មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​ឈប់​ប្តឹង​លោក​ ហោ ណាំហុង

លោក​ឧបនាយក​រដ្ឋមន្ត្រី​ ហោ ណាំហុង​ និង​ជា​រដ្ឋមន្ត្រី​ការបរទេស

ភ្នំពេញ៖​ មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​បាន​សម្រេច​ចិត្ត​បោះ​បង់​ការ​តតាំង​ក្តី​នៅ​សាលា​ឧទ្ធរណ៍​ជាមួយ​លោក​ឧបនាយក​រដ្ឋមន្ត្រី​ ហោ ណាំហុង​ និង​ជា​រដ្ឋមន្ត្រី​ការបរទេស​ពាក់​ព័ន្ឋ​នឹង​ការ​បរិហារកេរ្តិ៍​ក្រោយ​ពី​រឿង​ក្តីនេះ​បាន​អូស​បន្លាយ​អស់​រយៈពេល​ជាង​ប្រាំឆ្នាំ។
លោក​ សម រង្ស៊ី​ មេដឹកនាំ​គណបក្ស​ប្រឆាំង​បាន​ប្រាប់​វីអូអេ​តាម​ទូរសព្ទ​ពី​ទីក្រុង​បាងកក​នៅ​ថ្ងៃ​អង្គារ​នេះ​ថា តុលាការ​ប្រទេស​បារាំង​បាន​កាត់​ក្តី​ឲ្យ​លោក​ឈ្នះ​លោក​ហោ ណាំហុង​រួច​ហើយ។ ដូច​ច្នេះ​លោក​មិន​ចាំបាច់​ទៅ​ចំណាយ​ពេល​ជាមួយ​តុលាការ​កម្ពុជា​ដែល​ស្ថិត​នៅ​ក្រោម​ឥទ្ឋិពល​អ្នក​មាន​អំណាច​ទេ។
លោក​បាន​និយាយ​ថា តុលាការកម្ពុជា​ជា​តុលាការ​ឡប់ឡែ​ ស​ទៅ​ជា​ខ្មៅ​ ខ្មៅ​ទៅ​ជា​ស​ហើយ​ជ័យ​ជម្នះ​ផ្លូវចិត្ត និង​ផ្លូវ​ច្បាប់​គឺ​តុលាការ​បារាំង​បាន​រក​យុត្តិធម៌​ជូន​លោក​រួច​ហើយ។
«ដើម្បី​រៀបចំ​ប្រទេស​ឡើង​វិញ​ឲ្យ​មាន​លិទ្ឋិ​ប្រជាធិបតេយ្យ​ពេញ​លេញ​ ឲ្យ​មាន​សិទ្ឋសេរីភាព​ត្រឹមត្រូវ​ទើប​យើង​មាន​តុលាការ​ឯករាជ្យ​ហើយ​ទើប​ជន​រងគ្រោះ​ទាំង​អស់​ទទួល​បាន​យុត្តិធម៌។ តែ​ឥឡូវ​គ្មាន​យុត្តិធម៌​ណា​ដែល​យើង​អាច​រំពឹង​ពី​តុលាការ​នៅស្រុក​ខ្មែរ​សព្វ​ថ្ងៃ​ទេ»។​
កាលពី​ដើម​ឆ្នាំ​២០១១ តុលាការ​កំពូល​នៃ​ប្រទេស​បារាំង​បាន​សម្រេច​ក្តី​ឲ្យ​លោក ​ សម ​រង្ស៊ី ​ឈ្នះ​ក្តី​លើ​បណ្តឹង​របស់​លោក​ ហោ ​ណាំហុង​ពី​បទបរិហារកេរ្តិ៍​ថា លោក​ជា​ប្រធាន​មន្ទីរ​ឃុំឃាំង​បឹង​ត្របែក។​
លោក​ ជួង ​ជូងី មេ​ធាវី​ការពារ​ក្តី​លោក​សម រង្ស៊ី​បាន​និយាយ​ថា លោក​បាន​ដក​ពាក្យ​បណ្តឹង​នៅ​សាលា​ឧទ្ធរណ៍​កាល​ពី​ថ្ងៃចន្ទ​ម្សិលម៉ិញ​នេះ​ដោយសារ​តែ​កូនក្តី​របស់​លោក​ចង់​បញ្ចប់​រឿង​ក្តី​នេះ។​
«ដូចថា​គាត់មិនចង់​ឲ្យ​វែង​ឆ្ងាយ​ចង់​ឲ្យ​ចប់រឿង»។
លោក​ឧបនាយក​រដ្ឋមន្ត្រី​ហោ ណាំហុង​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស និង​លោក​ កុយ កួង​ អ្នក​នាំពាក្យ​មិន​អាច​ស្នើ​សុំ​ការ​បំភ្លឺ​បានទេ​ដោយ​ទូរសព្ទ​របស់​លោក​ពុំមាន​អ្នក​ទទួល។​
លោក​កា សាវុធ​ មេធាវីការ​ពារ​ក្តី​លោក​ហោ ណាំហុង​បាន​និយាយ​ថា ការ​សម្រេច​ដកពាក្យ​បណ្តឹង​របស់​លោក​សម​ រង្ស៊ី​បាន​សេចក្តី​ថា លោក​សុខចិត្ត​ព្រម​ទទួល​យក​កំហុស។​
«ការ​ដក​ពាក្យ​បណ្តឹង​របស់​លោក​ សម រង្ស៊ី​ បាន​សេចក្តីថា សម រង្ស៊ី ព្រម​ទទួល​យក​សាលក្រម​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដែល​បាន​សម្រេច​តាម​មាត្រា​៣០៥​មាត្រា​៤៩៤​និង​មាត្រា​៤៩៦​នៃ​ក្រម​ព្រហ្មទណ្ឌ»។​
លោក​ ហោ ណាំហុង បាន​ដាក់​ពាក្យ​បណ្តឹង​មួយ​ទៅ​តុលាការ​ក្រុង​ ភ្នំពេញ​ ប្តឹង​លោក​សម រង្ស៊ី ​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​ពីបទ​បរិហារកេរ្តិ៍​និង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​បន្ទាប់ពី​លោក​សម រង្ស៊ី ​បាន​ធ្វើ​អត្ថាធិប្បាយ​មួយ​កាលពី​ថ្ងៃទី​១៧ ខែ​មេសា ​ឆ្នាំ២០០៨ ​នៅ​ឯ​វាល​ពិឃាត​បឹង​ជើងឯក​ដោយ​បាន​ចោទ​ប្រកាន់​ថា ​លោក​ហោ ណំាហុង​ ជា​ប្រធាន​គុក​បឹងត្របែក​នៅក្នុង​របប​កម្ពុជា​ប្រជា​ធិបតេយ្យ។​
ពាក្យ​សម្តី​របស់​លោក​សម រង្ស៊ី ​ត្រូវ​បាន​កាសែត​ក្នុង​ស្រុក​មួយ​ដែល​គាំទ្រ​គណបក្ស​ប្រឆាំង​ឈ្មោះ​«មនសិការ​ខ្មែរ» ​ បាន​ដកស្រង់​សម្តី​យក​ទៅ​ចុះ​ផ្សាយ។​
តុលាការ​ក្រុង​ភ្នំពេញ​បាន​សម្រេច​កាត់ទោស​លោក​ សម រង្ស៊ី​ ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​ពីរ​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៨​លាន​រៀល​ (ប្រហាក់​ប្រហែល​នឹង​២ពាន់ដុល្លារ​អាមេរិក) ​អំពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​ និង​ញុះញង់​ឱ្យមាន​ការ​ស្អប់ខ្ពើម​លោក​ហោ ណាំហុង។​
លោក​សម រង្ស៊ី អាយុ​៦៣​ឆ្នាំមេដឹកនាំគណបក្ស​ប្រឆាំង​បច្ចុប្បន្ននេះ​កំពុង​និរទេស​ខ្លួន​ឯង​នៅ​ក្រៅ​ប្រទេស​បន្ទាប់​ពីតុលាការ​កម្ពុជា​បាន​កាត់​ទោស​លោក​ឲ្យ​ជាប់ពន្ឋនាគារ​ចំនួន​១០​ឆ្នាំ​ពីបទដក​តម្រុយ​បង្គោល​ព្រំដែន​លេខ​១៨៥​រវាង​កម្ពុជា​និង​វៀតណាម​នៅ​ស្រុក​ចន្ទ្រា​ខេត្តស្វាយរៀង និង​ញុះញង់​ឲ្យ​មាន​ការ​រើស​អើង​ជាតិ​សាសន៍​ ព្រម​ទាំង​ក្លែង​ឯកសារ​សារ​ធារណៈ៕​