កម្ពុជាដែលនឹងក្លាយជាប្រធានអាស៊ាននៅខែមករាឆ្នាំ២០២២ខាងមុខតទៅ ប្រកាសថា ប្រេសិតអាស៊ានស្ដីពីបញ្ហាភូមា លោក Erywan Yusof នឹងបន្តកាន់តំណែងរបស់លោករហូតដល់អាណត្តិជាប្រធានអាស៊ានរបស់ព្រុយណេចប់នៅដំណាច់ខែធ្នូខាងមុខនេះ។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានប្រាប់វីអូអេថា ទាំងអាណត្តិប្រធានរបស់ព្រុយណេនិងតំណែងជាប្រេសិតពិសេសរបស់អាស៊ានលើបញ្ហាភូមារបស់លោក Erywan Yusof អនុរដ្ឋមន្ត្រីការបរទេសព្រុយណេត្រូវបញ្ចប់នៅដំណាច់ឆ្នាំនេះ។
អ្នកការទូតកម្ពុជារូបនេះថា ក្នុងនាមជាប្រធានអាស៊ាន ទីក្រុងភ្នំពេញនឹងតែងតាំងបេក្ខភាពថ្មី ធ្វើជាប្រេសិតពិសេសបន្តពីលោក Erywan Yusof។
ការថ្លែងនេះកើតមាននៅក្រោយពីមានការស្នើរបស់រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី Saifuddin Abdullah ចង់ឱ្យមានការរក្សាទុកលោក Erywan Yusof ជាប្រេសិតពិសេសដដែល ក្នុងពេលដែលអាស៊ានត្រូវប្ដូរមកក្រោមការធ្វើជាប្រធានរបស់កម្ពុជាឆ្នាំ២០២២។
ត្រង់ការស្នើនេះ លោក កុយ គួង បានថ្លែងប្រាប់វីអូអេថា៖
«យោបល់របស់រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ស្តីពីប្រេសិតពិសេសរបស់ប្រធានអាស៊ាននេះ អាចលើកជាសំណួរអំពីការធ្វើបុរេវិនិច្ឆ័យរបស់គាត់លើការប្តេជ្ញាចិត្តនិងបុព្វសិទ្ធិរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២ ក្នុងការដោះស្រាយបញ្ហាមីយ៉ាន់ម៉ា»។
អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជារូបនេះបានបន្តថា៖
«ឯកឧត្ដម Erywan Yusof ពិតជាបានខិតខំបំពេញតួនាទីរបស់គាត់ដ៏គួរអោយកោតសរសើរក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន។ ... ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជានឹងខិតខំបំពេញតួនាទីរបស់ខ្លួនក្នុងការរួមសាមគ្គីគ្នាអនុវត្តការព្រមព្រៀងគ្នាជាឯកច្ឆ័ន្ទ៥ចំនុចស្តីពីប្រទេសមីយ៉ាន់ម៉ានិងពង្រឹងសាមគ្គីភាពនិងមជ្ឈភាពរបស់អាស៊ាន»។
លោក Erywan Yusof ត្រូវបានតែងតាំងជាប្រេសិតពិសេសរបស់អាស៊ានស្ដីពីបញ្ហាភូមា កាលពីខែសីហា ឆ្នាំ២០២១ ដើម្បីជាដើរតួនាទីរបស់អង្គការថ្នាក់តំបន់មួយនេះ ឆ្លើយតបនឹងវិបត្តិក្រោយរដ្ឋប្រហារយោធានៅប្រទេសភូមា ដែលបានកើតឡើងនៅខែកុម្ភៈ។
យ៉ាងណាក៏ដោយក្រោយត្រូវបានតែងតាំង លោក Erywan Yusof មិនទាន់បានធ្វើដំណើរទៅភូមានៅឡើយ។ លោកបានលុបចោលបេសកកម្មទៅភូមាកាលពីខែតុលា ក្រោយរបបសឹកភូមាបានបដិសេធសំណើរបស់លោក សុំជួបអ្នកស្រី Aung San Suu Kyi។
ទីភ្នាក់ងារព័ត៌មាន Nikkei Asia របស់ជប៉ុនបានដកស្រង់សម្ដីមន្ត្រីកម្ពុជាថា បេក្ខភាពប្រេសិតបន្ទាប់អាចជាលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសរបស់កម្ពុជាតែម្ដង។ លោក កុយ គួង បានបដិសេធឆ្លើយសំណួរអំពីបេក្ខភាពប្រេសិតថ្មី ដោយថាគេ«នឹងដឹងនៅពេលវេលាមកដល់»៕