សេចក្តីស្នើច្បាប់​ដាក់ទណ្ឌកម្ម​មន្ត្រី​កម្ពុជា​បាន​ទៅ​ដល់​ព្រឹទ្ធសភា

រូបឯកសារ៖ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ត្រឡប់​មក​ពី​ចូលរួម​វេទិកា​ក្រវាត់ផ្លូវពាណិជ្ជកម្មចិន​ ជា​លើក​ទី២​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន នា​ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA Khmer)

សេចក្តី​ស្នើច្បាប់​ស្តីពី​លទ្ធិ​ប្រជាធិបតេយ្យ​កម្ពុជា (Cambodia Democracy Act) ​ឬ​HR-526 ត្រូវ​បាន​ព្រឹទ្ធសភា​ទទួល​យក​ និង​អាន​ពីរដង​ មុន​នឹង​បញ្ជូន​ទៅ​​គណៈកម្មាធិការ​ទំនាក់​ទំនង​ការបរទេស​កាល​ពី​ល្ងាច​ថ្ងៃអង្គារ​ទី​១៦​ខែកក្កដា​​ដែល​ត្រូវ​ជា​ព្រឹក​ថ្ងៃពុធ​ម៉ោង​នៅ​កម្ពុជា។​

សេចក្តី​ស្នើច្បាប់ដើម្បី​ដាក់​ទណ្ឌកម្ម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា បាន​ទៅដល់ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ហើយ​ បន្ទាប់​ពី​សភា​តំណាងរាស្រ្ត​បាន​អនុម័ត​កាលពី​ដើម​សប្តាហ៍​នេះ​។ នេះ​បើ​តាម​ការជូនដំណឹង​របស់គេហទំព័រ​សភា​ជាតិ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ។

សេចក្តី​ស្នើច្បាប់​ស្តីពី​លទ្ធិ​ប្រជាធិបតេយ្យ​កម្ពុជា (Cambodia Democracy Act) ​ឬ​HR-526 ត្រូវ​បាន​ព្រឹទ្ធសភា​ទទួល​យក​ និង​អាន​ពីរដង​ មុន​នឹង​បញ្ជូន​ទៅគណៈកម្មាធិការ​ទំនាក់​ទំនង​ការបរទេស​កាល​ពី​ល្ងាច​ថ្ងៃអង្គារ​ទី​១៦​ខែកក្កដាដែល​ត្រូវ​ជា​ព្រឹក​ថ្ងៃពុធ​ម៉ោង​នៅ​កម្ពុជា។​

សេចក្តី​ស្នើច្បាប់​ដែល​មាន​ការគាំទ្រ​ទាំងពីរ​គណបក្ស​ធំៗ​នៅ​ក្នុង​សភា​តំណាងរាស្រ្ត​ត្រូវ​បាន​រដ្ឋ​សភា​អនុម័ត​កាលពី​ថ្ងៃ​ច័ន្ទ​(ម៉ោង​នៅ​សហរដ្ឋ​អាមេរិក​ដែល​ត្រូវ​ជា​ព្រឹកថ្ងៃអង្គារ​ម៉ោង​នៅ​ប្រទេស​កម្ពុជា) ហើយ​មាន​គោល​បំណង​ដាក់ទណ្ឌកម្ម​លើ​មន្ត្រី​រដ្ឋាភិបាលកម្ពុជា​ មន្ត្រី​យោធា ​និង​មន្ត្រី​សន្តិសុខ​ណា​ ​ដែល​ទទួល​ខុសត្រូវ​ចំពោះ​ការធ្វើ​ឱ្យ​ខូច​លទ្ធិប្រជាធិបតេយ្យ​និង​រំលោភ​សិទ្ធិ​មនុស្ស។ ទណ្ឌកម្ម​នោះ​មាន​ការបង្កក​ទ្រព្យ​សម្បត្តិ​ដែល​ពួកគេ​មាន​នៅ​សហរដ្ឋ​អាមេរិក ​ហាមឃាត់​ទិដ្ឋាការ​មិន​ឱ្យ​ចេញចូល​សហរដ្ឋ​អាមេរិកនិង​មិន​ឱ្យ​ធ្វើ​ជំនួញ​បាន​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក។

Your browser doesn’t support HTML5

សម្រង់​សេចក្តី​អត្ថាធិប្បាយ​សង្ខេប​ការអនុម័ត​សេចក្តី​ស្នើ​ច្បាប់​ប្រជាធិបតេយ្យ​កម្ពុជា HR 526

លោក​ថេត យូហូ ​អ្នកតំណាងរាស្ត្រ​នៃ​គណបក្ស​សាធារណរដ្ឋ​ដែល​ជា​អ្នកស្នើច្បាប់​នេះ​បាន​បញ្ជាក់​ប្រាប់​ VOA​ ថា៖

​«នេះ​គឺ​ជា​ជំហាន​មួយ​បង្ហាញ​ថា​សហរដ្ឋ​អាមេរិក​ជឿ​ថា​ពលរដ្ឋ​កម្ពុជា​គួរតែ​មាន​ប្រជា​ធិប​តេយ្យ។ វា​គឺ​ជា​ជំហាន​មួយ​ឆ្ពោះ​ទៅ​ទិសដៅ​ត្រឹមត្រូវ​ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​មនុស្សដែល​បដិសេធមិន​ឱ្យ​ពួកគេ​មាន​ប្រជាធិបតេយ្យ​ដែល​រាប់​ពី​លោក​ហ៊ុន សែន​ចុះ​ក្រោម​រហូត​ដល់​ក្រុម​ឧត្តម​សេនីយ៍​របស់​គាត់​ដែល​ជា​អ្នក​រារាំង​សិទ្ធិ​សេរីភាព​ក្នុង​ការ​និយាយ​ស្តីនៅ​ក្នុង​ប្រទេស​នោះ​និង​ការបោះឆ្នោត​ដោយ​ត្រឹមត្រូវ​និង​បើក​ចំហរ‍‍»។

Your browser doesn’t support HTML5

បទសម្ភាសន៍ VOA៖ លោក ថេត យូហូ ប្តេជ្ញា​ជំរុញ​ឲ្យលោក ហ៊ុន សែន ទទួល​ខុសត្រូវ​លើ​ពាក្យ​សន្យា


លោក អាឡាំង​ ឡូវឹនសល ​អ្នកតំណាងរាស្ត្រ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ដែល​បាន​គាំទ្រ​ច្បាប់​នេះ​បាន​បញ្ជាក់​ក្នុង​បទសម្ភាស​ពិសេស​ជាមួយ ​VOA ថា​ទាំង​រដ្ឋសភា​និង​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​និង​លោក​ប្រធានាធិបតី​បាន​ចាប់​អារម្មណ៍​កាន់តែ​ច្រើន​ក្នុង​ការឱ្យ​ថ្នាក់ដឹកនាំ​កម្ពុជាទទួល​ខុស​ត្រូវ​ចំពោះ​ការសន្យា​កន្លង​មក​ដែល​មានចែង​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

Your browser doesn’t support HTML5

បទសម្ភាសន៍ VOA៖ លោក ឡូវឹនសល ​ថា​ ដល់​ពេល​ប្រើ​វិធានការ​ក្តៅ​ដាក់​លោក ហ៊ុន សែន


រដ្ឋាភិបាល​ រដ្ឋសភា​និង​ព្រឹទ្ធសភា​កម្ពុជា​បាន​សម្តែង​ការសោកស្តាយ​ដែល​សភា​តំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក​អនុម័ត​ច្បាប់​នេះ​និង​បាន​ស្នើ​ឱ្យ​សហរដ្ឋ​អាមេរិក​គិត​គូ​ដល់​ការពង្រឹង​ទំនាក់​ទំនង​ល្អ​រវាង​រដ្ឋាភិបាល​និង​ពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ។

សេចក្តី​ថ្លែងការណ៍​របស់​អ្នកនាំពាក្យព្រឹទ្ធសភា​កម្ពុជា​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​បញ្ជាក់​ថា​ខ្លួន​ «សម្តែង​សេចក្តី​សោកស្តាយ​យ៉ាងខ្លាំង​‍»​ដែល​សភា​តំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក​អនុម័ត​សេចក្តី​ស្នើច្បាប់ ​H.R. 526 ​ដែល​នេះ​ជា​ការ «បង្ហាញ​ឱ្យ​ឃើញ​ជាក់ស្តែង​នូវ​ការជ្រៀតជ្រែក​ចូល​កិច្ច​ការ​ផ្ទៃក្នុង​កម្ពុជា​ ជារដ្ឋ​ឯករាជ្យ ​អធិបតេយ្យ​ សន្តិភាព​ អព្យាក្រិត ​អចិន្ត្រៃយ៍​ មិន​ចូល​បក្ស​សម្ព័ន្ធ‍»។​

អ្នកនាំពាក្យ​ព្រឹទ្ធសភា​នៃកម្ពុជា​បាន​បន្ថែម​ទៀត​ថា៖

«ព្រឹទ្ធសភា​ សូមគាំទ្រ​ការខិតខំ​របស់​ប្រជាជន​និង​ប្រទេស​ទាំងពីរ​ កម្ពុជា-​អាមេរិក ក្នុងការ​លើក​កម្ពស់​ទំនាក់​ទំនង​និង​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ដោយផ្អែក​លើ​ផលប្រយោជន៍​រួម​និងការ​គោរព​គ្នា​ទៅវិញ​ទៅមក‍»៕