អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាអះអាងថា ចិននឹងផ្តល់ «នាវាធ្វើថ្មីពិសេស» ពីរគ្រឿងមកកម្ពុជា ក្នុងគោលបំណងពង្រឹងសមត្ថភាពការពារ និងលទ្ធភាពរបស់កម្ពុជានៅក្នុងវិស័យការពាររបស់កងទ័ពជើងទឹក។
អ្នកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យរបស់ក្រសួងការពារជាតិ ប្រាប់វីអូអេកាលពីថ្ងៃពុធថា ការផ្តល់នាវាពីសំណាក់ប្រទេសចិនធ្វើឡើងតាមការស្នើសុំរបស់កម្ពុជា ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាព និងលទ្ធភាពរបស់កម្ពុជា ក្នុងការការពារ និងរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខ ក៏ដូចជាការគាំទ្រទៅដល់ប្រតិបត្តិការស្វែងរក និងការសង្គ្រោះ ព្រមទាំងសកម្មភាពមនុស្សធម៌ដទៃទៀតនៅលើលម្ហសមុទ្រ។ អ្នកស្រីបន្ថែមថា កម្ពុជាក៏ធ្លាប់បានទទួលនូវការឧបត្ថម្ភជាច្រើនពីសំណាក់ដៃគូដទៃទៀតផងដែរ ដូចជាការហ្វឹកហ្វឺន និងការផ្ដល់គ្រឿងបរិក្ខាជាដើម។
អ្នកស្រីបញ្ជាក់ថា៖ «យើងតែងតែស្វាគមន៍គ្រប់ភាគីទាំងអស់ ដែលមានបំណងជួយយើងដោយស្មោះស្ម័គ្រ និងពិតប្រាកដ»។
បើតាមអ្នកនាំពាក្យក្រសួងការពារជាតិ នាវាដែលចិនផ្ដល់មកឱ្យកម្ពុជាមិនមែនជានាវាដែលបានចូលចតនាពេលនេះទេ ប៉ុន្តែជានាវាធ្វើថ្មីពិសេសសម្រាប់កម្ពុជាចំនួនពីរគ្រឿង ប្រភេទ 056C ដែលគ្រោងនឹងធ្វើរួចរាល់ និងប្រគល់មកឱ្យកម្ពុជានៅឆ្នាំ ២០២៥ ឬយូរជាងហ្នឹង។
បើតាមអ្នកនាំពាក្យរូបនោះ ការធ្វើទំនើបកម្មមូលដ្ឋានកងទ័ពជើងទឹករាមសម្រេចបានជំហានទីមួយ ហើយបច្ចុប្បន្នកំពុងបន្តជំហានទីពីរទៀត ដោយគ្រោងនឹងបង្ហើយការងារនេះ ក្នុងពេលឆាប់ៗខាងមុខ។
អ្នកនាំពាក្យបញ្ជាក់បន្ថែមថា កម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពបរទេសនៅលើទឹកដីរបស់ខ្លួននោះទេ ហើយកម្ពុជាក៏មិនបញ្ជូនទ័ពរបស់ខ្លួនឱ្យទៅចូលរួមនៅក្នុងជម្លោះនៅក្រៅប្រទេសដែរ ក្រៅតែពីការចូលរួមដល់ការរក្សាសន្តិភាពពិភពលោក តាមរយៈប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
អ្នកស្រីបញ្ជាក់ថា៖ «កម្ពុជាជារដ្ឋអធិបតេយ្យ ដែលមានសិទ្ធិពេញលេញក្នុងការកសាង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយដៃគូទាំងអស់ ដើម្បីបម្រើប្រយោជន៍ឱ្យប្រទេសជាតិ និងប្រជាជន ហើយកិច្ចសហប្រតិបត្តិការទាំងអស់នោះសុទ្ធតែស្របតាមគោលបំណង និងគោលការណ៍នៃរដ្ឋធម្មនុញ្ញរបស់កម្ពុជា ជាពិសេសការគោរព និងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងឯករាជ្យភាព»។
កន្លងទៅ សហរដ្ឋអាមេរិកបានបង្ហាញក្តីព្រួយបារម្ភអំពីការធ្វើទំនើបកម្មមូលដ្ឋានកងទ័ពជើងទឹករាម ក្រោមជំនួយរបស់ចិន។ សហរដ្ឋអាមេរិកបានបង្ហាញក្តីសង្ស័យថា ចិននឹងប្រើប្រាស់មូលដ្ឋានទ័ពរាមនេះ ដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួន។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក ឯម សុវណ្ណារ៉ា ថ្លែងថា កម្ពុជាគួរតែជជែកឱ្យបានច្រើនបន្ថែមទៀតជាមួយសហរដ្ឋអាមេរិក ដើម្បីបំបាត់ការសង្ស័យរបស់អាមេរិកឲ្យបានអស់លើការប្រើប្រាស់មូលដ្ឋានរាម ដើម្បីពង្រីកឥទ្ធិពលរបស់ចិន។
អ្នកតាមដានភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី ធ្លាប់ប្រាប់វីអូអេថា កម្ពុជាអាចរងហានិភ័យនៃការរិះគន់ពាក់ព័ន្ធនឹងការផ្តល់នាវារបស់ចិននេះ។
លោកថ្លែងថា៖ «ក៏ប៉ុន្តែបើសិនជាព័ត៌មានហ្នឹងវាពិតប្រាកដនឹងធ្វើឱ្យកម្ពុជាកាន់តែរងហានិភ័យនៃការរិះគន់ ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងសម្ងាត់ដែលកម្ពុជាតែងតែទទួលបានពីសារព័ត៌មានតំបន់ និងបស្ចិមប្រទេស ហើយជាពិសេសការចោទប្រកាន់របស់អាមេរិកថា កម្ពុជាបានផ្តល់មូលដ្ឋានទ័ពជើងទឹកផ្តាច់មុខ ដែលជាផ្នែកសំខាន់មួយនៃការធ្វើទំនើបកម្មជើងទឹករាមឱ្យចិនឈរជើង»។
បើតាមលោក សេង វណ្ណលី កម្ពុជាក៏នឹងរងការរិះគន់ខ្លាំងពីប្រទេសជាសមាជិកអាស៊ាន ជាពិសេសប្រទេសដែលមានជម្លោះជាមួយចិនលើបញ្ហាសមុទ្រចិនខាងត្បូង៕