសម្រេចបញ្ឈប់គម្រោងគម្រោងអភិវឌ្ឍន៍ផលិតអគ្គិសនីដោយធ្យូងថ្ម អនុភាព៧០០មេហ្គាវ៉ាត់មួយនៅបុទុមសាគរ ខេត្តកោះកុងយើងនេះ ដែលមានការសិក្សាអីច្រើនហើយនៅក្នុងការធ្វើ ប៉ុន្តែឥឡូវការប្តេជ្ញារបស់យើង អត់ចាំពេលណាទេ។ ឥឡូវរោងចក្រដែលមាននេះ ខ្ញុំបានសម្រេចឲ្យបញ្ឈប់ហើយបានឲ្យពិភាក្សាពិនិត្យប្តូរលទ្ធភាពគម្រោងនេះទៅជាផលិតអគ្គិសនីដុតឧស្ម័នLNGវិញ។ អា៧០០មេហ្គាវ៉ាត់ ដែលយើងគ្រោងធ្វើធ្យូងថ្មនេះ មិនបាច់ធ្វើទៀតទេ ឥឡូវដូរទៅជាLNGវិញ ព្រោះអាហ្នឹងបំពុលបរិស្ថានតិចជាងអាធ្យូងថ្ម»។
លោកបន្ថែមថា៖ «សូមប្រកាសឲ្យហើយ ប្រសិនបើអ្នកណាមិនចង់ធ្វើការវិនិយោគធ្វើរោងចក្រផលិតធ្យូងថ្មនៅកម្ពុជា កុំមក នាំតែខាតលុយជិះកប៉ាល់ហោះមកទេ»។
គម្រោងរោងចក្រដុតធ្យូងថ្មក្នុងខេត្តកោះកុងនេះជាគម្រោងរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបរបស់ឧកញ៉ា គិត ម៉េង។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបបាននៅឡើយទេ។
បើតាមលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលកាលពីកន្លងទៅ បានសិក្សាអំពីផលប៉ះពាល់បរិស្ថាន និងសង្គម មុននឹងអភិវឌ្ឍគម្រោងអគ្គិសនីអ្វីមួយ។
លោក ហេង គឹមហុង ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា ប្រាប់វីអូអេថាការសម្រេចលុបចោលគម្រោងរោងចក្រដុតធ្យូងថ្ម ជារឿងល្អប្រសើរមួយ។
លោកបន្ថែមថា៖ «វាគឺជារឿងមួយដែលយើងសប្បាយចិត្តរីករាយ ក្នុងនាមជាអ្នកធ្វើការក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិនេះ។ ហើយទន្ទឹមនឹងនេះ រដ្ឋាភិបាលក៏ត្រូវពិនិត្យ និងពិចារណាឡើងវិញទៅលើគោលការណ៍មួយចំនួនរបស់ខ្លួននៅក្នុងការបង្កើននូវសមត្ថភាព បង្កើតនូវថាមពលស្អាត និងការចូលរួមចំណែកនៅក្នុងការទប់ស្កាត់បម្រែបម្រួលអាកាសធាតុ»។
លោកបន្ថែមថាការសាងសង់ទំនប់វារីអគ្គិសនីនៅតំបន់ការពារ និងការកាប់ព្រៃឈើនៅពេលអភិវឌ្ឍទំនប់វារីអគ្គិសនី ក៏នៅតែជាបញ្ហាបារម្ភមួយដែរ។
បើតាមលោក ហេង គឹមហុង ការវាយតម្លៃហេតុប៉ះពាល់បរិស្ថានរបស់រដ្ឋាភិបាលមិនទាន់មានតម្លាភាព និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដូចជាប្រជាពលរដ្ឋនៅឡើយទេ។
កាលពីខែសីហា ឆ្នាំ២០២០ ក្រុមហ៊ុនធំៗដែលបញ្ជាទិញផលិតផលសម្លៀកបំពាក់ រួមមាន H&M, Adidas, Puma, Gap Inc, Nike និងក្រុមហ៊ុន Specialized ជំរុញឲ្យកម្ពុជាអភិវឌ្ឍថាមពលស្អាតហើយថាការដុតធ្យូងថ្មប៉ះពាល់បរិស្ថានដែលផ្ទុយពីការប្តេជ្ញាប្រឹងប្រែងរបស់ពួកគេក្នុងការចូលរួមការពារបរិស្ថាន។ ពួកគេជំរុញឲ្យកម្ពុជាក្រឡេកមើលថាមពលកកើតឡើងវិញ ដូចជាថាមពលព្រះអាទិត្យ និងថាមពលខ្យល់ ដែលកម្ពុជាមានសក្តានុពល។
បើទោះលុបចោលគម្រោងរោងចក្រដុតធ្យូងថ្មនៅខេត្តកោះកុង កម្ពុជានៅមានគម្រោងអភិវឌ្ឍរោងចក្រអគ្គិសនីដើរដោយចំហេះធ្យូងថ្មចំនួន២ទីតាំងទៀតដែលកំពុងសាងសង់ និងកំពុងដំណើរការ គឺនៅខេត្តព្រះសីហនុ និងឧត្ដរមានជ័យ៕