ក្នុងពេលដែលមេដឹកនាំពិភពលោកត្រៀមខ្លួនចូលរួមកិច្ចប្រជុំកំពូលពិភពលោក អំពីការប្រែប្រួលអាកាសធាតុនៅទីក្រុងប៉ារីសនាខែធ្នូខាងមុខ មន្រ្តីកម្ពុជា និងក្រុមអ្នកការពារបរិស្ថានបាននិយាយថា ប្រទេសដែលមានឧស្សាហកម្មធំៗគួរផ្តល់ការគាំទ្រទាំងថវិកា និងបច្ចេកទេសដល់ប្រទេស ដែលមានការអភិវឌ្ឍន៍តិចតួច ដូចប្រទេសកម្ពុជា ដើម្បីរួមចំណែកក្នុងការកាត់បន្ថយការកើនឡើងនៃកំដៅផែនដី។
ដូចបណ្តាប្រទេសដទៃៗទៀត ប្រទេសកម្ពុជាត្រូវរៀបចំផែនការរបស់ខ្លួនដែលហៅថា ការចូលរួមចំណែករបស់កម្ពុជាក្នុងការអនុវត្តអនុសញ្ញាតាមក្របខណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (INDC) ដើម្បីចូលរួមចំណែកក្នុងការដោះស្រាយការផ្លាស់ប្តូរធាតុអាកាសនៅក្រោមពិធីសារអង្គការសហប្រជាជាតិ។
នេះបើតាមការឲ្យដឹងរបស់ លោក សៅ សុភាព អ្នកនាំពាក្យរបស់ក្រសួងបរិស្ថាន។ ហើយបាយការណ៍រួមមួយដែលនិយាយអំពីគោលនយោបាយ ដើម្បីការពារធនធានធម្មជាតិ និងជីវចម្រុះរបស់រដ្ឋាភិបាលកម្ពុជានឹងត្រូវដាក់ជូនទៅអង្គប្រជុំក្នុងខែធ្នូខាងមុខផងដែរ។
លោក សៅ សុភាព និយាយថា ប្រទេសកម្ពុជាមានឆន្ទៈខ្លាំងក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នពុល។ លោកនិយាយថា កម្ពុជាមិនមែនជាប្រទេសដែលបង្កឲ្យមានឧស្ម័នផ្ទះកញ្ចក់ច្រើននោះទេ ហើយកម្ពុជាគួរតែទទួលបានការគាំទ្រពីបណ្តាប្រទេសដែលមានឧស្សហកម្មធំ ហើយដែលមានការបញ្ចេញឧស្ម័នពុលច្រើន។
«យើងមិនមែនជាប្រទេសដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ច្រើនដូចជាប្រទេសដ៏ទៃផ្សេងទៀត ដែលមានឧស្សាហកម្មធ្ងន់ដូច្នេះកម្ពុជាមិនមានកាតព្វកិច្ចចាប់បង្ខំឲ្យកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ទេ ប៉ុន្តែវាគឺជាឆន្ទៈនយោបាយរបស់យើង ដែលជាប្រទេសហត្ថលេខីនៃអង្គការសហប្រជាជាតិ»។
លោក សៅ សុភាព បានអំពាវនាវយ៉ាងដូច្នេះថា៖
«ប្រទេសកម្ពុជាទាមទារឲ្យមានការគាំទ្រផ្នែកបច្ចេកទេសព្រមទាំងការបណ្តុះបណ្តាលជំនាញទាក់ទងនឹងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់»។ «យើងស្នើឱ្យប្រទេសដែលមានឧស្សាហកម្មធុនធ្ងន់ទទួលខុសត្រូវ»។
គម្របព្រៃឈើរបស់ប្រទេសកម្ពុជាត្រូវបានគេមើលឃើញថា មានការថយចុះយ៉ាងគំហុកនៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ដោយមានការបាត់បង់ឥណទានកាបូន ដែលជាសក្តានុពលកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ ឥណទានកាបូនគឺជាទិន្នន័យឧស្ម័នកាបូនិកដែលព្រៃឈើស្រូបយក ហើយបញ្ចេញអុកស៊ីសែន ដែលជួយកាត់បន្ថយការបំពុលបរិស្ថាន។
នៅប្រទេសកម្ពុជាឥទ្ធិពលនៃការផ្លាស់ប្តូរអាកាសធាតុមានន័យថា ជាការផ្លាស់ប្តូរដែលបង្កើតឲ្យមានភាពរាំងស្ងួត ឬទឹកជំនន់ខ្លាំង។ វានឹងប៉ះពាល់ផងដែរដល់ឆ្នេរសមុទ្រ ព្រោះកម្រិតទឹកសមុទ្រនឹងមានការកើនឡើង។
លោក សៅ សុភាព បានរៀបរាប់ពីសកម្មភាពរបស់រដ្ឋាភិបាលក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុយ៉ាងដូច្នេះថា៖
«យើងមានផែនការច្រើនដែលត្រូវធ្វើដោយស្ថាប័នរដ្ឋដូចជាការងារនៅតាមតំបន់ឆ្នេរ»។ «យើងកំពុងព្យាយាមធ្វើឲ្យជីវភាពរស់នៅរបស់ពួកគេមានភាពប្រសើរឡើង ដូច្នេះពួកគេអាចរស់នៅបានទៅតាមការប្រែប្រួលអាកាសធាតុ។នៅពេលដែលយើងធ្វើការងារទាំងនេះយើងត្រូវការ ការគាំទ្រផ្នែកបច្ចេកទេសនិងហិរញ្ញវត្ថុ»។
លោក Achim Steinerនាយកប្រតិបត្តកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិបាននិយាយនៅក្នុងសិក្ខាសាលាមួយនៅទីក្រុង Sao Paulo ក្នុងប្រទេសប្រ៊េស៊ីលនាពេលថ្មីៗនេះថា ពិភពលោកត្រូវមានកិច្ចសហប្រតិបត្តិការរួមជាសកលដើម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។
លោកបានថ្លែងនៅក្នុងសន្ទរកថាដែលបង្ហោះនៅគេហទំព័ររបស់អង្គការកម្មវិធីបរិស្ថានអ.ស.ប. (UNFP) ថា៖
«បើធ្វើបានត្រឹមត្រូវល្អ ការងារឆ្ពោះទៅរកគោលដៅទាំងនេះអាចនឹងនាំភពផែនដី និងប្រជាជនរបស់យើងឆ្ពោះទៅរកវិបុលភាព និងនិរន្តរភាពនាពេលអនាគត។ ពិភពលោករបស់យើងផ្សំឡើងពីប្រព័ន្ធច្រើន និងចម្រុះដែលស្ថាប័នតែមួយមិនអាចដោះស្រាយបាន»។
លោក តឹក វណ្ណារ៉ា នាយកអង្គការវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា NGO Forum បានផ្តល់អនុសាសន៍ថា រដ្ឋាភិបាលគួរតែប្រមែប្រមូលយកមតិយោបល់បន្ថែមពីអង្គការក្រៅរដ្ឋាភិបាលសំខាន់ៗមួយចំនួន ដើម្បីដាក់បញ្ចូលក្នុងរបាយការណ៍ INDC របស់ខ្លួន។
លោកបានបន្តទៀតថា កម្ពុជាត្រូវតែរក្សាគម្របព្រៃឈើដែលនៅសេសសល់តិចតួចនេះ ដោយសារវាមិនត្រឹមតែជួយដោះស្រាយបញ្ហាការផ្លាស់ប្តូរអាកាសធាតុប៉ុណ្ណោះទេ តែថែមទាំងជួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលពឹងផ្អែកលើអនុផលព្រៃឈើផងដែរ។
«យើងលើកទឹកចិត្តស្ថាប័នពាក់ព័ន្ធឲ្យការពារព្រៃឈើចុងក្រោយរបស់យើងដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនជាពិសេសអ្នកដែលនៅរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រដែលអាចទាញយកប្រយោជន៍រួមពីព្រៃឈើនៅក្នុងតំបន់របស់ពួកគេ»។
លោកបានបន្តថា ទន្ទឹមនឹងនេះរដ្ឋាភិបាលអាចធ្វើការដើម្បីធានាឱ្យបានថា ប្រជាជនកម្ពុជាអាចរស់នៅក្នុងទីក្រុងមានដើមឈើច្រើន និងបរិស្ថានស្អាត និងកាត់បន្ថយការប្រើប្រាស់យានយន្តជាលក្ខណៈបុគ្គល។
អង្គការ NGO Forum នឹងចេញផ្សាយរបាយការណ៍របស់ខ្លួនស្តីពីការប្រែប្រួលអាកាសធាតុនៅថ្ងៃទី២៥ ខែតុលាខាងមុខនេះ ដើម្បីស្នើឲ្យរដ្ឋាភិបាលបញ្ចូលរបាយការណ៍នេះទៅក្នុងរបាយការណ៍រួមរបស់ខ្លួនសម្រាប់ដាក់ទៅក្នុងកិច្ចប្រជុំកំពូលពិភពលោកស្តីអំពីការប្រែប្រួលអាកាសធាតុនៅទីក្រុងប៉ារីសនាខែធ្នូខាងមុខ៕